Commentary:ពិភពលោកអាថ៌កំបាំង
ការបាត់បង់ជីវិតរបស់លោក អូម៉ា សាងនូវភាពធូរទ្រូងដល់គ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ដែលធ្វើសង្គ្រាមប្រឆាំងជាមួយពួកតាលីបង់អស់ពេលជាយូរនោះ តែការដែលអង្គភាពស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលមានភាពល្បីល្បាញរឿងប្រសិទ្ធិភាពក្នុងការឈ្លបយកព័ត៌មានដ៏ល្អឥតខ្ចោះគ្មាននរណាដឹងពីតម្រុយមុននោះ មានន័យថា ពិភពនៃពួកយុទ្ធជនជីហាដគឺការសម្ងាត់យ៉ាងពិតប្រាកដ និងជាការលំបាកណាស់ដែលអ្នកក្រៅអាចចូលទៅដល់ ។
ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥
ពួកតាលីបង់បានអះអាងជាផ្លូវការ កាលពីសប្តាហ៍កន្លងទៅ ពាក់ព័ន្ធនឹងការស្លាប់របស់លោក មុលឡោះ អូម៉ា ស្ថាបនិកក្រុមនិងជាមេដឹកនាំកំពូល ។ យ៉ាងណាក៏ដោយ លោក អូម៉ា បានស្លាប់តាំងអី ២ឆ្នាំមកហើយ ហើយពួកតាលីបង់អាចលាក់បាំងជតាកម្មរបស់មេធំបានយ៉ាងយូរបន្តទៀត ប្រសិនបើរដ្ឋាភិបាលអាហ្គានីស្ថានមិនផ្សព្វផ្សាយជាមុននោះ ។ ពិតណាស់ការបាត់បង់ជីវិតរបស់លោក អូម៉ា សាងនូវភាពធូរទ្រូងដល់គ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ដែលធ្វើសង្គ្រាមប្រឆាំងជាមួយពួកតាលីបង់អស់ពេលជាយូរនោះ តែការដែលអង្គភាពស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលមានភាពល្បីល្បាញរឿងប្រសិទ្ធិភាពក្នុងការឈ្លបយកព័ត៌មានដ៏ល្អឥតខ្ចោះគ្មាននរណាដឹងពីតម្រុយមុននោះ មានន័យថា ពិភពនៃពួកយុទ្ធជនជីហាដគឺការសម្ងាត់យ៉ាងពិតប្រាកដ និងជាការលំបាកណាស់ដែលអ្នកក្រៅអាចចូលទៅដល់ ។
លោក អូម៉ា ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០០០ តែរហូតរយៈពេលកន្លងមកនោះ អង្គភាពស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោនមិនដែលបានដឹងពីសកម្មភាពពិតប្រាកដរបស់លោក អូម៉ា នោះទេ ក្នុងខណៈដែលក្រុមតាលីបង់ ជាភ័យគំរាមកំហែងដល់ស្ថេរភាពប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថានមកដល់បច្ចុប្បន្នដោយសារនៅមិនអាច បង្កការវាយប្រហារខ្លាំងក្លាជាបន្តបន្ទាប់ ។ សេចក្តីរាយការណ៍របស់ស្ថាប័នប៊្រូកគីង នៅសហរដ្ឋអាមេរិក និយម "ប្រតិបត្តិការនិទាឃរដូវ" រវាងក្រុមតាលីបង់និងកងកម្លាំងស្វ័យការពារអាហ្វហ្គានីស្ថានក្នុងឆ្នាំនេះបានសរសេរថា ជាកាប្រយុទ្ធបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល ១៤ ឆ្នាំមកនេះ អាចហៅបានថា មិនជាការអាក្រក់ណាស់ពេកទេ សម្រាប់ក្រុមភេរវករដែលខ្វះសសរទ្រូងដ៏សំខាន់យ៉ាងលោក អូម៉ា នោះ ។
ទោះលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសបញ្ឈប់បេសកកម្មខាងយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន ដោយសារសង្គ្រាមនៅក្នុងប្រទេសអាហ្គានីស្ថានបានបញ្ចប់ទៅហើយក្តី ប៉ុន្តែយោធាអាមេរិកនៅតែរក្សាកម្លាំងទ័ពរបស់ខ្លួនមួយចំនួនក្នុងប្រទេសអាហ្គានីស្ថាននៅឡើយ ។ លោក Stephen Preston ទីប្រឹក្សាក្រសួងការពារជាតិសហរដ្ឋអាមេរិក (ឬមន្ទីរបញ្ចកោណ) បានថ្លែងថា នៅក្នុងទ្រឹស្តីមិនអាចនិយាយបានទេថា សហរដ្ឋអាមេរិកនិងអាហ្គានីស្ថាននៅតែស្ថិតក្នុងស្ថានភាពជាគូជម្លោះប្រដាប់អាវុធនឹងគ្នា ហើយទំនាក់ទំនងរវាងភាគីទាំងពីរនឹងនៅដូចនេះយូរបន្តទៀត ។
