បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ «អាយ៉ង» និង «មេដឹកនាំពិតប្រាកដ»
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំឡេងយុវជន VOY FM 94 MHz នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!! កាលពីថ្ងៃទី១០ ខែមីនា គណបក្ស NLD បានស្នើឈ្មោះលោក "អ៊ូ ធីនចរ៍ " អាយុ ៦៩ឆ្នាំ ជាតំណាងក្នុងសភាតំណាងរាស្ត្រ និងលោក "ហេនរី វ៉ានធៀយូ " តំណាងរាស្ត្រមកពីក្រុមកុលសម្ព័ន្ធកាឈិនជនជាតិដើមភាគតិច ជាតំណាងក្នុងព្រឹទ្ធសភា ទៅប្រកួតប្រជែងដណ្តើមកៅអីប្រធានាធិបតី។ សូមអញ្ជើញស្តាប់បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ ក្រោមប្រធានបទ «អាយ៉ង» និង «មេដឹកនាំពិតប្រាកដ» ជំរាបជូនដោយ លោក មុំ រឿន ដូចតទៅ៖
ចាប់តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី «វីរនារីនៃលទ្ធិប្រជាធិបតេយ្យ» ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៩១ ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំមុន ក៏មានការ «រង់ចាំតាមដាន» យ៉ាងដិតដល់ថាតើនរណានឹងបានធ្វើជា «ប្រធានាធិបតី » ថ្មីនៃប្រទេសមីយ៉ាន់ម៉ា បន្តពីលោក ថេនសេន ???
លោកស្រី ស៊ូជី បានព្យាយាមចរចាជាសម្ងាត់ជាមួយយោធា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ជាពិសេសមាត្រា ៥៩ ដែលបានហាមឃាត់ជនមានគូអាពាហ៍ពិពាហ៍ឬកូនជាជនបរទេសធ្វើជាប្រធានាធិបតី ធ្វើឱ្យលោកស្រីអស់សិទ្ធិព្រោះតែទាហានមិនយល់ព្រម ទីបំផុតគណបក្ស NLD ចាំបាច់ត្រូវស្នើឈ្មោះអ្នកផ្សេងឡើងមកប្រកួតប្រជែងកៅអីមេដឹកនាំជំនួស តែលោកស្រី ស៊ូជី បានអះអាងថា នឹង «នៅខ្ពស់ជាងប្រធានាធិបតី » ឬជា «មេដឹកនាំស្រមោល » ។
កាលពីថ្ងៃទី១០ ខែមីនា គណបក្ស NLD បានស្នើឈ្មោះលោក "អ៊ូ ធីនចរ៍ " អាយុ ៦៩ឆ្នាំ ជាតំណាងក្នុងសភាតំណាងរាស្ត្រ និងលោក "ហេនរី វ៉ានធៀយូ " តំណាងរាស្ត្រមកពីក្រុមកុលសម្ព័ន្ធកាឈិនជនជាតិដើមភាគតិច ជាតំណាងក្នុងព្រឹទ្ធសភា ទៅប្រកួតប្រជែងដណ្តើមកៅអីប្រធានាធិបតី ខណៈដែលគណបក្សសហសាមគ្គីនិងការអភិវឌ្ឍន៍ (USDP) កាន់អំណាចក្នុងរដ្ឋាភិបាលជិតផុតអាណត្តិគាំទ្រដោយពួកយោធា ក៏ស្នើឈ្មោះមនុស្សរបស់ខ្លួនចំនួន២នាក់ គឺលោក សៃ ម៉ុកខាំ អនុប្រធានាធិបតី និងលោក ឃិន អ៊ុងមីន អតីតប្រធានព្រឹទ្ធសភា ចូលរួមប្រកួតជាពិធីការ។
ព្រោះគណបក្ស NLD មានសម្លេងភាគច្រើននៅក្នុងសភាទាំង២ ទើបលទ្ធផលការបោះឆ្នោតច្បាស់លាស់ថា លោក ធីនចរ៍ និងលោក ហេនរី វ៉ានធៀយូ ឈ្នះដាច់បានចូលទៅប្រកួតប្រជែងជាមួយលោក មីន សួយ ប្រធានក្រុមប្រឹក្សារដ្ឋធានីរ៉ង់ហ្គូន អតីតនាយទាហានសម្ព័ន្ធមិត្តជាមួយលោកឧត្តមសេនីយឯក ថាន់ស្វេ អតីតមេដឹករដ្ឋាភិបាលផ្តាច់ការតំណាងរបស់ "កងទ័ព" ដែលមាន កូតាអាសនៈក្នុងរដ្ឋសភា 25% តាមរដ្ឋធម្មនុញ្ញកំណត់។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសភាទាំង២ នឹងធ្វើឡើងមុនថ្ងៃទី៣១ ខែមីនាខាងមុខនេះ មុនរដ្ឋាភិបាលគណបក្ស NLD ឡើងកាន់អំណាចនាថ្ងៃទី១ ខែមេសា បើដំណើរទៅដូចការរំពឹងទុកលោក "ធីនចរ៍ " នឹងបានធ្វើជាប្រធានាធិបតី ចំណែកលោក ហេនរី វ៉ានធៀយូ និងលោក មិន សួយ នឹងបានធ្វើជាអនុប្រធានាធិបតី។
