Commentary:ចិនជំរុញអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ អាចវាយប្រហារសត្រូវដល់ "កោះហ្គាំម (Guam)" របស់សហរដ្ឋអាមេរិក
កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ កាសែតផ្លូវការឈ្មោះ ឆាយណា ដេលី របស់ចិនបានចុះផ្សាយអត្ថបទដ៏វែងជិតពេញមួយទំព័រអះអាងថា ក្នុងកិច្ចប្រជុំផ្នែកយោធារបស់ប្រទេសចិនកាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើងពីកងទ័ពអាកាស ដោយចាត់ទុកថាជា "កងកម្លាំងខាងយុទ្ធសាស្ត្រ" របស់ប្រទេស ។
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥
យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3
ទីភ្នាក់ងារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍យោងការឲ្យដឹងរបស់អ្នកជំនាញកិច្ចការពារប្រទេសថា ចិនចាំបាច់ត្រូវអភិវឌ្ឍ " យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ " ដែលអាចវាយប្រហារសត្រូវដែលនៅក្រៅឆ្នេរសមុទ្រប្រទេសចិន ក្នុងរយៈចម្ងាយឆ្ងាយដល់ទៅមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីការពារនិងបង្ក្រាប មិនឲ្យបរទេសចូលមកជ្រៀតជ្រែកក្នុងករណីកើតមានជម្លោះសង្គ្រាម ឬស្ថានការណ៍អាសន្ន ។
កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ កាសែតផ្លូវការឈ្មោះ ឆាយណា ដេលី របស់ចិនបានចុះផ្សាយអត្ថបទដ៏វែងជិតពេញមួយទំព័រអះអាងថា ក្នុងកិច្ចប្រជុំផ្នែកយោធារបស់ប្រទេសចិនកាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើងពីកងទ័ពអាកាស ដោយចាត់ទុកថាជា "កងកម្លាំងខាងយុទ្ធសាស្ត្រ" របស់ប្រទេស ។ កាសែត ឆាយណា ដេលី បានអះអាងថា អត្ថបទនេះខ្លួនបានដកស្រង់ចេញពីសេចក្តីរាយការណ៍ដែលចុះផ្សាយក្នុងទស្សនាវដ្តី "ខាន់វ៉ា ឌីហ្វេន រីវីយូ " ទស្សនាវដ្តីយោធានិងបច្ចេកវិទ្យាសព្វាវុធ នៅប្រទេសកាណាដា ច្បាប់ចេញផ្សាយលេខចុងក្រោយបង្អស់ ។
កន្លងមក "កងកម្លាំងខាងយុទ្ធសាស្រ្ត" របស់ប្រទេសចិន បានបម្រុងទុកប្រើមានន័យដល់ "កងកាំភ្លើងធំទី២" របស់កងទ័ព ដែល ឆាយណា ដេលី ផ្ទាល់ ក៏បានអធិប្បាយថាជា "កងកម្លាំងកាំជ្រួចយុទ្ធសាស្រ្តខាងព្រឹត្តិន័យ "របស់ប្រទេសចិន ។
អត្ថបទរបស់កាសែត ឆាយណា ដេលី បានដកស្រង់សេចក្តីរាយការណ៍របស់ ខាន់វ៉ា ឌីហ្វេន រីវីយូ ទៀតថា អង្គប្រជុំផ្នែកយោធាដូចបានពោលបានយល់ឃើញស្របគ្នាថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយនឹងជួយឲ្យកងទ័ពអាកាសប្រទេសចិន អាចវាយប្រហារសត្រូវដល់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ឆ្ងាយទៅដល់ជួរកោះតំណរភ្ជាប់ដែនដីជាន់ទី២ ឬ (Second Island Chain) ។
ទោះជាយ៉ាងណាក្តី ពួកអ្នកយុទ្ធសាស្ត្រចិនមានគំនិតថា បើសម្លឹងមើលចេញពីប្រទេសចិនទៅ ជួរតំណរភ្ជាប់ដែនដីជាន់ទី១ មានន័យដល់ខ្សែកោងដែលអូសភ្ជាប់ពីប្រទេសជប៉ុនដល់តៃវ៉ាន់ ដែលរួមមានមូលដ្ឋានទ័ពជាច្រើនកន្លែងរបស់សហរដ្ឋអាមេរិកនៅលើកោះ អូគីណាវ៉ា ប្រទេសជប៉ុននោះផង ។
