លោកកែម ឡី ផ្តល់ដំណោះស្រាយចំពោះស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់ពលរដ្ឋកម្ពុជាពេលនេះ
លោកកែម ឡី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា អត្រាប្រេវ៉ាឡង់ និងអាំងស៊ីដង់នៃអំពើឃាតកម្ម ចោរលួច ចោរប្លន់ ជួញដូរគ្រឿងញៀន ករណីរំលោភ គ្រោះថ្នាក់ចរាចរណ៍ និងការជួញដូរមនុស្ស គួរឲ្យរន្ធត់ណាស់ និងកំពុងគំរាមកំហែងដល់សន្តិសុខមនុស្សជាតិខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកថា ការវិនិយោគទៅលើការបង្ក្រាបនិងវិធានការក្តៅ ដោយមានការរើសកងកម្លាំងបន្ថែម មានតម្លៃថ្លៃណាស់និងមិនមាននិរន្តភាពឬមិនអាចកាត់ផ្តាច់មូលហេតុឬដើមចមនៃបទល្មើសបានទេតែផ្ទុយពីនេះ ការវិនិយោគតាមរយៈបទអន្តរាគមន៍កាត់បន្ថយនិងលុបបំបាត់បទល្មើសឬដើមចមនៃបទល្មើសមិនឲ្យកើតមាននោះឡើយអាចមានប្រសិទ្ធិភាពខ្ពស់ មានតម្លៃថោកជាង និងមាននិរន្តរភាពជាងបទល្មើស។
លោកកែម ឡី បានអោយដឹងថា បើយោងតាមរបាយការណ៍សន្និបាតក្រសួងមហាផ្ទៃឆ្នាំ២០១៦ ទោះជាករណីបទល្មើសគ្រប់ប្រភេទមានការថយចុះក៏ពិតមែន តែករណីឧក្រិដ្ឋកម្មមានការកើនឡើងប្រមាណ ៥ភាគរយ នៅឆ្នាំ ២០១៤។ ហើយបទល្មើសនៃការជួញដូរមនុស្ស ត្រូវបានក្លាយជាប្រធានបទមួយសំខាន់ក្នុងតំបន់និងក្នុងពិភពលោក។ ប្រទេសកម្ពុជាជាប្រទេសមួយដែលជនស្លូតត្រង់ ក្រីក្រ និងជនរងគ្រោះបានក្លាយជាជនមានភាពផុយស្រួយក្នុងការជួញដូរពីជនខិលខូច។ ស្រ្តី កុមារ និងពលករខ្មែរមួយចំនួនបានក្លាយជាទាសករ និងរស់នៅជាទាសភាពរបស់ប្រទេសមួយចំនួន រងការរំលោភបំពាន ជួញដូរ និងទាសករអ្នកមានអំណាច និងអ្នកមានទ្រព្យ។ លោកបន្តថា ការជួញដូរមនុស្សខុសច្បាប់ជារឿងដែលធ្ងន់ធ្ងរ និងកាន់តែធ្ងន់ធ្ងរជាងនេះគឺ ការជួញដូរស្របច្បាប់តាមរយៈក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសជាប្រភេទនៃការជួញដូរមនុស្សសម័យថ្មីដែលមិនគូរឲ្យកើតមានឡើយ។ បញ្ហា បាតុកម្មនិងកូដកម្មមានចំនួនប្រមាណ៤,២២៤ដងក្នុងឆ្នាំ២០១៤និង២០១៥ ដែលចំនួននេះជាចំនួនច្រើនបញ្ជាក់ឲ្យឃើញយន្តការតាមដាន និងដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រព័ន្ធតុលាការមិនមានប្រសិទ្ធិភាពខ្ពស់ដែលឆ្លងមកដល់ដំណាក់កាលចុងក្រោយរបស់ពលរដ្ឋធ្វើបាតុកម្មនិងកូដកម្មឬការតវ៉ានេះ។ ការរំលោភសិទ្ធិកម្មករ និងបុគ្គលធ្ងន់ធ្ងរក៏អាចកើនមានឡើងផងដែរ ហើយបង្ករឲ្យមានការផ្ទុះការតវ៉ានេះ។ បញ្ហាមិនប្រក្រតី នៃការឆ្លងមេរោគអេដស៌ រលកទី២នៃការរាតត្បាតឆ្លងមេរោគអេដស៌មានសញ្ញាអាសន្នចាប់តាំងពីឆ្នាំ២០០៩នៅពេលដែលរដ្ឋាភិបាលបានចាត់វិធានការណ៍បិទកន្លែងកំសាន្តសប្បាយមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់កម្មវិធីស្រោមអនាម័យ១០០%ស្ទើរតែទាំងស្រុង។ ការផ្ទុះនៃការឆ្លងមេរោគអេដស៌នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងនៅភូមិពាម ឃុំសម្បូរមាស ស្រុកមុខកំពូល ខេត្តកណ្តាលក៏ជាសញ្ញានៃការផ្ទុះឡើងរលកទី២នៃការឆ្លងមេរោគអេដស៌ដែរ។
