Commentary:រថភ្លើងរបស់សហរដ្ឋអាមេរិក
គ្រោះថ្នាក់លើកនេះ ជាការព្រមានថា យើងមិនអាចរក្សាប្រព័ន្ធរថភ្លើងដូចមុនបានទៀតទេ ទោះបីជានៅមិនទាន់មានភាពច្បាស់លាស់ថា តើអ្វីទៅជាមូលហេតុបណ្តាលឲ្យរថភ្លើងរបស់ក្រុមហ៊ុនអែមថ្រេកធ្លាក់ចេញពីផ្លូវដែកលើក្បួនរថភ្លើង ណដអ៊ីស គួរីយ៉េ ពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងហ្វីឡាដែលហ្វីយ៉ា ទីក្រុងញូវយ៉ក និងទីក្រុងបូស្តុន ។
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥
PHILADELPHIA, PA - ខែឧសភា ថ្ងៃទី១៤ : ក្រុមអ្នកស៊ើបអង្កេតពិនិត្យរថភ្លើង Amtrak 601 ដែលរអិលធ្លាក់ផ្លូវ កាលពីយប់ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុង Philadelphia ។ សេវាត្រូវបានផ្អាកជាបណ្តោះអាសន្ន មានមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាង ២០០នាក់ ។ (Photo by Mark Wilson/Getty Images)
នៅសហរដ្ឋអាមេរិកដែលវប្បធម៌រថយន្តមានបញ្ញត្តិសំរាប់ប្រើអស់មួយអាយុមនុស្ស តែការធ្វើដំណើរដោយរថភ្លើងបីដូចជាញាតិសាច់ឆ្ងាយ ត្រូវបានគេបោះបង់ចោល ឲ្យប្រឈមនឹងឧបករណ៍ចាស់ៗហួសសម័យនិងខ្វះខាតប្រាក់ទុន ដែលចំណុចនេះកំពុងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ដោយរថភ្លើង បណ្តាលឲ្យមានមនុស្សស្លាប់ក្បែរទីក្រុងហ្វីឡាដែលហ្វីយ៉ា (Philadelphia) រដ្ឋ ផេនស៊ីលវ៉ានៀរ (Pennsylvania) កាលពីពេលថ្មីៗកន្លងទៅនេះ ធ្វើឲ្យសមាជិកសភាខនក្រេសបើកការប្រជុំបន្ទាន់ ដើម្បីសិក្សារកវិធីក្នុងការធ្វើឲ្យការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពនិងល្អប្រសើរជាងមុន សម្លាប់ជីវិតអ្នកធ្វើដំណើរចំនួន៨នាក់ និងទទួលរងរបួសច្រើនជាង ២០០នាក់ ។
ចូសេហ្វ ឆ្វៃធើរ៍ម៉េន អ្នកជំនាញខាងដឹកជញ្ជូនប្រចាំសាកលវិទ្យាល័យឌឺផូ នៅទីក្រុងឈីកាហ្គោ រដ្ឋ អ៊ីលលីណយ និងធ្លាប់សរសេរសៀវភៅពាក់ព័ន្ធនឹងរថភ្លើងសហរដ្ឋអាមេរិកបានថ្លែងថា មើលទៅហាក់ដូចជាសហរដ្ឋអាមេរិកមិនព្រមវិនិយោគក្នុងសកម្មភាពផ្លូវដែក ដើម្បីស្ថាបនាប្រព័ន្ធរថភ្លើងកំរិតពិភពលោក ។ គ្រោះថ្នាក់លើកនេះ ជាការព្រមានថា យើងមិនអាចរក្សាប្រព័ន្ធរថភ្លើងដូចមុនបានទៀតទេ ទោះបីជានៅមិនទាន់មានភាពច្បាស់លាស់ថា តើអ្វីទៅជាមូលហេតុបណ្តាលឲ្យរថភ្លើងរបស់ក្រុមហ៊ុនអែមថ្រេកធ្លាក់ចេញពីផ្លូវដែកលើក្បួនរថភ្លើង ណដអ៊ីស គួរីយ៉េ ( North East Currier) ពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងហ្វីឡាដែលហ្វីយ៉ា ទីក្រុងញូវយ៉ក និងទីក្រុងបូស្តុន ។
ផ្លូវដែកគឺជាផ្នែកមួយនៃបណ្ដាញផ្លូវធ្វើដំណើរប្រើប្រាស់ច្រើនបំផុតនៅសហរដ្ឋអាមេរិក តែប្រព័ន្ធផ្លូវដែកនៅសហរដ្ឋអាមេរិកមានអាយុចំណាស់យ៉ាងខ្លាំង ហើយមិនទទួលបានការយកចិត្តទុកដាក់ យ៉ាងហោចណាស់បើយកទៅប្រៀបធៀបជាមួយប្រព័ន្ធដឹកជញ្ជូនសាធារណៈដទៃទៀតដូចជា ការធ្វើដំណើរដោយរថយន្ត ឬយន្តហោះ ខណៈដែលការធ្វើដំណើរតាមរថភ្លើងនៅតែទទួលបានការពេញនិយមយ៉ាងលើសលុប ឃើញបានថា ឆ្នាំសារពើពន្ធ ២០១៤ រថភ្លើង អែមថ្រែកផ្តល់សេវាកម្មប្រជាជនដោយបណ្តាញគ្របដណ្តប់ចម្ងាយផ្លូវដល់ទៅ 35,000 គីឡូម៉ែត្រ ហុចផលឲ្យមានអ្នកប្រើប្រាស់សេវាកម្មច្រើនដល់ ៣១លាននាក់ កើនឡើងជាងឆ្នាំ ២០១៣ និងច្រើនជាង១ភាគ៣ នៃអ្នកដំណើរក្នុងចំនួនដូចបានពោលប្រើប្រាស់សេវាកម្មក្បួន ណដអ៊ីសគួរីយ៉េ ដែលទទួលរងឧបទ្ទវហេតុរថភ្លើងធ្លាក់ចេញពីផ្លូវដែក កាលពីយប់ថ្ងៃអង្គារ៍សប្តាហ៍មុននោះ ។
