មិត្ដហ្វូនផ្លាស់ប្ដូរជោគវាសនានិស្សិតម្ចាស់មេដាយប្រាក់ MOSWC ២១០៥
មិត្ដហ្វូនផ្លាស់ប្ដូរជោគវាសនានិស្សិតម្ចាស់មេដាយប្រាក់ MOSWC ២១០៥
ភ្នំពេញ : ក្រុមហ៊ុនមិត្ដហ្វូន បានសម្រេចឧបត្ថម្ភការសិក្សានៅឯប្រទេសសិង្ហបុរីដល់និស្សិត គង់ ឌីវីន ដែលបានទទួលមេដាយប្រាក់ក្នុងព្រឹត្ដិការណ៍ប្រកួតជំនាញកុំព្យូទ័រលំដាប់ពិភពលោក Microsoft Office Specialist World Championship 2015 លើវិញ្ញាសារ Microsoft Power Point ក្នុងនាមជាបេក្ខជនតំណាងជាតិ ស្របទៅតាមការសន្យារបស់ក្រុមហ៊ុនដែលផ្ដល់ឱកាសសិក្សានេះដល់បេក្ខជនទទួលមេដាយពីការប្រកួត។
ជាការរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា មិត្ដហ្វូន បានសន្យាថា៖ «ប្រសិនបើនិស្សិតកម្ពុជាទាំង ៣ នាក់ មានឱកាសនាំយកជយលាភីក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ពួកគេនឹងទទួលបាន នូវការឧបត្ថម្តទៅសិក្សាបន្តនៅប្រទេសសិង្ហបុរីពីក្រុមហ៊ុន»។
ស្របពេលដែលបេក្ខជនកម្ពុជា ៣ រូបថ្មីកំពុងតែចាប់ផ្ដើមប្រកួតប្រជែងលើវិញ្ញាសារដដែល និស្សិត គង់ ឌីវីន មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានធ្វើដំណើរទៅដល់ទឹកដីកូននាគអាស៊ីសិង្ហបុរីហើយ និងកំពុងតែបន្ដការសិក្សាលើមុខជំនាញរបស់ខ្លួន។ ការសិក្សានៅក្រៅបរទេសនេះ គឺជាឱកាសដ៏ធំធេងមួយសម្រាប់យុវជនដែលគ្រាន់តែប្រាថ្នាក្នុងក្ដីស្រមៃនាគ្រាកន្លងមកប៉ុណ្ណោះ។
ក្រោយពីបានសន្សាំខ្លួនទៅនឹងបរិយាកាសថ្មី លើដែនដីថ្មី យុវជន គង់ ឌីវីន បានបង្ហាញនូវចំណាប់អារម្មណ៍ និងបទពិសោធជីវិត ក៏ដូចជាការសិក្សានៅប្រទេសសិង្ហបុរីក្រោមការឧបត្ថម្ភពីក្រុមហ៊ុនទូរស័ព្ទឈានមុខមិត្ដហ្វូន។
យុវជនឆ្នើមដំបូងរបស់កម្ពុជាដែលទទួលជយលាភីពីការប្រកួតជំនាញកុំព្យូទ័រលំដាប់អន្ដរជាតិនៅសហរដ្ឋអាមេរិកក្រោមវត្ដមានបេក្ខជនជាង ១០០ ប្រទេសនោះ បានឆ្លៀតពេលដ៏មានតម្លៃពីការសិក្សានៅប្រទេសសិង្ហបុរីបានរៀបរាប់ប្រាប់តាមសារអេឡិចត្រូនិកថា លោកមានក្ដីរំភើបរីករាយណាស់ដែលបានសម្រេចចិត្ដសុបិនមកសិក្សានៅបរទេស និងបានស្គាល់ពីវិស័យអប់រំនៅប្រទេសអភិវឌ្ឍ ក៏ដូចជាបានចែករំលែកបទពិសោធជាមួយបណ្ដានិស្សិតដទៃផងដែរ។
លោកបានសរសេរថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ និងត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកនូវបទពិសោធថ្មី ក៏ដូចជាការប្រកួតប្រជែងថ្មីៗក្នុងឆាកជីវិតនៅប្រទេសសិង្ហបុរីដែលជាទឹកថ្មីសម្រាប់ខ្ញុំ»។
