Commentary:តាមដាន "ក្រុមកម្លាំងទីបី " ក្នុងការបោះឆ្នោតនៅភូមា ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំនេះ
ការបោះឆ្នោតដែលនឹងមានក្នុងប្រទេសភូមា នាពេលខាងមុខនេះ នៅមិនទាន់ប្រាកដ 100% ថា បក្ស NLD នឹងចូលរួមប្រកួតប្រជែងឬយ៉ាងណានោះទេ ព្រោះលោកស្រី ស៊ូជី បានថ្លែងម្តងហើយម្តងទៀតថា មិន សេរីនិងយុត្តិធម៌ ដរាបណាមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយោធាឆ្នាំ ២០០៨ ជាមុនទេនោះ ។
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥
ចុះមូលដ្ឋាន–លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្ស NLD បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ត្រួតពិនិត្យបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត ខណៈពេលចុះមូលដ្ឋានផ្តល់ចំណេះដឹងរឿងបោះឆ្នោតជាមួយប្រជាជននៅទីប្រជុំជន ឃ័វ៍មូ ជាយក្រុងរ៉ង់ហ្គូន តែមិនបានបញ្ជាក់ច្បាស់ថា គណបក្ស NLD នឹងចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនាលើកនេះ ឬយ៉ាងណាទេ (រ៉យទ័រ)
ប៉ី ស្គរ ក្នុងសង្វៀនការបោះឆ្នោតនៅ«មីយ៉ាន់ម៉ា»បានផ្តើមប្រគុំលាន់ទ្រហឹង បន្ទាប់ពីគណៈកម្មាការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ការបោះឆ្នោតសកលបែបបើកសេរីបំផុតលើកដំបូងក្នុងជុំ ២៥ ឆ្នាំ នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា ចុងឆ្នាំនេះ ។
ការបោះឆ្នោតនាលើកនេះ មានអ្នកមានសិទ្ធិបោះឆ្នោតចំនួនប្រមាណជា 30 លាននាក់ នៃចំនួនប្រជាជនសរុបប្រមាណ 51.5 លាននាក់ មានគណបក្សនយោបាយចុះបញ្ជីប្រកួតប្រជែងរួចហើយចំនួន 83 គណបក្ស ដើម្បីដណ្តើមកៅអីសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាចំនួន 498 អាសនៈ ដណ្តើមកៅអីសភាមណ្ឌលនិងសភារដ្ឋ 644 អាសនៈ និងដណ្តើមកៅអីសភាតំណាងជនជាតិដើមភាគតិច ចំនួន 29 អាសនៈ ។
គណបក្សនយោបាយមានពេលដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបាន ក្នុងអំឡុងពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឬត្រឹម២០ថ្ងៃ ចាត់ទុកជាពេលវេលាខ្លីណាស់ ដែលនោះអាចជា "កលយុទ្ធ " មួយរបស់ភាគីកាន់កាប់អំណាចរដ្ឋ ដើម្បីបង្កើតភាពមានប្រៀប ។
គូប្រកួតប្រជែងសំខាន់មានគណបក្សធំៗពីរ គឺគណបក្សសហភាពសាមគ្គីនិងការអភិវឌ្ឍន៍ (USDP) បក្សកាន់អំណាចក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែលមានកងទ័ពគាំទ្រពីក្រោយ ដឹកនាំដោយលោកប្រធានាធិបតី ធៀន សៀន អ្នកកែទម្រង់នយោបាយតាំងពីឆ្នាំ ២០១១ និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជាគណបក្សប្រឆាំងដ៏ធំមួយ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ ។
