Commentary:ឥទ្ធិពលក្រៅតំបន់អាស៊ានគឺជាចំណុចទំនាស់
ថ្ងៃគំរប់ខួបឆ្នាំទី ៤៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ "អាស៊ាន" នាថ្ងៃទី ៨ ខែសីហាបានកន្លងទៅយ៉ាងស្ងៀមស្ងាត់ ព្រោះមិនមានការអបអរសាទរគគ្រឹកគគ្រេងក្នុងបណ្តាប្រទេសសមាជិក ខណៈដែលកិច្ចប្រជុំអាស៊ាន ដែលរដ្ឋាភិបាលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១-៦ កន្លងមកនេះ ក៏ជារឿងដែលប្រទេសជាសមាជិកនិងសម្ព័ន្ធមិត្តក្រៅតំបន់ត្រូវចរចារគ្នាបន្តទៀត ដោយសារតែមានបញ្ហាជាច្រើន នៅមិនទាន់អាចដោះស្រាយបាន ។
ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៥
លោក ឡេ លឿងមិញ អគ្គលេខាធិការអាស៊ាន (រូបឈរខាងឆ្វេង) ចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស ទន្លមេគង្គក្រោមលើកទី៦ដែលប្រារព្វធ្វើឡើងនៅប្រទេសម៉ា ឡាស៊ី កាលពីថ្ងៃទី៥ ខែសីហា ព្រមដោយតំណាងពី៤ប្រទេសនៅទន្លេមេគង្គក្រោម មានកម្ពុជា សាធារណរដ្ឋប្រជាមានិតឡាវ ថៃ និងវៀតណាម មានលោក ហ្ចន ឃែររី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក (រូបឈរទី៣រាប់ពីឆ្វេង) ចូលរួមប្រជុំផងដែរ (រ៉យទ័រ)
គំរប់ខួបឆ្នាំទី ៤៨ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ "អាស៊ាន" នាថ្ងៃទី ៨ ខែសីហាបានកន្លងទៅយ៉ាងស្ងៀមស្ងាត់ ព្រោះមិនមានការអបអរសាទរគគ្រឹកគគ្រេងក្នុងបណ្តាប្រទេសសមាជិក ខណៈដែលកិច្ចប្រជុំអាស៊ាន ដែលរដ្ឋាភិបាលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១-៦ កន្លងមកនេះ ក៏ជារឿងដែលប្រទេសជាសមាជិកនិងសម្ព័ន្ធមិត្តក្រៅតំបន់ត្រូវចរចារគ្នាបន្តទៀត ដោយសារតែមានបញ្ហាជាច្រើន នៅមិនទាន់អាចដោះស្រាយបាន ។
តែប្រធានបទក្តៅគគុកដែលកើតឡើងមុនកិច្ចប្រជុំនៅម៉ាឡេស៊ីចង្អុលបង្ហាញថា ប្រទេសមហាអំណាច ក្រៅតំបន់ នៅតែមានផលប៉ះពាល់ចំពោះការកំណត់គោលនយោបាយរបស់ប្រទេសនីមួយៗក្នុងអាស៊ានដូចពីមុនដដែល ធ្វើឲ្យកើតនូវសំនួរថា តើជោគវាសនានៃសមាគមអាស៊ាននាពេលអនាគតនឹងក្លាយទៅជាយ៉ាងណា ??? កាលបើត្រូវប្រឈមចំពោះឥទ្ធិពលក្រៅតំបន់ដែលមានច្រើនជាងមួយនោះ ???
