Commentary:វិបត្តិបំណុលក្រិក បង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់អឺរ៉ុប
ការសម្រេច ចិត្តរបស់ជនជាតិក្រិចភាគច្រើននាពេលនេះ ទើបទទួលបានការ "តបស្នង" ឆាប់បំផុត បើបណ្តោយទុកឲ្យពេលវេលាកន្លងទៅយូរប៉ុណ្ណា មានន័យស្មើនឹងការទុកឲ្យប្រាក់ក្នុងឃ្លាំងក្រិកអស់ទៅតាមនោះ ។
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥
ប្រវត្តិសាស្រ្តដ៏វែងឆ្ងាយ 57 ឆ្នាំរបស់សហភាពអឺរ៉ុប (EU) កំពុងប្រឈមនឹងអំឡុងពេល "វិបត្តិ" បំផុតដោយសារលទ្ធផលនៃការធ្វើប្រជាមតិនៅក្នុងប្រទេសក្រិកកាលពីថ្ងៃទី ៥ ខែកក្កដា កន្លងទៅនេះ បង្ហាញថា 61.3 ភាគរយ មិនចង់អនុវត្តតាមទិសដៅរបស់ម្ចាស់បំណុលបរទេស ក្នុងការប្រើវិធានការរឹតត្បិតដែលជាការកាត់បន្ថយសុខុមាលភាពសង្គមទាំងឡាយ យ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងបំណុលសាធារណៈ និងដើម្បីដោះដូរនឹងការផ្តល់ប្រាក់ជំនួយដើម្បីស្តារសេដ្ឋកិច្ចប្រទេសដែលធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង៦ឆ្នាំ ។ លោក យូគ្លីដ សាខាឡូតូស រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសក្រិចបានថ្លែងពីលទ្ធផលនៃការធ្វើប្រជាមតិដែលបង្ហាញឲ្យឃើញនោះថា ជាសំឡេងទាមទារដែលប្រជាជនក្រិកភាគច្រើនចង់បាននូវអ្វីដែល "ល្អប្រសើរជាង"
ស្ថិតិកាលពីឆ្នាំ ២០១២ បានបង្ហាញថា រដ្ឋាភិបាលក្រិកជាអង្គភាពរដ្ឋការដែលរែកអម្រែកបំណុលសាធារណៈច្រើនបំផុតក្នុងពិភពលោក ដោយមានតម្លៃច្រើនជាង 323,000 លានអឺរ៉ូ ម៉្យាងទៀតនៅជាប្រទេសដំបូងគេដែលខកខានមិនបានទូទាត់បំណុលទៅឲ្យមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ជាភាគីមួយក្នុងចំណោមម្ចាស់បំណុលឈ្មោះ "Troika" រួមជាមួយគណៈកម្មការអឺរ៉ុប (EC) និងធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃទី 30 ខែមិថុនា កន្លងមក ជាសាច់ប្រាក់ចំនួន 1,600 លានអឺរ៉ូ ដែលជាការខកខានទូទាត់បំណុលលើកដំបូង ចាប់តាំងពីប្រទេសក្រិកបានចូលទៅនៅក្នុងគម្រោងស្តារ សេដ្ឋកិច្ចរបស់ Troika តាំងពីឆ្នាំ ២០១០ ។