កន្លងមក ការបោះឆ្នោតសកលក្នុងឆ្នាំ ១៩៩០ គណបក្ស NLD ឈ្នះភ្លូកទឹកភ្លូកដី ទទួលបានអាសនៈក្នុងរដ្ឋសភាដល់ទៅ 81% ប៉ុន្តែត្រូវពួកយោធាដណ្តើមអំណាច ថែមទាំងធ្វើការឃុំខ្លួនលោកស្រីស៊ូជី ឲ្យនៅតែក្នុងផ្ទះអស់រយៈពេលជិត ១៥ ឆ្នាំ ក្នុងរយៈពេលឃាត់ខ្លួនទាំង ២០ឆ្នាំ ទើបតែដោះលែងក្នុងឆ្នាំ ២០១០ មុនមានការបោះឆ្នោតម្តងទៀតនៅឆ្នាំដដែល ដែលគណបក្ស NLD បានធ្វើពហិការមិនចូលរួម ព្រោះយល់ឃើញថា បទបញ្ញត្តិនៃការបោះឆ្នោតមិនយុត្តិធម៌និងមានការបន្លំសន្លឹកឆ្នោត ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាបានរដ្ឋាភិបាលពាក់កណ្តាលទាហាន ពាក់កណ្តាលស៊ីវិលនៅឆ្នាំ ២០១១ តែក្រោយមកពេលមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី គណបក្ស NLD ក៏ព្រមចូលរួមបោះឆ្នោតបំពេញបន្ថែម និងឈ្នះស្ទើរតែទាំងអស់នៃអាសនៈដែលត្រូវបំពេញបន្ថែមនាពេលនោះ ។
ការបោះឆ្នោតដែលនឹងមាននាពេលខាងមុខនេះ នៅមិនទាន់ប្រាកដ 100% ថា បក្ស NLD នឹងចូលរួមប្រកួតប្រជែងឬយ៉ាងណានោះទេ ព្រោះលោកស្រី ស៊ូជី បានថ្លែងម្តងហើយម្តងទៀតថា មិន សេរីនិងយុត្តិធម៌ ដរាបណាមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយោធាឆ្នាំ ២០០៨ ជាមុនទេនោះ ជាពិសេសមាត្រាសំខាន់ៗ ២ ដែលកំណត់ឲ្យទាហានមានអាសនៈអង្គុយក្នុងសភាចំនួន 25% ធ្វើឲ្យ មានអំណាចរារាំង ឬ "វេតូ" ពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ ។
ចំណែកមាត្រាមួយទៀត ហាមអ្នកដែលមានគូអាពាហ៍ពិពាហ៍ឬកូនជាជនបរទេសធ្វើជាប្រធានាធិបតី ធ្វើឲ្យលោកស្រី អ៊ុងសាន ស៊ូជី គ្មានសិទ្ធិក្លាយជាមេដឹកនាំជនបន្តទៀត ទោះបី គណបក្ស NLD ឈ្នះបានអាសនៈច្រើនបំផុតក៏ដោយ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅប្រទេសមីយ៉ាន់ម៉ាត្រូវមានសំឡេងគាំទ្រយ៉ាងហោចណាស់ ៣ ភាគ ៤ នៃសមាជិករដ្ឋសភា ដែលបច្ចុប្បន្នមានចំនួន 664 អាសនៈ ដូច្នេះកាលបើទាហានកាន់កាប់អាសនៈ 25% ឬ ១ ភាគ ៤ ខណៈដែលប្រមាណ 30% ទៀត ជាតំណាងរាស្ត្រកុលសម្ព័ន្ធមកពីរដ្ឋទាំង៧ ទើបឳកាសធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមានស្ទើរតែសូន្យ ។
ផ្តើមបើកសមរភូមិ-លោក ធីន អេ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា
ថ្លែងព័ត៌មានចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលសន្តិភាពមីយ៉ាន់ម៉ា ក្នុងទីក្រុងរ៉ង់ហ្គូន
ប្រកាសថ្ងៃបោះឆ្នោតសកលដ៏សំខាន់ថា នឹងធ្វើឡើងនាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ (AP)
ទោះបីប្រទេសមីយ៉ាន់ម៉ា មិនបានរៀបចំធ្វើការស្ទង់មតិក្តី ប៉ុន្តែអ្នកវិភាគបានចង្អុលបង្ហាញថា ការបោះឆ្នោតនេះ ប្រសិនបើដំណើរទៅដោយសេរីនិងយុត្តិធម៌ពិតប្រាកដមែននោះ គណបក្ស NLD នឹងឈ្នះគណបក្ស USDP ដែលគណបក្ស NLD ក៏បានតាំងគោលដៅដូច្នោះ ដើម្បីជំរុញឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងកែទម្រង់ប្រជាធិបតេយ្យបន្ថែមទៀត តែទោះបីបានកៅអីក្នុងសភាច្រើនបំផុតក្តី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅតែជាការលំបាកដដែល ព្រោះជាប់បញ្ហាទាហានមានអាសនៈចាត់តាំងចំនួន 25% ដូចបានពណ៌នាពីខាងដើមនោះឯង ។
មូលដ្ឋានសំឡេងរបស់គណបក្ស NLD និង USDP គឺជនជាតិ "ភូមា" ជាជនភាគច្រើន 68% នៃប្រទេសដែលមានលំនៅដ្ឋានក្នុងភូមិភាគកណ្តាលជាគោល ក្រៅពីនោះជាកុលសម្ព័ន្ធទាំងឡាយដែលរស់នៅតាមទីជនបទ ឬតាមបណ្តោយព្រំដែន មានប្រមាណ 134 កុលសម្ព័ន្ធ រួមទាំងកុលសម្ព័ន្ធសាន 9% ការ៉ែន 7% យ៉ាក់ខៃ 4%, ចិន 3% ឥណ្ឌា 2% មន 2% និងកុលសម្ព័ន្ធផ្សេងទៀត 5% ។
