Commentary: របាំងរារាំងការរីកចំរើន
ស្ទើរតែពាក់កណ្ដាលនៃគម្រោងទាំង ១០ ដែលលោក វិដូដូ ប្រកាសដំណើរការភ្លាម ៗពេលលោកចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំទៅ មិនអាចអនុវត្តបានឡើយ ព្រោះខ្វះកិច្ចសហប្រតិបត្តិការរវាងរដ្ឋមន្ត្រីដូចគ្នា ដូចនោះទើបលោក វិដូដូ មិនអាចជំរុញគម្រោងអភិវឌ្ឍន៍ប្រទេសឲ្យដើរទៅមុខបាន ។
ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥
បណ្តាវិនិយោគិន ដែលធ្លាប់រំពឹងថាលោក ប្រធានាធិបតី ចូកូ វិដូដូ មេដឹកនាំប្រទេសឥណ្ឌូនេស៊ី នឹងពន្លឿនគម្រោងកំរិតមូលដ្ឋាន បាននាំគ្នាអស់សង្ឃឹមជាជួរ ដោយសារផែនការស្ថាបនាផ្លូវរថភ្លើងតភ្ជាប់ព្រលានយន្តហោះក្នុងទីក្រុងហ្សាកាតា តម្លៃ 2,000 លានដុល្លាសហរដ្ឋអាមេរិក មានការយឺតយ៉ាវព្រោះប្រព័ន្ធរដ្ឋការដែលដណ្តើមប្រជែងយកល្អចូលមកពាក់ព័ន្ធ ។
ស្ទើរតែពាក់កណ្ដាលនៃគម្រោងទាំង ១០ ដែលលោក វិដូដូ ប្រកាសដំណើរការភ្លាម ៗពេលលោកចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំទៅ មិនអាចអនុវត្តបានឡើយ ព្រោះខ្វះកិច្ចសហប្រតិបត្តិការរវាងរដ្ឋមន្ត្រីដូចគ្នា ដូចនោះទើបលោក វិដូដូ មិនអាចជំរុញគម្រោងអភិវឌ្ឍន៍ប្រទេសឲ្យដើរទៅមុខបាន ។
អេមម៉ា សារិ ម៉ាទីនី នាយកក្រុមហ៊ុន អ៊ីនហ្វ្រាស្ត្រាក់ទៀរ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី បានថ្លែងថា បើការសម្រេចចិត្តសំរាប់គម្រោងហេដ្ឋារចនាមូលដ្ឋានយឺតយ៉ាវ នៅទីបំផុតក៏នឹងគ្មានការអនុវត្តក្នុង វិស័យនេះ ដែលធ្វើឱ្យលោក វិដូដូ កំពុងធ្វើការងារប្រជែងនឹងពេលវេលា ដើម្បីបង្កើតការងារឲ្យគ្រប់គ្រាន់ទៅនឹងចំនួនប្រជាជនឥណ្ឌូនេស៊ី ២លាននាក់ ដែលចូលក្នុងការធ្វើការងារប្រចាំឆ្នាំ ក្រៅពីនេះលោកប្រធានាធិបតី វិដូដូ កំពុងព្យាយាមស្តារសេដ្ឋកិច្ចឲ្យត្រឡប់មកស្ទុះងើបឡើងវិញ ។ ពាក្យសន្យារបស់លោក វិដូដូ ចំពោះការពង្រីកផ្លូវ និងការសាងសង់កំពង់ផែរ ឬរោងចក្រអគ្គិសនី ជាអ្វីដែលសំខាន់ ខណៈធុរកិច្ចទាំងឡាយកំពុងបាត់បង់ការងារយ៉ាងឆាប់រហ័ស ។
សម័យជាអភិបាលទីក្រុងហ្សាកាតា លោក វិដូដូ បានធ្វើការវះកាត់ភាពទាល់ច្រកដែលមានមកជាង១០ឆ្នាំ លុះត្រាបានជោគជ័យ ក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងហ្សាកាតា ធ្វើឲ្យក្រុមវិនិយោគិនមានរំពឹងថានឹងបានឃើញលោក វិដូដូ ជាប្រធានាធិបតី និងសង្ឃឹមឃើញអ្វីៗគ្រប់យ៉ាងប្រសើរឡើង ពេលលោកក្លាយជាមេដឹកនាំប្រទេស ប៉ុន្តែរយៈពេល៩ខែនៃការកាន់តំណែងជាប្រធានាធិបតី គ្មានសញ្ញាអ្វីប្រសើរឡើងសោះ ខ្សែផ្លូវរថភ្លើងតភ្ជាប់ព្រលានយន្តហោះ ដើម្បីបន្ថយការធ្វើដំណើរពី៣ម៉ោង ឲ្យនៅសល់ត្រឹម ៣០នាទី ត្រូវប្រឈមការពន្យាពេលបន្ថែមទៀតយ៉ាងហោចណាស់ ២ឆ្នាំ ទម្រាំផ្តើមអនុវត្តការសាងសង់ ។
