បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ ស្ងប់ស្ងាត់ ... ចិនសំរាកឥរិយាបថញុះញង់មែនឬ ???
គ្រាន់តែក្នុងឆ្នាំ ២០១៥ កន្លងមកនេះ ក៏ចាត់ទុកជាការធ្ងន់ធ្ងរគួរសម ចិនធ្វើការបញ្ជូនយន្តហោះចម្បាំងប្រភេទ ស៊ូខយ-២៧ និងយន្តហោះឈ្លបយកការណ៍ហោះចូលទៅក្នុងតំបន់នោះដល់ទៅ ៣៧៣លើក។ សំឡេង៖
បាត់ពីខ្សែភ្នែកមួយរយៈ សំរាប់បរិយាកាសជម្លោះនៅសមុទ្រចិនខាងត្បូង ដែលបង្កនូវការឈឺក្បាលវិលមុខដល់ប្រទេសសមាជិកអាស៊ាន ជាអន្លើៗ ។ ហើយការងារនេះ ក៏ចាត់ទុកជារឿងគួរឲ្យចម្លែកចិត្តផងដែរសំរាប់យើង ដោយសារកាលពីចុងខែកុម្ភៈ កន្លងមក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានការអញ្ជើញអ្នកជំនាញនិងប្រព័ន្ធផ្សព្វ ផ្សាយក្នុងអាស៊ាន ចូលរួមស្តាប់ការសរុបស្ថានការណ៍សន្តិសុខ រៀបចំដោយក្រសួងការបរទេសនិងក្រសួងការពារជាតិជប៉ុន។
នៅក្នុងពិធីនោះ មន្រ្តីសន្តិសុខជប៉ុនបានបង្ហាញយ៉ាងច្បាស់ថា លោកមានការព្រួយបារម្ភចំពោះស្ថានភាពជម្លោះក្នុងសមុទ្រចិនខាងត្បូងយ៉ាងខ្លាំង មិនថាការដែលចិនចូលទៅសាងសង់ព្រលានយន្តហោះ រួមទាំងការបំពាក់មីស៊ីលប្រឆាំងអាកាសយាននៅប្រជុំកោះប៉ារ៉ាសែល។
ដោយប្រទេសជប៉ុនផ្ទាល់ក៏ត្រូវទទួលរងការគំរាមកំហែងមិនតិចឡើយ ក្នុងអំឡុងជាច្រើនឆ្នាំកន្លងមកនេះ ករណីប្រជុំកោះ សេនកាគូ នៅសមុទ្រចិនខាងកើត ឬដែលភាគីចិនហៅថា ប្រជុំកោះទៀវយូ។
គ្រាន់តែក្នុងឆ្នាំ ២០១៥ កន្លងមកនេះ ក៏ចាត់ទុកជាការធ្ងន់ធ្ងរគួរសម ចិនធ្វើការបញ្ជូនយន្តហោះចម្បាំងប្រភេទ ស៊ូខយ-២៧ និងយន្តហោះឈ្លបយកការណ៍ហោះចូលទៅក្នុងតំបន់នោះដល់ទៅ ៣៧៣លើក។
បញ្ជូននាវាចម្បាំងនិងនាវាល្បាតធុនធ្ងន់ ដូចយ៉ាង ហ្វ្រីហ្គេតប្រភេទជៀងខៃ នាវាពិឃាដប្រភេទសហ្វរ៉េមេននី និងនាវាពិឃាដប្រភេទលូដា យ៉ាងហោចណាស់ ២៥លើក មិនរួមដល់អាវុធសម្ងាត់យ៉ាង "នាវាមុជទឹក" ដែលអាជ្ញាធរជប៉ុនសុំរក្សាសិទ្ធិមិនបង្ហើបប្រាប់ពីចំនួន។
ព្រមទាំងមានការនិយាយពីលទ្ធភាពដែលចិនអាចនឹងបំពាក់មីស៊ីលប្រឆាំងអាកាសយាននៅលើស្ថានីយខួងប្រេងដែលតាំងនៅជុំវិញប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងកើត តែករណីនេះនៅជាប្រធានបទជជែកវែកញែកគ្នានៅឡើយ ត្រង់ដែលថា សំណង់សរសរដែកនៃស្ថានីយខួងប្រេងអាចផ្ទុកទម្ងន់ទម្របាញ់មីស៊ីលនិងប្រព័ន្ធរ៉ាដាបានដែរឬមួយយ៉ាងណា ???
