អាស៊ាន update 02-04-2016
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំឡេងយុវជន VOY FM 94 MHz នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!!ក្នុង "នាទីអាស៊ាន UP DATE" នាសប្តាហ៍នេះ លោកអ្នកនឹងបានស្តាប់ព្រឹត្តិការណ៍ថ្មីៗ ដែលកើតមានក្នុងតំបន់អាស៊ាន ស្តីពី ប៉ូលីសហ្វីលីពីនបំបែកហ្វូងកុបកម្មកសិករបណ្តាលឲ្យស្លាប់យ៉ាងហោច២នាក់, ប្រធានសភាជាស្ត្រីដំបូងគេ នៅវៀតណាម, លោក ធីន ចរ៍ អង្គុយកៅអីប្រធានាធិបតីជាផ្លូវការ, វិស័យទេសចរណ៍ផ្តោតលើសុខភាពរបស់ប្រទេសម៉ាឡេស៊ី កើនឡើងជាបន្តបន្ទាប់, ជំរាបជូនដោយ លោកមុំ រឿន ដូចតទៅ។សំឡេង ៖
ប៉ូលីសហ្វីលីពីនបំបែកហ្វូងកុបកម្មកសិករបណ្តាលឲ្យស្លាប់យ៉ាងហោច២នាក់
ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃសុក្រម្សិលមិញថា ប៉ូលីសហ្វីលីពីនបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រជាប្រជាកសិកររាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នាបិទផ្លូវនៅទីក្រុងភាគខាងជើងប្រទេស ដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយសម្រាលទុក្ខលំបាកពីសភាពគ្រោះរាំងស្ងួត បណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់២នាក់ និងរងរបួសជាច្រើនសិបនាក់ រួមទាំងអាជ្ញាធរផងយ៉ាងហោចណាស់២៣ នាក់។
ប៉ូលីសបានព្យាយាមចូលទៅបំបែកហ្វូងកុបកម្មនៃក្រុមកសិករប្រមាណ ៦ពាន់នាក់ ដែលបោះតង់បិទផ្លូវជាតិរយៈពេល៤ថ្ងៃ នៅទីប្រជុំជនឃីដាប៉ាវ៉ាន ក្នុងខេត្តកូតាបាតូខាងជើង លើកោះមីនដាណាវ ភាគខាងត្បូង ដើម្បីទាមទារសុំជំនួយពីរដ្ឋាភិបាល បន្ទាប់ពីគ្រោះរាំងស្ងួតដែលពាក់ព័ន្ធនឹងបាតុភូតអែលនីញ៉ូ ហុចផលប៉ះពាល់ដល់ផ្ទៃដីដាំដុះរាប់សែនហិកតា។
លោកស្រី អេមមីលូ ម៉េនដូសា អភិបាលខេត្តកូតាបាតូខាងជើង បានថ្លែងថា មានការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមកុបករមុនពេលមានសំឡេងកាំភ្លើងផ្ទុះឡើង បណ្តាលឲ្យអ្នកធ្វើកូដកម្មស្លាប់យ៉ាងហោចណាស់២នាក់ និងរងរបួស ១៣នាក់ ចំណែកអាជ្ញាធររងរបួសយ៉ាងហោចណាស់២៣នាក់ ដោយ២នាក់ក្នុងចំនួននោះមានអាការៈធ្ងន់ធ្ងរពីការត្រូវរបួសត្រង់ក្បាល។
មេក្រុមអ្នកតវ៉ាបានឲ្យដឹងថា ប្រជាកសិករទាមទារឱ្យរដ្ឋាភិបាលជួយជាថវិកានិងអង្ករចំនួន 15,000 ការ៉ុង ក្រោយពីបានប្រឈមនឹងគ្រោះរាំងស្ងួតក្នុងខេត្តនេះរាប់ខែមកហើយ ប៉ុន្តែត្រូវមន្ត្រីប៉ូលីសប្រើអាវុធបាញ់ប្រហារ។ ខណៈដែលមេបញ្ជាការប៉ូលិសក្នុងតំបន់បានថ្លែងថា ក្រុមអ្នកតវ៉ាខ្លះមានអាវុធ និងបាញ់កាំភ្លើងដាក់ប៉ូលីសជាមុន មុននឹងប៉ូលីសប្រើកម្លាំងបំបែកហ្វូងកុបករ។
មន្ត្រីក្រសួងកសិកម្មហ្វីលីពីនបានឲ្យដឹងថា តំបន់ដាំដុះជាង 300,000 ហិកតា រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ បង្កការខូចខាតដំណាំស្រូវនិងពោតមានតម្លៃប្រមាណ 5,300 លានប៉េសូ ឬប្រមាណ 120 លានដុល្លាសហរដ្ឋអាមេរិក។
