កម្ពុជា ចាប់ដៃជាមួយបារាំង ខិតខំអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឲ្យបានល្អ
កម្ពុជា និងអគ្គនាយកក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក ជួបជុំគ្នានៅក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅរមណីយដ្ឋាន តារាសាគរ កោះស្តេច ដើម្បី ពិភាក្សាលើខ្លឹមសារ និងការត្រៀមរៀបចំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនការរៀបចំគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ជាមួយភាគីបារាំង រវាងតំបន់ឆ្នេរសមុទ្រម៉ូប៊ីយ៉ង់ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន នៅតំបន់ឆ្នេរសមុទ្រ ប្រកបដោយគុណភាព លើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងទេសចរណ៍៍។
លោក ប្រ៊ុណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោក ថាតំបន់ឆ្នេរសមុទ្រកម្ពុជា មានបរិយាកាស បរិស្ថាន ធម្មជាតិល្អ ស្របតាមចំណង់ចំណូលចិត្តរបស់ ទេសចរបារាំង ចូលនិវត្តន៍ ដែលត្រូវការ កន្លែងស្ងប់ស្ងាត់ អាកាសធាតុល្អ អាហារធម្មជាតិ ដើម្បីសម្រាកលម្ហែរយៈពេលយូរ។ លោកគាំទ្រចំពោះគោលនយោបាយនិវេសនដ្ឋានទេសចរណ៍ផ្ទះទី២ ដែលក្រសួងទេសចរណ៍ បាននិងកំពង់រៀបចំស្របតាមទស្សនទានស្អាត និងបៃតង ដើម្បីទាក់ទាញទេសចរចូលនិវត្តន៍នៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានស្នើឲ្យ កម្ពុជាយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ដូចជាការហោះហើរត្រង់ពី បារាំងមកកម្ពុជា ពិសេសមកកាន់តំបន់សមុទ្រ ការថែទាំសុខភាព និងបញ្ហា ភាសាជា ដើម។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ជាយុទ្ធសាស្រ្ត រដ្ឋាភិបាលបាន និងកំពុងពិចារណារ ផ្តល់គោលនយោបាយពិសេស មួយចំនួនដល់ឆ្នេរសមុទ្រកម្ពុជា ដូចជាគោលនយោបាយចំពោះ ទេសចរចូលនិវត្តន៍ និង គោលនយោបាយនិវេសនដ្ឋានទេសចរណ៍ផ្ទះទី២ ដើម្បីទទួលទេសចរចូលនិវត្តន៍បារាំង ក៏ដូចជាទេសចរអន្តរជាតិ និងអ្នកវិនិយោគចូលមកកម្ពុជា តាមរយៈការតភ្ជាប់កញ្ជប់ផលិតផល ទស្សនកិច្ចទេសចរណ៍ពីច្រករបៀងទេសចរណ៍ខាងត្បូងតំបន់សមុទ្រប្រទេសវៀតណាម ប្រទេសថៃ មកកាន់តំបន់ឆ្នេរសមុទ្រខេត្ត ព្រះសីហនុ កោះកុង កែប និងកំពត។
ដើម្បីធានាដំណើរការរៀបចំគ្រប់គ្រងតំបន់ឆ្នេរបានល្អតាមផែនការគ្រប់ជ្រុងជ្រោយ អង្គប្រជុំបានឯកភាពគ្នាថា ត្រូវមានប្លង់គោលអភិវឌ្ឍន៍ និងគ្រប់គ្រងច្បាស់លាស់ ដែលបច្ចុប្បន្ន ដោយមានកិច្ចគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ បាន និងកំពុងរៀបចំច្បាប់ស្តីពីការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រ និងច្បាប់ស្តីពីអេកូទេសចរណ៍ផងដែរ។
ដោយឡែកចំពោះកិច្ចសហការជាមួយភាគីបារាំង អង្គប្រជុំ បានឯកភាព និងគាំទ្រ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញទេសចរចូលនិវត្តន៍ និងគោលនយោបាយនិវេសនដ្ឋានផ្ទះទី២។ បើគ្មានអ្វីប្រែប្រួលនោះទេ ភាគីទាំងពីរ បារាំង និងកម្ពុជា គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ផែនការរៀបចំគ្រប់គ្រងតំបន់ឆ្នេរសមុទ្រប្រទេសទាំងពីរ នៅដើមឆ្នាំ២០១៦ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍។
ដោយ៖សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!