រដ្ឋាភិបាល ប្រតិកម្មចំពោះការលើកឡើងរបស់ បក្សប្រឆាំង ជុំវិញការរុះរើគណៈរដ្ឋមន្រ្តី
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោកផៃ ស៊ីផាន ច្រានចោលការលើកឡើងរបស់ប្រធានស្តីទីគណបក្សប្រឆាំង ដោយថា នេះជាចរិតនយោបាយ របស់គណបក្សប្រឆាំងតែប៉ុណ្ណោះ ដែលតែងតែជំទាស់ គោលនយោបាយរបស់រដ្ឋាភិបាល ។ ការប្រតិកម្មនេះ ដោយសារតែ លោកកឹម សុខា ថា ការផ្លាស់ប្តូរ និងរុះរើគណៈរដ្ឋមន្រ្តី របស់សម្តេចហ៊ុន សែន គ្រាន់តែជាការលើកដាក់បន្តុបការងារ សើៗតែប៉ុណ្ណោះ។
ព័ត៌មានពិស្តារ៖
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ប្រតិកម្មចំពោះការលើកឡើងរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលបានប្រាប់អ្នកគាំទ្ររបស់ខ្លួន នៅខេត្តពោធិ៍សាត់ថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល គ្រាន់តែជាការកែទម្រង់សើៗ និងមានប្រសិទ្ធភាពតិចតួចនោះ លោកថា វាគឺជារឿងគួរអោយអស់សំណើចបំផុត។ លោកថានេះគឺជាចរិតនយោបាយរបស់គណបក្សប្រឆាំង ដែលអង្គុយចាំតែរិះគន់ និងមានគំនិតអវិជ្ជាមានចំពោះការងាររបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះ បន្តថាទោះបីជាលោកកឹម សុខា ឬគណបក្សប្រឆាំងមិននិយាយ ឬមិនជំទាស់ ក៏លោកនាយករដ្ឋមន្រ្តី នៅតែធ្វើបាន ព្រោះគណបក្សប្រឆាំងមិនមែនជាទីចាប់អារម្មណ៍របស់រដ្ឋាភិបាលនោះឡើយ។
ចំពោះការប្រតិកម្មពីមន្រ្តីរដ្ឋាភិបាលបែបនេះ ដោយសារតែការលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធានទី១ រដ្ឋសភានោះ បានថ្លែងនៅចំពោះមុខអ្នកគាំទ្រ និងប្រជាពលរដ្ឋ ព្រមទាំងសកម្មជនរបស់ខ្លួន នៅសង្កាត់ស្វាយអាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី ២០ ខែមីនា ដោយលោកបានប្រកាសថា ការកែទម្រង់របស់រដ្ឋាភិបាល និងការរុះរើគណៈរដ្ឋមន្រ្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានអ្វីប្លែក និងមានដំណើរការល្អប្រសើរជាងពេលមុននោះទេ ហើយថា នេះហាក់ដូចជា ការលើកដាក់បន្តុបការងាររដ្ឋមន្រ្តីគ្នាទៅវិញទៅមកប៉ុណ្ណោះ។
លោកកឹម សុខា បានបង្ហាញជំនឿជាក់របស់សង្គ្រោះជាតិ ចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ខ្លួនគឺជាដៃគូប្រជែងដ៏រឹងមាំ ពិតប្រាកដជាមួយគណបក្សកាន់អំណាច ហើយលោកថា ទោះបីជាស្ថានការបច្ចុប្បន្នហាក់មានរឿងតាមជាន់ឈ្លីរូបលោកក៏ដោយ។ លោកថា គណបក្សប្រឆាំង និងជម្រុញអោយរដ្ឋាភិបាលកែទម្រង់ ទៅរកចំណុចវិជ្ជមានដើម្បីការអភិវឌ្ឍនជាតិ និងដើម្បីប្រជាពលរដ្ឋ យ៉ាងណាលោកក៏បានបង្ហាញពីភាពជោគជ័យនៅថ្ងៃបោះឆ្នោតខាងមុខផងដែរ។
គួររំលឹកថា នេះជាជំហ៊ានដំបូង ដែលសម្តេចហ៊ុន សែន បានធ្វើការរុះរើនៅមន្ត្រីរបស់ខ្លួន ដើម្បីមានការកែទម្រង់ស៊ីជម្រៅ ដែលទាំងនេះជា ចំណុចសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនជាតិ។
ជុំវិញការរុះរើគណៈរដ្ឋមន្ត្រីនេះ សង្គមស៊ីវិល និងអ្នកវិភាគ បានសម្តែងការគាំទ្រ ហើយក៏មានការរិះគន់ផងដែរ ចំពោះការផ្លាស់ប្តូរនេះ។ ពួកគេយល់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ មិនមែនជាការធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាពទេ គឺគ្រាន់តែជាការផ្លាស់ប្ដូរតួនាទី និងចែកអំណាចគ្នាតែប៉ុណ្ណោះ ដោយមិនមែនជាការកំណែទម្រង់ឲ្យបានល្អ និងមានប្រសិទ្ធភាពឡើយ។ ប៉ុន្តែការផ្លាស់ប្តូររដ្ឋមន្ត្រីនេះ ក៏មានមន្ត្រីខ្លះ អាចធ្វើឲ្យការកំណែទម្រង់ របស់រដ្ឋាភិបាលទទួលបានជោគជ័យផងដែរ៕
ដោយញ៉ែម ប្រសិដ្ឋ អ៊ីម៉ែល Brorsetvoy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!