Commentary:ផ្សារភាគហ៊ុនចិន
ការបន្ធូរបន្ថយលក្ខខណ្ឌប្រាក់កម្ចី បានធ្វើឲ្យប្រជាជនអាចចូលទៅដល់ការខ្ចីប្រាក់បណ្តាក់ទុនបានកាន់តែងាយស្រួល តែវិនិយោគិនដែលកាន់ហ៊ុនច្រើនជាង ៥ ភាគរយ ក្នុងក្រុមហ៊ុនទាំងឡាយ ត្រូវបានហាមមិនឱ្យលក់ភាគហ៊ុនក្នុងអំឡុងពេល ៦ខែទៅមុខទៀត ។
ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥
ផ្សារភាគហ៊ុនចិនបានស្ទុះងើបឡើងវិញជាង ១៥០ ភាគរយរហូតដល់ខែមិថុនា អំឡុងការធ្លាក់ចុះ ផ្តើមកើតឡើង ដោយថយចុះជិត១ភាគ៣ ហើយត្រឡប់មកកើនឡើងវិញយ៉ាងរឹងមាំ២ថ្ងៃជាប់គ្នា ការប្រែប្រួលនៃទីផ្សារភាគហ៊ុនរបស់ប្រទេសចិន បានបង្កឱ្យមានភាពភ្ញាក់ផ្អើលដល់វិនិយោគិន ដល់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយបរទេស ហៅផ្សារភាគហ៊ុនចិនថា ផ្សារភាគហ៊ុនរថភ្លើងហោះដាំដូង តែការភ្ញាក់ផ្អើលកើតឡើងចំពោះវិនិយោគិនរាយរងដែលឃ្លាំមើលដោយការភ័យខ្លាច ទោះបីរដ្ឋាភិបាលចិនអះអាងថា បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ការប្រែប្រួលនោះក៏ដោយ ។
ការបន្ធូរបន្ថយលក្ខខណ្ឌប្រាក់កម្ចី បានធ្វើឲ្យប្រជាជនអាចចូលទៅដល់ការខ្ចីប្រាក់បណ្តាក់ទុនបានកាន់តែងាយស្រួល តែវិនិយោគិនដែលកាន់ហ៊ុនច្រើនជាង ៥ ភាគរយ ក្នុងក្រុមហ៊ុនទាំងឡាយ ត្រូវបានហាមមិនឱ្យលក់ភាគហ៊ុនក្នុងអំឡុងពេល ៦ខែទៅមុខទៀត ហើយក្រុមហ៊ុនប្រមាណ 1,300 ក្រុមហ៊ុន រម្ងាប់ការទិញលក់ហ៊ុន ដើម្បីការពារមិនឲ្យតម្លៃនៃធុរកិច្ចធ្លាក់ចុះបន្តទៀត ។
ក្រុមអ្នកជំនាញបានវិភាគថា ហេតុការណ៍ដែលកើតឡើងនេះ បានបង្ហាញឲ្យឃើញពីអត្តសញ្ញាណរបស់ចិន ផ្សារហ៊ុនចិនជាអ្វីដែលសំខាន់ខ្លាំងណាស់ បើសម្លឹងក្នុងរឿងទំហំដុំដែលហ៊ុននឹងធ្លាក់ចុះ ផ្សារហ៊ុនចិនជាទីផ្សារហ៊ុនដ៏ធំនៅអាស៊ីក្នុងឋានៈជាផ្សារមូលធន ហើយភាពស្តុកស្តម្ភនៃ ផ្សារភាគហ៊ុនចិនមានសារៈសំខាន់ចំពោះសាធារណៈជនចិនជិត ៥០លានគ្រួសារដែលបណ្តាក់ទុនក្នុងទីផ្សារភាគហ៊ុន ។ ប្រទេសចិនមានប្រជាជន 1,350 លាននាក់ ហើយក្នុងចំនួន ៥០លានគ្រួសារ គិតជាមធ្យមមិនលើសពី ១០ ភាគរយ ទៅ ១៥ ភាគរយ កាន់ភាគហ៊ុនក្នុងទីផ្សារ ។
