ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការផ្សាយថា មានករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកច្រានចោល ចំពោះការផ្សាយថា មានករណីចាប់បង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌឫស្សីកែវ ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដោយការពិត ជារឿងសង្សារមួយគូរឈ្លោះគ្នា ព្រោះខ្ចីលុយមិនដែលសង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស និងស្ត្រីម្នាក់ ដែលត្រូវជាសង្សារនឹងគ្នា ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប និងករណីជំពាក់លុយគេ ហើយគ្មានលុយសង ដែលកើតឡើង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧:០០នាទីយប់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលើករណីនេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានចុះដល់ទីតាំងកើតហេតុ និងបានកោះហៅភាគីទាំង២ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការបំភ្លឺលើករណីនេះ ។ ដោយភាគីទី១៖ ឈ្មោះ ខៀវ ភាព អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ភាគីទី២៖ ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនបារីមេន ស្នាក់នៅជាមួយគ្នា (ត្រូវជាសង្សារ)។
ក្រោយពីធ្វើការសួររួចមកភាគីទាំង០២ បានបំភ្លឺជូនសមត្ថកិច្ចថា ករណីខាងលើមិនមែនជាករណីបង្ខាំងមនុស្ស ដូចដែលសារព័ត៌មានមួយចំនួនឡាយនោះទេ គឺជាការឈ្លោះប្រកែកគ្នារឿងភាគីខាងស្រី ឲ្យភាគីខាងប្រុសទៅខ្ចីប្រាក់ពីគេចំនួន ១០០ដុល្លារ មកចាយវាយអស់តែម្នាក់ឯង លុះដល់ថ្ងៃសងប្រាក់ភាគីខាងស្រី គ្មានប្រាក់សងគេ ក៏មានការឈ្លោះប្រកែកគ្នា ក្នុងបន្ទប់ជួល បន្ទាប់មកភាគីខាងស្រីបានខលវីដេអូឆាតតាមហ្វេសបុក ទៅអ្នកសារព័ត៌មាន តែគាត់មិនដឹងថា អ្នកសារព័ត៌មានថតវីដេអូគាត់យកទៅបង្ហោះនោះទេ ។
ជាចុងបញ្ចប់ភាគីទាំង០២ បានឯកភាពយល់ព្រមធ្វើការសម្របសម្រួលគ្នា ដោយធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នា ហើយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន ៤០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!