អតីតពលរដ្ឋរស់នៅតាមផ្លូវរថភ្លើង ទាមទារសំណងបន្ថែម ពីធានាគារ អភិវឌ្ឈអាស៊ី
អតីតពលរដ្ឋរស់នៅតាមបណ្តាយផ្លូវរថភ្លើងជាង៣០ នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានតវ៉ាដាក់ញត្តិនៅមុខធានាគារអភិវឌ្ឈន៍អាស៊ី (ADB) ដោយទាមទារឲ្យធានាគារមួយនេះ ផ្តល់សំណងបន្ថែម ដើម្បីដោះបំណុល និងជុសជុលការបាត់បង់មុខរបបរបស់ខ្លួន ក្រោយពីការផ្លាស់ប្តូរទីលំនៅ ក្រោមគម្រោងអភិវឌ្ឈន៍ផ្លូវរថភ្លើងនៅកម្ពុជា។
អ្នកស្រី រស់ បុផា តំណាងពលរដ្ឋដែលតវ៉ា បានឲ្យដឹងថា ក្រោយពីការចាក់ចេញពីផ្ទះសំបែងរបស់ខ្លួន តាមបណ្តាយផ្លូវរថភ្លើង អស់រយៈពេល ៤ឆ្នាំនេះ គ្រួសារអ្នកស្រី ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវជំពាក់បំណុលគេ ដោយការខ្ចីលុយគេ យកមកសាងសងផ្ទះសំបែង ព្រោះតែសំណងដែលទទួលបានមិនអាចយកមកធ្វើអ្វីបាន ហើយការចាកចេញនេះ ក៏បានធ្វើឲ្យពលរដ្ឋទាំងអស់ បាត់បង់មុខរបបប្រចាំថ្ងៃរបស់ខ្លួនថែមទៀត។ ដូច្នេះ អ្នកស្រី ស្នើឲ្យធានាគារនេះ ធ្វើការគិតគូរពីជីវភាពរបស់ពលរដ្ឋឲ្យបានសមរម្យ ស្រមតាមគោលនយោបាយរបស់ខ្លួន មិនមែនយកពួកគាត់ទៅទុកចោល ដោយមិនគិតពីសុខទុក្ខរបស់ពួកគាត់នោះទេ។
យ៉ាងណាក៏ដោយ នៅម៉ោងប្រមាណជាង ៩ ព្រឹក តំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក Janoun Hakim ទទួលបន្ទុកពិនិត្យគម្រោងរបស់ ADB បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ ដោយបានអះអាងក្នុងរយៈពេល ២០ ថ្ងៃ ថា ធានាគារនឹងធ្វើការឆ្លើយតបចំពោះសំណើរបស់ប្រជាពលរដ្ឋវិញ។
អ្នកស្រី ម៉ុច សុខា ជាស្រី្តពិការជើងទាំងសងខាង ដែលបានមកចូលរួមតវ៉ា បានលើកឡើងថា ពួកគេនឹងរងចាំដំណោះស្រាយពីធានាគារអភិវឌ្ឈន៍អាស៊ី តាមការសន្យាក្នុងរយៈពេល ២០ ថ្ងៃ ។ តែបើមិនមានដំណោះស្រាយទេ ពលរដ្ឋទាំងអស់នឹងមកធ្វើ ការតវ៉ានៅមុខធានាគារសារជាថ្មី។
សូមជំរាប់ថា កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ប្រមាណជិត ២០០ គ្រួសារ ត្រូវបានផ្លាស់ទីលំនៅមករស់នៅភូមិត្រពាំងអញ្ចាញ ខណ្ឌពោធិ៍សែនជ័យ ចំងាយជាង២៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឈន៍ផ្លូវរថភ្លើងរបស់រដ្ឋាភិបាល ដែលទទួលបានជំនួយ និងប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលអូស្ត្រាលី បន្ទាប់ពីប៉ះពាល់ផ្ទះទាំងស្រុង។ ហើយសំណងដែលពលរដ្ឋទទួលបាន គឺ ក្នុងមួយគ្រួសារ ទទួលបានដី ៧ គុណនឹង១៥ ម៉ែត្រ រួមទាំងសំណងជាលុយ ក្នុងមួយគ្រួសារទទួលបានចន្លេះពី ៣០០ ដុល្លារ ដល់១០០០ ដុល្លារ ទៅតាមទំហំផ្ទះ៕
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!