លោកសម រង្ស៊ី និយាយពីរឿងធ្វើវិសោធនកម្ម មាត្រា ២
សូមស្តាប់ព័ត៌មានពិស្តារ ៖
ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និយាយក្នុងន័យធ្វើវិសោធនកម្ម មាត្រា ២ នៃរដ្ឋធម្មនុញ្ញ តែក្នុងន័យសើរើរព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកលើផែនទីផ្សេងៗ មុនឆ្នាំ១៩៣៣ ធ្វើក្នុងសម័យបារាំងគ្រប់គ្រងប្រទេសកម្ពុជា ការថ្លែងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាលោក សម រង្ស៊ី បានបបួលលោក ធ្វើវិសោធនកម្ម មាត្រា ២ នៃរដ្ឋធម្មនុញ្ញ ។
ការលើកឡើងរបស់លោក សម រង្ស៊ី នេះ គឺធ្វើឡើងនៅ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន ជាច្រើនរយនាក់ បន្ទាប់ពីលោកមកពីបំពេញបេសកម្ម នៅក្រៅប្រទេស កាលពីម្សិលមិញនេះ។ លោកថាផែនទីដែលធ្វើក្នុងឆ្នាំ ១៩៣៣ ដែលបានចែង ក្នុងរដ្ឋធម្មនុញ្ញនោះ គឺចងខ្លួនឯង លោកលើកហេតុផលថាផែនទីដែលធ្វើក្នុងឆ្នាំ ១៩១៤ គឺជាអំណោយផល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាងផែនទីឆ្នាំ ១៩៣៣។ ដូចនេះការដោះស្រាយបញ្ហាព្រំដែនត្រូវយកផែនទីទាំងអស់ ដែលធ្វើក្នុងសម័យបារាំងគ្រប់គ្រង ១៨៦៣ រហូតមកដល់ឆ្នាំ ១៩៥៣ មកដោះស្រាយ។
គួររំលឹកថា ក្នុងឱកាសចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃទី ១៣ ខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោក សម រស្ស៊ី បានបបួលលោក ធ្វើវិសោធមនកម្មមាត្រា ២ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែន របស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះ ឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជា អន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
គំនិតដែលនាំទៅរកការធ្វើវិសោធនកម្មមាត្រា ២ នៃរធម្មនុញ្ញនេះ លោក សុខ ទួច ប្រធាន ក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ថាមាត្រាពីរនេះត្រូវតែធ្វើវិសោធម្នកម្ម ព្រោះផែនទីខ្នាត ១/១០០ ០០០ នេះគឺប្រើក្នុងការបោះបង្គោល និងដោះស្រាយបញ្ហា ព្រំដែន បានតែជាមួយប្រទេសវៀតណាមនោះទេ ដែលព្រំដែនជាមួយប្រទេសថៃ ឡាវ និង ព្រំដែនទឹកប្រើខ្នាតផ្សេង ហើយលោកអះអាងថាបើមិនធ្វើការកែមាត្រា ២ នេះទេ បញ្ហានៅតែកើតមានសម្រាប់អ្នកជំនាន់ក្រោយ។ ផ្ទុយទៅវិញការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងការកែមាត្រា ២ នេះ ហាក់សំដៅលើការ សើរើរព្រំដែនជាមួប្រទេសវៀតណាម ដោយផ្អែកលើផែនទីចាស់ៗ ណដែលគូរ ដោយបារាំង មុនឆ្នាំ១៩៣៣៕
ដោយ៖ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!