ការសម្រេច ចិត្តរបស់ជនជាតិក្រិចភាគច្រើននាពេលនេះ ទើបទទួលបានការ "តបស្នង" ឆាប់បំផុត បើបណ្តោយទុកឲ្យពេលវេលាកន្លងទៅយូរប៉ុណ្ណា មានន័យស្មើនឹងការទុកឲ្យប្រាក់ក្នុងឃ្លាំងក្រិកអស់ទៅតាមនោះ ហើយរដ្ឋាភិបាលទីក្រុងអាថែនត្រូវដើរចេញពីអឺរ៉ូហ្សូន ឬតំបន់ចាយប្រាក់អឺរ៉ូ នៅទីបំផុត ។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយអឺរ៉ុបជំនាន់មុនៗដែលចង់បង្កើតឱ្យមានការឯកភាពគ្នាមួយនៅក្នុងតំបន់ បានត្រូវរលាយតែក្នុងមួយពព្រិចភ្នែក ដោយសារវិបត្តិដែលប្រទេសក្រិកកំពុងប្រឈមនោះ វាច្រើនជាង "ត្រឹមតែរឿងលុយកាក់ " ។
គណបក្សស៊ិរិសារបស់លោកនាយករដ្ឋមន្ត្រី អាឡេកស៊ីស ស៊ីប្រាស់ មេដឹកនាំក្រិកបច្ចុប្បន្ន ឈ្នះការបោះឆ្នោតសកលកាលពីខែមករាកន្លងមកនេះ ដោយសំឡេងឆ្នោតលើសលប់ ពីយុទ្ធនាការរកសំឡេងដោយអាកប្បកិរិយាប្រយុទ្ធប្រឆាំងទៅនឹងក្រុមម្ចាស់បំណុលបរទេស និងការនាំយកប្រទេសចេញពីវិធានការរឹតបន្តឹងសារពើពន្ធ ទើបគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ប្រសិនបើការចរចារឿងបំណុលសាធារណៈរបស់រដ្ឋាភិបាលទីក្រុងអាថែនដែលចាប់តាំងពីពេលនោះមក លោកស៊ីប្រាស់ និងគណៈប្រតិភូរបស់លោក ស្ទើរតែមិនដែលឈានដល់កិច្ចព្រមព្រៀងណាមួយដែលប្រកបដោយភាពច្នៃប្រឌិតនិងមានផលប្រយោជន៍ពិតប្រាកដនោះទេ ការពិភាក្សារាល់លើកគ្របដណ្តប់ទៅដោយបរិយាកាសអ័ព្ទអ៊ួរនៃជម្លោះនិងការមិនទុកចិត្តគ្នាទៅវិញទៅមក ។
ទោះការធ្វើប្រជាមតិនៅក្នុងប្រទេសក្រិក មិនមែនជាការស្ទង់មតិប្រជាជនជាលើកដំបូងរបស់ប្រទេសណាមួយដែលជាសមាជិកសហភាពអឺរ៉ុបក្តី ប៉ុន្តែបើសម្លឹងថយក្រោយមើលទៅអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ការធ្វើប្រជាមតិនៃសមាជិកសហភាពអឺរ៉ុបនៅក្នុងបណ្តាប្រទេសជាច្រើនលទ្ធផលចេញមករមែងបង្ហាញឲ្យឃើញសំឡេងប្រឆាំងជាអ្នកឈ្នះ មិនថាការធ្វើប្រជាមតិនៅប្រទេសដាណឺម៉ាកកាលពីឆ្នាំ ១៩៩២ ជំទាស់ទៅនឹងការចូលរួមជារដ្ឋភាគីនៃសន្ធិសញ្ញា ម៉ាស់ស្ទ្រីដ ដែលជាសន្ធិសញ្ញានាំទៅរកការបង្កើតប្រាក់អឺរ៉ូនាពេលក្រោយមក ឬការធ្វើប្រជាមតិរបស់ជនជាតិIrish ប្រទេសអៀរឡង់កាលពីឆ្នាំ ២០០០ ជំទាស់ទៅនឹងសន្ធិសញ្ញា Nice ដែលជាការកែទម្រង់យន្តការបំពេញការងាររបស់សហភាពអឺរ៉ុប និងការធ្វើប្រជាមតិម្តងទៀតរបស់ពលរដ្ឋអៀរឡង់នៅឆ្នាំ ២០០៤ ជំទាស់ទៅនឹងសេចក្តីក្នុងមាត្រាខ្លះនៃសន្ធិសញ្ញា Lisbon ។
