Commentary:ដណ្តើមអំណាចយ៉ាងស្ងៀមស្ងាត់ពីគណបក្សរដ្ឋាភិបាលភូមា "លោក ធៀន សេន" ឡើងធ្វើជាប្រធានបក្ស ក្រោយពីទម្លាក់ "លោក ឈួយ ម៉ាន "
លោក ឈួយ ម៉ាន ប្រធានបក្សរដ្ឋាភិបាលភូមា ត្រូវបានដកចេញពីតំណែងតាមការឲ្យដឹងជាក់ច្បាស់ពីសមាជិកបក្សកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីបាត់បង់អំណាចតស៊ូជាមួយលោកប្រធានាធិបតី ធៀន សេន មុនការបោះឆ្នោតសកលត្រឹម ៣ ខែ ប៉ុណ្ណោះ ។
ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥
ទ្វារចូលទីស្នាក់ការកណ្តាលគណបក្ស សហសាមគ្គីនិងការអភិវឌ្ឍន៍(USDP)
ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា--Agene France-Press
លោក ឈួយ ម៉ាន ប្រធានបក្សរដ្ឋាភិបាលភូមា ត្រូវបានដកចេញពីតំណែងតាមការឲ្យដឹងជាក់ច្បាស់ពីសមាជិកបក្សកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បន្ទាប់ពីបាត់បង់អំណាចតស៊ូជាមួយលោកប្រធានាធិបតី ធៀន សេន មុនការបោះឆ្នោតសកលត្រឹម ៣ ខែ ប៉ុណ្ណោះ ។
កងកម្លាំងរក្សាសន្តិសុខបានឡោមព័ទ្ធទីស្នាក់ការកណ្តាលរបស់គណបក្សសហភាពសាមគ្គីនិងការអភិវឌ្ឍន៍ ឬ (USDP) នៅក្នុងរដ្ឋធានីណៃពិដោ កាលពីយប់ថ្ងៃពុធ និងបានហាមឃាត់សមាជិកបក្សមិនឲ្យចាកចេញពីទីស្នាក់ការ ។
ការដកលោក ឈួយ ម៉ាន ចេញពីគណបក្ស កើតមានឡើងបន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងការកំណត់តួនាទីកងទ័ពដែលប្រគល់អំណាចឲ្យរដ្ឋាភិបាលពាក់កណ្តាលស៊ីវិលក្នុងឆ្នាំ ២០១១ តែគង់នៅរក្សាអំណាចការវ៉េតូក្នុងប្រព័ន្ធនយោបាយ ។
"លោក ឈួយ ម៉ាន លែងបានធ្វើជាប្រធានាធិបតីទៀតហើយ លោកមានសុខភាពរឹងមាំល្អ ហើយកំបុងនៅផ្ទះនាពេលនេះ " សមាជិករដ្ឋសភានៃគណបក្ស USDP បានថ្លែងដូច្នេះ ។
ប៉ុន្ដែសមាជិកក្នុងគ្រួសារបាននិយាយថា លោក ឈួយ ម៉ាន មិនបាននៅផ្ទះក្នុងរដ្ឋធានីណៃពិដោនោះទេ ពេលដែលទាហានចូលទៅកាន់កាប់ទីស្នាក់ការគណបក្ស USDP ។
ទោះជាយ៉ាងណាលោក ឈួយ ម៉ាន នៅតែកាន់តំណែងជាប្រធានរដ្ឋសភាដូចពីមុន នេះបើតាមការឲ្យដឹងពីប្រភពព័ត៌មានដែលមិនបង្ហាញអត្តសញ្ញាណ ដោយសារជាប្រធានបទរសើប ចំណែកតំណែងមេបក្សរបស់លោក ឈួយ ម៉ាន ត្រូវបានជំនួសដោយលោក តេ អ៊ូ ជាអនុប្រធានគណបក្ស USDP លោក តេ អ៊ូ ជាសម្ព័ន្ធមិត្តរបស់លោក ធៀន សេន ។
លោក ទីន ណាយតេង ម្នាក់ក្នុងចំណោមជំនួយការជិតស្និទរបស់លោក ធៀន សេន បានលាលែងចេញពីតំណែងរដ្ឋមន្ត្រីប្រចាំវិមានប្រធានាធិបតីកាលពីថ្ងៃពុធ និងបានក្លាយជាអគ្គលេខាធិការថ្មី របស់បក្ស ដោយបំពេញតួនាទីជំនួសលោក ម៉ង់ ម៉ង់តេង ដែលជាអ្នកគាំទ្រលោក ឈួយ ម៉ាន ។
ភាពតានតឹងកើនឡើងរវាងលោក ធៀន សេន និងលោក ឈួយ ម៉ាន ដែលជាអតីតមន្រ្តីយោធាជាន់ខ្ពស់ទាំងពីរពាក់ព័ន្ធនឹងរឿងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតក្នុងខែវិច្ឆិកា នេះបើតាមប្រភពព័ត៌មានក្នុងគណបក្ស USDP បានឲ្យដឹងកាលពីមុននេះ ។
