អាស៊ាន Update
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំឡេងយុវជន VOY FM 94 MHz នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!!ក្នុង "នាទីអាស៊ាន UP DATE" នាសប្តាហ៍នេះ លោកអ្នកនឹងបានស្តាប់ព្រឹត្តិការណ៍ថ្មីៗ ដែលកើតមានក្នុងតំបន់អាស៊ាន ស្តីពី គណបក្ស NLD ស្នើឈ្មោះមិត្តជិតស្និទរបស់លោកស្រី ស៊ូជី ប្រកួតប្រជែងតំណែងប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា, ម៉ាឡេស៊ី បំផ្លាញផែនការពួក IS ចាប់ជំរិតនាយករដ្ឋមន្រ្តី, តុលាការហ្វីលីពីនបើកភ្លើងខៀវឲ្យលោកស្រី "គ្រេសប៉ូ" ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ,បេក្ខជនឯករាជ្យនៅប្រទេសវៀតណាម ប្រើប្រព័ន្ធផ្សព្វផ្សាយអនឡាញរកសំឡេងឆ្នោត, ជំរាបជូនដោយ លោកមុំ រឿន ដូចតទៅ ៖
គណបក្ស NLD ស្នើឈ្មោះមិត្តជិតស្និទរបស់លោកស្រី ស៊ូជី ប្រកួតប្រជែងតំណែងប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា
នៅថ្ងៃសុក្រទី១១ ខែមីនា ម្សិលមិញនេះ សភាតំណាងរាស្ត្រនៃប្រទេសមីយ៉ាន់ម៉ាបានបោះឆ្នោតដោយសំលេងភាគច្រើន ២៧៤សំឡេង ពីចំនួនទាំងអស់ ៣១៧សំឡេង គាំទ្រលោក ធីន ចវ៍ មិត្តជិតស្និទរបស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្ស ជាបេក្ខជនប្រធានាធិបតីថ្មីតាមការរំពឹងទុក ដើម្បីឲ្យរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីនៅសប្តាហ៍ក្រោយ។
សមាជិកសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាថ្មី ដែលមានគណបក្ស NLD គ្រប់គ្រងសំឡេងភាគច្រើន ផ្តើមដំណើរការស្នើឈ្មោះបេក្ខជនប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែមិនា ម្សិលម៉្ងៃ តាមនីតិវិធីដែលបានកំណត់។ សភាទាំងពីរនិងខាងកងទ័ពដែលមានសមាមាត្រ 25% ក្នុងសភា នឹងស្នើឈ្មោះបេក្ខជនប្រធានាធិបតីម្ខាង១នាក់ ទាំងអស់៣នាក់ ដោយអ្នកដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេនឹងបានធ្វើជាប្រធានាធិបតី ហើយ២នាក់ទៀត ធ្វើជាអនុប្រធានាធិបតី។
ក្រៅពីលោក ធីន ចវ៍ នោះ គណបក្ស NLD បានស្នើឈ្មោះលោក ហេនរី វ៉ាន់ទៀយូ អាយុ៥៧ឆ្នាំ មកពីក្រុមកុលសម្ព័ន្ធឈីន ជាតំណាងខាងព្រឹទ្ធសភា ខណៈដែលខាងកងទ័ពស្នើឈ្មោះលោក លោក មិន សួយ ប្រធានក្រុមប្រឹក្សារដ្ឋធានីរ៉ង់ហ្គូន និងជាអតីតនាយទាហានឋានន្តរសក្តិឧត្តមសេនីយឯក ជាមិត្តរបស់លោកឧត្តមសេនីយ៍ជាន់ខ្ពស់ ថាន់ ស្វេរ អតីតមេដឹកនាំរដ្ឋាភិបាលផ្តាច់ការយោធា រីឯគណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) បក្សកាន់អំណាចក្នុងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ថេនសេន ដែលកំពុងនឹងអស់អាណត្តិនៅចុងខែមីនានេះ បានតែងតាំងបេក្ខជនរបស់គណបក្សដើម្បីប្រកួតប្រជែងផងដែរ គឺលោក សៃ ម៉ុកខាំ អនុប្រធានាធិបតី និងលោក ឃិន អ៊ុងមីន អតីតទាហានជើងអាកាសនិងជាអតីតប្រធានសភាតំណាងរាស្ត្រ។
