Commentary:ភេរវករជាប់ចំណាត់ថ្នាក់លេខ ១
ផេតទ្រីដ ហ្ចនស្តាន់ អ្នកជំនាញនយោបាយនៃក្រុមបច្ចេកទេស រ៉ែន ខបប៉ូរ៉េសិន បានថ្លែងថា IS នៅជាក្រុមភេរវករដែលសម្បូរណ៍ទ្រព្យធនបំផុតលើពិភពលោក ដោយចំណូលរបស់ពួកគេក្នុង១សប្តាហ៍ ប្រមាណ ២ លានដុល្លាសហរដ្ឋអាមេរិក ឬប្រមាណ ៨ពាន់លានរៀល ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥
បុរាណស្ថានចំណាស់២ពាន់ឆ្នាំនៅទីក្រុង ផាល់ម៉ៃរ៉ា ដែលក្រុម IS ដណ្តើមកាន់កាប់បាននិងបានបំផ្លាញ
រយៈពេលមួយឆ្នាំបានកន្លងផុត ក្រុមប្រដាប់អាវុធ IS ដែលប្រកាសបង្កើតរដ្ឋសាសនាលើដែនដីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ នៅតែមានទុនក្រាស់និងអាវុធធុនធ្ងន់ ។ អ្នកជំនាញបានអះអាងថា ក្រុម IS អាចបន្តសកម្មភាពបានជាច្រើនឆ្នាំទៅមុខទៀត ទោះបីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅក្រុមហ៊ុន IS យ៉ាងធ្ងន់ធ្ងរ រហូតធ្វើឲ្យក្រុម IS បាត់បង់ ថាល់អាប់យ៉ាត ទីប្រជុំជននៅជាយដែនប្រទេសស៊ីរី ទៅឲ្យកងកម្លាំងជនជាតិឃើដក្តី តែទន្ទឹមគ្នានោះ ក្រុម IS នៅទទួលបានជ័យជម្នះក្នុងសមរភូមិជាច្រើន រួមទាំងការដណ្តើមកាន់កាប់បាននូវទីក្រុង ផាល់ម៉ៃរ៉ា ទៀតផង ។
ហាស់សាន់ ហាស់សាន់ អ្នកបច្ចេកទេសនៃក្រុមជំនាញរឿងមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងនៅសេតថែម ហៅស៍ បានថ្លែងថា ក្រុម IS ជាចលនាភេរវករ ដែលមានភាពបត់បែន អាចបង្រួមឬពង្រីកខ្លួនបាន តែអ្វីដែលប្រាកដនោះ ក្រុម IS នៅបន្តមានវត្តមាននាថ្ងៃអនាគត ដែលអ្នកជំនាញផ្សេងទៀតបានមើលឃើញដូចគ្នាថា ក្រុម IS នៅតែមានវត្តមានលើពិភពលោកនេះយ៉ាងហោចណាស់ 10 ឆ្នាំទៅមុខទៀត ។
ឆាល លីសស្ទើរ៍ បានថ្លែងនៅមជ្ឈមណ្ឌល ប៊្រូក គីង ដូហា សេនទើរ៍ ថា គោលគំនិតបង្កើតរដ្ឋសាសនាលើទឹកដីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ នៅតែរក្សាបាននូវមូលដ្ឋានសមាជិកនិងអ្នកគាំទ្រជុំក្រុម IS ជុំវិញពិភពលោក ម៉្យាងទៀតការមានហិរញ្ញវត្ថុនិងអាវុធធុនធ្ងន់ដ៏ល្អ ធ្វើឲ្យ IS ជាក្រុមភេរវករដែលទទួលបានជោគជ័យច្រើនបំផុតក្នុងពិភពលោក ។ ផេតទ្រីដ ហ្ចនស្តាន់ អ្នកជំនាញនយោបាយនៃក្រុមបច្ចេកទេស រ៉ែន ខបប៉ូរ៉េសិន បានថ្លែងថា IS នៅជាក្រុមភេរវករដែលសម្បូរណ៍ទ្រព្យធនបំផុតលើពិភពលោក ដោយចំណូលរបស់ពួកគេក្នុង១សប្តាហ៍ ប្រមាណ ២ លានដុល្លាសហរដ្ឋអាមេរិក ឬប្រមាណ ៨ពាន់លានរៀល ។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបញ្ជូនយន្តហោះទៅវាយប្រហារអណ្ដូងប្រេងរបស់ក្រុម IS ដើម្បីផ្តាច់សសៃឈាមសេដ្ឋកិច្ច តែ IS នៅមានចំណូលពីច្រកផ្សេងទៀតដូចជា ការចាប់ជំរិត ទារពន្ធ ឬលក់ទំនិញដែលប្លន់ពីតំបន់នានាដែលពួកគេដណ្តើមកាន់កាប់បាន អ្វីដែលសំខាន់បំផុតនោះគឺ ក្រុម IS មានការចំណាយតិចក្នុងកិច្ចប្រតិបត្តិការទាប ដោយសារទទួលបានការគាំទ្រពីយុទ្ធជនបរទេស និងមានឃ្លាំងអាវុធដ៏ធំដែលសន្សំបានពីការធ្វើសង្រ្គាមជាមួយក្រុមផ្សេងៗទៀត ។
