Commentary:ចង្អុលគោលដៅឲ្យសហរដ្ឋអាមេរិក
ការទម្លាក់គ្រាប់បែកវាយប្រហារគោលដៅយុទ្ធជន IS ទាំងក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ហុច ផលប៉ះពាល់ដល់សត្រូវយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់យុទ្ធជនគូបដិបក្ខគិតជាមធ្យមក្នុង១ខែប្រមាណជាង 1000 នាក់ ។
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥
កាលពីពេលថ្មីៗនេះ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសសហរដ្ឋអាមេរិកបានអះអាងថា កិច្ចប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមប្រដាប់អាវុធ IS របស់ក្រុមសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក មានប្រសិទ្ធិភាព ហើយបានច្រានចោលការរិះគន់ដែលថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក យឺតជ្រុលពេកឬមានការប្រុងប្រយ័ត្នជ្រុលពេក ។
លោកឧត្តមសេនីយ៍ទោ ហ្ចន ហេសស្ទើម៉េន មេបញ្ជាការកងហោះហើរស្ថិតក្រោមកងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ការទម្លាក់គ្រាប់បែកវាយប្រហារគោលដៅយុទ្ធជន IS ទាំងក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ហុចផលប៉ះពាល់ដល់សត្រូវយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់យុទ្ធជនគូបដិបក្ខគិតជាមធ្យមក្នុង១ខែប្រមាណជាង 1000 នាក់ ។ ការវាយប្រហារតាមផ្លូវអាកាសបានជួយដល់កងទ័ពថ្មើរជើងរបស់អ៊ីរ៉ាក់ និងនៅភាគខាងជើងប្រទេសស៊ីរី ឲ្យដណ្តើមយកបានទឹកដីពីពួក IS មកវិញ ព្រមទាំងបានបំផ្លាញសក្តានុភាពក្នុងការចម្រាញ់ប្រេងរបស់ពួក IS ទៀតផង ។
កាលពីមុននេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំសហរដ្ឋអាមេរិក ត្រូវបានគេរិះគន់យ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ដែលសមាជិកខ្លះនៃសភាខនក្រេស និងទាហានទ័ពអាកាសដែលចូលនិវត្តន៍ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា បានកំណត់ទំហំនៃការវាយប្រហារធំជ្រុលពេក សូម្បីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបញ្ជូនយន្តហោះចម្បាំងវាយប្រហារចំនួន 15,675 លើក ទាំងនៅប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ និងទំលាក់គ្រាប់បែក 4,423 លើក ចាប់តាំងពីខែសីហា ឆ្នាំទៅមិញ តែយុទ្ធជន IS ត្រឡប់បែរជាដណ្តើមតំបន់កាន់កាប់នៅស៊ីរីបានបន្តទៀត ។
លើសនេះទៀត កាលពីខែកន្លងទៅ ក្រុម IS នៅបានដណ្តើមកាន់កាប់ទីក្រុង រ៉ាម៉ាឌី នៅអ៊ីរ៉ាក់បានទៀតផង ។ ទោះបីការវាយប្រហារតាមផ្លូវអាកាស មិនអាចការពារទីក្រុងរ៉ាម៉ាឌីបានក្តី តែលោក ឧត្តមសេនីយទោ ហេសស្ទើម៉េន បានទទួលស្គាល់ថា យន្តហោះរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដល់ទៅ 75 ភាគរយ ត្រូវហោះហើរត្រឡប់មកកាន់មូលដ្ឋានវិញដោយមិនបានទំលាក់គ្រាប់បែកដោយសារក្រុម IS មិនមែនជាទាហានវិជ្ជាជីវៈ តែអាស្រ័យរស់នៅឡូកឡំជាមួយជនស៊ីវិល