Commentary:ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ធ្វើឱ្យជប៉ុនក្លាយជាឧក្រិដ្ឋជននិងជាជនរងគ្រោះ
ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដាក់ទីក្រុងហ៊ីរ៉ូស៊ីម៉ានិងទីក្រុងណាហ្គាសាគី កាលពី៧០ឆ្នាំមុន ជាឧក្រិដ្ឋកម្មដែលបានផ្លាស់ប្តូរប្រទេសជប៉ុនពីការជាឧក្រិដ្ឋជនបានប្រព្រឹត្តកំហុស ឲ្យក្លាយជាជនរងគ្រោះទៅវិញ ។
ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៥
លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន
ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដាក់ទីក្រុងហ៊ីរ៉ូស៊ីម៉ានិងទីក្រុងណាហ្គាសាគី កាលពី៧០ឆ្នាំមុន ជាឧក្រិដ្ឋកម្មដែលបានផ្លាស់ប្តូរប្រទេសជប៉ុនពីការជាឧក្រិដ្ឋជនបានប្រព្រឹត្តកំហុស ឲ្យក្លាយជាជនរងគ្រោះទៅវិញ ។ លោក អាឡេកសាន់ឌ័រ ហ្វ្លយ នាយកកិច្ចការអាស៊ីនៃ ដយសេ វែលល័រ ស្ថានីយ៍ទូរទស្សន៍ជាតិរបស់ប្រទេសអាល្លឺម៉ង់ បានចង្អុលបង្ហាញនៅក្នុងអត្ថបទវិភាគរបស់លោកថា ដើម្បី សន្តិភាពនិងស្ថេរភាព ជប៉ុនត្រូវហ៊ានប្រឈមមុខនឹងអតីតកាលរបស់ខ្លួន ។
ហ៊ីរ៉ូស៊ីម៉ាគឺជាទីក្រុងកំពង់ផែទំហំមធ្យម មានទីតាំងស្ថិតភាគខាងលិចឆ្ងាយពីកោះធំបំផុតរបស់ជប៉ុនឆ្ងាយរាប់រយគីឡូម៉ែត្រពីរដ្ឋធានីតូក្យូ ខណៈដែលទីក្រុងណាហ្គាសាគី ក៏ជាទីក្រុងកំពង់ផែទំហំមធ្យមដូចគ្នា មានទីតាំងស្ថិតនៅឆ្ងាយម្ខាងម្នាក់នាភាគខាងលិច ទីក្រុងទាំងពីរសុទ្ធតែជាទីក្រុងដ៏ស្រស់ស្អាត ពោរពេញទៅដោយមនុស្សម្នា ប៉ុន្តែទីកន្លែងទាំងពីរនេះមិនមែនជាចំណុចសំខាន់ខាងយុទ្ធសាស្រ្តពិតប្រាកដណាមួយឡើយ ។
អ្វីទាំងអស់នេះជាការពិតនាពេលបច្ចុប្បន្ននៃទីក្រុងទាំងពីរ ហើយបើថយត្រឡប់ទៅកាលពី៧០ឆ្នាំមុន វាក៏គ្មានអ្វីខុសគ្នាដែរ ពេលខ្លះអាចជាហេតុផលអធិប្បាយថា ហេតុអ្វីកាលពីដំបូង ទីក្រុងទាំងពីរអាចរួចផុតពីការខឹងសម្បារនៃយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ មកបាននោះ ???