ការធ្វើប្រជាមតិរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបពីអតីតកាល បង្កើតបរិយាកាសនៃភាពមិនប្រាកដប្រជាឲ្យកើតឡើងនៅទូទាំងតំបន់ ដល់ថ្នាក់ភាគីជាច្រើនត្រៀមផែនការបំរុងដើម្បីទប់ទល់ ស្ថានការណ៍ ប្រសិនបើប្រទេសដាណឺម៉ាកសំរេចចិត្តដកខ្លួនចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប ឬប្រសិនជាការធ្វើប្រជាមតិនៅប្រទេសអៀឡង់លើកទី២ រឿងសន្ធិសញ្ញានីស ប្រាកដថា សំឡេងភាគច្រើនបានជំទាស់ ។
បរិយាកាសនៃភាពមិនប្រាកដប្រជាដូចគ្នានេះ បានវិលត្រឡប់មកកាន់តំបន់អឺរ៉ុបជាថ្មីម្តងទៀត ។ ជាការពិតណាស់ ដែលវត្ថុបំណងក្នុងការធ្វើប្រជាមតិរបស់ក្រិក មិនដូចប្រទេសដាណឺម៉ាកនិងប្រទេសអៀរឡង់ទាំងស្រុងក៏ដោយ ប៉ុន្តែលទ្ធផលដែលចេញមកកំពុងហុចផលប៉ះពាល់ទៅគ្រប់រចនាសម្ព័ន្ធការបំពេញមុខងាររបស់សហភាពអឺរ៉ុប ប្រព័ន្ធដែលត្រូវ "ចាត់ការដោយសំអាងលើក្តីព្រួយបារម្ភរបស់ប្រទេសអាល្លឺម៉ង់ បារាំង និងហូឡង់ ជាមូលដ្ឋាន ដើម្បីផលប្រយោជន៍របស់ប្រទេសស៊ុយអែតនិងប្រទេសអេស្ប៉ាញ ប៉ុន្តែត្រូវរំពឹងដល់ប្រទេសក្រិកជារឿងសំខាន់បំផុត " ។
អឺរ៉ុបគឺជាសហភាព ដែលមានឈ្មោះជាភាគីសម្របសម្រួលជាមួយគូករណី ការធ្វើប្រជាមតិរបស់ដាណឺម៉ាកនិងអៀរឡង់ ទើបធ្វើឲ្យប្រទេសទាំងពីរបាននូវអ្វីដែលខ្លួនត្រូវការពី EU នោះគឺប្រទេសដាណឺម៉ាកមិនបាច់ប្រើប្រាក់អឺរ៉ូ និងមានតួនាទីការងារគ្រប់គ្រងសហភាពអឺរ៉ុបមកដល់បច្ចុប្បន្ននេះ រីឯប្រទេសអៀកឡង់វិញ បានទទួលការគោរពពីសហភាពអឺរ៉ុបខាងផ្នែកអព្យាក្រឹតភាពរឿងយោធា ។
យ៉ាងណាក្តី នៅមិនទាន់ច្បាស់លាស់ 100% ទេថា ការធ្វើប្រជាមតិរបស់ក្រិកនឹងត្រូវបានទទួលការសម្របសម្រួលពីប្រទេសអាល្លឺម៉ង់ ឬយ៉ាងណាទេ លោកស្រីអធិការបតី អាំងកេឡា មើរ៍កែល មេដឹកនាំអាល្លឺម៉ង់ ប្រទេសជាសរសរទ្រូងនៃតំបន់ចាយប្រាក់អឺរ៉ូ កំពុងប្រឈមនឹងសម្ពាធទាំងក្នុងនិងក្រៅប្រទេស ពលរដ្ឋអាល្លឺម៉ង់មិនចង់ឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសក្រិចទៀតទេ ពួកគេគ្មានបំណងធ្វើការដើម្បីបង់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ តែផ្ទុយទៅវិញបែរជាត្រូវយកលុយនោះទៅឧបត្ថម្ភប្រទេសដែលក្រីក្រជាង ខណៈដែលប្រទេសក្រិកជឿជាក់ថា ប្រទេសអាល្លឺម៉ង់ ពិតជាមិន "បោះបង់" ខ្លួនចោលឡើយ តែលោកស្រី មើរ៍កែល បានព្រមានថា ឥរិយាបទរបស់ រដ្ឋាភិបាលទីក្រុងអាថែនពេលនេះ "មិនអាចទៅរួចទេ " ។
