ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីនៅខេត្តចំនួន២ ដាក់ញ្ញត្តិទៅរដ្ឋសភានៅព្រឹកនេះ
កញ្ញា ឡុង គីមម៉ារីតា
ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥៖ ពលរដ្ឋ ប្រមាណជាង ៤០ នាក់ តំណាងឲ្យពលរដ្ឋចំនួន ៦៣ គ្រួសារ ស្ថិតក្នុងចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ បានតវ៉ាដាក់ញត្តិនៅថ្ងៃនេះ ដើម្បីស្វែងរកកិច្ចអន្តរគមន៍ពីប្រធានរដ្ឋសភា ព្រមទាំងក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន។
តំណាងពលរដ្ឋម្នាក់ មកពីខេត្តក្រចេះ លោក ចន្ទ សុផល បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៤កន្លងទៅ លោកអភិបាលខេត្តក្រចេះ បានឈ្វៀលដីទំហំ ជាង ២៥០ ហិកតា ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅអាស្រ័យផលលើដីនោះជាក់ស្តែង។
តែក្រោយមក បែជាលោកអភិបាលរងស្រុកស្នូល បានប្រកាសរំលាយកម្មសិទ្ធ ដែលប្រជាពលរដ្ឋធ្លាប់មាន ដោយបែងចែកជាដីឡូតិ៍ៗ ហើយឲ្យប្រជាពលរដ្ឋធ្វើការចាប់ឆ្នោតយកដីនោះ។ លោកថា ការបែងចែករបស់អភិបាលរងស្រុកនេះ ក៏ពុំស្មើភាពគ្នានោះទេ ដោយប្រជាពលរដ្ឋ ដែលគ្មានដី និងមិនដឹងមកពីណា បែបជាមានឈ្មោះ ឯពលរដ្ឋដែលមានដីស្រាប់ និងកំពុងបង្កបង្កើនផល បែជាគ្មានឈ្មោះទទួលបានដីនោះទៅវិញ។
ចំណែកឯក អ្នកមានជំលោះដីធ្លីមកពីខេត្តព្រះវិហារឯនោះវិញ ក៏មករដ្ឋអន្តរាគមន៍ពីសភានៅព្រឹកនេះដែរ។ លោក ញ៉ែម សារ៉ាត់ បានលើកឡើងថា ប្រជាពលរដ្ឋប្រមាណជា៥០ នាក់ តំណាងឲ្យពលរដ្ឋ២៥៣ គ្រួសារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដាក់ញត្តិ ដើម្បីឲ្យរដ្ឋសភា ពន្លឿននូវការដោះស្រាយការផ្លាស់ប្តូរទីតាំងថ្មីឲ្យប្រជាពលរដ្ឋ បានរស់នៅ ប្រកបរបបចិញឹមជីវិត ព្រោះប្រជាពលរដ្ឋ គ្មានដីស្រែចំការបង្កបង្កើនផលជាង ៤ឆ្នាំហើយ បន្តាប់ពីអាជ្ញាធរ បានឃុបឃិតគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធយកគ្រឿងចក្រ រណាយន្ត មកឈូសឆាយ វាយកំទេចផ្ទះសំបែង សាលារៀន មន្ទីពេទ្យ និងវត្តអារាម ដែលធ្វើឲ្យពលរដ្ឋនៅតំបន់នោះ ជួបនូវទុក្ខលំបាកវេទនា។
លោកញ៉ែម សារ៉ាត់ ឲ្យដឹងបន្ថែមថា ដីដែលអាជ្ញាធរ រំលោភពីប្រជាពលរដ្ឋ គឺមានប្រមាណ ៥៧២ ហិកតា ដោយបានធ្វើឈូលឆាយ និងកំទេចកាលពីថ្ងៃទី ១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០១២។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី ១ នៃរដ្ឋសភាមានប្រសាសន៍ប្រាប់វិទ្យសំឡេងយុវជន VOYថា លោកបានទទួលហើយ ញត្តិដែលប្រជាពលរដ្ឋមានបញ្ហាដីធ្លី ដែលបានដាក់មកគណៈកម្មកាទី១ នៃរដ្ឋសភា ហើយលោកនឹងពិចារណាថា តើញត្តិរបស់ពលរដ្ឋ ដែលដាក់មក មានឯកសារត្រឹមត្រូវឬយ៉ាងណា ដើម្បីឲ្យក្រុមការងារ ធ្វើការអន្តរគមន៍។
លោកបង្ហើបថា ចំពោះករណីដីធ្លីខេត្តក្រចេះវិញ បើមិនមាការប្រែប្រួលលទេ លោកនឹងកោះហៅអភិបាលខេត្តក្រចេះ ឲ្យចូលមកបំភ្លឺ នៅថ្ងៃទី ២៨ ខាងមុខនេះ ជុំវិញបញ្ហាដីធ្លី នៅក្នុងខេត្តក្រចេះ រួមទាំងបញ្ហារបស់ពលរដ្ឋទាំង ៦៣ គ្រួសារ ក្នុងស្រុកស្នូលនេះផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!