ជាអកុសលខ្លាំងណាស់ នេះក៏ជាហេតុផលដែលធ្វើឲ្យពេលក្រោយមក ទីក្រុងទាំងពីរនេះ ត្រូវកំណត់ជាគោលដៅថា មានភាពស័ក្តិសមឥតខ្ចោះសម្រាប់ជាតំបន់សាកល្បងអាវុធថ្មីដ៏សែនអស្ចារ្យនៃកងទ័ពសហរដ្ឋអាមេរិកកាលពី៧០ ឆ្នាំមុន ។ ទីក្រុងទាំងពីរនេះឯង ដែលកងទ័ពនិងបណ្តាអ្នកវិទ្យាសាស្ត្រអាមេរិកាំងអាចប្រើប្រាស់សិក្សាវាយតំលៃបានយ៉ាងជាក់ច្បាស់ពីអនុភាពក្នុងការបំផ្លិចបំផ្លាញរបស់អាវុធនុយក្លេអ៊ែរ ។
ប្រាកដថា មានមនុស្សស្លាប់បាត់បង់ជីវិតជាង 200,000 នាក់ ក្នុងចំនួននេះជាង 90,000 នាក់ បានស្លាប់ភ្លាមៗ ហើយអ្នកដែលនៅសល់ក៏ស្លាប់ក្នុងពេលមិនប៉ុន្មានថ្ងៃក្រោយមក វាជាការសាកល្បងដ៏គ្មានសីលធម៌ស្ថិតក្រោមលក្ខខណ្ឌសភាពការណ៍ជាក់ស្តែង ។ ជាពិសេសនោះ ក្នុងករណីទីក្រុងណាហ្គាសាគី ដែលចាត់ទុកថាជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ ព្រោះមិនមែនជាគោលដៅតាំងពីដំបូង ទីក្រុងនេះ បានជ្រើសនៅទីនាទីចុងក្រោយបង្អស់ ដោយសារមានពពកខ្មៅគ្របដណ្តប់ផ្ទៃមេឃពីលើទីក្រុង ដែលពីដំបូងត្រូវបានជ្រើសរើសជាគោលដៅគឺទីក្រុង ខូគុរ៉ាក់ (Kokura) ។
មកដល់ពេលនេះ មនុស្សទូទាំងសកលលោកបានស្គាល់ឈ្មោះទីក្រុងទំហំមធ្យមរបស់ជប៉ុនដែលគ្មានសារៈសំខាន់អស្ចារ្យអ្វីសោះទាំងពីរកន្លែងនេះច្បាស់លាស់ហើយ ។ ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ក្លាយជាវិមានអនុស្សាវរីយ៍សំរាប់ "ត្រាបាបនៃមនុស្សជាតិ" និងភាពភ័យខ្លាចពីការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ ។ ក្រោយពីការទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ជំនួយការយានិកយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនោះ ដែលមានរហ័សនាមថា អ៊ីណូឡា ហ្គេយ៍ (Enola Gay ) បានបញ្ចេញគំនិតសរសេរក្នុងកំណត់ហេតុរបស់លោកថា " ព្រះជាម្ចាស់ !!! តើយើងបានធ្វើអ្វីហ្នឹង ??? " ប៉ុន្តែលោកមិនមែនជាមនុស្សតែម្នាក់នោះទេ ដែលយល់ដឹងនិងមើលឃើញពីការពិតដែលកើតមានឡើងនោះ ។
កាលបើដល់ពេលគ្រាប់បែកបរមាណូមួយគ្រាប់ទៀតត្រូវទម្លាក់ទៅលើទីក្រុងណាហ្គាសាគី បន្ទាប់ពី ការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាកន្លងផុតទៅបានមិនប៉ុន្មានថ្ងៃ ទូទាំងពិភពលោកបានយល់ដឹងពី ឥទ្ធិពលនៃការបំផ្លិចបំផ្លាញរបស់គ្រាប់បែកប្រភេទនេះ ធ្វើឱ្យការប្រើប្រាស់អាវុធប្រភេទនេះក្លាយជាការបង្កឧក្រិដ្ឋកម្មសង្រ្គាមដែលមិនអាចប្រកែកបាន នៅពេលក្រោយមក