ប្រធានបទដំបូងបានដល់ ករណីរដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពនៃការជួញដូរមនុស្ស ឬ (TIP Report ) ឆ្នាំ២០១៥ កាលពីថ្ងៃទី២៧ ខែកក្កដា ដោយសម្រួលឲ្យម៉ាឡេស៊ីរួចផុតពីក្រុម Tear 3 ឬក្រុមប្រទេសដែលផ្តោតការបង្ការនិងបង្រ្កាបអំពើជួញដូរមនុស្ស ឲ្យឡើងមកនៅក្រុមប្រទេស Tear 2 ឬក្រុមប្រទេសឃ្លាំមើល ដូចគ្នានឹងប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសថៃនៅតែស្ថិតក្នុងក្រុម Tear 3 ដូចកាលពីឆ្នាំទៅ ទាំងដែលប្រទេសទាំង៣ក្នុងអាស៊ាននេះនៅមានបញ្ហាការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាដូចៗគ្នា ។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចេញមកបកអាក្រាតបញ្ហានេះថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើនរូប ជាអ្នកជ្រៀតជ្រែកនិងចរចារឲ្យអ្នកធ្វើ TIP Report សម្រួលឲ្យប្រទេសម៉ាឡេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ល្អប្រសើរជាងឆ្នាំទៅ ដើម្បីជួយ «ដាក់ប្រេងរំអិល» ឲ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូជាយុទ្ធសាស្រ្តសេដ្ឋកិច្ចតំបន់អាស៊ី -ប៉ាស៊ីហ្វិក ឬ (TPP) ដែលសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីចរចាជាមួយគ្នាមានសភាពរលូននិងរីកចម្រើនឡើង ធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតគណៈកម្មការស៊ើបអង្កេតការពិតនៃការរៀបចំធ្វើ TIP Report ថា ត្រូវបានជ្រៀតជ្រែកមែនឬមួយយ៉ាងណា ??? ដែលករណីនេះឆ្លុះបញ្ចាំងឲ្យឃើញថា គោលនយោបាយច្បាមចាប់អាស៊ី ឬ (Pivot Asia ) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានភ្ជាប់ការជំរុញឱ្យមានកិច្ចព្រមព្រៀង TPPនេះមិនតិចឡើយ ប៉ុន្តែបើសមាជិកអាស៊ានព្រមទទួលយកកិច្ចព្រមព្រៀង TPP ជាមួយសហរដ្ឋអាមេរិកទាំងអស់ អាចនឹងហុចផលប៉ះពាល់ដល់អត្ថិភាពរបស់អាស៊ានដោយផ្ទាល់ ព្រោះអាស៊ាននឹងត្រូវកាត់បន្ថយតួនាទីរបស់ខ្លួនក្នុងការចរចាលើវេទិកាពិភពលោកនាថ្ងៃក្រោយ ។
ប្រធានបទបន្ទាប់មកទៀតបានដល់ ការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ធ្វើឱ្យកើតមានភាពតានតឹងនិងជម្លោះរវាងប្រទេសក្នុងករណីជាច្រើន រួមដល់បញ្ហាតំបន់ត្រួតជាន់គ្នានៅសមុទ្រចិនខាងត្បូង ដែលបានក្លាយជា "ប្រធានបទរួម " ដែលបណ្តាប្រទេសអាស៊ានជាច្រើនបានទទូចថាត្រូវតែលើកយកមកពិភាក្សាគ្នាជាផ្លូវការក្នុងកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីកន្លងមក សបង្ហាញឲ្យឃើញថា ការដោះស្រាយបញ្ហាក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសគូករណីជាមួយប្រទេសចិន អាចនឹងមិនទទួលបានលទ្ធផល ហើយអង្គប្រជុំក៏បានអំពាវនាវឲ្យរួមគ្នាកំណត់គោលការណ៍អនុវត្តកំរិតតំបន់ក្នុងសមុទ្រចិនខាងត្បូង ដើម្បីបង្ការទប់ស្កាត់ទំនាស់នាពេលអនាគត ។
ប្រទេសអាស៊ានដែលបង្ហាញកាយវិការរឹងរូសជាមួយប្រទេសចិន ផ្តើមចេញពីប្រទេសហ្វីលីពីន ដែលបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យពិចារណាកាត់ក្តីរឿងជម្លោះនៅសមុទ្រចិនខាងត្បូង ថែមទាំងបានចេញសេចក្តីថ្លែងការណ៍រិះគន់ប្រទេសចិនថា គម្រោងសាងសង់របស់ចិនក្នុងសមុទ្រចិនខាងត្បូង ជាការបំផ្លាញបរិយាកាសសុខសន្តិភាពក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិកប្រកាសគាំទ្រប្រទេសហ្វីលីពីនមួយជាន់ទៀត ធ្វើឲ្យក្រុមអ្នកវិភាគជឿជាក់ថា ដោយសារសហរដ្ឋអាមេរិកត្រូវការឲ្យប្រទេសហ្វីលីពីនឈរជួរជាមួយខ្លួនក្នុងការតតាំងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ ។
