ខ្មែរអាមេរិចកាំង ប្រកាន់ជំហរមិនស្វាគមន៍ លោកហ៊ុន ម៉ាណែត ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ប្រធានអង្គការសម្ព័ន្ធខ្មែរ អាមេរិចកាំង លោកទូច វិបុល ច្រានចោលសេចក្តីថ្លែងការណ៍បស់លោក ហ៊ុន ម៉ាណែតកូនប្រុសច្បងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាសេចក្តីថ្លែងការណ៍ញុះញង់ មានលក្ខណៈបោកបញ្ឆោត អោយសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបែកបាក់។ លោកថា ប្រជាពលរដ្ឋខ្មែរនៅទីនោះ នៅតែមិនមានការសប្បាយចិត្ត និងមិនស្វាគមន៍ចំពោះវត្តមានរបស់លោកហ៊ុន ម៉ាណែត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅទីនោះ នោះទេ។
សំឡេងពិស្តារ៖
ក្នុងសេចក្តីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិចកាំង នៅថ្ងៃទី ១៥ ខែមីនា លោកទូច វិបុលថា ការមិនស្វាគមន៍នេះ ព្រោះពលរដ្ឋខ្មែរអាមេរិចកាំង មិនអាចទទួលយកកូនប្រុសរបស់ជនផ្តាច់ការបាននោះឡើយ។ ម្យ៉ាងទៀត ក៏ដោយសារតែ ការបំផិតបំភ័យពីប្រព័ន្ធតុលាការ ការចាប់ឃុំខ្លួនដោយបំពានច្បាប់ បង្ខំអោយពលរដ្ឋចេញពីលំនៅឋាន ការគៀបសង្កត់ទៅលើសិទ្ធិសេរីភាព ការដាក់ទណ្ឌកម្ម និងការប្រើប្រាស់អំពើហឹង្សាប្រឆាំងនិងសង្គមស៊ីវិលជាដើម។
គួររំលឹកថា នៅថ្ងៃទី ១៣ មីនា លោក ហ៊ុន ម៉ាណែតមន្រ្តីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងនោះ ក៏បានសរសេរបង្ហោះនៅលើ ទំព័រហ្វេសប៊ុករបស់លោកថា លោកមិនខ្វល់ថា មានមនុស្សមួយចំនួនតូចមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ ការធ្វើបែបនេះ បានបង្ហាញអោយឃើញនូវការបែកបាក់សាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ។ ទោះបីជាមិនមានការពេញចិត្តពីពលរដ្ឋមួយចំនួនតូចនៅទីនោះ យ៉ាងណាក៏ដោយ គឺលោកនឹងទៅ ដោយគោរពទៅតាមការអញ្ញើញពី គណៈកម្មាបុរីកម្ពុជា។
លោកហ៊ុន ម៉ាណែតបន្តថា លោកចង់អោយពលរដ្ឋខ្មែរ នៅក្រៅប្រទេស ក៏ដូចជានៅក្នុងប្រទេស មានការរួបរួមគ្នា ហើយបញ្ហាទាំងអស់នេះ នឹងអាចត្រូវបញ្ចប់ ហើយជំនួសវិញដោយការចូលរួមមតិយោបល់ ដើម្បីអាចទាញយកផលចំណេញពីកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយពីការរីកចំរើនរបស់ប្រទេសរបស់យើង ពីវប្បធម៌និងអរិយធម៌ខ្មែរយើងអោយជនជាតិបរទេសបានដឹងនិងបានយល់។
ក្នុងនោះផងដែរ លោកក៏ស្នើអោយគណៈកម្មាធិការបុរីកម្ពុជា អញ្ជើញថ្នាក់ដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅសហរដ្ឋអាមេរិកនាពេលខាងមុខ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងនាមជាខ្មែរដូចគ្នា។
កន្លងទៅ លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ធ្លាប់បានអោយដឹងដែរថា ការមិនស្វាគមន៍ដោយពលរដ្ឋខ្មែរអាមេរិចកាំង គឺជាការអាម៉ាសមួយ សម្រាប់ជាតិខ្មែរ ព្រោះលោក ហ៊ុន ម៉ាណែត ជាខ្មែរមួយរូប ដែលត្រូវបានស្វាគមន៍ដោយគណៈកម្មការបុរីកម្ពុជា ទៅជាភ្ញៀវកិត្តិយស៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!