បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ សហភាពអឺរ៉ុប -ទួរគី- ជនភៀសខ្លួន
នយោបាយបើកចំហព្រំដែនទទួលយកជនភៀសខ្លួនគ្មានកំណត់របស់អាល្លឺម៉ង់ ដែលជាការអនុវត្តនយោបាយជាឯកតោភាគី ប្រាសចាកការពិគ្រោះយោបល់ជាមួយសហភាព បង្កការមិនសប្បាយចិត្តយ៉ាងខ្លាំងដល់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ សំឡេង៖
កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប (EU) និងប្រទេសទួរគី ស្តីពីការឲ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចូលមកជួយដោះស្រាយវិបត្តិជនភៀសខ្លួននៅអឺរ៉ុប ដែលបើទោះជាត្រូវមានការពិភាក្សារួមគ្នាជាថ្មីម្តងទៀតក្នុងអំឡុងថ្ងៃទី ១៧-១៨ ខែមីនា នេះក្តី ប៉ុន្តែក៏ចាត់ទុកជាលើកទី២ ចាប់តាំងពីមានវិបត្តិផ្នែកមនុស្សធម៌ដូចបានពោលផ្ទុះឡើងកាលពីពាក់កណ្តាលឆ្នាំមុន ដែលសកម្មភាពរបស់អ៊ឺរ៉ុប ក្នុងរឿងនេះ បែរត្រឡប់កាន់តែបង្កនូវការបែកបាក់ក្នុងតំបន់ បន្ទាប់ពីការទទូចប្រើនយោបាយបើកចំហរព្រំដែនទទួលយកជនភៀសខ្លួនបែបមិនកំណត់របស់ប្រទេសអាល្លឺម៉ង់ ដែលជាការអនុវត្តនយោបាយជាឯកតោភាគី ប្រាសចាកការពិគ្រោះយោបល់ជាមួយសហភាព បង្កការមិនសប្បាយចិត្តយ៉ាងខ្លាំងដល់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ជាពិសេសក្រុមប្រទេសនៅអឺរ៉ុបខាងកើត។
លោកនាយករដ្ឋមន្រ្តី អាម៉េដ ដាវូតូគ្លូ បានថ្លែងថា កិច្ចព្រមព្រៀងរួមគ្នាជាមួយសហភាពអឺរ៉ុបដែលអាល្លឺម៉ង់ជាអ្នកជំរុញ គឺការផ្លាស់ប្តូរសន្ទុះនៃស្ថានការណ៍ ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ានឹងទទួលយកជនភៀសខ្លួនទាំងអស់ពីប្រទេសក្រិក ទាំងក្រុមដែលនៅសល់និងក្រុមដែលទើបនឹងធ្វើដំណើរតាមទូកមកដល់ច្រាំង ឲ្យតាំងទីលំនៅក្នុងប្រទេសទួរគីជំនួស ខណៈដែលសហភាពអឺរ៉ុបព្រមទទួលយកជនភៀសខ្លួនដោយសារសង្គ្រាមជនជាតិស៊ីរីពីចំនួនទាំងអស់ច្រើនជាង 2.7 លាននាក់ ដែលរស់នៅតាមជំរំក្នុងតំបន់ព្រំដែនប្រទេសទួរគី ឲ្យបានទទួលស្ថានភាពជាជនភៀសខ្លួនត្រឹមត្រូវតាមច្បាប់នៅក្នុងសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយ សេចក្តីត្រូវការរបស់ទួរគីមានច្រើនជាងនោះ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានទាមទារឱ្យផ្តល់ជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបកើនឡើងទ្វេដងដល់ទៅ 6,000 លានអឺរ៉ូ និងការស្តារយន្តការចរចាទទួលយកប្រទេសទួរគីចូលជាសមាជិកថ្មីនៃសហភាពឲ្យបានឆាប់រហ័សបំផុត ដោយក្នុងអំឡុងពេលនេះ គួរលុបចោលវិធានការផ្តល់ទិដ្ឋាការដល់ប្រជាពលរដ្ឋទួរគីដែលចង់ធ្វើដំណើរទៅកាន់ក្រុមប្រទេសក្រោមកិច្ចព្រមព្រៀងសេងហ្គេន (Schengen) ។
