Commentary:ប្រព័ន្ធផ្សព្វផ្សាយបរទេសវិភាគ ហេតុការណ៍ផ្ទុះគ្រាប់បែកនៅរ៉ាចប៉្រាស៊ុង ជាអំពើភេរវកម្ម ឬកត្តានយោបាយផ្ទៃក្នុង ???
លោក ចូណាថាន់ ហេដ អ្នកឆ្លើយឆ្លងព័ត៌មាន BBC ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានធ្វើការវិភាគហេតុការណ៍នៃការផ្ទុះគ្រាប់បែកដែលកើតឡើងនៅចំណុចប្រសព្វ រ៉ាចប៉្រាស៊ុង កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ថា ហេតុការណ៍ហិង្សាកំរិតនេះ មិនដែលកើតឡើងពីមុនមកទេ ក្នុងរាជធានីនៃប្រទេសថៃ ដែលនាំឱ្យមានការសង្ស័យថា តើភាគីណាមួយជាអ្នកប្រព្រឹត្តនូវអំពើនេះ ហើយអ្វីទៅជាមូលហេតុជម្រុញចិត្តឲ្យពួកគេឲ្យធ្វើរឿងនេះ ???
ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥
រូបភាពនៃការផ្ទុះគ្រាប់បែកដែលកើតឡើងនៅចំណុចផ្លូវប្រសព្វ រ៉ាចប៉្រាស៊ុង
កណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីព្រលប់យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥
លោក ចូណាថាន់ ហេដ អ្នកឆ្លើយឆ្លងព័ត៌មាន BBC ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានធ្វើការវិភាគហេតុការណ៍នៃការផ្ទុះគ្រាប់បែកដែលកើតឡើងនៅចំណុចប្រសព្វ រ៉ាចប៉្រាស៊ុង កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ថា ហេតុការណ៍ហិង្សាកំរិតនេះ មិនដែលកើតឡើងពីមុនមកទេ ក្នុងរាជធានីនៃប្រទេសថៃ ដែលនាំឱ្យមានការសង្ស័យថា តើភាគីណាមួយជាអ្នកប្រព្រឹត្តនូវអំពើនេះ ហើយអ្វីទៅជាមូលហេតុជម្រុញចិត្តឲ្យពួកគេឲ្យធ្វើរឿងនេះ ???
មនុស្សមួយចំនួនបានសន្និដ្ឋានថា ប្រតិបត្ដិការនេះអាចពាក់ព័ន្ធនឹងក្រុមបះបោរក្នុងតំបន់ខេត្តភាគខាងត្បូង យ៉ាងណាក៏ដោយ ពួកបះបោរមិនដែលធ្លាប់បង្កអំពើហឹង្សារនៅក្រៅតំបន់ពីមុនមកទេ បើសិនជាប្រតិបត្ដិការនៅរ៉ាចប៉្តាស៊ុងជាថ្វីដៃរបស់ពួកគេមែននោះ នោះមានន័យថា ក្រុមពួកបះបោរបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងរបស់ពួកគេហើយ ។
ខណៈដែលមនុស្សមួយចំនួនទៀតបានពិចារណាទៅរកកត្តានៃរឿងហឹង្សានយោបាយកំរិតជាតិ ដែលកើតឡើងពីជម្លោះក្នុងអំឡុងជាច្រើនឆ្នាំកន្លងមកនេះ និងតាំងសម្មតិកម្មថា ក្រុមអ្នកនយោបាយដែលក្លាយទៅជាភាគីបរាជ័យបាត់បង់អំណាច អាចមានចំណែកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នាលើកនេះ ។
យ៉ាងណាក៏ដោយ លោក ហេដ បានអះអាងថា រដ្ឋាភិបាលថៃគង់ត្រូវការពេលវេលាក្នុងការប្រមែប្រមូលព័ត៌មានច្រើនគួរសម មុននឹងចេញមកស្នើការយល់ឃើញថា ប្រតិបត្តិការបំផ្ទុះគ្រាប់បែកនៅរ៉ាចប៉្រាស៊ុងមានប្រភពកំណើតដោយសារមូលហេតុអ្វី ???
ទន្ទឹមគ្នានេះ សេចក្តីរាយការណ៍ព័ត៌មានរបស់លោក ជីម ម៉ៃឃើល អ្នកឆ្លើយឆ្លងព័ត៌មាន USA Today បែរជាលើកនូវប្រធានបទថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅរ៉ាចប៉្រាស៊ុង មិនគួរពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអ៊ីស្លាមនោះទេ ។
ដោយលោក ម៉ៃឃើល បានអះអាងទស្សនៈរបស់លោក រិគ ណែលសុន អ្នកវិភាគអំពើភេរវកម្ម នៅ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងទំនាក់ទំនងអន្តរជាតិ ដែលបានបញ្ជាក់ថា "ប្រទេសថៃស្ថិតក្នុង ជម្លោះផ្ទៃក្នុងមកអស់រយៈពេលជាច្រើនឆ្នាំហើយ " ។
ចំណែកលោក មូប៊ីន សាអ៊ិគ អ្នកវិភាគអំពើភេរវកម្មម្នាក់ទៀត ដែលតាមដានសកម្មភាពរបស់ក្រុមមូស្លីមនិយមជ្រុលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានថ្លែងប្រាប់លោក ម៉ៃឃើល ថា មុនពេលមានកើតហេតុបំផ្ទុះគ្រាប់បែកនៅផ្លូវប្រសព្វរ៉ាចប៉្រាស៊ុង គ្មានសកម្មភាពក្នុងប្រព័ន្ធអ៊ិនទើណេតណាមួយ ដែលអាចនាំទៅរកការតភ្ជាប់ថា ហេតុការណ៍នៅទីក្រុងបាងកក ប្រទេសថៃនោះ មានការពាក់ព័ន្ធនឹងការធ្វើសង្គ្រាមសាសនានោះទេ ដូច្នេះកត្តាសំខាន់គួរជា "ស្ថានការណ៍ផ្ទៃក្នុង" ច្រើនជាង ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!