ស៊ូជិអាឌិ វ៉ាលូយ៉ូ មន្ត្រីប្រចាំក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី ថ្លែងថា ការពិតនោះ គម្រោងការនេះប្រើពេលវេលាយូរជាង ព្រោះត្រូវត្រៀមការសិក្សាទាំងអស់ ហើយកាលពីខែមុន កាសែតប៊ីស្សនីសបានរាយការណ៍ថា អ៊ីកណាស៊ិអ៊ូស ចូម៉ាន់ រដ្ឋមន្ត្រីក្រសួងគមនាគមន៍កំពុងរកមធ្យោបាយផ្លាស់ប្តូរខ្សែផ្លូវតភ្ជាប់រថភ្លើង ដើម្បីទាញយកប្រយោជន៍ពីផ្លូវដែកចាស់ តែ ម៉ាទិនី បានថ្លែងថា ការ សម្រេចចិត្តអាចជារឿងងាយ តែផលប៉ះពាល់ធ្វើឲ្យកើតការយឺតយ៉ាវ និងការកំណត់ខ្សែផ្លូវត្រូវមានការពិភាក្សាគ្នាលម្អិត មុនពេលវិនិយោគិនមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងចូលមក ។
ក្រុមហ៊ុនជាច្រើនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការសាងសង់និងប្រតិបត្តិការផ្លូវដែកនៅក្នុងពេលវេលាកំណត់ តែរដ្ឋាភិបាលត្រូវរែកបន្ទុកការចំណាយភាគច្រើន ក្រៅពីនេះនៅមានសំណួរពាក់ព័ន្ធនឹងការចាយវាយដ៏សមរម្យសំរាប់ផ្លូវរថភ្លើងគូទៅកាន់ព្រលានយន្តហោះ។ លោក រាជ ខាន់ណាន់ នាយកប្រតិបត្តិរបស់ ថាស់ អែតវ៉ាយស័រ ដែលជាទីប្រឹក្សានៃក្រុមវិនិយោគិនក្នុងគម្រោងកំរិតមូលដ្ឋានរបស់ឥណ្ឌូនេស៊ី បានថ្លែងថា ព្រលានយន្តហោះភាគច្រើនដែលតភ្ជាប់នឹងផ្លូវរថភ្លើង កំពុងស្វះស្វែងរកថវិកា និងគួរមានសេវាកម្មរថភ្លើងច្រើនជាងមួយខ្សែ ។
លោក វិដូដូ ត្រូវដំណើរការយ៉ាងឆាប់រហ័ស ដោយសារតែប្រទេសឥណ្ឌូនេស៊ីមានហានិភ័យដែលនឹងហួសសម័យមិនទាន់ប្រទេសជិតខាង ដែលបានជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំរិតមូលដ្ឋានរួចស្រេចទៅហើយ ខណៈលទ្ធផល ការសិក្សាដែលទទួលបានការគាំទ្រដោយធនាគារពិភពលោកបានអះអាងថា តម្លៃដឹកជញ្ជូនទំនិញរបស់ឥណ្ឌូនេស៊ីឡើងខ្ពស់ដល់ទៅ 27 ភាគរយនៃផលិតផលក្នុងស្រុកសរុបនៃប្រទេសឥណ្ឌូនេស៊ី (ឬGDP) នៅក្នុងឆ្នាំ ២០១៣ ដែលខ្ពស់ជាងប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងវៀតណាម ដូចនោះទើប វិនិយោគិនជំរុញឲ្យលោក វិដូដូ ពន្លឿនអនុវត្តគម្រោងកំរិតមូលដ្ឋាន ។
វ៉ែលលៀន វិរ៉ាន់ដូ សេដ្ឋវិទូ នៃធនាគារ ICBC បានថ្លែងថា អ្វីដែលអស្ចារ្យដែលលោក ចូកូវិ គិតថា លោកធ្វើបាន ដូចនោះលោកគួរសង្កត់ធ្ងន់ចំពោះអ្វីដែលលោកមិនអាចធ្វើបាន គឺការធ្វើឲ្យរដ្ឋមន្ត្រីទាំងអស់មានការឯកភាពគ្នានិងរួមសហការគ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!