លោក ធីនចរ៍ កើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៤៦ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរ៉ង់ហ្គូន និងសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ផ្នែកសេដ្ឋកិច្ច ធ្លាប់ធ្វើជាសាស្ត្រាចារ្យសាកលវិទ្យាល័យ ធ្លាប់ធ្វើការនៅក្នុងក្រសួងឧស្សាហកម្មនិងក្រសួងការបរទេស។
ជាការពិតនោះ លោកស្រី ស៊ូជី អាយុ ៧០ឆ្នាំ ស្គាល់ជិតដិតជាមួយលោក ធីនចរ៍ មករហូតស្ទើរមួយជីវិត ទាំងពីរនាក់ជាមិត្តរួមសាលា ធ្លាប់រួមតស៊ូប្រឆាំងរដ្ឋាភិបាលយោធាជាមួយគ្នា ទើបលោកធ្វើជាទាំង "ដៃស្តាំ " ជាមនុស្សជំនិត ជាទីប្រឹក្សា ឬសូម្បីតែជា "អ្នកបើកឡាន " ឲ្យលោកស្រី ស៊ូជី ។
ឪពុករបស់លោក ធីនចរ៍ គឺលោក មីន ធូវុន ជាអ្នកនិពន្ធនិងជាកវីជាតិ ជាសមាជិកជាន់ខ្ពស់របស់គណបក្ស NLD ធ្លាប់ឈ្នះការបោះឆ្នោតសភាតំណាងរាស្ត្រក្នុងឆ្នាំ ២០០០ តែត្រូវទាហានផ្កាប់ក្តាររំលាយចោល លោកនៅជាកូនប្រសាររបស់លោក អ៊ូ ល្វីន អតីតអ្នកនាំពាក្យ និងជាសហស្ថាប និកគណបក្ស NLD ដែលបានធ្វើមរណកាលទៅហើយ ភរិយារបស់លោក ធីនចរ៍ គឺលោកស្រី ស៊ូស៊ូល្វីន ក៏ជាសមាជិកសភាគណបក្ស NLD ផងដែរ។
ទើបលោក ធីនចរ៍ មានសាវតា និងការសិក្សាមិនចាញ់គេឡើយ ប៉ុន្តែគុណសម្បត្តិសំខាន់បំផុតរបស់លោកគឺជាអ្នក "ទទួលបញ្ចា " ដ៏ល្អ ស្មោះត្រង់ ស្វាមីភក្តិ និយាយតិច មិនធ្វើខ្លួនឲ្យលេចធ្លោ ស័ក្តសមជា "មេដឹកនាំអាយ៉ង " របស់លោកស្រី ស៊ូជី ។
ប៉ុន្តែការឡើងអង្គុយធ្វើជាមេដឹកនាំទីងមោងរបស់លោក ធីនចរ៍ អាចមានឧបសគ្គប្រសិនបើខាងទាហាននៅតែ "វាយអួន " ថាខ្ទាស់នឹងរដ្ឋធម្មនុញ្ញដែលចែងថា គ្មាននរណាមានអំណាចលើសប្រធានាធិបតីនោះឡើយ តែរំពឹងថា លោកស្រី ស៊ូជី និងទាហាន គួរនឹងព្រមព្រៀងគ្នាលើរឿងនេះរួចហើយ។
បន្តទៀតទើបមាន "បុច្ឆា "ឬ "សំនួរ" ថា លោកស្រី ស៊ូជី នឹងដឹកនាំប្រទេសតាមរយៈ "មេដឹកនាំតំណាង " (Proxy leader) ដោយរបៀបដូចម្តេច ??? លោកស្រីអាចទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស ឬក្រសួងដែលបង្កើតថ្មី ឬជាសមាជិក "ក្រុមប្រឹក្សាសន្តិសុខជាតិ" ដ៏មានឥទ្ធិពលដែលទាហានកំពុងតែត្រួតត្រា តែក៏ត្រូវលះបង់តំណែងក្នុងគណបក្ស NLD ជាមុនសិន។
ក្រុមអ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា លោកស្រី ស៊ូជី អាចប្រើវិធីក្តាប់អំណាចនៅក្រោយឆាកដូចលោកស្រី " សូនៀ ហ្គាន់ធី " ភរិយាមេម៉ាយរបស់អតីតនាយករដ្ឋមន្រ្តី រ៉ាជីហ្វ ហ្គាន់ធី នៃប្រទេសឥណ្ឌាដែលត្រូវបានគេលបធ្វើឃាត ដោយលោកស្រី សូនៀ នៅមានឥទ្ធិពលខ្ពស់បំផុតលើគណបក្សខុនក្រេស សូម្បីតែគ្មានតំណែងណាមួយក្នុងរដ្ឋាភិបាលជាផ្លូវការ ឬអាចប្រើអំណាចបែបលោក "លី ក្វាន់យូ " អតីតនាយករដ្ឋមន្រ្តី មេដឹកនាំស្ថាបនិកប្រទេសសិង្ហបុរី ដែលនៅតែជារដ្ឋមន្រ្តីជាន់ខ្ពស់ និងជាទីប្រឹក្សារដ្ឋាភិបាល បន្ទាប់ពីចូលនិវត្តន៍ហើយនោះ ???