ប្រធានសភាជាស្ត្រីដំបូងគេ នៅវៀតណាម
រដ្ឋសភាប្រទេសវៀតណាម បានបោះឆ្នោតជ្រើសរើសប្រធានសភាជាស្ត្រីដំបូងគេនៃប្រទេសនេះ គឺលោកស្រី "ង្វៀន ធី គីមង៉ាន"។
សម័យប្រជុំរដ្ឋសភានៃប្រទេសវៀតណាម បានបោះឆ្នោតអនុម័តដោយមតិភាគច្រើនលើសលប់ 95.5 ភាគរយ ជ្រើសរើសលោកស្រី ង្វៀន ធី គីមង៉ាន ឲ្យធ្វើជាប្រធានរដ្ឋសភា សាងប្រវត្តិសាស្រ្តជាស្ត្រីដំបូងគេ ដែលទទួលបានការជ្រើសរើសឲ្យកាន់តំណែងនេះទៅតាមការរំពឹងទុក បន្ទាប់ពីលោកស្រី ង៉ាន អាយុ ៦១ឆ្នាំ ទទួលបានការជ្រើសតាំងជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក១៦រូបផ្សេងទៀតនៃគណកម្មាធិការមជ្ឈិមបក្ស ឬ ប៉ូលីតបូរ៉ូ នៅក្នុងមហាសន្និបាតកាលពីខែមុន។
ទន្ទឹមគ្នានោះ កិច្ចប្រជុំបានអនុម័តិឲ្យលោកប្រធានាធិបតី ទ្រឿង តាន់សាង ចាកចេញពីតំណែង ហើយតែងតាំងលោក ត្រាន់ ញ៉ាយក្វាង រដ្ឋមន្រ្តីក្រសួងសុវត្ថិភាពឲ្យទទួលតំណែងជំនួសជាផ្លូវការក្នុងថ្ងៃដដែល ហើយបានអនុម័តិឲ្យលោកនាយករដ្ឋមន្រ្តី ង្វៀន ត្រាន់យ៉ុង ចេញពីតំណែងដែលគួរនឹងកើតឡើងនៅសប្តាហ៍ក្រោយ ដែលអ្នកមកជំនួសគឺលោក ង្វៀន ស៊ុនហ៊្វុគ ឧបនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលការតែងតាំងមុខតំណែងសំខាន់ខាងនយោបាយទាំងអស់នៅក្នុងសប្តាហ៍ក្រោយ ចាត់ទុកជាការបញ្ចប់យន្តការបោះឆ្នោតរបស់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមនាលើកនេះជាផ្លូវការ។
លោក ធីន ចរ៍ អង្គុយកៅអីប្រធានាធិបតីជាផ្លូវការ
សមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD ក្រោមការដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី បានប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច ដើម្បីអបអរសាទរក្នុងឱកាសដែលលោក ធីន ចរ៍ មនុស្សជំនិតរបស់លោកស្រី ស៊ូជី ចូលស្បថទទួលតំណែងប្រធានាធិបតីស៊ីវិលដំបូងគេនៃប្រទេសមីយ៉ាន់ម៉ា ក្នុងជុំជាច្រើនសិបឆ្នាំកន្លងមកនេះ។
លោក ធីន ចរ៍ ព្រមជាមួយលោកស្រី ស៊ូជី និងគណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំនៅកណ្តាលវាល បរិវេណសួនច្បារក្នុងវិមានប្រធានាធិបតី តែមិនប្រាកដថា មានសមាជិករដ្ឋាភិបាលចាស់ ចូលរួមក្នុងពិធីនោះឡើយ។
លោក ធីន ចរ៍ បានចូលបំពេញតួនាទីដឹកនាំប្រទេសចាប់ពីថ្ងៃទី១ ខែមេសា ម្សិលមិញនេះ បន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី៣១ ខែមីនា ដោយលោកបានប្រកាសថា នឹងធ្វើជាមេដឹកនាំប្រទេសដែលប្រជាជនមានទំនុកចិត្ត ប្រកាន់ខ្ជាប់ក្នុងការអនុវត្តតាមច្បាប់និងរដ្ឋធម្មនុញ្ញ ព្រមទាំងបានសន្យាពីការធ្វើការឲ្យអស់ពីសមត្ថភាព និងសាងការផ្សះផ្សាជាតិដែលកំពុងប្រឈមទៅនឹងការវាយប្រយុទ្ធគ្នា តាមតំបន់ព្រំដែននៃក្រុមជាតិពន្ធុមកអស់ពេលជាច្រើនឆ្នាំហើយនោះ។