បន្ទាប់ពីបានឈ្មោះបេក្ខជនប្រធានាធិបតីទាំង៣រូបហើយ សមាជិកទាំងពីរសភាមានចំនួនសរុប ៦៦៤រូប នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងអំឡុងថ្ងៃទី ១៧-១៨ ខែមីនា ខាងមុខនេះ ហើយពិធីផ្ទេរអំណាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ដោយនឹងមានប្រធានាធិបតី អនុប្រធានាធិបតី និងគណៈរដ្ឋមន្រ្តីចូលស្បថឡើងកាន់តំណែង។
ពីអតីតជាអ្នកបើកឡាន ឡើងទៅកាន់ជាមេដឹកនាំប្រទេស
ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនស្គាល់លោក ធីន ចរ៍ អាយុ ៧០ឆ្នាំ ក្នុងឋានៈជាអ្នកបើកឡានផ្ទាល់ខ្លួនឲ្យលោកស្រី អ៊ុងសាន ស៊ូជី តែការពិតនោះលោកជាទីប្រឹក្សាជំនិតរបស់លោកស្រី ហើយបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសដូចលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។
លោកជាកូនកាត់មន -មីយ៉ាន់ម៉ា ដោយឪពុកគឺលោក វីន ធូវុន ជាអតីតតំណាងរាស្ត្រគណបក្ស NLD កាលពីឆ្នាំ ១៩៩០ ខណៈដែលឪពុកក្មេកគឺលោក អ៊ូ ល្វីន ជាសហស្ថាបនិកគណបក្ស NLD រីឯភរិយារបស់លោកគឺ លោកស្រី ស៊ូ ស៊ូល្វីន ជាតំណាងរាស្ត្រគណបក្ស NLDនាពេលបច្ចុប្បន្ន ដែលទើបនឹងទទួលការតែងតាំងឲ្យធ្វើជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាមីយ៉ាន់ម៉ា។
ចំពោះលោកស្រី ស៊ូជី វិញនោះ លោក ធីន ចរ៍ ចាត់ទុកជាមនុស្សម្នាក់ដែលលោកស្រីទុកចិត្ដបំផុត ហើយនៅធ្វើជានាយកប្រតិបត្តិមូលនិធិ "ដវ៍ ខិនជី " អង្គការសប្បុរសធម៌ខាងការសិក្សា ដែលបង្កើតឡើងជាកិត្តិយសជូនដល់លោកស្រី ដវ៍ ខិនជី មាតារបស់លោកស្រី អ៊ុងសាន ស៊ូជី ។
ដោយហេតុតែលោកស្រី ស៊ូជី មានបុត្រទាំងពីរនិងស្វាមីជាជនជាតិអង់គ្លេស ទើបឡើងធ្វើជាប្រធានាធិបតីមិនបាន ព្រោះមាត្រា ៥៩ នៃរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលព្រាងឡើងក្នុងសម័យរដ្ឋាភិបាលយោធា ហាមអ្នកមានបុត្រនិងគូអាពាហ៍ពិពាហ៍ជាជនបរទេសឡើងកាន់តំណែងនេះ ធ្វើឲ្យលោកស្រីត្រូវការអ្នកដែលលោកស្រីទុកចិត្តបំផុត ឡើងកាន់កិច្ចការដឹកនាំប្រទេសជំនួស ហើយមានរលកសន្និដ្ឋានថា លោកស្រី ស៊ូជី អាចនឹងអង្គុយក្នុងតំណែងថ្មីជា «រដ្ឋមន្ត្រីជាន់ខ្ពស់» ដែលនឹងផ្ដល់ឱ្យលោកស្រីគ្រប់គ្រងកិច្ចការរបស់រដ្ឋាភិបាលបាន។
ម៉ាឡេស៊ី បំផ្លាញផែនការពួក IS ចាប់ជំរិតនាយករដ្ឋមន្រ្តី
លោក អាម៉ាត់ សាហ៊ីដ ហាមីឌី ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសម៉ាឡេស៊ី បានថ្លែងថា ប៉ូលីសម៉ាឡេស៊ីបានបំផ្លាញផែនការរបស់ក្រុមជ្រុលនិយម IS ដែលប្រុងចាប់ជំរិតលោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីជាច្រើនរូបទៀត លើសនេះទៀតក្រុម IS នៅមានផែនការវាយប្រហារភេរវកម្មក្នុងរដ្ឋធានីរដ្ឋបាល ពូត្រាចាយ៉ា ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រ នៅភាគខាងត្បូងទីក្រុងកូឡាឡាំពួរ ដោយអាជ្ញាធរបានរកឃើញគ្រឿងផ្ទុះដែលមានការរៀបចំនិងមានការសាកល្បងទៀតផង។
