លោកចនឃឺរីនិងលោកស្រីផាកគិនហេជួបគ្នាចំពេលដែលមានភាពតឹនតឹងខ្លាំងនៅឧបទ្វីបកូរ៉េ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គិន ហេ នៅក្នុងការិយាល័យរបស់លោកស្រីនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពទ្វេភាគី ចំពេលដែលមានភាពតានតឹង ខ្លាំងបានកើតឡើង នៅក្នុងឧបទ្វីបកូរ៉េ។
លោកឃើរីដែលបានមកដល់ក្រុងសេ អ៊ូល កាលពីរសៀលថ្ងៃអាទិត្យក្រោយពីលោកបានសំចត នៅក្នុងប្រទេសចិន ខណៈពេលដែលមកដល់ប្រទេសកូរ៉េខាងត្បូងនេះ លោកបានចូលជួបសំដែងការគួរសមជាមួយលោកស្រី ប៉ាកគិនហេ នៅការិយាល័យប្រធានាធិបតី ឆេងវ៉ាដេ ដែលនៅទីនោះលោកនិង លោកស្រីផាកបាន ផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមក ស្តីស្ថានភាពនៅឧបទ្វីបកូរ៉េនិងបញ្ហានានានៅក្នុងតំបន់។
មានការកត់សំគាល់ថា ដំណើរទស្សនកិច្ចរបស់មន្រ្តីការទូតកំពូល អាមេរិក បានធ្វើឡើងចំពេលដែលមានភាពតានតឹង កំពុងកើនឡើងនៅ ឧបទ្វីបកូរ៉េ បន្ទាប់ពីសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ(កូរ៉េខាងជើង) បានឱ្យដឹង កាលពីថ្ងៃទី ៩ ខែឧសភាថា ខ្លួន ទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងពីនាវាមុខទឹក (SLBM) ។ប្រសិនបើមានការបញ្ជាក់ថាមីស៊ីលបាញ់ចេញពីនាវាមុខទឹកដែលមានឈ្មោះថា SLBM នឹងបង្កជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ឧបទ្វីបកូរ៉េក៏ដូចជាសហរដ្ឋអាមេរិកនោះ វាមានន័យថានាវាមុជទឹករបស់កូរ៉េខាងជើង និងបើកដំណើរការ ក្រោមទឹកយ៉ាងស្ងាត់ស្ងៀមហើយអាចធ្វើការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងដែនដីគោករបស់អាមេរិកបានយ៉ាងងាយស្រួល។
នៅក្នុងដំណើរទស្សនៈកិច្ចនេះដែរ លោកឃឺរីក៏បានជួបជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោកគឺ លោក យុន ប៊ូយ៉ុងសេ ដើម្បីពិភាក្សាពីបញ្ហាកូរ៉េខាងជើងនិងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចការងារមួយ នាពេលខាងមុខរបស់លោកស្រីប្រធានាធិបតី ផាក ទៅកាន់ក្រុងវ៉ាស៊ីនតោនដែលគ្រោងធ្វើនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
បន្ទាប់ពីកិច្ចពិភាក្សានេះលោក យុននិង ឃឺរី គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ។ លោកឃឺរីនឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាអាមេរិកនាទីក្រុងសេអ៊ូលនិងផ្តល់បាឋកថាស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅសាកលវិទ្យាល័យកូរ៉េនៅពេលបន្ទាប់ក្នុងថ្ងៃដដែលនោះ៕ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!