មានការនិយាយពីដំណឹងល្ហិចល្ហៀងទៀតថា ជំហានបន្ទាប់ចិនអាចនឹងបញ្ជូននាវាមុជទឹក ផ្ទុកមីស៊ីលនុយក្លេអ៊ែរ ចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីប្តូរហ្គេមតុល្យភាពអំណាចតំឡើងសាច់ដុំជាមួយសហរដ្ឋអាមេរិក។
បកអាក្រាតចិនក្តែងៗ បន្ទរតាមពីក្រោយដោយអាជ្ញាធរស៊ីវិលលោក ថេតសឹអ៊ុ ខូថានិ អ្នកវិភាគពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃប្រទេសជប៉ុន ដែលថ្លែងស្របគ្នាបានមើលឃើញថា ករណីនៃប្រជុំកោះមានជម្លោះនោះ ចាត់ទុកជាតម្រូវការក្នុងការ "ប្រឈម" ចំពោះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិក។
បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់លាស់ថា ចិនបានមើលរំលង មិនខ្ជះខ្ជាយពេលវេលាជាមួយនឹងប្រទេសតូចតាច សម្លឹងគោលដៅទៅរកបងធំប្រទេសលោកខាងលិចដ៏មានឥទ្ធិពលនៅលើពិភពលោកដោយត្រង់តែម្តង។
យ៉ាងណាក៏ដោយ ពីការបានដឹងបានឮពេញៗត្រចៀកមកទាំងអស់នេះ ទីបំផុតស្ថានការណ៍បែរជាមានការផ្លាស់ប្តូរអស់រលីង កាលបើអំឡុងដើមខែមីនាកន្លងទៅនេះ ព័ត៌មានទាក់ទងនឹងជម្លោះទាំងអស់បានបាត់ពីផ្ទាំងកញ្ចក់ទូរទស្សន៍គ្មានសេចក្តីរាយការណ៍អ្វីឲ្យឃើញទៀតឡើយ។
ដែលករណីនេះឯង ទើបមានការកត់សម្គាល់ថា តើជាការសំរាកឥរិយាបថ "បណ្តោះអាសន្ន" របស់អាជ្ញាធរចិនឬយ៉ាងណា ???
ព្រោះលទ្ធផលសរុបនៃមហាសន្និបាតសភាប្រជាជនចិនដែលចេញមកកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅនោះ លោក លី កឺឈៀង នាយករដ្ឋមន្ត្រីចិន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់លាស់ថា ចិនសុំផ្តោតទៅលើសេដ្ឋកិច្ចសុទ្ធសាធ កំណត់គោលដៅកំណើន 6.5 ភាគរយ តាំងគោលដៅបង្កើតការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំណែកក្នុងលក្ខខណ្ឌសន្ដិសុខ បញ្ជាក់ត្រឹមតែថា នឹងបង្កើតហើយបង្កើនសក្តានុភាពប្រព័ន្ធសន្តិសុខនៅទូទាំងប្រទេសយ៉ាងគ្របដណ្តប់។
តាមពីក្រោយដោយអាកប្បកិរិយារបស់លោក វ៉ាំង យី រដ្ឋមន្រ្តីការបរទេសចិន ដែលចេញមកបន្ធូររលកតានតឹងក្នុងដែនទឹកសមុទ្រចិនខាងត្បូងថា នៅមានស្ថានភាពមិនផ្លាស់ប្តូរក្នុងឋានៈជា ដែនទឹកអន្តរជាតិ ដែលគ្រប់ប្រទេសអាចប្រើប្រាស់ប្រយោជន៍ ធ្វើនាវាចរយ៉ាងសេរី និងបានរំលឹកថា មិនអាចទៅរួចទេដែលប្រទេសចិននឹងក្លាយខ្លួនទៅជាសហរដ្ឋអាមេរិកនោះ ចិនគ្មានចេតនាទៅជំនួសកន្លែងនរណា ឬណែនាំនរណានោះឡើយ ចិនគ្មានគំនិតពង្រីកអំណាចនិងឥទ្ធិពល ហើយឈានចូលទៅជំនួសសហរដ្ឋអាមេរិកឡើយ។
យ៉ាងណាក្តី ជារឿងគួរឱ្យតាមដានថា ស្ថានភាពស្ងប់ស្ងាត់នាលើកនេះ នឹងអូសបន្លាយពេលបានយូរប៉ុណ្ណា ??? គង់ជាការលំបាកឆ្លើយណាស់ ព្រោះសំដីនឹងសកម្មភាពរបស់ចិន រមែងមិនស្របគ្នាជាញឹកញាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ហើយដំណោះស្រាយកាលបើពេលវេលានោះធ្វើដំណើរមកដល់ ក៏នៅមិនទាន់មាននរណាអាចរិះរករូបមន្តជាក់ស្តែងបាននៅឡើយ មានអ្នកឯកទេសខ្លះមើលឃើញថា អ្វីដែលធ្វើបានជំហានដំបូងនោះគឺ ការបង្កើតកម្លាំងយោធា ទន្ទឹមជាមួយការប្រើច្រកខាងនយោបាយយ៉ាងល្អិតល្អន់និងជាបន្តបន្ទាប់។
មកដល់ចំណុចនេះឯង ដែលធ្វើឱ្យនឹកសង្ឃឹមតាមសំដីរបស់លោក ណូប៊ុខាត់ស៊ឹ ខាណេហារៈ ជំនួយការលេខាធិការគណរដ្ឋមន្ត្រីជប៉ុន ដែលថ្លែងក្នុងទីក្រុងតូក្យូនាថ្ងៃបញ្ចប់ពិធីនោះថា មិនថា សភាពការណ៍នឹងលេចចេញក្នុងរូបភាពណាទេ គ្រប់យ៉ាងនឹងចប់ដោយវិធាននយោបាយ ហើយសំរាប់វិធាននយោបាយនោះ "ការចរចា" គឺជាច្រកចេញតែមួយគត់នៃគ្រប់ស្ថានការណ៍។
"ការប្រើអាវុធ ប្រើកម្លាំង អាចធ្វើឲ្យបានមកនូវអ្វីដែលត្រូវការត្រឹមអំឡុងពេលមួយ តែអ្វីដែលឋិតថេរយូរអង្វែង គឺការយល់ចិត្តយល់ថ្លើមគ្នា ផ្លាស់ប្តូរនូវគំនិត នឹងប្រើភាពជាមនុស្សចូលទៅរកគ្នា។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!