បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ កិច្ចព្រមព្រៀង TPP កតិកាថ្មីនៃនយោបាយពិភពលោក "ផលប្រយោជន៍លាក់បង្កប់" ក្រៅពីរឿងពាណិជ្ជកម្ម
ជោគជ័យជំហានដំបូងនៃកិច្ចចរចា TPP ឬ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហុច ផល ជាវិជ្ជមាន ជាមួយការចរចាកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មនិងការវិនិយោគអាត្លង់ទិក ។
ក្រោយពីកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (TPP) ឈានដល់ការចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ប្រទេសជាច្រើនចាប់ផ្តើមមើលឃើញសារៈសំខាន់នៃក្របខ័ណ្ឌពាណិជ្ជកម្ម ដែលមានសមាជិក១២ប្រទេស មានតម្លៃពាណិជ្ជកម្មរវាងគ្នានិងគ្នាខ្ពស់ដល់ទៅ 40 % នៃ GDP ពិភពលោក ជាពិសេសតំបន់សេដ្ឋកិច្ចសំខាន់២ នៅលើពិភពលោក គឺសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន។
ជោគជ័យជំហានដំបូងនៃកិច្ចចរចា TPP ឬ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហុចផលជាវិជ្ជមាន ជាមួយការចរចាកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មនិងការវិនិយោគអាត្លង់ទិក (Transatlantic Trade and Investment Partnership : TTIP) រវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) ដែលមានគោលដៅដូចគ្នាទៅនឹងការចរចាពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ TPP ដោយនៅពេលការចរចាក្នុងក្របខ័ណ្ឌទាំង២ បានឈានដល់កិច្ចព្រមព្រៀងដែលមានទិសដៅស្របគ្នាទាំងកិច្ចព្រមព្រៀង TPP និងកិច្ចព្រមព្រៀង TTIP នឹងត្រូវនាំយកទៅប្រើប្រាស់ជាមួយប្រទេសជាង៤០ នៅទូទាំងពិភពលោក ដែលគ្របដណ្តប់តម្លៃខាងសេដ្ឋកិច្ចជាង 86% ។
មិនតែប៉ុណ្ណោះក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក នៅមានក្របខ័ណ្ឌការចរចាដែលសំខាន់ បានដល់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន (Regional Comprehensive Economic Partnership : RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ី - ប៉ាស៊ីហ្វិក (Free Trade Area of the Asia-Pacific : FTAAP) ដែលស្ថិតក្នុងដំណាក់ការចរចានិងមានប្រទេសជាសមាជិកស្ថិតក្នុងក្របខ័ណ្ឌ TPP ចូលរួមផងដែរ ។ ដោយភាពជោគជ័យនៃកិច្ចព្រមព្រៀង TPP នេះ ទំនងជានឹងមានឥទ្ធិពលលើការចរចាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មធំ ទាំង RCEP និង FTAAP ព្រមទាំងបញ្ជាក់ច្បាស់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌ TPP ក្នុងការជា «មូលដ្ឋានគ្រឹះនៃលក្ខខណ្ឌពាណិជ្ជកម្មដ៏សំខាន់បែបថ្មីរបស់ពិភពលោក»។
ក្នុងសិក្ខាសាលាស្តីពីកិច្ចព្រមព្រៀង TPP និងការបង្កើតប្រព័ន្ធពាណិជ្ជកម្មថ្មីរបស់ពិភពលោក (TPP and The Creation of The New Trading System) តំណាងមកពីរដ្ឋាភិបាលនៃប្រទេសជប៉ុន និងអ្នកឯកទេសមកពីប្រទេសម៉ាឡេស៊ី បានឆ្លុះបញ្ចាំងគំនិតដែលស្របគ្នាថា ការចរចាក្របខ័ណ្ឌពាណិជ្ជកម្ម TPP នឹងជាការបង្កើតមាត្រដ្ឋានផ្នែកពាណិជ្ជកម្មរូបភាពថ្មីដ៏សំខាន់របស់ពិភពលោក ថែមទាំងប៉ះពាល់ដល់ការប្រកាន់ជំហរនិងការឆ្លើយតបផលប្រយោជន៍នៃបណ្តាប្រទេសនីមួយៗ ក្នុងវេទិកានយោបាយពិភពលោកសម័យបច្ចុប្បន្ន។
តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន (METI) បានអះអាងថា ទិសដៅនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការគាំពារគ្នាជាអន្តរជាតិ ធ្វើឲ្យជប៉ុនត្រូវសម្របខ្លួន ដើម្បីទទួលយកនូវគំនិតដែល "សម្លឹងរកឱកាសនៅក្រៅប្រទេស "។
ដោយទស្សនៈនៃប្រទេសជប៉ុនជឿថា ឱកាសខាងសេដ្ឋកិច្ចពីការចរចារក្របខ័ណ្ឌពាណិជ្ជកម្ម TPP មិនបានកំណត់នៅត្រង់ពាណិជ្ជកម្មដែលនឹងទទួលបានផលប្រយោជន៍ពីពន្ធ 0 % ប៉ុណ្ណោះទេ តែមានន័យដល់ ឱកាសវិនិយោគនៅក្រៅប្រទេស ដែលជួយលើកកម្ពស់សហគ្រាសខ្នាតតូច ( SMEs) របស់ជប៉ុនផងដែរ។
លើសនេះទៀត ជប៉ុនបានមើលឃើញផងដែរថា កិច្ចព្រមព្រៀងដូចបានពោល នៅជាការ បង្កើតបទបញ្ញត្តិសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគដ៏សំខាន់ ចាត់ទុកជា "មូលដ្ឋាន" ដ៏សំខាន់នៃការបង្កើតលក្ខខណ្ឌក្នុងក្របខ័ណ្ឌចរចាពាណិជ្ជកម្មដទៃទៀត មានជាអាទិ៍ RCEP និង FTAAP រហូតដល់ការចរចាពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសជប៉ុននិងប្រទេសដទៃផ្សេងទៀត។
យ៉ាងណាក៏ដោយ តំណាងមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានថ្លែងថា កិច្ចចរចាទាំងក្របខ័ណ្ឌ RCEP និង TPP មិនអាចជំនួសគ្នាបានទេ ប៉ុន្តែគាំពារ ដល់កំណើនសេដ្ឋកិច្ចរវាងគ្នាទៅវិញទៅមក។
ដាតុ ស្ទីវ៉េន វង់ មកពីវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្ដរជាតិ (ISIS) របស់ប្រទេសម៉ាឡេស៊ី បានចូលរួមបង្ហាញទស្សនៈរបស់ប្រទេសម៉ាឡេស៊ីចំពោះការចរចាស្ថិតក្រោមក្របខ័ណ្ឌពាណិជ្ជកម្ម TPP ថា កន្លងមកប្រទេសម៉ាឡេស៊ី តាំងជំហររបស់ខ្លួនក្នុងឋានៈជា "ប្រទេសពាណិជ្ជកម្មខ្នាតតូច " ហើយការចរចាពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ TPP ដំណើរទៅដើម្បី "ឆ្លើយតបផលប្រយោជន៍របស់ជាតិ " នៃប្រទេសម៉ាឡេស៊ី និងហុចផលវិជ្ជមានដល់សេដ្ឋកិច្ចប្រទេស «ច្រើនជាងការវាយតម្លៃមុនពេលចូលរួម»។
ក្រៅពីផលប្រយោជន៍ផ្នែកពាណិជ្ជកម្មហើយនោះ ដាតុ វង់ បានអះអាងថា ការចូលរួមជាសមាជិក TPP នៅជាការឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសម៉ាឡេស៊ីនៅលើឆាកអន្តរជាតិ ក្នុងរឿងនៃការផ្តល់សារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្រិតចម្រុះ និងជាការត្រៀមខ្លួនជាស្រេចក្នុងការផ្សាភ្ជាប់នយោបាយជាមួយប្រទេសមហាអំណាច ស្ថិតក្រោមបរិយាកាសនយោបាយអន្ដរជាតិដែលគ្រប់ភាគីត្រូវបែរមុខចូលទៅរកការបង្កើតក្រុមសហប្រតិបត្តិការនិងស្វែងរកចំណុចរួម ដើម្បីរក្សាបាននូវផលប្រយោជន៍របស់ប្រទេសជាតិរួមគ្នា។
ហើយសូម្បីប្រទេសម៉ាឡេស៊ីជាសមាជិកទាំងក្របខ័ណ្ឌ TPP និង RCEP ក៏មិនបានធ្វើឱ្យភាពខ្នះខ្នែងក្នុងការជំរុញឱ្យមានការចរចាក្នុងក្របខ័ណ្ឌ RCEP ថយចុះនោះទេ ផ្ទុយទៅវិញបែរជាធ្វើឲ្យប្រទេសម៉ាឡេស៊ីភ្ញាក់ខ្លួនកាន់តែខ្លាំងឡើង ដោយសារត្រូវការទាញយកមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់មកចូលរួមស្ថិតក្រោមប្រព័ន្ធពាណិជ្ជកម្មដែលសំខាន់ ដោយតាំងគោលដៅទុកថា ក្របខ័ណ្ឌការចរចា RCEP គួរតែសម្រេចបាននៅក្នុងឆ្នាំនេះ ដែលបើមិនបានចំណុចសន្និដ្ឋានចុងក្រោយទេ ក៏គង់នឹងមានសំណួរដ៏គួរឱ្យចាប់អារម្មណ៍ឡើងមកច្រើនមិនខាន ពីតួនាទីនិងភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកនោះ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!