បើគោលដៅជាមូលដ្ឋានយោធា ក៏នឹងធ្វើការវាយប្រហារបានកាន់តែងាយ ម៉្យាងទៀតកងកម្លាំងសម្ព័ន្ធមិត្តត្រូវមានការប្រុងប្រយ័ត្នក្នុងការបែងចែកពីលើអាកាស រវាងកងទ័ពសម្ព័ន្ធមិត្តនិងក្រុម IS ទន្ទឹមគ្នានោះ ក៏ត្រូវចៀសវាងការធ្វើឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតដោយអចេតនា ប៉ុន្តែមិនមែនជាការលំបាកពេកទេ ក្នុងការសម្គាល់មិត្តឬសត្រូវនៅក្នុងប្រទេសអ៊ីរ៉ាក់ ទោះបីពួកគេទាំងសងខាងស្លៀកសម្លៀកបំពាក់ស្ទើរតែដូចគ្នានិងប្រើប្រាស់សម្ភារៈយោធាដូចគ្នាក៏ដោយ ។
ចំណែកលោកឧត្តមសេនីយឯក ហ៊ែរប៊ើដ ខាលីសែល មេបញ្ជាការមជ្ឈមណ្ឌលគ្រប់គ្រងការប្រយុទ្ធប្រឆាំងអាកាសយាននៃកងទ័ពសហរដ្ឋអាមេរិក បានថ្លែងក្នុងអំឡុងពេលចូលរួមសិក្ខាសាលាស្តីពីសន្តិសុខ នៅទីក្រុង អារលីងតុន ក្នុងរដ្ឋ វើជេនៀ ថា អង្គភាពចារកម្មយោធាសហរដ្ឋអាមេរិក បានកំណត់គោលដៅសំរាប់កិច្ចប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី តាមរយៈការពិនិត្យសកម្មភាពប្រើប្រាស់បណ្តាញសង្គមអនឡាញ នៃក្រុមយុទ្ធជន IS នៅក្នុងតំបន់ ។
មន្ត្រីការិយាល័យស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក (ឬមន្ទីរបញ្ចកោណ) នៅមូលដ្ឋានទ័ពអាកាសអាល់ប៊ើត ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក តាមដានសកម្មភាពប្រើប្រាស់បណ្តាញសង្គមអនឡាញរបស់ក្រុម IS មិនថាវាជា Facebook, Twitter, ឬបណ្តាញណាមួយឡើយ បន្ទាប់មកយន្តហោះចម្បាំងរបស់កងទ័ពសហរដ្ឋអាមេរិក នឹងចេញប្រតិបត្ដិការទំលាក់គ្រាប់បែកបំផ្លាញគោលដៅក្នុងរយៈពេល 22 ម៉ោង ក្រោយពីការរកឃើញការប្រើប្រាស់បណ្តាញសង្គមអនឡាញនៃយុទ្ធជនក្រុម IS ដោយមានការបំពាក់ប្រព័ន្ធនាំផ្លូវនិងស្វែងរកទីតាំងដ៏មានប្រសិទ្ធភាព ភ្ជាប់ជាមួយគ្រាប់បែក ដើម្បីការពារកំហុសឆ្គង ។
ប្រព័ន្ធដូចបានពោលមានឈ្មោះហៅថា JDAM ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ដែលអាចបំពាក់ជាមួយគ្រាប់បែកទម្ងន់ 500 ផោន, 1.000 ផោន និង 2000 ផោន ។ ដោយកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនប៊ូអ៊ីង បានផលិត JDAM ច្រើនជាង 250,000 គ្រឿងឲ្យដល់កងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្ត។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយឯក ខារលីសែល បានបដិសេធមិនបង្ហាញទិន្នន័យបន្ថែមថា តើយន្តហោះប្រភេទណា និងគ្រាប់បែកប្រភេទណា ដែលកងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើក្រុម IS និងមានការបំពាក់ JDAM នោះទេ ប៉ុន្តែបានថ្លែងថា មួយក្នុងចំណោមការវាយប្រហារលើកចុងក្រោយបំផុតកើតឡើងកាលពីពេលថ្មីៗនេះ ក្រោយពីមាន សមាជិកម្នាក់នៃក្រុម IS បានបង្ហោះរូបភាព Self-fee ផ្ទៃមុខរបស់ខ្លួន នៅមុខទីបញ្ជាការនៃកងកម្លាំង IS ក្នុងទីប្រជុំជនគោបានី នៅភាគខាងជើងប្រទេសស៊ីរីនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!