លោកកែម ឡី៖ ស្ត្រីជាកម្លាំងជួរមុខក្នុងការតស៊ូយកជ័យជំនះតាំងពីសម័យអណានិគមបារាំងរហូតមកដល់សម័យបច្ចុប្បន្ន
ឆ្លៀតឱកាសមុនពេលទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា មកដល់ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងចលនាស្ត្រីនៅក្នុងសង្គម ដោយថាស្ត្រីជាកម្លាំងជួរមុខក្នុងការតស៊ូយកជ័យជំនះតាំងពីសម័យអណានិគមបារាំងរហូតមកដល់សម័យបច្ចុប្បន្ន។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែមឡី បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា ស្ត្រីជាកម្លាំងជួរមុខក្នុងការតស៊ូយកជ័យជំនះតាំងពីសម័យអណានិគមបារាំងរហូតមកដល់សម័យបច្ចុប្បន្ន។ លោកលើកឡើងបែបនេះ មុនពេលដែលទិវាសិទ្ធិនារី អន្តរជាតិ មកដល់ ថ្ងៃទី ៨មិនាខាងមុខនេះ។
លោកបានរំលឹក ឈ្មោះចលនា នារីដែលក្លាហានដែលមាននៅសម័យសម្តេចតាកាលពីឆ្នាំ១៩៥៣នោះ ថាជាចលនានារីក្លាហានអាវប្រផះជំនាន់ទី១ ពោលគឺចលនាប្រឆាំងទៅនឹងសម័យអាណានិគមនិយមបារាំង ហើយដែលកាលនោះសម្តេចតាតែងតែលើកសរសើរនារីក្លាហានអាវប្រផះដែលងើបឡើងគ្រប់ខេត្តក្នុងការតស៊ូតតាំងជាមួយអនានិគមបារាំងដើម្បីទៀមទាឯករាជ្យពីបារាំង បន្ថែមពីនេះទៀត ស្នាដៃចលនានារីក្លាហានដែលរួមគ្នាជាម្លប់និងជាកម្លាំងស្នូលសម្រាប់ជាចង្កឹះដែលមាំ និងដែលផ្តល់ឱកាសឲ្យសម្តេចតាយកកម្លាំងនារីក្លាហានដើម្បីតវ៉ានិងគំរាមផ្តាច់ខ្លួនពីបារាំង ទៅនៅជាមួយចលនានារីក្លាហាននៅក្នុងសម័យកាលនោះ។
លោកកែម ឡីថាក្រោយមកទៀតក៏មានចលនានារីមួយទៀតដែរ ដែលលោកអោយឈ្មោះថាចលនានារីក្លាហានអាវខ្មៅជំនាន់ទី២ គឺដោយហេតុថានៅក្នុងសម័យនោះគឺសម័យខ្មែរក្រហម បុរសជាច្រើនជាពិសេសជនស្លូតត្រង់ត្រូវបានខ្មែរក្រហមដែលមានសម្ព័ន្ធមិត្តជាមួយក្រុងហានណូយសម្លាប់ និងបង្អត់អាហារ ស្គមស្គាំង បាក់កំលាំង មិនអាចធ្វើការបាននោះ នារីក្លាហានអាវខ្មៅ មិនត្រឹមតែថែទាំប្តីមានជម្ងឺ កូនតូច ថែមទាំងជាកងនារីចល័ត និងធ្វើការយ៉ាងស្វាហាប់លុះអាចជំនះឧបស័គ្គបានគ្រប់យ៉ាង ហើយចលនានេះផងដែរ បានទប់ទល់លើឧបាយកល និងកលល្បិច សម្រេចបំណងសាធារណរដ្ឋសង្គមនិយមឥណ្ឌូចិន ហើយក៏ជាឬសគល់ ដែលនាំអោយចលនានារីក្លាហាននោះ បានបោះមួយជំហ៊ានដល់សម័យបច្ចុប្បន្ននេះ។
