លោក កែម ឡី ផ្តល់ដំណោះស្រាយចំពោះបញ្ហាជនអន្តោប្រវេសន៍
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម សរសេរនៅក្នុងទំព័រហ្វេសបុកផ្លូវការរបស់ លោក នៅថ្ងៃទី ២៩ កុម្ភៈ ដោយលើកឡើកថា ប្រទេសកម្ពុជា ទទួលជនបរទេសស្នាក់នៅអនាធិបតេយ្យបានបង្កើតនិគមជាច្រើន ពិសេសនិគមវៀតណាមច្រើនដែលនាំឲ្យមានវិបត្តិផ្ទៃក្នុងប្រទេសរហូតមកដល់សព្វថ្ងៃនេះ និង អាចបណ្ដាលអោយ ឈ្លោះផ្ទៃក្នុងប្រទេសដោយសារការដណ្តើមអំណាចគ្នាទៅវិញទៅមក។
លោកបន្តថា ជនជាតិវៀតណាម បានរស់នៅខុសច្បាប់អន្តោប្រវេសន្ត និងច្បាប់សញ្ញាតិ្តដ៏ច្រើនលើសលុប ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលចាប់បញ្ចូនត្រឡប់ទៅប្រទេសដើមវិញបណ្ដើរៗផងដែរ។ លោកបន្ថែមថា បើទោះបីជាមានវិធានការរបស់រដ្ឋាភិបាលបច្ចុប្បន្នបែបនេះក្ដី ក៏មិនទាន់មានប្រសិទ្ធិភាពពេញលេញនៅឡើយទេ ការហូរចូលជនជាតិវៀតណាមកើតមានដ៏ដែល។
អ្នកស្រាវជ្រាវការអផិវឌ្ឍន៍សង្គមរូបនេះ លើកយកយុទ្ធសាស្រ្ត និង ដំណោះស្រាយសមស្របសំខាន់ៗ ១៣ ចំណុចរួមមាន ៖
១. រៀនសូត្រមេរៀនពីប្រទេសថៃដែលធ្លាប់បញ្ជូនកម្មករខ្មែរនៅឆ្នាំ២០១៤ តែ១ខែហូតដល់ជាង២០០,០០០នាក់។ រៀបចំយុទ្ធនាការបញ្ជូនដោយមានផែនការច្បាស់លាស់ និងមានការសហការជិតស្និទ្ធិជាមួយភ្នាក់ងារអង្គការសហប្រជាជាតិនិងប្រទេសដើមរបស់ជនជាតិនោះ។ ហើយចំពោះការបញ្ជូនវិញត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាសកល និងកត្តិការសញ្ញាស្តីពី សិទ្ធិជនភៀសខ្លួន និងសេចក្តីប្រកាសអាស៊ានស្តីពីការការពារជនអន្តោប្រវេសន៍ និងក្រុមគ្រួសាររបស់ពួកគេ។
២. រៀបចំវិមជ្ឈការការងារស្របច្បាប់នៃការផ្តល់សញ្ញាតិដល់ប្រជាពលរដ្ឋ តាមភូមិនីមួយៗក្នុងការប្រជុំ ពិភាក្សាលើលក្ខខ័ណ្ឌក្នុងការផ្តល់ការគាំទ្រ ឬមិនគាំទ្រលើ បុគ្គល ណាម្នាក់មុនចូលសញ្ញាតិ។ មន្រ្តីពាក់ព័ន្ធទាំងអស់ មិនត្រូវផ្តល់ឲ្យជនជាតិណាម្នាក់បន្តស្នាក់នៅ ឬសុំចូលសញ្ញាតិឡើយ ហើយរដ្ឋាភិបាលចាំចុះហត្ថលេខាជាក្រោយ មុននឹងបញ្ជូនទៅព្រះមហាក្សត្រ។ លោកថា ប្រទេសថៃ និងប្រទេសវៀតណាម ដូចជាមិនងាយផ្តល់សញ្ញាតិឲ្យជនបរទេសណាម្នាក់ឡើយ លើកលែងតែផ្តល់ផលចំណេញដល់ប្រទេសគេ។
៣. ពិនិត្យឡើងវិញនិងកែលំអរការប្រមូល ចងក្រង បញ្ចូល វិភាគ ប្រព័ន្ឋទិន្នន័យភូមិ. ឃុំ ប្រព័ន្ធទិន្នន័យ និងស្ថិតិរបស់ នគរបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ឃុំ។ រួមបញ្ចូលប្រព័ន្ធទាំងអស់ខាងលើឲ្យទៅជាស្តង់ដារក្នុងការគ្រប់គ្រងស្ថិតិប្រជាសាស្រ្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា។
៤. សហការជាមួយក្រសួងទេសចរណ៍ក្នុងការពង្រឹងនិងកែលំអរប្រព័ន្ធទិន្នន័យភ្ញៀវ ទេសចរណ៍និងតាមដានចំពោះភ្ញៀវទេសចរណ៍ណាដែលបានផុតកំណត់ក្នុងការស្នាក់នៅ ប្រទេសកម្ពុជាតែពុំទាន់ឃើញមានព័ត៌មានត្រឡប់ទៅប្រទេសដើមវិញ។
