Commentary:សម្ព័ន្ធមិត្តឬអាសិរពិស
និយមន័យនៃអំពើភេរវកម្មតាមន័យរបស់តួកគីនិងប្រទេសចិនអាចដូចៗគ្នាគឺ "អ្នកបង្កចលាចល" ប៉ុន្តែគោលដៅដែលត្រូវចង្អុលជាការគំរាមកំហែងភេរវកម្ម នៃប្រទេសទាំងពីរ មើលទៅហាក់មានភាពខុសពីគ្នា ។
ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥
លោក ស៊ី ជិនពីង មេដឹកនាំចិន លោក រ៉េសេហ្វ តេយីប អែរដូកាន់ មេដឹកនាំប្រទេសតួកគី
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកប្រធានាធិបតី រ៉េសេហ្វ តេយីប អែរដូកាន់ មេដឹកនាំប្រទេសតួកគី ជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង មេដឹកនាំចិននៅឯមហាសាលប្រជាជនទីក្រុងប៉េកាំង កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅអស់រយៈពេល២ម៉ោង បានសាច់ការសំខាន់ក្រៅពីការរិតចំណងមេត្រីភាពរវាងគ្នាលើវិស័យជាច្រើនហើយនោះ មេដឹកនាំទាំងពីរក៏បានយល់ព្រមនឹងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹង "អំពើភេរវកម្ម" យ៉ាងប្រាកដប្រជាទៀតផង ។
និយមន័យនៃអំពើភេរវកម្មតាមន័យរបស់តួកគីនិងប្រទេសចិនអាចដូចៗគ្នាគឺ "អ្នកបង្កចលាចល" ប៉ុន្តែគោលដៅដែលត្រូវចង្អុលជាការគំរាមកំហែងភេរវកម្ម នៃប្រទេសទាំងពីរ មើលទៅហាក់មានភាពខុសពីគ្នា ។
ក្នុងខណៈដែលរដ្ឋាភិបាលតួកគីផ្តោតគោលដៅទៅលើក្រុមឧទ្ទាមឃឺដ ជនជាតិភាគតិចមូស្លីមនិកាយស៊ីអ៊ីត ដែលមានចំនួនជាង ២៥ លាននាក់ តែគ្មានដែនដីរស់នៅជាផ្លូវការ ត្រូវរស់នៅតាមបណ្តោយព្រំដែនក្នុងប្រទេស៥ ម្តុំតំបន់មជ្ឈឹមបូព៌ា មាននៅប្រទេសតួកគី ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងអាមេនី ជនជាតិឃឺដមានភាសា និងវប្បធម៌ប្រពៃណីរបស់ខ្លួន ថែមទាំងចង់បានទឹកដីបង្កើតប្រទេសខ្លួនឈ្មោះ "ឃឺដដីសស្ថាន" ... ប៉ុន្តែនោះគឺគ្រាន់តែជាក្តីសុបិន្ត ទាំងដែលខំព្យាយាមតស៊ូរើបំរះមកអស់ រយៈពេលជាង ៣០ ឆ្នាំហើយនោះ ។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតួកគី ដើម្បីទប់ស្កាត់រារាំងពួកឧទ្ទាមឃឺដមិនឲ្យបង្កើតរដ្ឋឯករាជ្យ Kurdistan បានអនុវត្តជាបន្តបន្ទាប់ តែទន្ទឹមគ្នានេះ ប្រទេសតួកគីក្នុងឋានៈជាប្រទេសសម្ព័ន្ធមិត្តរបស់អង្គការណាតូ ក៏ចាប់ដៃយ៉ាងស្អិតរមួតជាមួយសហរដ្ឋអាមេរិក រួមក្នុងបេសកកម្មធ្វើសង្គ្រាមប្រឆាំងការបង្កើតរដ្ឋឥស្លាម ឬ IS ជាមួយក្រុមប្រដាប់អាវុធមូស្លីមនិកាយស៊ុននី ក្នុងតំបន់ព្រំដែនភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលស្ថិតនៅក្នុងតំបន់ឥទ្ធិពលរបស់ក្រុមឧទ្ទាមជនជាតិឃឺដផងដែរ ។
ទើបស្ថានការណ៍មានភាពស្មុគស្មាញយ៉ាងខ្លាំង ព្រោះមួយផ្នែកតួកគីនៅតែធ្វើការវាយប្រហារទៅលើមូលដ្ឋានរឹងមាំរបស់ក្រុមឧទ្ទាមឃឺដ មួយផ្នែកទៀតក៏រួមសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងត្រូវប្រើកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងឃឺដ បង្ក្រាបបោសសំអាតក្រុមប្រដាប់អាវុធឥស្លាម IS ។
មួយជ្រុងទៀត រដ្ឋាភិបាលចិនបានផ្តោតគោលដៅជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ ក្នុងតំបន់ស្វយ័តស៊ីជាំងអ៊ុយហ្គ័រ ស្ថិតនៅភាគខាងលិចបំផុតនៃប្រទេស ។ ជនជាតិមូស្លីមអ៊ុយហ្គ័រគោរពនិកាយស៊ុននី ដូចគ្នានឹងក្រុមប្រដាប់អាវុធរដ្ឋឥស្លាម ឬ IS និងជានិកាយតែមួយដូចជនជាតិតួកគីចំនួន ៩៩ភាគរយ នៅទូទាំងប្រទេស ជនមូស្លីមអ៊ុយហ្គ័រមានវប្បធម៌ប្រពៃណីពាក់ព័ន្ធជាមួយជនជាតិតួកគី ហើយប្រើភាសាទើរ៍ក ប្រាស្រ័យទាក់ទងគ្នាជាមួយជនជាតិតួកគី ។
ការជួបពិភាក្សាគ្នារបស់មេដឹកនាំប្រទេសទួកគីនិងមេដឹកនាំចិន ចៀសមិនផុតនូវសំណូមពរពីមេដឹកនាំទួកគីសុំឲ្យរដ្ឋាភិបាលចិន បន្ថយដៃការបង្ក្រាបសង្កត់សង្កិនជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ ព្រោះយ៉ាងហោចណាស់ ជនជាតិអ៊ុយហ្គ័ ក៏មានខ្សែលោហិតពីជនជាតិទើរ៍ក ។
... ទើបនៅមិនដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសតួកគីនិងប្រទេសចិន សង្ឃឹមធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនឹងត្រូវក្លាយជា "សម្ព័ន្ធមិត្ត ឬអាសិរពិស" នោះ... ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!