ការចូលរួមរបស់យុវជនក្នុងការងារអភិវឌ្ឍសង្គម ហាក់មិនទាន់មានចំនុចរួម
មានបញ្ហាប្រឈមជាច្រើន កំពុងតែកើតឡើងនៅក្នុងសង្គមសខ្មែរ ដូចជា អំពើពុករលួយនៅគ្រប់កំរិតទាំងអស់នៃសង្គម ប្រព័ន្ធបក្សពួកនិយម កង្វះខាតខាងសេរីភាពក្នុងការបញ្ចេញមតិ កង្វះខាតខាងការទទួលបានព័ត៌មាន ឥទ្ធិពលនៃសង្គ្រាមស៊ីវិល ការរំលោភដីធ្លី និងផលប៉ះពាល់នៃការបំផ្លាញធនធានធម្មជាតិ ការំលោភសិទ្ធមនុស្ស ដែលចាំបាច់ត្រូវមានការចូលរួមដោះស្រាយ។ នេះបើតាមការលើកឡើងរបស់គណកម្មការរៀបចំទិវាយុវជនអន្តរជាតិឆ្នាំ២០១៥ ដែលរួមមានអង្គការចំនួន១០។
ក្រៅពីនេះ កម្ពុជា ក៏នៅមានបញ្ហាផងដែរ ទៅលើ ការខកខានការសិក្សាដើម្បីជំនាញគិតពិចារណា និងវិភាគស៊ីជម្រៅ ។ នេះបើតាមរបាយការណ៍របស់អង្គការយូនីស្កូរឆ្នាំ២០១១។
បញ្ហាទាំងឡាយដែលកំពុងកើតមាន អ្នកតាមដានសង្គម លើកឡើងថា ចាំបាច់ត្រូវមានការចូលរួមពីយុវជន ក្នុងនាមជាប្រជាពលរដ្ឋ ដើម្បីលប់បំបាត់ចោលអោយបាន។
យុវជន យីម លាងហ៊ី និស្សិតឆ្នាំទី២ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអោយដឹងថា រូបលោកតែងតែ លះបង់ទាំងពេលវេលា និងថវិការដើម្បីចូលរួមកិច្ចការសង្គម។
សំឡេង៖
លោកធ្លាប់សង្កេតឃើញថា យុវជនមួយចំនួនហាក់ ចាញ់បោកមនោគមនវិជ្ជាគោលនយោបាយរបស់គណបក្សដោយមិនមានជំហរផ្ទាល់ខ្លួន និងមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ក៏មានយុវជនខ្លះទៀត បានចូលរួមក្នុងកិច្ចការពារសង្គមពិតប្រាកដ់ ដោយមិនបំរើផលប្រយោជន៍អោយគណបក្សនយោបាយណាមួយឡើយ ដូចជាសកម្មជនឈើ និងបរិស្ថានជាដើម។
សំឡេង៖
លោក ដាវ អានសាន សមាជិកសហប័ន្ធសហភាពយុវជនកម្ពុជា យល់ឃើញថា យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការងារសង្គម ដោយផ្តើមពីការស្ម័គ្រចិត្ត។ លោកថា យុវជនកម្ពុជាបច្ចុប្បន្ន មានភាពក្លាហាន មានសមត្ថភាពគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ លោកថា យុវជនត្រូវសួរខ្លួនឯងជាមុនថា បានធ្វើអ្វីខ្លះដើម្បីសង្គម មុននឹងអោយសង្គមធ្វើដើម្បីខ្លួន។
សំឡេង៖
ក្នុងចំណោមប្រជាជនសរុបប្រមាណ១៥លាននាក់ មានយុវជនជាង៤លាននាក់។ យុវជនទាំងនោះ គេសង្កេតឃើញថា មិនទាន់មានការឯកភាពគ្នាពេញលេញនៅឡើយទេ។ គេឃើញមាន យុវជនគណបក្សប្រជាជនកម្ពុជា យុវជនគណបក្សសង្គ្រោះជាតិ យុវជន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យុវជនក្មេងវត្ត និងយុវជនជាច្រើនក្រុមទៀត។
លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជននៃគណបក្សសង្គ្រោះជាតិលើកឡើងថា យុវជនគាំទ្រគណបក្សនយោបាយមួយណាក៏ដោយ គឺជាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ លោកសង្កេតឃើញថា យុវជនកម្ពុជា មិនទាន់ឯកភាពគ្នាទៅលើបញ្ហាពាក់ពាន់នឹងប្រយោជន៍ជាតិ។
សំឡេង៖
លោកសង្កេតឃើញថា កត្តាដែលធ្វើអោយយុវជនហាក់មិនមានចំនុចរួមមួយនោះ គឺ ដោយសារយុវជនមួយចំនួន ខ្វះការស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយងាយចាញ់បោកមនោគមវិជ្ជា អ្នកនយោបាយ ឬមេដឹកនាំក្រុមយុវជន ដែលមាននិន្ននាការគាំទ្រគណបក្សជាដើម។
សំឡេង៖
សម្រាប់អ្នកវិភាគសង្គម លោក កែម ឡី យល់ឃើញថា ការដែលយុវជនមានក្រុមផ្សេងៗគ្នា មានទស្សនៈផ្សេងៗគ្នា មិនមែនជារឿងទាស់ខុសោះទេ កុំអោយតែឈានដល់ហិង្សា ប្រកាន់បក្សពួក ទើបជាបញ្ហា។ ឯយុវជនគណបក្ស គឺគ្រាន់តែជាសិល្បៈរបស់អ្នកនយោបាយប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺយុវជន មានសិទ្ធិ មានអំណាចពេញលេញ ក្នុងការចូលរួមបង្កើតគោលនយោបាយ និង ការធ្វើសេចក្តីសំរេចចិត្តជាដើម ។ លោកថា ក្នុងស្ថានភាពណាមួយ នៅពេលយុវជនយល់ដឹងច្បាស់អំពីលទ្ធិប្រជាធិបតេយ្យ នោះយុវជន នឹងអាចសហការគ្នាធ្វើកិច្ចការដើម្បីប្រយោជន៍សង្គមជាតិបាន។
សំឡេង៖
ទទ្នឹមនឹងនេះ លោកថា យុវជន ក៏ត្រូវមានឥទ្ធិពលទៅលើមនុស្សចាស់ដែរ ដោយមិនត្រូវមានការមាក់ងាយសមត្ថភាព ការរើសអើងយុវជន ហើយត្រូវមានសិលធម៌ផងដែរ។
លោកសង្កេតឃើញថា យុវជននៅក្នុងគណបក្សនយោបាយ ហាក់មិនទាន់មានការចូលរួមសកម្មនិងពេញលេញនោះទេ។ លោកថា យុវជននៅក្នុងបក្ស ត្រូវបង្កើតបណ្តាញ ដើម្បីមានឥទ្ធិពលទាមទាតំណែង ដែលអាចចូលរួមពេញលេញ បង្កើតគោលនយោបាយ និងធ្វើសេចក្តីសំរេចចិត្ត នៅក្នុងគណបក្ស។ លោកថាធ្វើបែបនេះ អាចកាត់បន្ថយ បក្សពួក ខ្សែស្រឡាយបាន។
លោកយល់ឃើញថា ពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ការចូលរូមរបស់យុជន កាន់តែសកម្ម កាន់តែមានភាពចេះដឹង និងបានស្គាល់កាន់តែច្បាស់ ពីអ្នកនយោបាយដែលប្រកាន់បក្សពួក ខ្សែស្រឡាយ មិនបំរើផលប្រយោជន៍ជាតិ។
អ្នកតាមដានសង្គមថា យុវជនទាំងអស់ដែលមានជាង៤លាននាក់ ត្រូវលះបង់នូវភាពអាត្មានិយមជ្រុល ខ្សែស្រឡាយបក្សពួក ប្រកាន់រើសអើងគណបក្សនយោបាយ។ តែយុវជន ត្រូវងាកមករក ការបង្កើតឱកាស និងត្រូវចាប់ឱកាសអោយបាន ថែមទាំងត្រូវស្វែងយល់អោយកាន់តែច្បាស់អំពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីឈានទៅចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍសង្គមអោយមានភាពរីកចំរើន។
ដោយ៖ វ៉ន សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!