លោក ចូ បដម៉េន នាយកប្រតិបត្តិក្រុមហ៊ុន អែមថ្រែក បានថ្លែងថា ត្រូវមានការវិនិយោគទុនក្នុង ផ្នែកដែលសំខាន់ ដូចជា ផ្លូវដែក រូងក្នុងដី និងស្ពាន មិនដូច្នោះទេយើងនឹងប្រឈមចំពោះអនាគតដែលពោរពេញទៅដោយភាពចលាចលនិងយឺតយ៉ាវ ដែលនឹងហុចផលប៉ះពាល់ដល់សេដ្ឋកិច្ចមូលដ្ឋាននិងក្នុងតំបន់ ហើយជំរុញឲ្យអ្នកដំណើរបោះបង់ការធ្វើដំណើរដោយរថភ្លើង ។ យ៉ាងណាក៏ដោយ មានទំនងត្រូវកាត់បន្ថយថវិកា ពេលនេះគម្រោងថវិការបស់អែមថ្រែកកំពុងត្រូវបានពិភាក្សានៅក្នុងរដ្ឋសភា ដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋជជែកដេញដោលគ្នាអំពីមូលនិធិរបស់អែមថ្រែក ។
គណបក្សសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើនទាំងនៅក្នុងសភាតំណាងនិងព្រឹទ្ធសភាសហរដ្ឋអាមេរិក ចង់បានឲ្យកាត់បន្ថយថវិការបស់អែមថ្រែកចំនួន ១៨ ភាគរយ ថយចុះមកនៅត្រង់1,139 លានដុល្លាសហរដ្ឋអាមេរិក ដែលពីដើមឆ្នាំមុនស្ថិតត្រង់ 1,400 លានដុល្លាសហរដ្ឋអាមេរិក ខណៈដែលលោក ប៊ីល សូស្ទ័រ (Bill Shuster) ប្រធានគណៈកម្មការដឹកជញ្ជូនមកពីរដ្ឋ ផេនស៊ីលវ៉ានៀរ (Pennsylvania) បានឱ្យដឹងថា ការកាត់បន្ថយថវិកាអាចបង្កឱ្យមានការប្រឈមនឹងបញ្ហាចាស់ៗដដែលទៀត ។
លោក ចេហ្វ ដេនហែម សមាជិកសភាខនក្រេស បានថ្លែថា ប្រព័ន្ធផ្លូវរថភ្លើងរបស់សហរដ្ឋអាមេរិកគួរឲ្យច្រណែនពីសំនាក់ប្រជាជនទូទាំងសាកលលោក ។ ក្រៅពីគ្រោះថ្នាក់នៅទីក្រុង ហ្វីឡាដែលហ្វីយ៉ា ហើយនោះ រថភ្លើងដែលរត់ខ្សែផ្លូវពីទីក្រុងវ៉ាស៊ីនតោន -ញូវយ៉ក ក៏បណ្តោយមានកេរ្តិ៍ឈ្មោះអាស្រូវផងដែរ ។ លទ្ធផលការស្ទង់មតិរបស់ ណេស្យូណាល់ ហ្សួកណាល់ កាលពីខែមេសាកន្លងទៅនេះអះអាងថា ប្រសិនបើលោកអ្នកទៅប្រទេសជប៉ុន ហើយបានជិះរថភ្លើង លោកអ្នកនឹងឃើញពីភាពខុសគ្នារវាងរថភ្លើងជប៉ុននិងរថភ្លើងសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់ ។
ម៉ៃតេ ភីណា អាល់ខារ៉ាជ អ្នកស្រាវជ្រាវផ្នែកការដឹកជញ្ជូននៃវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាស្សាឈូសេដ បានអះអាងថា យើងចាំបាច់ត្រូវវិនិយោគទុនប្រមាណ 51,900 លានដុល្លាសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០៣០ ដើម្បីឲ្យក្បួនរថភ្លើង ណដអ៊ីស គួររីយ៉េ មានភាពទាន់សម័យឡើង ។ ថម សែលន័រ ដែលជាអ្នកនិពន្ធសៀវភៅពាក់ព័ន្ធនឹងរថភ្លើងជុំវិញពិភពលោក បានថ្លែងថាសហរដ្ឋអាមេរិកជាប្រទេសដែលសាងឡើងព្រមជាមួយប្រព័ន្ធផ្លួវដែក តែពេលនេះយើងទុកឲ្យផ្លូវដែករបស់ខ្លួនឯងទ្រុតទ្រោមជារឿយៗ ជំនួសឲ្យការអភិវឌ្ឍឲ្យក្លាយជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏រឹងមាំនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!