ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចកម្ពុជានៅតែ រក្សាកំណើន ៧% នៅឆ្នាំ២០១៦ និង២០១៧
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំ ហើយនៅឆ្នាំ២០១៦នេះ នៅតែរក្សាកំណើន ៧% ដូចនឹងឆ្នាំ២០១៥។ តែអ្វីដែលគួរអោយព្រួយបារម្ភនោះគឺ ការចរាចរណ៍ប្រាក់ដុល្លាច្រើននៅកម្ពុជា ដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ព្រោះ ការចំណាយនៅក្នុងប្រទេស នឹងមានការកើនឡើងទ្វេរ។ រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សំឡេង៖
ក្នុងសន្និសិទកាសែតបង្ហាញរបាយការណ៍ស្តីពីការព្យាករសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី៣០ ខែមីនានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នៅតែរឹងមាំដូច ឆ្នាំ២០១៥ដដែល ដោយនឹងរក្សាកំណើន៧%ក្នុងឆ្នាំ២០១៦ ហើយកើនឡើងបន្តិចថែមទៀត នៅឆ្នាំ២០១៧ខាងមុខនេះ។
ខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តរឹងមាំ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា ការចរាចណ៍លុយដុល្លាច្រើន ក្នុងទីផ្សារ អាចជាហានិភ័យមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ព្រោះថា លុយដុល្លាអាចនឹងឡើងថ្លៃ ហើយការចំណាយនៅក្នុងប្រទេសនឹងកើនឡើងទ្វេ ខណៈដែលកម្ពុជា មានដុល្លារូបនីយកម្មក្នុងប្រទេសខ្ពស់។ លោកបន្ថែមថា ដោយសារតែកម្ពុជា ជាប្រទេសដែលមានប្រវត្តិក្នុងការចាយវាយប្រាក់ដុល្លា តាំងពីយូរមកហើយ ជាហេតុធ្វើឲ្យកម្ពុជា មានការពិបាកក្នុងការកាត់បន្ថយការចរាចរណ៍ប្រាក់ដុល្លា បើទោះជារដ្ឋាភិបាល ខំប្រឹងទប់ស្កាត់យ៉ាងណាក៏ដោយ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធានាគារអភិវឌ្ឈន៍អាស៊ី ADB លោក Jan Hansen បានលើឡើងថា ដើម្បីទប់ស្កាត់នូវហានិភ័យនេះ រដ្ឋត្រូវតែអនុវត្តនូវគោលនយោបាយសារពើពន្ធ និងការបង្កើតលំហូរសារពើពន្ធ ដូចជាម៉ាក្រូសេដ្ឋកិច្ចជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាប់ផ្តើមចាយប្រាក់រៀលរបស់ខ្លួនឡើងវិញ ដូចជាការបើកប្រាក់បៀវត៍្ស ជាប្រាក់រៀល និងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយជាដើម។
ពាក់ព័ន្ធនឹងការលើកស្ទួយប្រាក់រៀលខ្មែរនេះ កន្លងទៅ យុវជនជាច្រើន បានធ្វើយុទ្ធនាការណ៍ទាំងតាមបណ្តាញសង្គម និងទីសាធារណៈ ដើម្បីផ្សព្វផ្សាយ និងលើកតម្កើង ការចរាចរណ៍ប្រាក់រៀលខ្មែរ ក្នុងទីផ្សារ។ ហើយក៏មានហាងមួយចំនួន បានប្រកាសថា ទទួលយកតែប្រាក់រៀលខ្មែរតែប៉ុណ្ណោះ។
ក្រៅពីការលើកឡើងខាងលើនេះ កំណើនយ៉ាងឆាប់រហ័សក្នុងវិស័យឥណទាន និងការរីកចម្រើនខ្លាំងនៃវិស័យអចលនទ្រព្យ ក៏នាំឲ្យមានកើនឡើងនូវហានិភ័យក្នុងវិស័យហិរញ្ញវត្ថុផងដែរ ហើយបញ្ហាប្រឈមមួយទៀត គឺការបង្កើនគុណភាពការងារ ដែលលោក Samiuela Tukuafu បានលើកឡើងថា ដើម្បីឆ្លើយតបនឹងចំណុចខ្វះខាត់នេះ ក្នុងវិស័យអប់រំ និងបណ្តុះ បណ្តាល ត្រូវធ្វើយ៉ាងណា ជួយកុមារឲ្យបានរៀនចប់ចុងចប់ដើម។
ស្របពេលដែលមានការលើកឡើងបែបនេះ ធនាគារ ADB ក៏បានព្យាករណ៍ថា វិស័យឧស្សាហកម្មនៅកម្ពុជា នៅឆ្នាំ២០១៦នេះនឹងកើនឡើង៩.៥% ដោយមានការគាំទ្រ ពីការបន្តធ្វើពិពិធកម្មផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ជាងដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ ចំណែកវិស័យកសិកម្ម នឹងកើនឡើង១,៦ % បើអាកាសធាតុមានការអំណាយផលឡើងវិញ ហើយវិស័យសេវាកម្ម រំពឹងថានឹងកើនឡើង ៧.៨%។ ដោយក្នុងនោះវិស័យសំណង់រំពឹងថា និងថមថយចុះមកវិញ បើធៀបនឹងកំណើនខ្ពស់នៅប្រមាណឆ្នាំ ចុងក្រោយនេះ។
របាយការណ៍របស់ធនាគារ ADB បានលើកឡើងទៀតថា ឱនភាពសារពើពន្ធដោយមិនរាប់បញ្ចូលនិងជំនួយឥតសំណងត្រូវបាន ប៉ាន់ស្មានថា នឹងកើនឡើងដល់៤.៣% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦។ ឱនភាពគណនីចរន្ត ត្រូវបានព្យាករណ៍ថា មិនមានការប្រែប្រួលគួរឲ្យកត់សំគាល់ទេ នៅឆ្នាំ២០១៦ ប៉ុន្តែនិងធ្លាក់ចុះក្នុងឆ្នាំ២០១៧ ដោយសារតែឱកាសនាំចេញមានលក្ខណៈ ប្រសើជាងមុន។ អតិផរណា ឆ្នាំមុនមានការថមថយមកនៅអត្រាទាបបំផុត ចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្តែបន្តកើនឡើងតិចតួចវិញ នៅចុងឆ្នាំមុននេះ។ ការថមថយនៅថ្លៃស្បៀងអាហារ និងឥន្ទនៈសកល ត្រូវបានរំពឹងថា និងនាំឲ្យអតិផរណាធ្លាក់ចុះ២.៥% នៅឆ្នាំ២០១៦ មុននឹងកើនឡើងដល់៣% នៅឆ្នាំ២០១៧៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!