លោក សាហ៊ីដ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ កន្លងទៅ មានការរៀបចំគម្រោងដោយប្រជាជន ១៣នាក់ ដែលពាក់ព័ន្ធជាមួយ Da H (ក្រុម IS) ដើម្បីចាប់ជំរិតថ្នាក់ដឹកនាំម៉ាឡេស៊ី រួមមាននាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានផែនការវាយប្រហារទីក្រុងពូត្រាចាយ៉ាទៀតផង។ លោក សាហ៊ីដ បាននិយាយថា ទោះបីគ្មានក្រុម IS បង្កើតជាផ្លូវការក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ តែក្រុមប្រជាជនខ្លះក្នុងប្រទេសបានទទួលឥទ្ធិពលនិងបានទទួលបញ្ជាពីក្រុម IS នៅប្រទេសស៊ីរី។
ប្រទេសម៉ាឡេស៊ី ដែលពលរដ្ឋភាគច្រើនជាជនមូស្លីម នៅពុំទាន់មានការវាយប្រហារធំដុំពីក្រុមភេរវករនោះទេ ប៉ុន្តែអាជ្ញាធរដែលអាចចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងអំពើភេរវកម្មបានយ៉ាងហោចណាស់ ១៦០នាក់ ចាប់តាំងពីខែមករា ឆ្នាំ២០១៥ ក្នុងចំនួននេះយ៉ាងហោចមាន៧នាក់ ដែលជឿថា ជាផ្នែកមួយនៃបណ្តាញរបស់ក្រុម IS ។
លោក សាហ៊ីដ បានថ្លែងឲ្យដឹងទៀតថា ចន្លោះពីខែកញ្ញា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៥ សមាជិកក្រុម IS បានរៀបចំផែនការវាយប្រហារធំៗចំនួន៤លើកនៅទូទាំងប្រទេសម៉ាឡេស៊ី រួមទាំង រដ្ឋធានីកូឡាឡាំពួ ទីក្រុងពូត្រាចាយ៉ា និងនៅរដ្ឋ កេដាហ៍ ។ ផែនការរបស់ក្រុមឧក្រិដ្ឋជនមានរួមការលួចអាវុធពីបន្ទាយទាហាន ផលិតគ្រាប់បែក ប្លន់លុយ ដើម្បីជាទុនគាំទ្រការវាយប្រហារ និងចាប់ជម្រិតយកលុយពីថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី។
តុលាការហ្វីលីពីនបើកភ្លើងខៀវឲ្យលោកស្រី "គ្រេសប៉ូ" ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
តុលាការកំពូលនៅទីក្រុងម៉ានីលបានវិនិច្ឆ័យសេចក្តីថា លោកស្រី គ្រេសប៉ូ សមាជិកព្រឹទ្ធសភា ដែលក្នុងជីវិតលោកស្រីភាគច្រើនរស់នៅសហរដ្ឋអាមេរិកនោះ អាចឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសហ្វីលីពីន ដែលនឹងប្រារព្វធ្វើឡើងនាថ្ងៃទី៩ ខែឧសភា .. ខាងមុខនេះ។
លោក ធីអូដ័រ តេ អ្នកនាំពាក្យតុលាការកំពូលនៃប្រទេសហ្វីលីពីនបានថ្លែងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាចៅក្រម ៩ ទល់នឹង ៦ សំឡេង បានក្រឡាស់កែប្រែសេចក្តីសម្រេចកាលពីខែធ្នូ ឆ្នាំ២០១៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រទេសហ្វីលីពីន ដែលបញ្ជាក់ថា លោកស្រី គ្រេសប៉ូ អាយុ ៤៧ឆ្នាំ ខ្វះគុណសម្បត្តិជាបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសារលោកស្រីមិនមែនជាជនជាតិហ្វីលីពីនពីកំណើត និងមិនបានស្នាក់នៅក្នុងប្រទេសហ្វីលីពីនរយៈពេល១០ ឆ្នាំជាប់ៗគ្នា ទើបគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីនៃប្រទេសនេះបាន ប៉ុន្តែលោក តេ ពុំបានបញ្ជាក់ពីសេចក្តីពិស្តានៃហេតុផលក្នុងសេចក្តីសម្រេចរបស់តុលាការនោះទេ។