លោកបានផ្តល់ជាយុទ្ធសាស្រ្តដែលអាចកាត់បន្ថយបទល្មើសបានច្រើនករណី បន្ទាប់ពីរដ្ឋាភិបាលបង្កើនការបង្រ្កាបតាមរយៈការជ្រើសរើសកងកម្លាំងប្រដាប់អាវុធច្រើន និងបំពាក់ឧបករណ៍សម្រាប់ទប់ស្កាត់បទល្មើសនោះ ត្រូវចំណាយថវិកានិងធនធានច្រើនណាស់ និងមិនទទួលបានជោគជ័យក្នុងការកាត់បន្ថយបទល្មើសទេ គឺគ្រាន់តែអាចចាប់បានករណីនិងបញ្ជូនទៅតុលាការមួយចំនួនប៉ុណ្ណោះ។ ក៏ប៉ុន្តែករណីបទល្មើសថ្មី ចាស់នៅតែកើតមាននិងមានភាពស៊ីជម្រៅបន្ថែមទៀត។ ដូចនេះរដ្ឋាភិបាលត្រូវ សិក្សាស្រាវជ្រាវពីអត្រាប្រេវ៉ាឡង់ ទំហំបទល្មើស និងអត្រាអាំងស៊ីដង់ ករណីបទល្មើសថ្មី និងសិក្សាស៊ីជម្រៅពីមូលហេតុ ដើមហេតុ និងឬសគល់ បញ្ហាឲ្យបានជាក់លាក់។
ចំណែក ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី គណរដ្ឋមន្ត្រី អភិបាលខេត្ត ស្រុក ខ័ណ្ឌ និងមេបញ្ជាការនគរបាល កងរាជអាវុធហត្ថ និងមេបញ្ជាការយោធាគ្រប់ថ្នាក់ត្រូវធ្វើជាគំរូល្អបំផុតក្នុងការប្រត្តិបត្តិសីលធម៌ល្អ សុជីវធម៌ល្អ គុណធម៌ខ្ពស់ ភាពស្អាតស្អំ មិនពុករលួយ និងមានសុច្ចរិតភាពខ្ពស់នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងនិងជាគំរូល្អបំផុតដល់ពលរដ្ឋសាមញ្ញ យុវជន និងជនគ្រប់រូបនៅក្នុងសង្គមកម្ពុជា។
ទន្តឹមនឹងនេះ រដ្ឋត្រូវបំបាត់អំពើពុករលួយពីលើចុះក្រោមតាមរយៈការធ្វើការប្រកាសទ្រព្យសម្បត្តិដោយចំហ ទាំងគ្រួសារ និងមានការសើបអង្កេតជាប្រចាំឆ្នាំនូវមុខរបរនិងប្រភពចំណូលឬទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នទាំងបីរបស់ជាតិ។
បន្ថែមពីលើនេះ រដ្ឋត្រូវលុបបំបាត់និទន្តភាពឲ្យអស់តាមរយៈពង្រឹងឯករាជ្យភាពប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មច្បាប់ស្តីពីតុលាការទាំងបីឲ្យមានការចូលរួមពេញលេញពីពលរដ្ឋ និងចែកឲ្យដាច់ពីគ្នារវាង តុលាការ នីតិបញ្ញត្តិ នីតិប្រត្តិបត្តិ។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនអាចជាសមាជិករបស់រដ្ឋាភិបាលដាច់ខាតនិងអគ្គលេខាធិការដ្ឋានត្រូវស្ថិតនៅដាច់ពីក្រសួងយុត្តិធម៌។ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យត្រូវបង្កើតដែលមានសូច្ចនាករវាស់វែងតាមលក្ខណៈវិទ្យាសាស្រ្តនិងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។
ស្របគ្នានោះ រដ្ឋត្រូវ ពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់មន្រ្តីអនុវត្តន៍ច្បាប់តាមរយៈការបង្កើនប្រាក់ខែយ៉ាងតិចបំផុត ៥០០ដុល្លារនិងធ្វើការជ្រើសរើសមន្រ្តីអនុវត្តច្បាប់ដោយផ្អែកលើសមត្ថភាពជំនាញ គុណភាពការងារ និងប្រជាប្រិយភាពរបស់បុគ្គលចំពោះមន្ត្រី និងសាធារណជន។ ហើយបញ្ឈប់ការតែងតាំងប្រធានស្ថាប័នតាមរយៈខ្យល់បក្ស បក្សពួក ទឹកប្រាក់ និងខ្សែស្រឡាយដែលមិនមានសមត្ថភាព និងគុណភាពខ្ពស់។