នៅថ្ងៃទី៣១ ខែមីនា ម្សិលម៉្ងៃនេះ រដ្ឋាភិបាលថ្មីនៃប្រទេសមីយ៉ាន់ម៉ា ត្រៀមស្នើពង្រាងច្បាប់ឲ្យលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD ស្ថិតក្នុងឋានៈជា "ទីប្រឹក្សារដ្ឋ" ឬ "ទីប្រឹក្សាប្រធានាធិបតី " ដើម្បីបំពេញតួនាទីស្រដៀងគ្នាទៅនឹង នាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ធីន ចរ៍ អាយុ ៦៩ឆ្នាំ មនុស្សជំនិតរបស់លោកស្រី ស៊ូជី បានជ្រើសរើសឲ្យកាន់តំណែងជាប្រធានាធិបតីស៊ីវិលលើកដំបូងក្នុងជុំ ៥៤ឆ្នាំ កាលពីថ្ងៃទី៣០ ខែមីនា មុនពេលរដ្ឋាភិបាលថ្មីឡើងកាន់អំណាចនៅថ្ងៃទី១ ខែមេសា ម្សិលមិញនេះ។
តួនាទីរបស់លោកស្រី ស៊ូជី ក្នុងឋានៈជាទីប្រឹក្សារដ្ឋ ដែលបានអនុម័តិដោយសភាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រម្សិលមិញយ៉ាងចម្រូងចម្រាស់ នឹងធ្វើឲ្យលោកស្រីអាចត្រួតពិនិត្យមើលការខុសត្រូវសំរបសំរួល ឬការគ្រប់គ្រងណាមួយរបស់រដ្ឋាភិបាលក្នុងច្រើនទិដ្ឋភាព រួមទាំងការជួបពិភាក្សាជាមួយនរណាដែលត្រូវការ តួនាទីថ្មីរបស់លោកស្រី ស៊ូជី ត្រូវកំណត់ឡើង ដើម្បីការពារលោកស្រីមិនឲ្យខ្ទាស់ទៅនឹងរដ្ឋធម្មនុញ្ញ ពីករណីគ្រប់គ្រងអំណាចច្រើនជ្រុលពេក ដែលលោកស្រីនឹងគ្រប់គ្រងក្រសួង៤ គឺ ក្រសួងការបរទេស ក្រសួងអប់រំ ក្រសួងថាមពលនិងខុទ្ទកាល័យប្រធានាធិបតី។
វិស័យទេសចរណ៍ផ្តោតលើសុខភាពរបស់ប្រទេសម៉ាឡេស៊ី កើនឡើងជាបន្តបន្ទាប់
បណ្ឌិត អេស ស៊ូប្រាម៉ានៀម រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានថ្លែងព័ត៌មានបន្ទាប់ពីបើកវេទិកា health care forum ឆ្នាំ 2016 ស្តីពី "ការធ្វើឱ្យសេវាកម្មសុខភាពរបស់ប្រទេសម៉ាឡេស៊ីជាសាកល ឱកាសនិងបញ្ហាប្រឈម" ថា រដ្ឋាភិបាលតាំងគោលដៅក្នុងឆ្នាំនេះថា វិស័យទេសចរណ៍ផ្តោតលើសុខភាព នឹងនាំមកនូវប្រាក់ចំណូលចូលប្រទេស 1,300 លានរីងហ្គីត (335 លានដុល្លាសហរដ្ឋអាមេរិក) កើនឡើងពី 777 លានរីងហ្គីត កាលពីឆ្នាំ ២០១៤។ ចំណែកឆ្នាំទៅមិញ មានភ្ញៀវទេសចរណ៍ខាងសុខភាពចូលក្នុងប្រទេសច្រើនជាង 850,000 នាក់ នាំចំណូលចូលប្រទេសច្រើនជាង 900 លានរីងហ្គីត ឬប្រមាណ (230 លានដុល្លា) តួលេខនេះជាចំណូលរបស់មន្ទីរពេទ្យប៉ុណ្ណោះ មិនគិតរួមលើការចំណាយផ្សេងទៀតរបស់ភ្ញៀវទេសចរផ្តោតរឿងសុខភាព មានដូចជាថ្លៃទីស្នាក់អាស្រ័យ និងចំណាយសព្វសារពើ។
លោករដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសម៉ាឡេស៊ី បានថ្លែងថា ភ្ញៀវទេសចរសុខភាពដែលមកប្រើសេវាកម្មនៅមណ្ឌលសុខភាពទាំងរដ្ឋនិងឯកជនក្នុងប្រទេសម៉ាឡេស៊ី មកពីបណ្តាប្រទេសនានា ជាអាទិ៍ ប្រទេសបង់ក្លាដែស, ចិន, ឥណ្ឌូនេស៊ី, មជ្ឈិមបូព៌ា និងអាហ្វ្រិក។
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!