បណ្តាយុទ្ធជននៃក្រុម IS ទទួលបានការបំពាក់អាវុធដៃនិងអាវុធធុនស្រាល រួមទាំងកាំភ្លើងធំ និងកាំភ្លើងប្រឆាំងរថក្រោះ តែយ៉ាងណាក៏ដោយ ទោះបីក្រុម IS មានអាវុធច្រើនក្តី តែក៏នៅស្វែងរកទិញអាវុធគ្រប់ប្រភេទពីទីផ្សារងងឹត ធ្វើឱ្យក្រុម IS ជាក្រុមដែលមានអាវុធទាន់សម័យ នៅក្នុងប្រទេសស៊ីរីនិង៊ីរ៉ាក់ លើសពីនេះទៀត IS នៅមានអាវុធនិងការបណ្តុះបណ្តាល រហូតនាំទៅរកការ បង្កើតអង្គភាពប្រយុទ្ធចល័ត ។
សំរាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលប្រតិបត្តិការវាយប្រហារក្រុម IS តែមិនទទួលបានជោគជ័យតាមការគួរ ដោយសារខ្វះព័ត៌មានច្បាស់លាស់ គ្មានកងកម្លាំងថ្មើរជើង ខណៈដែលក្រុម IS កំណត់យុទ្ធសាស្រ្តពង្រីកតំបន់កាន់កាប់របស់ខ្លួន ទៅលើតំបន់របស់រដ្ឋាភិបាលនៅមូលដ្ឋាន និងកន្លែងដែលមានការរក្សាសុវត្ថិភាពទន់ខ្សោយ ក្រុម IS ប្រើទាំងវិធីត្រជាក់និងក្តៅបង្ក្រាបប្រជាជនក្នុងមូលដ្ឋាន រួមដល់ការប្រហារជីវិតភាគីបដិបក្ខឲ្យប្រជាជនមើលឃើញជាឧទាហរណ៍ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក្រុម IS មើលថែសន្តិសុខនិងផ្តល់សេវាសង្គម រួមទាំងផ្តល់ការអប់រំនិងការមើលថែទាំសុខភាពប្រជាជនដែលឥតជម្រើស ពួកគេត្រូវតែបង្ខំចិត្តទទួលយកក្រុម IS ។
លីសស្ទើរ៍ បានថ្លែងជាចុងក្រោយថា ដរាបណាលោកប្រធានាធិបតី បាសា អាល់ អាស់សាដ មេដឹកនាំស៊ីរី នៅតែស្ថិតក្នុងអំណាចបន្តទៀត ដូចគ្នានិងរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ ដែលទទួលបានការកែសម្រួលឲ្យប្រសើរឡើង តែនោះពុំមែនមានន័យថា នឹងកើតមានការផ្លាស់ប្តូរនោះទេ ក្រុម IS នៅតែមានឱកាសផ្តាច់មុខក្នុងការត្រួតត្រាប្រជាជន ទីបំផុតច្រកចេញដែលពិតប្រាកដសំរាប់ករណី IS នេះ គឺការដោះស្រាយភាពបែកបាក់ក្នុងសង្គម និងភាពបរាជ័យផ្នែកនយោបាយ ដែលធ្វើឲ្យក្រុម IS ស្វែងរកឳកាសនិងផលប្រយោជន៍ពីរឿងនេះ ។
ប្រជាជនទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី រងទុក្ខទោសយ៉ាងធ្ងន់ធ្ងរ ក្រៅពីសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី និងបញ្ហាជម្លោះនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ហើយនោះ ពួកគេនៅត្រូវទទួលជតាកម្មពីការត្រួតត្រាដោយក្រុម IS ដែលមានឈ្មោះថា ជាក្រុមភេរវករជាប់ចំណាត់ថ្នាក់លេខ១ លើពិភពទៅហើយនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!