ចាប់តាំងពីឆ្លងផុតហេតុវិនាសកម្ម 9/11 កាលពីឆ្នាំ ២០០១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសលើកកំពស់កិច្ចប្រតិបត្ដិការប្រឆាំងនឹងក្រុមភេរវកម្មយ៉ាងខ្លាំងក្លា តែក៏បង្កើតនូវសំនួរជាច្រើនតាមមកផងដែរថា កិច្ចប្រតិបត្តិការដូចបានពោលមានប្រសិទ្ធិភាពតិចច្រើនកំរិតណា ដោយសារទោះមានមេក្រុមក្បាលរឹងនិងសមាជិកជាន់ខ្ពស់បាត់បង់ជីវិតក្នុងកិច្ចប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ តែអត្រានៃការកើតហេតុបង្កវិនាសកម្មស្ទើតែមិនបានថយចុះទាល់តែសោះក្នុងរយៈក្រោយៗនេះ ដោយក្រុមអាល់កៃដានិងពួកតាលីបង់ដែលជាសម្ព័ន្ធមិត្តនឹងគ្នា នៅអាចឆ្លងកាត់ព្រំដែនទៅប្រព្រឹត្តអំពើហិង្សាក្នុងប្រទេសស៊ីរីនិងប្រទេសយេម៉ែនបានជាច្រើនដង ។
ក្រៅពីនេះ ការស្លាប់របស់បណ្តាសមាជិកជាន់ខ្ពស់នៃក្រុមភេរវករកាន់តែធ្វើឲ្យក្លាយជាការសាងការលំបាកដល់ភាគីជាច្រើន ក្នុងការប្រមើលមើលលទ្ធផលដែលនឹងកើតតាមជាក្រោយ ។ ថយត្រឡប់ទៅរកការស្លាប់របស់លោក អូសាម៉ាប៊ិ នឡាដិន ស្ថាបនិកនិងជាមេដឹកនាំកំពូលរបស់ក្រុម អាល់កៃដា នាឆ្នាំ ២០១១ ជាច្រើនគ្នាបាននិយាយថា ជាជោគជ័យដ៏ធំធេងរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមភេរវកម្ម ខណៈដែលអ្នកខ្លះបានសម្តែងការព្រួយបារម្ភថា អាចនឹងជំរុញឲ្យកើតការវាយប្រហារយ៉ាងធ្ងន់ធ្ងរឡើងនាពេលអនាគត ដើម្បីសងសឹក និងនៅមានសំឡេងរិះគន់តាមមកទៀតថា ការពិតនោះ ការស្លាប់របស់ ប៊ិនឡាដិន "គ្មានបានជួយអ្វីសោះ " យ៉ាងណាមិញ ការស្លាប់របស់លោក អូម៉ា នៅមិនអាចជាអ្វីដែលវាស់បានថា ទិសដៅរបស់ពួកតាលីបង់នឹងទៅជាដូចម្តេចបន្តទៀត ហើយការចរចាសន្តិភាពរួមជាមួយអាហ្វហ្គានីស្ថាននឹងឈានដើរទៅមុខបានឬមួយយ៉ាងណា ???
ទន្ទឹមនឹងនេះដែរ លោក អូបាម៉ា ក៏បានថ្លែងថ្កោលទោសចំពោះក្រុមភេរវករ ដែលនៅក្នុងពេលនេះត្រូវរាប់បញ្ចូលទាំងក្រុម IS ផង ថាជាការប្រមូលផ្តុំគ្នានូវក្រុមមនុស្សដែលគ្មានទស្សនៈវស័យ មនោគមវិជ្ជានៃពួកភេរវករ គឺការសំលាប់មនុស្សដូចគ្នាយ៉ាងព្រៃផ្សៃប៉ុណ្ណោះ ប៉ុន្តែសូមកុំភ្លេចថា
"សមត្ថភាពពិសេស " របស់ក្រុមភេរវករ ដែលមិនអាចមើលរំលងបាន ជាពិសេសក្រុម IS គឺការប្រើអ្វីដែលហៅថា "មនោគមវិជ្ជា" បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យចូលរួមទទួលបានជោគជ័យរួចទៅហើយ ហើយជារឿងមួយក្នុងចំណោមបញ្ហាសំខាន់ដែលហុចផលប៉ះពាល់ដល់គោលនយោបាយសន្ដិសុខនៃបណ្តាប្រទេសជាច្រើននាពេលបច្ចុប្បន្ន ជាពិសេសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដែលនៅតែមិនអាចវិភាគបានដល់ខ្លឹមនៃប្រស្នាដែលថា ក្រុមភេរវករអាចផ្លាស់ប្តូរផ្នត់គំនិត ឬ លាងខួរក្បាល ក្រុមគោលដៅឲ្យផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់ទៀតបានយ៉ាងដូចម្តេចនោះ ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!