ចំណែករដ្ឋាភិបាលបារាំងវិញ មានអាកប្បកិរិយាធូរស្រាលជាងអាល្លឺម៉ង់ លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ដ៍ បានអំពាវនាវឲ្យក្រិកដាក់សំណើរដែលអាចធ្វើបាននិងប្រាកដប្រជាច្រើនជាងនេះ ដើម្បីឱ្យយន្តការទាំងឡាយដើរទៅមុខយ៉ាងឆាប់រហ័ស ព្រោះស្ថានការណ៍ពិភពលោកបច្ចុប្បន្នពុំមែនដែលគ្រប់គ្នាត្រូវមកពិភាក្សារឿងប្រទេសក្រិកម្តងហើយម្តងទៀតនោះទេ រីឯប្រទេសអ៊ីតាលីនិងអេស្ប៉ាញដែលកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ផងដែរនោះ អះអាងចង់បានឲ្យប្រទេសក្រិក នៅជាផ្នែកមួយនៃសហភាពអឺរ៉ុបនិងរួមប្រើប្រាស់ប្រាក់អឺរ៉ូបន្តទៀត តែរដ្ឋាភិបាលទីក្រុងអាថែនចាំបាច់ត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏ធំម្តងទៀត ដើម្បីភាពរស់រានរបស់ខ្លួន ។
រូបិយប័ណ្ណអឺរ៉ូបានចូលក្នុងទីផ្សារពិភពលោកជាផ្លូវការកាលពីខែមករា ឆ្នាំ ១៩៩៩ ដោយមានវត្ថុបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប តាមរយៈការធ្វើធុរកម្មឆ្លងដែនដែលមានភាពងាយស្រួលកាន់តែខ្លាំង និងដើម្បីឲ្យការវិនិយោគរវាងប្រទេសជាសមាជិកមានភាពស្មើគ្នាជាងមុន ហៅបានថាជាការធ្វើសមាហរណកម្មផ្នែកសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្តរបស់អឺរ៉ុប ។ ប៉ុន្តែបើ សម្លឹងមើលលើទិដ្ឋភាពនយោបាយវិញ រដ្ឋាភិបាលនៃបណ្តាប្រទេសនៅតំបន់ចាយលុយអឺរ៉ូទាំង 19 ប្រទេស នៅមិនទាន់មានឥទ្ធិពលស្មើគ្នា ដែលនឹងអាចចាត់ចែងថវិកាបម្រុងសំរាប់ជួយប្រទេសសមាជិកដែលក្រីក្រជាងខ្លួន បានគ្រប់គ្រាន់នៅឡើយទេ ។
ប្រសិនបើប្រទេសក្រិកចេញផុតពីតំបន់ចាយប្រាក់អឺរ៉ូ វិលទៅចាយលុយដើមរបស់ខ្លួនគឺ ដ្រាក់ម៉ា (Drachma) ដែលនឹងតាមមកដោយសភាពលុយមានអតិផរណាយ៉ាងធ្ងន់ធ្ងរគ្មានអ្វីគួរឲ្យសង្ស័យនោះ ដោយសារស្ថានភាពសេដ្ឋកិច្ចខ្ទេចខ្ទាំជាទុនស្រាប់ហើយនោះ ទន្ទឹមគ្នានោះ ប្រទេសក្រិកជាសមាជិកមួយនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ឬអង្គការណាតូ) ដែលជាប្រទេសរបាំងជួរមុខក្នុងការទទួលជនភៀសខ្លួនតាមទូកមកពីអាហ្រ្វិកខាងជើង