CNRP យល់ថា មានតែប្រជាពលរដ្ឋទេ ជាអ្នកវិនិច្ឆ័យពាក្យសម្តី របស់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
សូមស្តាប់ព័ត៌មានពិស្តារ ៖
ថ្ងៃអង្គារ ទី១៨ ខែសីហា ២០១៥ ៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អោយដឹងថា ចំពោះពាក្យសម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរថា លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ជាមេចោរ រួមទាំងបក្សពួកនោះ គណបក្សសង្គ្រោះជាតិពុំមានអ្វីត្រូវខ្វាយខ្វល់នោះទេ ដោយសារតែលោកពុំបានលឺសំលេងទាំងអស់នោះ។
យ៉ាងណាក៏ដោយ ទាក់ទិននឹងការលើកទាំងនេះ មានតែប្រជាពលរដ្ឋទេ ដែលអាចវិនិច្ឆ័យ រាល់ពាក្យពេជន៍ទាំងអស់នេះបាន ហើយមានតែការបោះឆ្នោតខាងមុខនេះទេ ថាតើប្រជាជាជន វិនិច្ឆ័យបែបណាចំពោះគណបក្សដែលពួកគេចង់អោយគ្រប់គ្រងប្រទេសនោះ។
ចំពោះការប្រតិកម្មបែបនេះ ដោយសារតែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់បទសម្ភាសន៍ពិសេស ដល់អង្គភាពព័ត៌មាន ហ្រ្វេសញូវ នៅថ្ងៃទី ១៧ ខែសីហា ម៉ោង ៧ និង ៣០ លើកឡើងឆ្លើយតប នឹងសម្តីរបស់ លោក សម រង្ស៊ី ដែលថា បានចាក់ក្រឡេក រាជរដ្ឋាភិបាល ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមចោរដែលបំផ្លាញស្ថេរភាពកន្លងទៅ គឺបានចេញមុខសារភាពហើយ គឺលោក សម រង្ស៊ី និងគណបក្សរបស់គាត់។ លោកអះអាងថា អ្នកដែលបង្កអស្ថេរភាពគឺលោក សម រង្ស៊ី និងគណបក្សរបស់លោកសម រង្សី ដែលតែងតែចាក់ពីក្រោយខ្នងចំពោះរាជរដ្ឋាភិបាល ហើយទង្វើបែបនេះ គឺជាការចាប់ដៃ ជាន់ជើង ដោយប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីនឹងបំផ្លាញរាជរដ្ឋាភិបាល។
ទាក់ទិនចំពោះការឆ្លើយតបលាភពណ៌គ្នាទៅវិញទៅមកបែបនេះ អ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា វប្បធម៌សន្ទនាដែលធ្លាប់តែផ្អែមល្ហែមនាគ្រាមុននោះ ហាក់ដើរដល់ផ្លូវទាល់ហើយ ហើយការមិនទុកចិត្តគ្នា បានកើតមានកាន់តែខ្លាំងឡើងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។
អ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍សង្គមរូបនេះ អះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស មិនគួរណាប្រើប្រាស់ពាក្យពេជន៍ទាំងអស់នេះ នោះទេ។ អ្វីដែលលោកព្រួយបារម្ភនោះ នៅពេលបោះឆ្នោតខាងមុខនេះ តើនឹងមានអ្វីជាប់ទាក់ទិននឹងការបង្ករអោយមានអស្ថេរភាព នៅពេលដែលមានក្រុមយុវជន បានចូលរួមនៅក្នុងការឃោសនាបោះឆ្នោត កុះករនោះ ហើយអាចនឹងមានជនបាតដៃទីបី បង្ករអោយមានបញ្ហាដល់ខាងគណបក្សជាដៃគូ ប្រជែងផងដែរ។
គួរបញ្ជាក់ថា កន្លងទៅថ្មីនេះ វប្បធម៌សន្ទនាដែលជារបត់ថ្មី ដែលទើបតែលេចពន្លកនោះ ហាក់ត្រូវបានរុះរោយទៅវិញបន្ទាប់ពីសមាជិកគណបក្សសង្គ្រោះជាតិ ជាច្រើនរូបត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានលូកកកាយក្នុងរឿងកិច្ចការព្រំដែន ដែលជារឿងរស៊ើបរបស់រាជរដ្ឋាភិបាល និង រឿងអសកម្មមួយចំនួនទៀត និងឈានដល់ មានការលើកឡើងលាភពណ៌គ្នាថា ជាមេចោរ ក្នុងការបង្ករអោយមានអស្ថិរភាពនៅក្នុងប្រទេសជាដើមនោះ៕
ដោយ ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!