គណបក្សនយោបាយតំណាងកុលសម្ព័ន្ធទាំងឡាយដែលបានពោលមកនេះ ក៏ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង និងផ្តោតដណ្តើមអាសនៈទាំងអស់នៅក្នុងរដ្ឋរបស់ខ្លួនឲ្យខាងតែបាន ព្រោះធម្មតាជនជាតិភាគតិចរមែងជ្រើសរើសតំណាងខ្លួនឈរលើមូលដ្ឋាន "អម្បូរណ៍និយម " ឬ "កុលសម្ព័ន្ធនិយម " ។
បក្សមួយក្នុងចំណោមបក្សក្រុមកុលសម្ព័ន្ធដែលគួរឱ្យកត់សម្គាល់គឺ «គណបក្សប្រជាធិបតេយ្យជនជាតិសាន » (SNDP) មានរហស្សនាមថា«បក្សខ្លាស»នៃរដ្ឋសាន នៅភាគខាងកើតជាប់ព្រំដែនប្រទេសចិន ឡាវ និងប្រទេសថៃ ដែលសង្ឃឹមដណ្តើមអាសនៈក្នុងតំបន់របស់ខ្លួនទាំងអស់ ព្រោះកុលសម្ព័ន្ធសានស្អប់រដ្ឋាភិបាលយោធាដែលវាយប្រហារ ជិះជាន់សង្កត់សង្កិនពួកខ្លួនមកជាអង្វែងនោះ ។
កុលសម្ព័ន្ធសានក៏មិនបានពេញចិត្តនឹងលោកស្រី អ៊ុងសាន ស៊ូជី ប៉ុន្មានដែរ ព្រោះឃើញថាលោកស្រីក៏ជា "ជនជាតិភូមា" ជនភាគច្រើន បើជ្រើសរើសបក្សរបស់លោកស្រី ក៏ត្រឹមបានមេដឹកនាំជនជាតិភូមាម្នាក់ទៀត ដែលក្រុមកុលសម្ព័ន្ធដទៃទៀតក៏មានគំនិតដូចគ្នា ទើបយល់ថា ជ្រើសរើសបក្សតំណាងកុលសម្ព័ន្ធរបស់ខ្លួនប្រសើរជាង ធ្វើឲ្យបក្ស NLD ត្រូវបានដណ្តើមអាសនៈអស់ចំនួនយ៉ាងច្រើន ហើយបក្សនៃក្រុមកុលសម្ព័ន្ធក៏មានអំណាចតថ្លៃផ្នែកនយោបាយកាន់តែច្រើនឡើងផងដែរ ។
ខណៈនេះបក្សក្រុមកុលសម្ព័ន្ធទាំងឡាយយ៉ាងហោចណាស់ 21 គណបក្ស បានរួមបញ្ចូលគ្នាជា "ប្លុក " ឬជាសម្ព័ន្ធមិត្តខាងនយោបាយ សង្ឃឹមដើម្បីសាងអំណាចចរចាបន្ថែមទៀតក្នុងឋានៈជា "ក្រុមកម្លាំងទី៣" ហើយដោយសាររដ្ឋសភាដែលបានមកពីការបោះជាអ្នក Vote ជ្រើសរើសប្រធានាធិបតីថ្មី បក្ស USDP និងបក្ស NLD អាចចាំបាច់ត្រូវរត់ការអូសទាញបញ្ចុះបញ្ចូលក្រុមកម្លាំងទី៣ ឲ្យជួយ Vote ជ្រើសរើសតំណាងរបស់ពួកខ្លួនជាមេដឹកនាំ ដោយស្នើផលតបស្នងដ៏សំខាន់ខ្លះៗជារង្វាន់លើកទឹកចិត្ត រួមទាំងពាក្យសន្យាថានឹងធ្វើវិមជ្ឈការអំណាចឲ្យក្រុមជនជាតិភាគតិច ឬក្រុមកុលសម្ព័ន្ធគ្រប់គ្រងខ្លួនឯងកាន់តែច្រើនឡើង ទោះបីរដ្ឋាភិបាលយោធាធ្លាប់បានសង្កត់ធ្ងន់ជានិច្ចថា ការធ្វើដូច្នេះនឹងបង្កឲ្យមានអស្ថិរភាពនៅក្នុងប្រទេស ឬបាក់បែកគ្នាជាក្រុមជាពួក ។
កាលពីអតីត "បក្សខ្លាស" នៃរដ្ឋសាន និងបក្សក្រុមកុលសម្ព័ន្ធដទៃទៀតមួយចំនួន ចូលចិត្តនិយាយគ្នាជាមួយបណ្តាមេដឹកនាំរដ្ឋាភិបាលយោធា ច្រើនជាងគណបក្ស NLD ម៉្យាងទៀតសុខចិត្តចូលរួមប្រកួតក្នុងសមរភូមិបោះឆ្នោតឆ្នាំ ២០១០ នោះផង ខណៈដែលគណបក្ស NLD ធ្វើពហិការចំណែកលោក នៀន វីន អ្នកនាំពាក្យគណបក្ស NLD ក៏ធ្លាប់បាននិយាយផ្ទាល់មាត់ខ្លួនឯងថា បក្សខ្លាស " មិនមែនជាមិត្តរបស់ខ្លួននោះ " ។
ដូចនោះ ទោះក្រុមអ្នកជំនាញជឿជាក់យ៉ាងច្បាស់ថា គណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងទទួលបានជ័យជម្នះលើការបោះឆ្នោតនាពេលខាងមុខភ្លូកទឹកភ្លូកដីក៏ដោយ តែកំណាត់ផ្លូវនយោបាយ មិនសុទ្ធតែរោយដោយស្រទាប់កុឡាបនោះទេ !?!?
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!