តែអ្វីដែលសំខាន់ តើលោកស្រី ស៊ូជី នឹងធ្វើឲ្យទាហានដែលនៅមានអំណាចខ្ពស់ នៅមាន កូតាក្នុងរដ្ឋសភាដល់ទៅ 25% នៅគ្រប់គ្រងក្រសួងសំខាន់ៗតាមរដ្ឋធម្មនុញ្ញ ទាំងក្រសួងការពារជាតិ មហាផ្ទៃ និងសន្តិសុខជាយដែន មកគាំទ្ររដ្ឋាភិបាលថ្មីបានកម្រិតណា ???
បើទោះបីជាអន្តរជាតិបញ្ឈប់ការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាហើយក្តី ប៉ុន្តែប្រទេសមីយ៉ាន់ម៉ានៅតែជាប្រទេសមួយក្រីក្របំផុតក្នុងពិភពលោក ថែមទាំងពឹងផ្អែកលើវិស័យកសិកម្មជាគោល ប្រព័ន្ធការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធនៅដុនដាប "អំពើពុករលួយ" ក៏នៅរាលដាល។
ហើយសូម្បីបង្កើតគណបក្សបាន២៨ឆ្នាំហើយក្តី ប៉ុន្តែរដ្ឋាភិបាលថ្មីរបស់គណបក្ស NLD នៅពុំទាន់មានបទពិសោធន៍ខាងនយោបាយនិងការដឹកនាំរដ្ឋ ខណៈដែលពួកទាហាននៅក្តាប់អំណាចខាងសេដ្ឋកិច្ចភាគច្រើននៃប្រទេស រួមទាំងបណ្តាញក្រុមហ៊ុន " Myanmar Economic Holdings Limited " (MEHL) ដែលផ្តាច់មុខអាជីវកម្មជាច្រើន ទាំងរុករករ៉ែ, ព្រៃឈើ, សំណង់, ដឹកជញ្ជូន, ផលិតស្រា ។ល។និង។ល។
ការអភិវឌ្ឍសេដ្ឋកិច្ច បើទាហានមិនសហការ ក៏ដើរទៅមុខបានដោយលំបាក ឬបើទៅប៉ះពាល់រើរុះផលប្រយោជន៍របស់ទាហាន មានសិទ្ធិឈ្លោះទាស់ទែងគ្នាធ្ងន់ធ្ងរ។
រីឯបញ្ហាជនជាតិដើមភាគតិច សូម្បីបណ្តាក្រុមមួយចំនួនបានចុះហត្ថលេខាលើបទឈប់បាញ់គ្នាហើយក្តី តែនៅមានជាច្រើនក្រុមទៀតមិនលេងចូល ព្រោះនៅមិនទុកចិត្តកងទ័ព និងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលថ្មី ត្រូវកែលំអរទំនាក់ទំនងជាមួយ "ប្រទេសចិន" និង "ប្រទេសមហាអំណាចលោកខាងលិច" ដែលដឹកនាំដោយសហរដ្ឋអាមេរិកឲ្យបានល្អប្រសើរ បើផ្អៀងទៅខាងណាមួយនោះ អាចនឹងមានរឿង។
បេសកកម្ម "មេដឹកនាំស្រមោល " របស់លោកស្រី ស៊ូជី គួរឲ្យពិបាកចិត្តជំនួស នេះ មិននិយាយដល់តួនាទីពេលទៅប្រាកដខ្លួននៅលើ "ឆាកអន្តរជាតិ" ផងថា តើលោកស្រី ស៊ូជី និងលោក ធីនចរ៍ នរណាដើរមុខ នរណាដើរក្រោយ មើលៗទៅពិតជាចម្លែកប្លែកភ្នែកខ្លាំងណាស់ ???
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!