នេះក៏ជាបញ្ហាសំខាន់មួយទៀតដែលអឺរ៉ុបកំពុងប្រឈម ការច្រានក្រិកឲ្យចាកចេញ ឬបណ្តោយទុកឲ្យក្រិកដកខ្លួនចេញដោយខ្លួនឯងនោះរមែងជារឿងមិនល្អឡើយ ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបហាក់បីដូចជានៅមិនទាន់ចង់បានការផ្លាស់ប្តូរច្បាប់ហិរញ្ញវត្ថុដែលត្រូវអនុវត្តចំពោះប្រទេសក្រិកនោះទេ ទោះបីជាវិធានការដែលពលរដ្ឋក្រិកបានប្រកាសច្បាស់លាស់តាមរយៈការធ្វើប្រជាមតិរួចហើយក្តី ថាមិនត្រូវការបន្តទៀតទេ ព្រមទាំងបានអះអាងថា ការលើកលែងបំណុលមួយចំនួនជាអ្វីដែលមិនអាចទៅរួចទេ ព្រោះនឹងបណ្ដាលឱ្យមានការយកតម្រាប់តាម ហើយស្ថានការណ៍នឹងមានការស្មុគស្មាញច្រើនជាងមុន អាចនាំទៅរក "អវសានបទ " នៃរូបិយប័ណ្ណអឺរ៉ូ ។
មិនថាវិបត្តិបំណុលសាធារណៈរបស់ប្រទេសក្រិកនឹងត្រូវបានដោះស្រាយដោយវិធីណាទេ អ្នកដែលឈឺចាប់បំផុតគង់ជៀសមិនផុតពីពលរដ្ឋក្រិក ដែលត្រូវរែកពុនបន្ទុកបំណុលផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់ឱកាសផ្នែកសេដ្ឋកិច្ចអស់រយៈពេលដ៏យូរ ទម្រាំភាពប្រេះឆាបែកបាក់ក្នុងចំណោមសមាជិកសហភាពអឺរ៉ុបដែលជាលទ្ធផលកើតឡើងមកពីបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសក្រិក ជាអ្វីដែលគ្រប់ភាគីមិនចង់ឱ្យកើតឡើងផងដែរ ។
ព័ត៌មានចុងក្រោយ មេដឹកនាំអឺរ៉ុបបានប្រកាសអំពីកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយកាលពីថ្ងៃចន្ទកន្លងទៅ ដើម្បីផ្តល់ឱ្យប្រទេសក្រិកនូវជំនួយសង្គ្រោះហិរញ្ញវត្ថុមួយទៀតមានទឹកប្រាក់ជិត៩៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងធ្វើឱ្យប្រាកដប្រជាថាប្រទេសក្រិកឋិតនៅក្នុងតំបន់ប្រើប្រាក់អឺរ៉ូដែលមានប្រទេស ១៩ជាសមាជិកតទៅទៀត ហើយកិច្ចប្រជុំពេញអង្គរបស់សភាក្រិកកាលពីថ្ងៃពុធម្សិលមិញនេះ បានអនុម័តច្បាប់ ត្រួសត្រាយផ្លូវសម្រាប់កម្ចីកញ្ចប់ថវិកាសង្គ្រោះលើកទីបីតាមកំណែទម្រង់ពន្ធដាជាលើកដំបូងនិងប្រព័ន្ធប្រាក់សោធននិវត្តន៍ ដោយសំឡេងឆ្នោតគាំទ្រពីសមាជិកសភាចំនួន ២៩៩សំឡេង ៦៤សំឡេងបោះឆ្នោតប្រឆាំង និង៦សំឡេងបោះឆ្នោតអនុបវាទ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!