ការទាមទារដូចបានពោលរបស់ទីក្រុងអង់ការ៉ា បង្កឲ្យកើតនូវចំណាំងផ្លាតបញ្ច្រាសត្រឡប់វិញផ្ទុយគ្នាពីសហភាពអឺរ៉ុប ដោយ សៃប៉្រាស (Cyprus) អាចប្រើសិទ្ធិវេតូ ការលប់ចោលទិដ្ឋាការសម្រាប់ទួរគី ដរាបណាភាគីម្ខាងទៀតនៅមិនព្រមទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នា ខាងប្រទេសបារាំងអះអាងថា ប្រទេសទួរគីត្រូវតែមានលក្ខណៈសម្បត្តិគ្រប់ទាំង ៧២ចំណុច សំរាប់ការចូលជាសមាជិកសហភាពអឺរ៉ុប ហើយការទទួលបានការលុបចោលទិដ្ឋាការសេងហ្គេន មួយក្នុងនោះគឺ ការដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ត្រូវធ្វើឱ្យប្រសើរឡើងនូវឯកសារធ្វើដំណើររបស់ពលរដ្ឋនិងប្រព័ន្ធទិន្នន័យមូលដ្ឋានដែលពាក់ព័ន្ធ ឲ្យទំនើបកម្មបន្ថែមទៀត។
ខណៈចក្រភពអង់គ្លេសដែលនឹងរៀបចំធ្វើប្រជាមតិនៅថ្ងៃទី ២៣ ខែមិថុនា ខាងមុខនេះ ដើម្បីកំណត់អនាគតប្រទេសខ្លួននៅក្នុងសហភាព ទោះបីជាមិនបានចូលរួមក្នុងកិច្ចព្រមព្រៀង សេងហ្គេន (Schengen) ក្តី ប៉ុន្តែបានបង្ហាញកាយវិការមានមន្ទិលសង្ស័យចំពោះការដែលសហភាពអឺរ៉ុបអនុញ្ញាតឱ្យប្រជាជនទួរគី 75 លាននាក់ ធ្វើដំណើរចូលទ្វីបអឺរ៉ុប "កាន់តែងាយស្រួល" ហើយក្រុមប្រទេសអឺរ៉ុបខាងកើតដែលប្រមូលផ្តុំគ្នាប្រឆាំងជំទាស់ទៅនឹងវិធានការបែងចែកកូតាជនភៀសខ្លួនមកតាំងពីដើមទីនោះ មើលឃើញថា កិច្ចព្រមព្រៀងរួមជាមួយប្រទេសទួរគីអាចកាន់តែធ្វើឲ្យជនភៀសខ្លួនមានកំណើនជាងនេះ។
ចំណែកអង្គការសហប្រជាជាតិ (UN) បានព្រមានសហភាពអឺរ៉ុបនិងទួរគីថា កិច្ចព្រមព្រៀងក្នុងរឿងនេះអាចចាត់ចូលជាការរំលោភច្បាប់អន្តរជាតិស្តីពីជនភៀសខ្លួន ដោយសារជាការប្រើអំណាចផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនដោយបំពាន។ ប៉ុន្តែសហភាពអឺរ៉ុបមើលឃើញថា មធ្យោបាយមួយដែលនឹងធ្វើឲ្យកិច្ចព្រមព្រៀងរួមគ្នាជាមួយទួរគី មានសុពលភាពភ្ជាប់កាតព្វកិច្ចតាមច្បាប់បាន គឺការដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាត្រូវសុំធ្វើវិសោធនកម្មការចូលជាភាគីអនុសញ្ញាស្តីពីស្ថានភាពជនភៀសខ្លួន ហើយប្រទេសក្រិកអាចត្រូវបង្កើតតុលាការពិសេសទុកដើម្បីពិចារណាបណ្តឹងស្ថានភាពជនភៀសខ្លួន ក្នុងករណីដែលជនភៀសខ្លួនបដិសេធការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសទួរគី។
វិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តនៃទ្វីបអឺរ៉ុប នៅបន្តអូសបន្លាយនិងគ្មាន ដំណោះស្រាយច្បាស់លាស់ ដោយសារតែកង្វះសាមគ្គីភាពនៃបណ្តាប្រទេសនៅក្នុងតំបន់ ហុចផល ប៉ះពាល់ឲ្យនយោបាយគ្រប់គ្រងចាត់ចែងលើរឿងនេះរញ៉េរញ៉ៃស្ទើរតែគ្មានប្រព័ន្ធ លើសនេះទៀតដូចដែលបានពោលរួចមកហើយពីខាងដើមថា ការបើកចំហរព្រំដែនទទួលយកជនភៀសខ្លួនបែបគ្មានកំណត់របស់អាល្លឺម៉ង់ គឺជាកត្តាមួយ ក្នុងបណ្តាកត្តាសំខាន់នៃការបង្កភាពស្មុគស្មាញ ហើយប្រាកដណាស់ថា ប្រទេសជាច្រើនមិនពេញចិត្តនឹងការដែលប្រទេសអាល្លឺម៉ង់បដិសេធមិនព្រមផ្លាស់ប្តូរអាកប្បកិរិយាក្នុងរឿងនេះ ប៉ុន្តែនឹងមានប្រទេសប៉ុន្មានទៅដែល "ហ៊ាន " ប្រឈមមុខយ៉ាងពិតប្រាកដនិងជាចំហរជាមួយលោកស្រីនាយករដ្ឋមន្ត្រី អែងជេឡា មើរ៍កែល (Angela Merkel) ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!