បុគ្គលិកផ្នែកសូហ្វវែលមិត្ដហ្វូនតំណាងកម្ពុជា ទៅប្រកួតព្រឹត្ដិការណ៍ពិភពលោក Microsoft World Championship
បុគ្គលិកផ្នែកសូហ្វវែលមិត្ដហ្វូនតំណាងកម្ពុជាទៅប្រកួតព្រឹត្ដិការណ៍ពិភពលោក Microsoft World Championship
យុវជន អេង សុខអាន អាយុ ២៣ ឆ្នាំ ក្លាយជាបេក្ខជនលើកទី ៣ នៃព្រឹត្ដិការណ៍ប្រកួត Microsoft Office Specialists World Championship (MOSWC) សម្រាប់ឆ្នាំ២០១៦នេះ។ សុខអាន បានឈ្នះការប្រកួតថ្នាក់ជាតិចំនួន ២ ដង ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកដែលតំណាងឲ្យកម្ពុជា និងបង្ហាញនូវក្ដីសង្ឃឹមក្នុងការពាំនាំមេដាយមាសត្រឡប់មកវិញ។
លោក អេង សុខអាន បាននិយាយថា៖ «ការប្រកួតលើកដំបូង ខ្ញុំមិនបានទទួលជោគជ័យ តែខ្ញុំមិនបោះបង់នោះទេ។ លើកទី២ ខ្ញុំបានជាប់ឈ្មោះក្នុងបញ្ជីសម្រាំងថ្នាក់ជាតិ និងទៅប្រកួតនៅទីក្រុង Dallas រដ្ឋTexas ហើយនេះគឺជាលើកទី៣ ដែលខ្ញុំបានជាប់ជម្រើសជាតិម្ដងជាតិ។ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការដណ្ដើមយកមេដាយជូនជាតិវិញ»។
ការប្ដេជ្ញាចិត្ដរបស់មិត្ដហ្វូនក្នុងការលើកស្ទួយវិស័យអប់រំកម្ពុជានឹងបាននាំយកនិស្សិតឆ្នើមកម្ពុជាទៅលើឆាកអន្ដរជាតិម្ដងទៀត នៅពេលបេក្ខជនទាំង ៣ រូបចេញទៅប្រកួតក្នុងព្រឹត្ដិការណ៍ Microsoft Office Specialists World Championship (MOSWC) ក្នុងទីក្រុង Orlando រដ្ឋ Florida ក្នុងខែសីហានេះ ដោយមានបេក្ខជនម្នាក់ធ្វើការប្រកួតនៅសហរដ្ឋអាមេរិកជាលើកទី ២ ជាប់ៗគ្នា។ ព្រឹត្ដិការណ៍ប្រកួតឆ្នាំនេះ លោក អេង សុខអាន បេ្ដជ្ញាចិត្ដដណ្ដើមយកមេដាយមាសក្នុងវិញ្ញាសារប្រកួត Microsoft Word នៅ Disneyland ក្រោយពីបញ្ចប់លើវិញ្ញាសារ Microsoft Excel នៅទីក្រុង Dallas កាលពីឆ្នាំមុន។
បេក្ខជនវ័យ ២៣ ឆ្នាំរូបនេះ ដែលបច្ចុប្បន្នជាបុគ្គលិកផ្នែកសូហ្វវែលនៅក្រុមហ៊ុនមិត្ដហ្វូន បាននិយាយថា លោកកាន់តែមានជំនឿចិត្ដចំពោះការប្រកួតឆ្នាំ ពីព្រោះលោកមានបទពិសោធចំពោះសម្ពាធនៃការប្រកួតជើងឯកកម្រិតពិភពលោកនេះ។ លើសពីនេះ លោកគឺជាផ្នែកមួយនៃក្រុមកម្ពុជាដំបូងដែលបានឈ្នះមេដាយដោយបានទាក់ទាញចំណាប់អារម្មណ៍ពីបេក្ខជនជាង ១០០ ប្រទេសទៀត។
លោក សុខអាន បានពន្យល់ថា៖ «នៅពេល គង់ ឌីវីដ បានឈ្នះមេដាយប្រាក់លើវិញ្ញាសារ Microsoft Power Point យើងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងមិនរំពឹងជ័យជម្នះទេ ពីព្រោះវាទើបតែជាឆ្នាំទី២ ដែលក្រុមកម្ពុជាបានចូលរួមប្រកួតប៉ុណ្ណោះ»។
យុវជនរូបនេះ បានបន្ដថា៖ «ឈ្នះមេដាយពិតជាធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងសម្បើមចំពោះផ្នត់គំនិតដែលយើងបានគិតពីខ្លួនឯងដោយយើងរឹតតែត្រូវបង្កើនជំនឿចិត្ដថែមទៀត។ ពេលនេះ យើងដឹងថា បើយើងអនុវត្ដ និងផ្ដោតការយកចិត្ដទុកដាក់ យើងអាចទទួលជោគជ័យលើជំនាញឯកទេសកុំព្យូទ័រនេះ»។