លោកកែម ឡីបន្តរទៀតថា នៅពេលនោះដែរ បុរសត្រូវបានសម្លាប់ផ្តាច់ពូជ តែមានតែនារីទេដែលស៊ាំនឹងកិច្ចការលំបាក និងថែទាំកូន ថែជម្ងឺប្តី និងបំពេញការងារសម្រាប់របបខ្មៅងងឹតផងនោះ នារីបានតស៊ូរហូតមានចលនាតស៊ូផ្តួលរំលំរបបខ្មៅងងឹតនេះ។ ហើយចំពោះចលនាបន្ទាប់និងជាចលនាដែលបាននឹងកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្ននេះ លោកអោយឈ្មោះថាចលនានារីក្លាហានអាវចម្រុះជំនាន់ទី៣ ដែលចលនានារីក្លាហានជំនាន់ទីបីរួមមាន សង្គមស៊ីវិល សហជីព សមាគមកសិករ សកម្មជនជានារី រួមទាំងសកម្មជនបឹងកក់ បូរីកីឡា ឡពាង នារីការពារព្រៃឈើ ជាពិសេសព្រៃឡង់ នារីក្នុងគណបក្សនយោបាយ ដែលសុទ្ធតែជាការរួមចំណែកក្នុងចលនានារីជំនាន់ទី៣ដែលមានសេចក្តីក្លាហាន ហ៊ានលះបង់ ប្រឈមកិច្ចការសង្គមជាច្រើនក្នុងការកសាងសង្គមឲ្យមានការទទួលខុសត្រូវខ្ពស់ តម្លាភាព និងមានការចូលរួមពេញលេញពីសំណាក់យុវជនជាពិសេសស្រ្តី និងក្មេងស្រី។
លោកក៏បានលើកឡើងផងដែរថា ការតស៊ូរបស់នាទីក្លាហានជំនាន់ទីបីដើម្បីឈានទៅសម្រេចកូតានារីយ៉ាងតិច៣០% យ៉ាងតិចនៅស្ថាប័នទាំងបីនៅតែសកម្មនិងស្វិតស្វាញ ពោលគឺនៅរដ្ឋសភា ព្រឹទ្ធសភា គណៈរដ្ឋមន្ត្រី និងតុលាការ។
លោកកែម ឡី បន្តទៀតថា ចលនានារីក្លាហាននេះក៏អាចចូលរួមដោះស្រាយបញ្ហាជាច្រើនទៀតដូចជា រួមមាន
បញ្ហាទំនាស់ព្រំសីមា កម្ពុជានិងវៀតណាម កម្ពុជានិងថៃ កម្ពុជានិងឡាវ
បញ្ហាការកាប់បំផ្លាញព្រៃឈើ និងការថែទាំបរិស្ថាន
បញ្ហាការរំលោភដីធ្លី និងអំពើអយុត្តិធម៌សង្គម
បញ្ហាស្រ្តីចូលរួមក្នុងឆាកនយោបាយ សេដ្ឋកិច្ច អប់រំ និងសុខមាលភាពសង្គម
បញ្ហាអភិបាលកិច្ចជាតិនិងអភិបាលកិច្ចមូលដ្នានជាពិសេសប្រឆាំងអំពើពុករលួយ
បញ្ហាវិសមភាពយេនឌ័រនិងវិសមភាពសេដ្ឋកិច្ចពិសេសបិទគម្លាតអ្នកមាននិងអ្នកក្រ
បញ្ហាការកាត់បន្ថយភាពក្រីក្រ និងការងាររបស់យុវជន
ហើយនិង បញ្ហានានាដែលកើតមានឡើងក្នុងសង្គម
លោកបានបញ្ជាក់ថា បណ្តាញស្ត្រីដោយរួមមាន បណ្តាញស្រ្តីដើម្បីការផ្លាស់ប្តូរ បណ្តាញស្រ្តីចូលរួមក្នុងឆាកនយោបាយ បណ្តាញនារីបឹងកក់ បណ្តាញបុរស នារីព្រៃឡង់ សហជីព សមាគមកសិករ និងបណ្តាញនានា គឺជាចលនាសកម្មរបស់នារីក្លាហានជំនាន់ទី៣នេះហើយ។
ដោយ ស៊ាង ម៉េងសាង Email: mengsangbo@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!