ខណៈដែលជួរតំណរភ្ជាប់ដែនដីជាន់ទី២ រំកិលពង្រីកទៅទិសខាងកើតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គ្របដណ្តប់ប្រជុំកោះ ម៉ារៀណា ប្រជុំកោះឃែរ៉ូឡៃយ៍ និងកោះហ្គាំម ដែលជាដែនដីរបស់សហរដ្ឋអាមេរិកនិងជាទីតាំងមូលដ្ឋានទ័ពអាកាសអាន់ឌើរសាន់របស់សហរដ្ឋអាមេរិកនោះ ។
ចំពោះជួរតំណរភ្ជាប់ដែនដីជាន់ទី៣ ដែលគ្របដណ្តប់រដ្ឋហាវ៉ៃនោះ ក៏មានការនិយាយដល់ខ្លះៗផងដែរ ។
អត្ថបទរបស់កាសែត ឆាយណា ដេលី ដែលដកស្រង់សេចក្តីរាយការណ៍ដូចបានពោលបានឲ្យដឹងបន្តទៀតថា ការមានសមត្ថភាពក្នុងការវាយប្រហារទៅដល់ជួរតំណរភ្ជាប់ដែនដីជាន់ទី២ នឹងអាច ទប់ស្កាត់សត្រូវបរទេសមិនឱ្យចូលមកជ្រៀតជ្រែកពេលកើតមានស្ថានការណ៍អាសន្ន ឬករណីមានជម្លោះសង្គ្រាមកើតឡើង ។
ខាងយោធាប្រទេសចិនបានឱ្យនិយមន័យថា យន្ដហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយដែលអាចផ្ទុកយុទ្ធោបករណ៍ទម្លាក់ពីលើអាកាសចុះមកលើផ្ទៃដីមានទម្ងន់ច្រើនជាង ១០តោន និងអាចហោះហើរបានក្នុងចម្ងាយផ្លូវយ៉ាងហោចណាស់ 8,000 គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់ប្រេងបន្ថែម ។
អត្ថបទរបស់ ឆាយណា ដេលី បានដកស្រង់ពី "អ៊ែររ៉ូ ស្ប៉េស ណូឡេជ" ដែលជាទស្សនាវដ្តីបច្ចេកវិទ្យាយោធារបស់ប្រទេសចិនថា នៅក្នុងអត្ថបទមួយដែលចេញផ្សាយក្នុងទស្សនាវដ្តីនេះ កាលពីខែមុន ក៏បានអះអាងថា ប្រទេសចិនចាំបាច់ត្រូវមានយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលមានបច្ចេកវិទ្យា "Stealth" នោះគឺអាចបន្លំខ្លួនមិនឲ្យរ៉ាដាត្រួតពិនិត្យចាប់បាន ។
"យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយមធ្យម តាមសមត្ថភាពជាក់ស្តែងនោះ នៅមិនទាន់ដោះស្រាយចំណុចខ្វះខាតរបស់កងទ័ពរំដោះប្រជាជនចិនក្នុងលក្ខខណ្ឌការវាយប្រហារខាងយុទ្ធសាស្រ្តនិងការបង្ក្រាបខាងយុទ្ធសាស្រ្តបាននៅឡើយទេ " ។ អត្ថបទរបស់កាសែត ឆាយណា ដេលី បានឲ្យដឹង ដោយយោងតាមសេចក្តីរាយការណ៍ដដែលរបស់ ទស្សនាវដ្តី អ៊ែររ៉ូ ស្ប៉េស ណូឡេជ អះអាងថា " ដោយហេតុនេះហើយ ទើបកងទ័ពអាកាសចិនចាំបាច់ត្រូវមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រឆ្លងទ្វីប ដែលមានសមត្ថភាពក្នុងការបំបែកខ្សែការពារខាងអាកាសរបស់សត្រូវបាន " ។
យ៉ាងណាក៏ដោយ China Daily បានសំអាងការយល់ឃើញរបស់លោក វ៉ាំង ហៀនអាន់ និពន្ធនាយករងទស្សនាវដ្តី អ៊ែររ៉ូ ស្ប៉េស ណូឡេជ ដែលបានឲ្យដឹងថា យន្តហោះដូចបានពោលមកនោះ ត្រូវមានរចនាសម្ព័ន្ធនិងទ្រង់ទ្រាយអាចធ្វើចលនាក្នុងអាកាសដ៏ទាន់សម័យ រួមទាំងបំពាក់ម៉ាស៊ីន កង្ហាររ៉េអាក់ទ័រ មានប្រសិទ្ធភាពខ្ពស់ ដែលរឿងទាំងអស់នេះ សុទ្ធតែជាបញ្ហាធំដែលឧស្សាហកម្មការហោះហើររបស់ចិន នៅមិនទាន់អាចដោះស្រាយបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឡើយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!