និស្សិតដែលរស់នៅរាជធានាភ្នំពេញរូបនេះ បានឲ្យដឹងថា៖ «ពេលនេះ ខ្ញុំកំពុងសិក្សាឆ្នាំទីមួយលើមុខវិជ្ជា MSc. Information Studies ទៅកាន់មុខវិជ្ជា Information Analytics នៅសាកលវិទ្យាល័យ Nanyang Technological University ក្នុងផ្នែក Wee Kim Wee School Communication and Information»។
យុវជនឆ្នើមរបស់កម្ពុជារូបនេះ បានបន្ដរៀបរាប់នូវអ្វីដែលខ្លួនមិនធ្លាប់ស្គាល់មិនមុនមកថា៖ «អាចមានលទ្ធភាពសិក្សាក្នុងសាកលវិទ្យាល័យដ៏ល្អបំផុតមួយនៅតំបន់អាស៊ី បើមិនទាន់ដល់ថ្នាក់ល្អបំផុតក្នុងពិភពលោក គឺជាការសម្រេចក្ដីសុបិនរបស់ខ្ញុំទៅហើយ។ ខ្ញុំគិតថា វាគ្រាន់តែជាការទទួលស្គាល់នូវកម្រិតសញ្ញាបត្រ ប៉ុន្ដែវាលើសពីនេះឆ្ងាយណាស់។ រស់នៅក្នុងស្ថានភាពចម្រុះជាតិសាសន៍ និងសិក្សាជាមួយនិស្សិតមានមូលដ្ឋានចំណេះដឹងខុសៗគ្នាគឺជាបទពិសោធដ៏អស្ចារ្យ ហើយវាជាឱកាសសិក្សាពីវប្បធម៌ប្លែកៗ រាប់អានមិត្ដភក្ដិថ្មីៗ និងរៀនគិតពិចារណាគ្រប់តថភាពផងដែរ»។
មិនភ្លេចទេអ្នកជំរុញឲ្យខ្លួនឈានដល់ចំណុចនេះ លោក គង់ ឌីវីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនមិត្ដហ្វូនដែលបញ្ចូនរូបលោកមកបន្ដការសិក្សានៅប្រទេសសិង្ហបុរីនេះ។ លោកបានលើកឡើងថា៖ «ខ្ញុំមានថ្ងៃនេះក៏ដោយសារតែក្រុមហ៊ុនមិត្ដហ្វូនដែលជួយទំនុកបម្រុងដល់ការសិក្សារបស់ខ្ញុំ ក៏ដូចជាផ្ដល់ការគាំទ្រចំពោះយុវជន និងជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ សូមឲ្យក្រុមហ៊ុនមានការរីកចម្រើនឈានទៅមុខជាលំដាប់»។
បើទោះបីជាយុវជន គង់ ឌីវីន យល់ថា វិស័យអប់រំនៅកម្ពុជានៅមានកម្រិតទាប បើធៀបទៅនឹងស្ដង់ដារសិក្សានៅសិង្ហបុរីយ៉ាងណាដោយ ក៏លោកមានការជឿជាក់ថា ចំណេះដឹងរបស់យុវជនកម្ពុជានឹងអភិវឌ្ឍឆាប់រហ័ស។
លោកបានលើកឡើងថា៖ «បើយើងអាចទាញប្រយោជន៍ពីប្រភពធនធានទាំងអស់ដែលយើងមាន ព្រមទាំង បច្ចេកវិទ្យាទំនើប ដូចជា កម្មវិធីសិក្សាតាមអនឡាញ សហគមអនឡាញ និងគេហទំព័រមានប្រយោជន៍ខ្លះទៀត ខ្ញុំជឿជាក់ យើងអាចដើរទាន់ពួកគេ»។
ជាមួយនឹងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងចំណេះដឹងនេះ លោក ញ៉ុង ឌីនថាន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា «យើងបាននិងកំពុងផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត ផ្សារភ្ជាប់ទំនាក់ទំនងរវាងសិស្ស និស្សិតជនបទ និងការប្រើប្រាស់អ៊ីនធឺណិត និងសហការយ៉ាងស្អិតរមួតជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភីវឌ្ឍសូហ្វវែល ដែលជួយពន្លឿនដល់ការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឈានដល់កម្រិតពិភពលោក»៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!