លោកស្រី គ្រេសប៉ូ បានថ្លែងបន្ទាប់ពីការចេញសាលក្រមប្រាប់អ្នកគាំទ្រថា ជ័យជម្នះនេះមិនមែនជារបស់លោកស្រីតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារបស់ប្រជាជនក្រីក្រនិងអ្នកដែលត្រូវគេជិះជាន់ រួមទាំងស្ត្រីគ្រប់រូបផងដែរ។
លទ្ធផលស្ទង់មតិដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យ ផាល់អាស៊ី "Pulse Asia" ដែលឈ្លេចសួរប្រជាជនទូទាំងប្រទេសហ្វីលីពីនចំនួន ១,៨០០នាក់ កាលពីខែមុន បានរកឃើញថា ប្រជាប្រិយភាពរបស់លោកស្រី គ្រេសប៉ូ នាំមុខបេក្ខជនដទៃទៀតដល់ទៅ 26% តាមពីក្រោយដោយលោកអនុប្រធានាធិបតី ចេចូម៉ា ពិណេ 25% ចំណែកលោក ម៉ា រ៉ុកសេស អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទទួលបានការគាំទ្រពីលោកប្រធានាធិបតី បេនិគណូ អាគីណូ និងលោក រ៉ូឌ្រីកូ ឌូធឺរ៍តេ អភិបាលជើងខ្លាំងខាងបង្ក្រាបនៅទីក្រុង ដាវ៉ាវ ភាគខាងត្បូងប្រទេស ទទួលបានសំឡេង 21% ស្មើគ្នា ។ លោកស្រី គ្រេសប៉ូ មានសំឡេងគាំទ្រនាំមុខដាច់ឆ្ងាយ ដោយការស្ទង់មតិធ្វើឡើងកាលពីខែមករា កន្លងមកនេះ។
បេក្ខជនឯករាជ្យនៅប្រទេសវៀតណាម ប្រើប្រព័ន្ធផ្សព្វផ្សាយអនឡាញរកសំឡេងឆ្នោត
អតីតសហគ្រិន IT "លោក ង្វៀន ក្វាន់អេ " រកសំឡេងតាមរយៈវីដេអូអនឡាញ ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិបញ្ញត្តិនៃប្រទេសវៀតណាម ក្នុងខែឧសភាខាងមុខនេះ។
លោក ក្វាន់អេ ជាអ្នករិះគន់គណបក្សកុម្មុយនីស្តមិនសំចៃមាត់ និងជាមនុស្សម្នាក់ក្នុងចំណោម ១៩នាក់ ដែលមានគំនិតផ្ទុយនិងជាបេក្ខជនឯករាជ្យនៅក្នុងការបោះឆ្នោតដែលនឹងប្រារព្ធឡើងនាខែឧសភាខាងមុខនេះ ដើម្បីសាកល្បងភាពស្មោះត្រង់របស់បក្សកុម្មុយនីស្តវៀតណាមដែលធ្លាប់បានសន្យាថា នឹងលើកកំពស់ប្រជាធិបតេយ្យឲ្យបានរឹងមាំ លើសនេះទៀតនោះ លោក ក្វាន់អេ កំពុងតែតាមមើលថា អគ្គលេខាធិការបក្ស "លោក ង្វៀន ភូទ្រុង " នឹងឈរឈ្មោះជាសមាជិកសភានីតិបញ្ញត្តិជាថ្មីទៀតដែរឬទេ ដើម្បីលោកនឹងប្រកួតប្រជែងតទល់មួយនិងមួយ ហើយដណ្តើមយកកៅអីក្នុងសភារបស់លោក ភូទ្រុង ឲ្យបាន។
លោក ក្វាន់អេ និងសកម្មជនផ្សេងទៀត បានជ្រើសរើសទាញយកប្រយោជន៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើការវិភាគរិះគន់សមាជិកបក្សកុម្មុយនិស្តចំនួន 4.5 លាននាក់ និងលើកទឹកចិត្តឱ្យមានការចូលរួមខាងនយោបាយពីមនុស្សក្រៅបក្ស ដោយលោកមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស Facebook មានតួនាទីសំខាន់ក្នុងប្រទេសវៀតណាម ថែមទាំងជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងបង្កើតសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាល ហើយខណៈនេះ Facebook ត្រូវបានប្រើសម្រាប់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ក្វាន់អេ មានអ្នកចុច Like ច្រើនជាង 3,700 Like ទៅហើយ ។
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!