ចម្ងល់ របស់សាធារណៈជន ទៅនឹង វិញ្ញាសារប្រឡងបាក់ឌុប
សូមស្តាប់សេចក្តីរាយការណ៍ទាំងស្រុងដូចតទៅ ៖
កន្លងទៅ លោក ហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានដាក់កម្រិតដល់លោកគ្រូ អ្នកគ្រូ ហាមផ្តាច់យកម៉ោងបង្រៀនទៅនិយាយពីរឿងនយោបាយ និងញុះញង់អោយសិស្សជ្រើសគណបក្សនេះ គណបក្សនោះ ជុំវិញបរិវេណសាលារៀន។ ក៏ប៉ុន្តែនៅថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងមុខវិជ្ជាប្រវត្តិវិទ្យា អ្នកតាមដានសង្គមថា បែរជាមានសំនួរ មិនពាក់ព័ន្ធទៅនឹងគោលការណ៍ កម្មវិធីសិក្សាអប់រំរបស់សាលាទៅវិញ ដែលវាជាប់ និន្នាការនយោបាយនាពេលបច្ចុប្បន្ន ដែលវាផ្ទុយទៅនឹងប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំ នាពេលកន្លងទៅ។
ពាក់ព័ន្ធទៅនឹងការដាក់សំនួរបែបនេះ លោក អ៊ូ វីរៈ ប្រធានវេទិការអនាគត់ និងជាអ្នកធ្វើការជាមួយយុវជន យល់ថា ការដាក់សំនួរបែបនេះ នៅក្នុងមុខវិជ្ជាប្រវត្តិវិទ្យា គឺជាការដាក់គំនាបអោយសិស្សឆ្លើយនូវអ្វី ដែលគេចង់អោយឆ្លើយ ឆ្លើយតបទៅនឹងពិន្ទុដែលពួកគេទទួលបាន ដោយវាហាក់បីដូចជា មិនស្របទៅតាមគោលគំនិត និងឆន្ទៈរបស់សិស្សគ្រប់រូបនោះទេ។
តែបើថា សំនួរទាំងនេះ គ្រាន់តែជាការស្ទង់មតិទៅនឹងការយល់ឃើញ របស់សិស្សានុសិស្សក្នុងឆាកនយាបាយសង្គម លោកយល់ថា វាមិនមែនជាសំនួរបែបស្ទង់មតិនោះទេ ដោយសារតែសំនួរទាំងនេះបង្ខំអោយសិស្សឆ្លើយនូវអ្វីដែលពួកគេមិនបានដឹងនោះទេ។
ប៉ុន្តែ អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា សំនួរទាំងនេះ គឺជាសំនួរស្ទាបស្ទង់ ការចូលរួមដឹងរបស់យុវជន សិស្សានុសិស្សទាំងអស់នោះ នៅក្នុងបញ្ហានយោបាយ ដែលកំពុងតែមាន ភាពរកាំរកូស ជាមួយគណបក្សជាប់ឆ្នោតទាំងពីរ ដែលកំពុងដល់ផ្លូវបំបែក នៃវប្បធម៌សន្ទនា។
លោកយល់ថា វប្បធម៌សន្ទនា មិនជាប់ទាក់ទិនទៅនឹងបញ្ហាប្រវត្តិសាស្រ្តនោះទេ តែវាជាប់ពាក់ព័ន្ធទៅនឹងទិដ្ឋភាពនយោបាយកម្ពុជា នាពេលបច្ចុប្បន្ន និងជាប់ជាមួយបញ្ហានយោបាយ ដែលក្រសួងបានប្រកាសហាមប្រាមផងដែរ។
ការប្រឡងនៅឆ្នាំនេះ មានបេក្ខជនជាង ៨ ម៉ឺននាក់ ហើយពួកគេសុទ្ធតែគ្រប់អាយុបោះឆ្នោត។ បើមិនមានអ្វីប្រែប្រួលនោះទេ ការបោះឆ្នោតតំណាងរាស្ត្រអណត្តិទី៦ នឹងធ្វើឡើងនៅឆ្នាំ២០១៨ ខាងមុខនេះ។ យុវជនទាំងនោះ មានកាតព្វកិច្ចបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេយល់ថា ល្អ សម្រាប់ប្រទេសជាតិ។
អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គមរូបនេះ ជម្រុញអោយក្រសួងអប់រំ ពិនិត្យ នៅក្នុងការដាក់កម្រងសំនួរអោយចំស្ថានការណ៍របស់សិស្ស ការដាក់សំនួរបែប បង្ខិតបង្ខំ នៅក្នុងពេលប្រឡងបែបនេះនោះទេ ដោយសារតែវាគឺជាសម្ពាធមួយបង្ខំអោយសិស្សនិយាយអ្វីដែលខ្លួនមិនគួរនិយាយ។
យ៉ាងណាក៏ដោយ ជុំវិញការប្រឡងឆ្នាំនេះ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន អះអាងថា ការប្រឡងនៅឆ្នាំនេះ គឺដំណើការ បានយ៉ាងល្អប្រសើជាងឆ្នាំទៅមិញ ដោយសារបេក្ខជនបានគោរព តាមការណែនាំរបស់ក្រសួងអបរំ។ លោកនាយករដ្ឋមន្ត្រី ចាត់ទុក ការប្រឡងលើកនេះ ជាការធ្វើកំណែរទម្រង់មួយដែលសង្គមត្រូវការ និងជះឥទ្ធិពលសម្រាប់កំណែរទម្រង់ដទៃទៀត ហើយធនធានមនុស្សជាការចាំបាច់ ណាស់សម្រាប់កំណែរទម្រង់ ការអប់រំនេះ និងជួយដល់វិស័យជាច្រើន៕
ដោយ ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!