ដាក់ញ្ញត្តិទាមទារអោយកែប្រែមាត្រា មួយចំនួននៃច្បាប់សហជីព
សូមស្តាប់សេចក្តីរាយការជាសំឡេង ៖
ការតវ៉ាដាក់ញ្ញត្តិជាថ្មីម្តងទៀត របស់ក្រុមសហជីព នៅមុខក្រសួងការងារ ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់សហជីព ដ៏ចម្រូងចម្រាស់នេះ ធ្វើឡើងបន្ទាប់ពីមានការកែប្រែនូវមាត្រាមួយចំនួន ជាង ១០ ចំណុច។ តែការកែប្រែនេះ មិនបានធ្វើឲ្យក្រុមសហជីព អស់ក្តីព្រួយបារម្ភនោះទេ ទើបនៅព្រឹកថ្ងៃសុក្រ ទី១៤ សីហានេះ ក្រុមសហជីពជាង ៣០ បាននាំគ្នាដាក់ញ្ញត្តិស្នើទៅក្រសួងការងារ ជាថ្មីឲ្យធ្វើការកែប្រែ ឬលុបចោលមាត្រាទាំងនោះ។
លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ លោកឃើញថា ក្រសួងបានធ្វើការកែប្រែនូចំណុចមួយ ដែលអាចទទួលយកបាន តែក៏បានដាក់បញ្ចូល និងនៅសល់ចំណុចមួយចំនួនទៀត ដែលលោកយល់ថា នៅតែមានការបិទសិទ្ធិសេរីភាព ដល់កម្មករ និង សហជីព។
លោក អាត់ ធន ជឿជាក់ថា ក្រសួងការងារ ក៏ដូចជារដ្ឋាភិបាល ពិតជាធ្វើការកែប្រែច្បាប់នេះ ឲ្យមានភាពល្អប្រសើរស្របទៅតាមបទដ្ឋានអន្តរជាតិ ដែលមានស្រាប់ ដើម្បីអាចធានានូវសិទ្ធិសេរី របស់សហជីពនិងកម្មករ កុំឲ្យធ្វើការអនុម័តទាំងចម្រូងចម្រាស់ ដូចច្បាប់អង្គការ។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងដែរថា បើទោះជាមានការកែប្រែខ្លឹមសារខ្លះដោយក្រសួងការងារក៏ដោយ ប៉ុន្តែក្រុមសហជីពនៅតែព្រួយបាម្ភថា ច្បាប់នោះ នៅតែមានការរឹតបន្តឹងសេរីភាពនិយោជិត និងសហជីព។ ដូច្នេះ លោកស្នើឲ្យក្រសួងការងារ បង្ហាញសេចក្តីព្រាងចុងក្រោយរបស់ខ្លួន មកឲ្យសហជីព ដើម្បីធ្វើការពិនិត្យ បើមិនដូច្នោះទេ សហជីពទាំងអស់ នឹងធ្វើការតវ៉ាបន្តទៀត។
លោក លន់ ផាន អនុប្រធាននាយកដ្ឋានផ្នែកគតិយុត្តនៃក្រសួងការងារ ដែលបានចេញមកទទួលញត្តិពីតំណាងសហជីព បានមានប្រសាសន៍ថា លោកនឹងយកញត្តិនេះ ទៅឲ្យថ្នាក់ដឹកនាំជាអ្នកពិនិត្យ តែលទ្ធផលយ៉ាងណា លោកពុំទាន់អាចអត្ថាធិប្បាយបានទេនៅពេលនេះ។
ក្រោយពីបានដាក់ញ្ញត្តិ នៅក្រសួងការងារ ក្រុមសហជីពទាំងអស់ ក៏បាននាំគ្នា ទៅដាក់ញ្ញត្តិនៅអង្គការពលរកម្មអន្តរជាតិ ហៅកាត់ថា (ILO) បន្តទៀត។
គួរបញ្ចាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ បានតាក់តែងឡើងតាំងពីឆ្នាំ២០០៨ មាន១៧ជំពូក និង៩១មាត្រា ក្នុងនោះយ៉ាងតិច៣០មាត្រា ត្រូវបានសហជីពជំរុញឲ្យកែប្រែ ហើយបច្ចុប្បន្នច្បាប់នេះ ត្រូវបានក្រសួងការងារ ធ្វើការកែប្រែជាង ១០ ចំណុច តាមការស្នើ តែក៏បានបន្ថែមចំណុចមួយចំនួនថ្មីទៀត ដែលធ្វើឲ្យសហជីពនៅតែមានការព្រួយបារម្ភ។
ដោយកញ្ញា ៖ ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!