ប្រមុខការពារជាតិកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
តាមរយៈបណ្ដាញហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៣ ខែមេសានេះ លោក ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីអំពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យើងរួមគ្នាស៊ូលំបាកក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តក្នុងរយៈពេលវែង»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ បើគិតមកដល់ថ្ងៃទី២៣ ខែមេសាមនេះ ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ត្រូវបានដាក់ឱ្យអនុវត្តបានរយៈពេល ៩ថ្ងៃ មកហើយ ក្រៅពីបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រាជរដ្ឋាភិបាលក៏បន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!