ចំណែករដ្ឋាភិបាលមីយ៉ានម៉ាសម្រេចកាត់ទោសប្រហារជីវិតជនជាតិចិនចំនួន ១៥០នាក់ ដែលត្រូវចាប់ខ្លួនក្នុងសំណុំរឿងជួញដូរឈើខុសច្បាប់នៅប្រទេសមីយ៉ាន់ម៉ា ដែលហុចផលរង្គោះរង្គើដល់ថ្នាក់រដ្ឋាភិបាលចិនត្រូវចេញមកថ្លែងការណ៍តវ៉ាកាលពីខែកក្កដា រហូតមីយ៉ាន់ម៉ាសុខចិត្តព្រមព្រៀងលើកលែងទោសឲ្យអ្នកទោសចិន តែកាលពីមុននោះ ចិននិងមីយ៉ាន់ម៉ា ធ្លាប់ផ្លែងតបតគ្នារួចមកហើយ ដោយមីយ៉ាន់ម៉ាបានអំពាវនាវដល់ចិន ឱ្យបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធកូកាងដែលធ្វើសកម្មភាពក្នុងប្រទេសមីយ៉ាន់ម៉ា ចំណែកចិនបានថ្កោលទោសមីយ៉ាន់ម៉ាដែលប្រមូលកម្លាំងវាយប្រហារតាមបណ្តោយព្រំដែនប្រទេសទាំងពីរដោយអាវុធធន់ធ្ងន់ រហូតធ្វើឲ្យជនស៊ីវិលចិនស្លាប់បាត់បង់ជីវិតនិងរបួស ដោយសារត្រូវគ្រាប់ផ្លោងខុសគោលដៅ ក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំកន្លងទៅនេះ ។
លើសពីនេះទៀត មជ្ឈមណ្ឌលសិក្សាអាស៊ាន នៃសាកលវិទ្យាល័យជូឡាឡុង នៅប្រទេសថៃ បានរៀបចំសិក្ខាសាលាមួយក្នុងប្រធានបទ "តួនាទីរបស់ប្រទេសចិននៅក្នុងទ្វីបអាស៊ី" កាលពីថ្ងៃទី ១៣ ខែសីហា កន្លងទៅថ្មីៗនេះ ដោយអ្នកចូលរួមក្រុមពិភាក្សាក្នុងសិក្ខាសាលានេះ បាននិយាយអំពីករណីសិក្សាដែលប្រទេសចិនចូលទៅមានតួនាទីនៅក្នុងក្រុមប្រទេសសមាជិកអាស៊ានទាំង៤ប្រទេស មានជាអាទិ៍ សាធារណរដ្ឋប្រជាមានិតឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា រកឃើញថា គ្រប់ប្រទេសនៅតែពឹងពាក់ប្រទេសចិនខាងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ធ្វើឲ្យប្រទេសនីមួយៗត្រូវជ្រៀតជ្រែកពីរដ្ឋាភិបាលចិន បើមិនច្រើនក៏តិចចៀសមិនរួច ។
ករណីសាធារណរដ្ឋប្រជាមានិតឡាវ អ្នកដែលទទួលបានផលប្រយោជន៍ពីវិនិយោគិនចិន ភាគច្រើនស្ថិតក្នុងរង្វង់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហើយប្រជាជនគ្មានឱកាសប្រឆាំងជំទាស់នឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសចិននោះទេ ប៉ុន្ដែផលប៉ះពាល់បានធ្លាក់ទៅលើសហគមន៍នៅមូលដ្ឋាន ។
ខណៈដែលការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់ក្រុមជនជាតិភាគតិច និងសង្គមស៊ីវិល ព្រោះគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោងមិនបានសាកសួរមតិ ប្រជាជនរស់នៅក្នុងតំបន់នោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០១០ រហូតមក មីយ៉ាន់ម៉ាដើម្បីស្តារទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ហើយអាចកាត់បន្ថយការពឹងពាក់ចិនក្នុងពេលអនាគត ។
ចំណែកប្រទេសវៀតណាម បានផ្តើមបង្ហាញកាយវិការប្រឆាំងចិនកាន់តែខ្លាំងឡើង ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមគម្រោងការសាងសង់អចិន្ត្រៃយ៍នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យប្រទេសវៀតណាមងាកទៅផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសថ្មីៗ មានជាអាទិ៍ប្រទេសជប៉ុន -ហ្វីលីពីន និង ព្យាយាមធ្វើឱ្យមានតុល្យភាពរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ។
រីឯប្រទេសកម្ពុជាយើងវិញ បានទទួលជំនួយពីប្រទេសចិននៅក្នុងទិដ្ឋភាពជាច្រើន មានទាំងការអភិវឌ្ឍន៍ការអប់រំនិងបច្ចេកវិទ្យា ការវិនិយោគនិងស្ថិរភាពសេដ្ឋកិច្ច ដែលការពឹងពាក់ចិនអាចហុចផលឲ្យប្រទេសកម្ពុជាខ្វះឯករាជ្យភាពក្នុងការកំណត់គោលនយោបាយនៅក្នុងវិស័យខ្លះក៏ពិតមែន តែមិនហុចផលប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនោះទេ ។
ជម្រើសសម្រាប់ប្រទេសជាសមាជិកអាស៊ានដែលមានបំណងចង់ជំរុញឱ្យសរស្តម្ភទាំង៣ នៃសហគមន៍កើតឡើងពិតប្រាកដ ដើម្បីសុខសន្តិភាពនិងស្ថិរភាព រួមដល់ភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ទើបចាំបាច់ត្រូវចាត់ការគ្រប់គ្រងឲ្យកើតមានតុល្យភាពអំណាច និងកាត់បន្ថយការពឹងពាក់ប្រទេស "ប៊ិគៗ" នៅក្រៅតំបន់ខ្លះ បើមិនដូច្នោះទេ ក៏នឹងកើតមានការជ្រើសរើសខាង បែងបក្ខចែកពួកមិនខុសអ្វីពីធ្លាប់កើតមាននាពេលកន្លងមកនោះឡើយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!