រដ្ឋសភាកម្ពុជា និងរដ្ឋសភាប្រទេសគុយបា ប្តេជ្ញារឹតចំណងមិត្តភាព
រដ្ឋសភា កម្ពុជា និងរដ្ឋសភាប្រទេសគុយបា កំពុងស្វែងរកលទ្ធភាព ក្នុងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងគ្នា ឲ្យបានរឹងមាំបន្ថែមទៀត។ ក្នុងនោះភាគីទំាងពីរ បានប្តេជ្ញាថានឹងខិតខំជំរុញដំណើរទស្សនកិច្ច រវាងគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរ ទៅវិញទៅមក ឲ្យបានច្រើន និងនៅគ្រប់កម្រិត។ ទស្សនកិច្ចរួមគ្នាក្នុងការរឹតចំណងមិត្តភាព រវាងរដ្ឋសភាប្រទេសទំាងនេះ បានលើកឡើងនៅក្នុងជំនួប សម្តែងការគួរសម រវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង លោក ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ប្រចំានៅកម្ពុជា លោក ជូន ឌឺ ចេហ្សូស ហ៊ីដាហ្គោ ហ្កាតូ បេរេស (Juan De Jesus Hidalgo Gato Peres) នាថ្ងៃទី២៩ កុម្ភៈ នេះ នៅវិមានរដ្ឋសភា។
ឯកអគ្គរដ្ឋទូតគុយបា បានលើកឡើងពី ចំណងមិត្តភាពរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ និងត្រូវពង្រឹងពង្រីកបន្ថែមទៀត និងបានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានគំាទ្រ ប្រទេសគុយបា នៅលើ ឆាកអន្តរជាតិ។ លោកថា បើគ្មានការគំាទ្រពីកម្ពុជានោះទេ លទ្ធផលនៃកិច្ចចរចារវាងប្រទេសគុយបា និងសហរដ្ឋ អាមេរិក ក៏មិនមានផលជាវិជ្ជមាន ដូចពេលបច្ចុប្បន្ននេះដែរ។
លោក ហេង សំរិន លើកឡើងថា លោកតែងតែតាមដានជានិច្ច ចំពោះដំណើរការវិវឌ្ឍន៍ នៃសភាពការណ៍រវាងគុយបា និងអាមេរិក។ កម្ពុជាគាំទ្រឲ្យមានការលុបចោលទាំងស្រុង នូវការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើគុយបា នឹងត្រូវបានដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន។
ចំពោះចំណងមិត្តភាពរវាងរដ្ឋសភាប្រទេសទំាងពីរវិញ មកដល់ពេលនេះ រដ្ឋសភាកម្ពុជានិង គុយបា បានបង្កើតឲ្យមានក្រុមមិត្តភាពសភាទំាងពីរ។ ក្នុងទិសដៅរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អនិងរឹងមាំថែមទៀត លោកឯកអគ្គរដ្ឋទូតគុយបា បានស្នើដល់ ប្រធានរដ្ឋសភាកម្ពុជា ជួយជំរុញដើម្បីធ្វើយ៉ាងណា ឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក និងនៅគ្រប់កម្រិត រវាងរដ្ឋសភាទំាងពីរ។
លោក ហេង សំរិន បានសន្យាថា នឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងរដ្ឋសភា ប្រទេសទំាងពីរ ពិសេសតាមរយៈក្រុមមិត្តភាពសភាទំាងពីរ និងបានទទួលយកសំណើ របស់ប្រធានរដ្ឋសភាគុយបានិងបានអញ្ជើញ ប្រធានរដ្ឋសភាគុយបា បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅកម្ពុជាវិញ ផងដែរ៕
ដោយ៖សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!