៥. សហការជាមួយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការ ស្រង់ស្ថិតិកម្មករ អាជីវករ និងអ្នកជំនួញជនបទរទេសដែលមកធ្វើការ រកស៊ីនៅប្រទេសកម្ពុជា ដែលពុំមានវីសាការងារ ច្បាស់លាស់ ពីក្រសួងនិងធ្វើការតាមដានជាប្រចាំ។
៦. សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយលទ្ឋផលជាប្រចាំដល់សាធារណជនពីស្ថិតិ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលរស់នៅប្រទេសកម្ពុជាតាមរយការសហការ ជាមួយផ្នែក ស្រាវជ្រាវរបស់ក្រសួងផែនការ ឬ នាយកដ្ឋានស្ថិតិ និងដៃគូពាក់ព័ន្ឋនានា។ និងត្រូវមានការចូលរួមរបស់សង្គមស៊ីវិលនិងពលរដ្ឋជាការចាំបាច់ក្នុងការគ្រប់គ្រងស្ថិតិនេះ។
៧. រៀបចំក្រុមអធិការកិច្ចចម្រុះ មាន អង្គការសង្គមស៊ីវិល តំណាងយុវជន តំណាងសមាជិកសភា និងតំណាងរដ្ឋាភិបាលដើម្បីត្រួតពិនិត្យមើលតាមតំបន់អភិវឌ្ឍដី សម្បទានសេដ្ឋកិច្ច និងដីសម្បទានរ៉ែទាំងអស់របស់ក្រុមហ៊ុនជាពិសេសក្រុមហ៊ុនវៀតណាម។
៨. រៀបចំកសាង និងគ្រប់គ្រងមណ្ឌលបណ្តោះអាសន្នក្នុងការបង្កការស្នាក់នៅ របស់ ជនភៀសខ្លួននិងជនអន្តោប្រវេសន៍មុននឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញឬទៅប្រទេសទីបី។កិច្ចការនេះត្រូវសហការជិតស្និទ្ធិជាមួយភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
៩. រៀបចំនិយាមក្នុងការអនុវត្ត បញ្ជូនជន អន្តោប្រវេសន៍ និងជនភៀសខ្លួនទៅប្រទេសដើមវិញ និងទៅប្រទេសទីបីដែលមានការសហការជា មួយសមភាគី និងអង្គការសហប្រជាជាតិ។
១០. ទប់ស្កាត់ការជ្រៀតចូល ដោយខុសច្បាប់ ពីសំណាក់ជន បរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការរិតបណ្តឹង ច្រកព្រំដែន និងកិច្ចការបង្កើនការល្បាត តាមព្រំដែនឲ្យបានម៉ត់ចត់។
១១. ពង្រីកការអប់រំ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធសង្គម និងបញ្ចូល សេចក្តីតែងការទៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគភូមិ ឃុំ ស្តីពី ច្បាប់សញ្ជាតិ ច្បាប់អន្តោប្រវេសន្ត នីតិវិធីគ្រប់គ្រង របាយការណ៍សមិទ្ធិផលសម្រេចបាន លទ្ឋផលស្រាវជ្រាវនិង ស្ថិតិនានាដើម្បីបង្កើនទំនុកចិត្ត ដល់សាធារណជន។គ្រប់ផ្ទះសំណាក់ ផ្ទះជួល និងកន្លែងស្នាក់នៅនានាត្រូវមានការត្រួតពិនិត្យក្នុងករណីមានជនបរទេសខុសច្បាប់ចូលស្នាក់នៅ។
១២. បញ្ឈប់ទាំងស្រុងការជួល និងលក់ដីតាមព្រុំដែនកម្ពុជា និងដកហូតមក វិញជាបន្ទាន់ នូវដីស្រែចំការណាដែលបានជួល និងលក់ឲ្យជនបរទេសតាមព្រុំដែនដោយខុសច្បាប់។
និងចំណុចចុងក្រោយនោះ ការជួលនិងលក់ដីតាមព្រំដែន តាមកោះ និងកន្លែងផ្សេងៗទៀត រដ្ឋាភិបាលត្រូវធ្វើការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្ត និងតាមបែបចូលរួមឲ្យបានពេញលេញពីភ្នាក់ងារពាក់ព័ន្ធ។ រដ្ឋត្រូវសិក្សាស្រាវជ្រាវនិគមយូនទាំងអស់ដែលរស់នៅប្រទេសកម្ពុជាជាពិសេសពិនិត្យមើលសកម្មភាពរបស់សមាគមយួនដែលមាននៅប្រទេសកម្ពុជាគ្រប់ខេត្ត និងក្រុង៕
ដោយ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!