ចំណែកឯក្រសួងវិញ គួរតែបង្រួមឲ្យនៅត្រឹម១០ក្រសួងជំនាញ និងលុបចោលយន្តការអន្តរក្រសួងទាំងអស់ដូចជាអាជ្ញាធរ ក្រុមប្រឹក្សា គណកម្មការ រដ្ឋបាល ជាដើម តាមរយៈវិភាគមុខងារ និងភារៈកិច្ច និងសរសេរតារាងតួនាទីភារៈកិច្ច សម្រាប់អង្គភាពនិងមន្រ្តីម្នាក់ៗក្នុងការចៀសវាងភាពជាន់ការងារគ្នា ប្រចាំគ្នា ការិយាល័យធិបតេយ្យ មិនគោរពគ្នា ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាព និងគុណភាពសេវាសាធារណរួមទាំងទប់ស្កាត់បទល្មើសដូចបានវិភាគខាងលើ។
រីឯ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពវិញ ត្រូវការវិនិយោគនិងវិមជ្ឈការការងារបន្ថែម និងលើកទឹកចិត្តឲ្យមានការចូលរួមពេញលេញពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមូលដ្ឋាន។ ថវិកាឃុំ និងសង្កាត់ត្រូវបង្កើនយ៉ាងហោចណាស់១លានដុល្លារក្នុង១ឃុំឬ សង្កាត់ក្នុងមួយឆ្នាំដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍គោលនយោបាយទាំង៩ឲ្យមានប្រសិទ្ធិភាព។
សំខាន់ដែរនោះ គឺ ត្រូវការពារសុវត្ថិភាព គាំពារអ្នករងគ្រោះ និងពង្រីកការចូលរួមរបស់ពលរដ្ឋ
ចៀសវាងចាប់ត្រីចង្វារ រក្សាត្រីធំ ។ ហើយ ត្រូវកាត់បន្ថយភាពក្រីក្រចំពោះគ្រួសារក្រីក្រតាមភូមិនីមួយៗ ដើម្បីកុំ ឲ្យពលរដ្ឋជាពិសេសយុវជនមានភាពផុយស្រួយក្នុងការងាយចាប់យកអ្វីដែលមិនល្អជាពិសេសងាយទទួលយកល្បិចពីជនទុច្ចរិតដែលបង្កឲ្យមានការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ឃាតកម្ម ចោរលួច ចោរប្លន់បានយ៉ាងងាយ។
ក្រៅពីនេះ រដ្ឋត្រូវ កាត់បន្ថយបាតុកម្ម និងកូដកម្មតាមរយៈការរៀបចំប្រាក់ខែគោល ពង្រឹងសេរីភាពសហជីព រៀបចំស្តង់ដារកិច្ចសន្យាការងារ និងបង្ខំឲ្យអនុវត្តច្បាប់ការងារឲ្យបានពេញលេញជាពិសេសស្តង់ដាសេវាសាធារណៈសម្រាប់កម្មករ និងរយពេលនៃការឈប់សម្រាករបស់កម្មករក្នុងពិធីបុណ្យជាតិ ឈប់សម្រាកប្រចាំឆ្នាំ ពី១៨ទៅ២០ថ្ងៃក្នុង១ឆ្នាំ ឈប់សម្រាកពេលមានផ្ទៃពោះ១០០ថ្ងៃ និងការឈប់សម្រាកផ្សេងទៀតពេលមានការចាំបាច់។ រដ្ឋត្រូវមានវិធានការច្បាប់ច្បាស់លាស់ដែលមិនឲ្យមានការរំលោភផ្លូវភេទ បងធំតាមរោងចក្រ និងកិច្ចគាំពារសុវត្ថិភាពសម្រាប់កម្មករគ្រប់រូប។ លោកកែមឡី បញ្ជាក់ថា វិធានការបង្រ្កាបបាតុកម្មមិនមែនជាវិធីល្អសម្រាប់ធានាសន្តិសុខជាតិ និងសន្តិសុខមនុស្សជាតិនោះឡើយ។
រដ្ឋត្រូវ ពង្រឹងសិទ្ធិអំណាចអ្នកទន់ខ្សោយឲ្យមានភាពស្មើគ្នាជាមួយជនគ្រប់រូប។ មានន័យថា ពង្រឹងសិទ្ធិអំណាចស្រ្តី និងកុមារតាមរយៈបង្កើតសមាមាត្រស្រ្តីក្នុងតំណែងស្ថាប័នទាំងបីឲ្យបានយ៉ាងតិច៣០ភាគរយ និង បង្កឱកាសស្រ្តីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តឲ្យបានទូលាយ និងពេញលេញ។ ធានាថាស្រ្តី និងក្មេងស្រីរស់នៅមានសិទ្ធិសេរីភាពនិងចាកផុតពីការរំលោភសិទ្ធិ។ ស្រ្តីមានភាពស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ និងរៀបចំច្បាប់ការគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ៕
ដោយ៖ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!