ខាងសហរដ្ឋអាមេរិកបានព្យាយាមរកហេតុផលមកសំអាងភាពស្របច្បាប់ដល់ទង្វើដ៏ព្រៃផ្សៃនេះ ដោយបានថ្លែងថា សង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិកនេះនឹងត្រូវអូសបន្លាយយូរបន្តទៀត បើគ្មានការវាយប្រហារដោយគ្រាប់បែកប្រភេទនេះ ហើយមនុស្សរាប់លាននាក់នឹងស្លាប់បាត់បង់ជីវិតកាលបើមានការវាយប្រហារចូលទៅលើប្រជុំកោះជប៉ុន ពួកគេបានអះអាងថា អ្វីដែលប្រទេសជប៉ុនបានសម្រេចចិត្តព្រមចុះចាញ់ ក៏នៅពេលក្រោយពីត្រូវបានវាយប្រហារដោយគ្រាប់បែកបរមាណូរួចទៅហើយ ។
ហើយបើទោះបីមានអ្នកប្រវត្តិសាស្រ្តមួយចំនួន បានប្រកែកថា មិនមែនដោយសារគ្រាប់បែកបរមាណូទេ ដែលជាកត្តាសំខាន់បំផុតជំរុញឱ្យជប៉ុនព្រមចុះចាញ់នោះ ប៉ុន្តែដោយសារសហភាពសូវៀតប្រកាសចូលរួមក្នុងសង្គ្រាមទៅវិញទេ ។ ការពិតនៃរឿងនេះ នៅតែបន្សល់ទុកថា ឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិដល់ថ្នាក់នេះ នៅតែមិនអាចរកហេតុផលណាមួយមកដោះសារបាន ឡើយ ។ លទ្ធផលដែលកើតឡើង គ្មានវិធីសាស្រ្តប្រើជាសំអាងសាងភាពស្របច្បាប់បានឡើយ ។ សហរដ្ឋ អាមេរិកត្រឹមតែត្រូវការសាកល្បងអាវុធប្រភេទថ្មី និងចង់បង្ហាញឲ្យឃើញនូវភាពរឹងមាំខ្លាំងក្លារបស់ខ្លួន ចង់ឲ្យជប៉ុនបានដឹង និងសំខាន់នោះគឺមិត្តរុស្ស៊ីនោះឯង ។
នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកបង្ហាញសាច់ដុំបញ្ចេញឫទ្ធានុភាពផ្នែកអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យគ្រប់គ្នាបានឃើញ ដែលក្លាយជាការលើកទឹកចិត្តឲ្យកើតមានការប្រកួតប្រជែងអាវុធប្រភេទនេះជាបន្តបន្ទាប់ប៉ះពាល់ដល់សុវត្ថិភាពមនុស្សលើសកលលោកមកដល់សព្វថ្ងៃនេះ ។ បន្ទាប់ពី ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី មកនោះ គ្រប់ប្រទេសមហាអំណាចសុទ្ធតែចង់មានអាវុធប្រភេទនេះនៅក្រោមការគ្រប់គ្រងរបស់ខ្លួន រដ្ឋទាំងនោះមានជាអាទិ៍ ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស, បារាំង, ចិន, ឥណ្ឌា, និងប្រទេសប៉ាគីស្ថាន ។
ក្រៅពីនោះនៅមាន អ៊ីស្រាអែល ដែលសម្រេចចិត្តប្រើអាកប្បកិរិយាស្ងប់ស្ងៀមចំពោះរឿងនេះ ក៏ដូចជារបបគ្រប់គ្រងដទៃទៀត មានដូចជា កូរ៉េខាងជើង ដែលជ្រើសប្រើជំហរផ្ទុយគ្នា នោះគឺ ព្យាយាមប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួនជាសន្លឹកបៀ ដើម្បីឲ្យខ្លួនឯងរស់បានបន្តទៀត ។ អ្នកចុងក្រោយដែលត្រូវនិយាយដល់ គឺអ៊ីរ៉ង់ ដែលចង់បានគ្រាប់បែកប្រភេទនេះដែរ តែត្រូវបានរារាំងការពារទប់ស្កាត់មិនឲ្យបានគ្រប់គ្រង ទាំងនេះគឺជាយន្តការបីសាចចង្រៃបានរាយវេទមន្តសន្សឹមៗលេចមុខឡើងតាំងពី៧០ឆ្នាំមុន នៅពេលដែលគ្រាប់បែកនុយក្លេអ៊ែរត្រូវបានទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ។