ពួកគេទាំងពីរនាក់ជាគូប្រជែងពីមុន ហើយទាំងពីរនាក់បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលតំណែងជាប្រធានាធិបតី បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងរដ្ឋសភានៅថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខនេះ ។
លោក ឈួយ ម៉ាន បានកសាងទំនាក់ទំនងជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង ដែលអំពាវនាវឱ្យដកទាហានចេញពីឆាកនយោបាយ ហើយលោក ឈួយ ម៉ាន នៅបានគាំទ្រការខិតខំប្រឹងប្រែងក្នុងរដ្ឋសភាកាលពីខែមិថុនា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់តួនាទីខាងនយោបាយរបស់កងទ័ព ។
ភាពតានតឹងបានកើនឡើងនៅថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីគណបក្ស USDP ជ្រើសរើសមន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ពីកងទ័ព ជាតំណាងគណបក្សក្នុងការឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតត្រឹម ៥៩ នាក់ ពីចំនួនទាំងអស់ ១៥៩នាក់ ហើយនៅពេលក្រោយមកក្នុងថ្ងៃដដែល រថយន្តផ្ទុកយោធានិងនគរបាលជាច្រើនគ្រឿងបានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាចក្នុងរដ្ឋាភិបាលភូមាបច្ចុប្បន្ន ។
បន្ទាប់ពីកងកម្លាំងរក្សាសន្ដិសុខបានចូលកាន់កាប់ទីស្នាក់ការហើយនោះ លោក សូតា ម្នាក់ក្នុងចំណោមស្ថាបនិកគណបក្ស USDP និងលោក តេអ៊ូ ជាមេដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងកណ្តាលអាធ្រាតដែលបានបញ្ចប់នៅពេលព្រឹកព្រលឹមនាថ្ងៃព្រហស្បតិ៍ ពួកគេទាំងពីរនាក់មានទំនាក់ទំនងជិតស្និទបំផុតជាមួយលោកប្រធានាធិបតី ធៀន សេន នេះបើតាមការឲ្យដឹងពីសមាជិកគណបក្ស USDP ។
លោក ឈួយ ម៉ាន និងសមាជិកបក្សជាន់ខ្ពស់ជាច្រើនរូប ត្រូវបានគេចាត់ទុកថាជាភាគីម្ខាងទៀត ក្នុងបក្សនោះ មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ ហើយកងកម្លាំងរក្សាសន្តិសុខបានដកកម្លាំងចេញពីទីស្នាក់ការបក្ស បន្ទាប់ពីកិច្ចប្រជុំទទួលបានលទ្ធផលសរុប នាវេលាម៉ោងប្រមាណ ២ និង ៣០ នាទីទៀបភ្លឺ ។
«អ្វីដែលខ្ញុំបានឮកាលពីយប់មិញនេះ គឺមានការរុះរើរចនាសម្ព័ន្ធក្នុងបក្សស្ទើរតែទាំងស្រុង» លោកយ៉េទុត អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងឲ្យដឹងដូច្នេះ ។
គណបក្ស USDP ដែលមានសមាសភាពជាអតីតមន្ត្រីយោធាភាគច្រើននោះ ទោះបីនៅមិនទាន់ច្បាស់លាស់ថា ហេតុអ្វី បក្ស USDP ជ្រើសរើសមន្ត្រីជាន់ខ្ពស់ត្រឹម ៥៩រូប ពីចំនួន ១៥៩រូប ជាតំណាងឈរឈ្មោះឲ្យគេបោះឆ្នោតក្តី ប៉ុន្តែការសម្រេចចិត្តបែបនេះទំនងជាការសាងក្តីមិនពេញចិត្តឲ្យដល់មន្ត្រីនិងអ្នកនយោបាយដែលចង់រក្សាអំណាចខាងកងទ័ពក្នុងរដ្ឋសភាមិនខាន ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!