មេដាយប្រាក់កាលពីឆ្នាំមុន គឺជាមូលហេតុចម្បងដែលការប្រកួតថ្នាក់ជាតិឆ្នាំនេះទទួលបានបេក្ខជនចូលរួមច្រើន។ នេះបើយោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ប្រកួតរបស់ IIG Education Cambodia។ និស្សិតរាប់ពាន់នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៣៣ អង្គភាព បានចូលរួមប្រកួតលើវិញ្ញាសារជំនាញកុំព្យូទ័រ Microsoft Specialists យ៉ាងហោចណាស់ ប្រភេទណាមួយក្នុងចំណោមប្រភេទវិញ្ញាសារទាំង ៣ គឺ Word, Excel និង Power Point។ យុវជន ៣ រូប ដែលមានបន្ទុកខ្ពស់បំផុតលើផ្នែកនីមួយៗ នឹងត្រូវចេញទៅប្រកួតជើងឯកពិភពលោក។
អ្នកដែលមានពិន្ទុ ៧០០ ឬលើសពីនេះ ទទួលបានវិញ្ញាបនបត្រ Microsoft Office Specialist. នាយកគ្រប់គ្រងនៅក្រុមហ៊ុន IIG Education Cambodia អ្នកស្រី ឡាយ សុគន្ធា បានឲ្យដឹងថា៖ «វិញ្ញាបនបត្រនេះពិតជាមានសារសំខាន់ណាស់ពីព្រោះពួកគេត្រូវបានទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ។ នយោជកដឹងថា បេក្ខជនរកការងារដែលបានកាន់វិញ្ញាបនបត្រអន្ដរជាតិនេះសុទ្ធតែមានជំនាញផ្នែកកុំព្យូទ័រ និងចំណេះដឹងផ្នែកភាសាដែលនឹងទទួលសិទ្ធិអាទិភាពខ្ពស់»។
អ្នកស្រី បន្ដថា៖ «បើគ្មានការឧបត្ថម្ភពីមិត្ដហ្វូនទេ ការប្រកួតនេះនឹងមិនអាចចេញជារូបរាងបានឡើយ ហើយយើងក៏គ្មានឱកាសបានឈ្នះមេដាយអ្វីដែរកាលពីឆ្នាំមុន។ មិត្ដហ្វូន បានបន្ដឧបត្ថម្ភគាំទ្រការប្រកួតតាំងពីបើកដំណើរដំបូងក្នុងឆ្នាំ២០១៤ និងមានការចូលរួមគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា»។
លោក ញ៉ុង ឌីនថាន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន បានមានប្រសាសន៍ថា៖ «នេះគ្រាន់តែជាការរួមចំណែកមួយពីការវិនិយោគយុទ្ធសាស្ដ្ររបស់ក្រុមហ៊ិនចំពោះវិស័យអប់រំប៉ុណ្ណោះ ដែលបានចាប់ផ្ដើមពីពេលដំណើរការបណ្ដាញទូទាំងប្រទេសក្នុងឆ្នាំ២០០៩»។
លោកបានបន្ដថា៖ «យើងបាននិងកំពុងផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត ផ្សារភ្ជាប់ទំនាក់ទំនងរវាងសិស្ស និស្សិតជនបទ និងការប្រើប្រាស់អ៊ីនធឺណិត និងសហការយ៉ាងស្អិតរមួតជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភីវឌ្ឍសូហ្វវែល ដែលជួយពន្លឿនដល់ការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឈានដល់កម្រិតពិភពលោក»។
លោក ញ៉ុង ឌីនថាន បានលើកឡើងថា មិត្ដហ្វូន ទើបបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្រសួង ដែលនឹងពង្រីកវិសាលភាពអ៊ីនធឺណិតទៅដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្រសួងចំនួន ១ លាននាក់លើរយៈពេល ៥ ឆ្នាំ។ ការវិនិយោគលើវិស័យអប់រំបានផ្ដល់អត្ថប្រយោជន៍ជាច្រើនមិត្ដហ្វូន ក៏ដូចជា កម្ពុជាទាំងមូល។
ជាចុងក្រោយ លោក សុខអាន បានឯកភាពថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងបម្រើការនៅក្រុមហ៊ុនមិត្ដហ្វូន ពីព្រោះខ្ញុំបានសិក្សាជាច្រើនអំពីក្រុមហ៊ុនអំឡុងពេលការប្រកួតឆ្នាំមុន។ ពួកគេត្រូវការបុគ្គលិកមានជំនាញបំផុតនៅកម្ពុជា ហើយបរិយាកាសការងារគឺជាមូលហេតុចម្បងមួយដែលលើកទឹកចិត្ដឲ្យយើងយល់ថា ឱកាសមានតិចតួចបំផុត»៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!