យ៉ាងណាក៏ដោយ ក្នុងជ្រុងម្ខាងទៀតនៃការទម្លាក់គ្រាប់បែកទាំងពីរលើក នៅបើកផ្លូវឲ្យជប៉ុនប្រទេសល្មោភសង្គ្រាម អាចចូលទៅទទួលយកតួនាទីជាជនរងគ្រោះដោយសារសង្គ្រាម -ហើយនេះក៏ជាអ្វីដែលជនជាតិជប៉ុនប្រាថ្នាចងចាំដោយមោទនភាព ជាជាងអំពើឃោរឃៅសាហាវព្រៃផ្សៃរៀបរាប់មិនអស់ ដែលបុព្វបុរសរបស់ពួកគេបានធ្វើមកលើប្រជាជាតិនៅអាស៊ីដែលជាប្រទេសជិតខាងគ្នានោះ ។
ជនរងគ្រោះនេះ ការពិតជាឧក្រឹដ្ឋជនដែលបានប្រព្រឹត្តកំហុស ។ រហូតមកដល់សព្វថ្ងៃនេះ ប្រទេសជប៉ុននៅតែបរាជ័យ មិនបានប្រឈមមុខនឹងអតីតកាលអំឡុងសម័យសង្គ្រាមរបស់ខ្លួនជាចំហនោះទេ ហើយបែរជាមកជំរុញលើកកម្ពស់ការផ្សះផ្សារជាមួយបណ្តាប្រទេសជិតខាងខ្លួន ក្នុងខណៈ ដែលលោកនាយករដ្ឋមន្ត្រីជប៉ុននាថ្ងៃនេះ អាចនឹងឳនសិរសាគំនាប់ចំពោះមុខជនរងគ្រោះដោយគ្រាប់បែកនុយក្លេអ៊ែរ លោកក៏កំពុងស្វែងរកមធ្យោបាយបកស្រាយជាថ្មីនូវខ្លឹមសារសំខាន់នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ របស់ជប៉ុន ដែលសហរដ្ឋអាមេរិកជាអ្នកឈ្នះសង្គ្រាមបង្ខំព្រាងឲ្យជប៉ុននាំយកមកប្រើ ដោយដាក់ឈ្មោះថា ជារដ្ឋធម្មនុញ្ញច្បាប់ស្វែងសន្តិភាព ។
នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ មានសេចក្តីប្រាថ្នាមិនខុសអ្វីពីអតីតសត្រូវក្នុងសម័យសង្គ្រាមនោះឡើយ គឺចង់បានការលើកកម្ពស់សមត្ថភាពយោធាជប៉ុន ដើម្បីឲ្យអាចប្រឆាំងតបតជាមួយប្រទេសចិនដែលកំពុងបន្ថែមភាពខ្លាំងក្លារឹងរូសក្នុងតំបន់នេះឥតឈប់ឈរ ខណៈដែលបើពិចារណាពីទស្សនៈវិស័យក្នុងផ្នែកយុទ្ធសាស្ត្រវិញនោះ រឿងនេះអាចយល់បានថា លោក អាបេ សំរេចចិត្តបន្តអនុវត្តទៅមុខ ដោយមិនពឹងពាក់ការគាំទ្រពីប្រជាជនជប៉ុនភាគច្រើននោះឡើយ ។
វាមិនមែនជាការស្ថាបនាអំណាចខាងយោធា និងជាការបង្ហាញអានុភាពដែលនាំទៅរកសន្តិភាពនិងស្ថេរភាពនោះទេ ប៉ុន្តែជាការផ្សះផ្សានិងដើម្បីវិបុលភាពប៉ុណ្ណោះ ។ ភាពភ័យរន្ធត់តក់ស្លុតខ្លបខ្លាចនៃសង្គ្រាមដែលបានកើតឡើងរួចមកហើយនោះ គួរជាមេរៀន មិនសម្រាប់តែប្រទេសជប៉ុនដែលទាំងជាជនរងគ្រោះនិងជាឧក្រឹដ្ឋជននោះទេ តែគួរសំរាប់ជាមេរៀនដល់អ្នកលេងក្នុងកំរិតពិភពលោកគ្រប់ៗគ្នាផងដែរ !!!
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!