ក្នុងរយៈពេល២ឬ៣ឆ្នាំកន្លងមក ធនាគារទាំងឡាយមិនព្រមឲ្យប្រាក់កម្ចី ដែលនេះមិនមែនជាបញ្ហាធម្មតាឡើយ ព្រោះកំពុងតែបង្កើនភាពខ្លាំងក្លានៅក្នុងប្រទេសចិន ដោយសារសេដ្ឋកិច្ចពិតប្រាកដរបស់ចិន ពឹងពាក់ការខ្ចីប្រាក់ពីធនាគារច្រើនជាងប្រទេសដែលអភិវឌ្ឍន៍ហើយ ម៉្យាងទៀតរដ្ឋាភិបាលចិនគាំទ្រការផ្គត់ផ្គង់សាច់ប្រាក់ទៅក្នុងទីផ្សារមូលធន តែការដែលសន្ទស្សន៍ហ៊ុនទីក្រុងស៊ាងហៃរបស់ចិនដាំក្បាលចុះយ៉ាងខ្លាំងក្នុងជុំ៨ឆ្នាំ ធ្វើឲ្យរដ្ឋាភិបាលប្រញ៉ាប់ប្រញ៉ាល់ចេញមកប្រកាសអន្តរាគមន៍ទីផ្សារ ក្នុងចំណោមក្តីព្រួយបារម្ភអំពីស្ថិរភាព រូបភាពហិរញ្ញវត្ថុរបស់ចិន ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២លើពិភពលោក ។
ចំណែកគណៈកម្មការគ្រប់គ្រងមូលបត្រនិងទីផ្សារមូលបត្រចិន (CSRC) បានចេញសេចក្តីថ្លែងការណ៍រឿងបន្តអនុវត្តវិធានការទិញភាគហ៊ុនក្នុងទីផ្សារមូលបត្រ ដើម្បីសាងស្ថេរភាពការវិនិយោគក្នុងប្រទេស ព្រមទាំងបានព្រមានអំពីការប្រើប្រាស់វិធានការដាក់ទណ្ឌកម្មជាទម្ងន់ ចំពោះបុគ្គលណាក៏ដោយដែលមានចំណែកពាក់ព័ន្ធនឹងការធ្វើបរិកប្បផ្សារហ៊ុននាលើកនេះ ។
រដ្ឋាភិបាលចិនចូលមកធ្វើអន្តរាគមន៍ស្ថានការណ៍នៃទីផ្សារមូលបត្រក្នុងប្រទេសកាលពីដើមខែនេះ បន្ទាប់ពីមានសភាពពពុះសាប៊ូបែក ឆក់ទាញសន្ទស្សន៍ការទិញលក់ធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៣០ ភាគរយ ក្នុងរយៈពេលត្រឹម៣សប្តាហ៍ ចាប់តាំងពីចុងខែមិថុនាកន្លងមក ទាំងដែលធ្លាប់ស្ទុះឡើងច្រើនជាង ១៥០ ភាគរយ ក្នុងរយៈពេល ១២ ខែ កន្លងទៅ ។ វិធានការដ៏សំខាន់គឺការហាមឃាត់ក្រុមវិនិយោគិនដែលកាន់ហ៊ុនច្រើនជាង ៥ ភាគរយនៃចំនួនភាគហ៊ុនចុះបញ្ជីក្នុងទីផ្សារមូលបត្រ មិនថាជារបស់រដ្ឋាភិបាល ឬឯកជននោះទេ មិនអនុញ្ញាតឲ្យនាំយកហ៊ុនទៅលក់ក្នុងទីផ្សាររយៈពេល ៦ ខែ ចាប់ពីពេលនេះតទៅ ។
ការប្រែប្រួលនៃទីផ្សារភាគហ៊ុនចិន ធ្វើឲ្យកើតនូវសំណួរពាក់ព័ន្ធនឹងសមត្ថភាពក្នុងរយៈពេលវែងនៃយុទ្ធសាស្រ្តជ្រៀតជ្រែកដើម្បីគ្រប់គ្រងទីផ្សាររបស់ចិន លោក ប៊ើរណាដ អរ អ្នកយុទ្ធសាស្រ្តទីផ្សាររបស់អៃជីណៃសាំងហ្គាពួរ បានថ្លែងថា ការធ្វើអន្តរាគមន៍ក្នុងទីផ្សាររបស់រដ្ឋាភិបាលចិនអាចបានផលក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចធ្វើបានក្នុងរយៈពេលវែងនោះទេ ។
ទោះយ៉ាងណាក៏ដោយ លោក លី ភូមីន អគ្គលេខាធិការគណៈកម្មាធិការកំណែទម្រង់និងការអភិវឌ្ឍន៍ជាតិចិន បានថ្លែងថា បម្រែបម្រួលនៃទីផ្សារមូលបត្រគឺជារឿងខុសធម្មតា ប៉ុន្តែបើសម្លឹងមើលក្នុងជ្រុងសុទិដ្ឋិនិយមនៃទិដ្ឋភាពទូទៅខាងសេដ្ឋកិច្ច ក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះ មូលដ្ឋានសេដ្ឋកិច្ចប្រទេសចិនកំពុងមានស្ថេរភាព និងផ្លាស់ប្តូរទៅក្នុងទិសដៅប្រសើរជាងមុន ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!