គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា អ្នកដឹកនាំប្រទេសមិនទាន់មានលទ្ធិភាព ក្នុងការដឹកនាំប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ
ការលើកឡើងរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់បក្ស នៅថ្ងៃទី ៦ កញ្ញា នេះ បញ្ជាក់ថា អ្នកដឹកនាំប្រទេសបច្ចុប្បន្ន យល់ដឹងអំពីការធ្វើសង្រ្គាមនិងបញ្ចប់សង្រ្គាម តែ មិនបានយល់ដឹងអំពីការដឹកនាំប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ដោយនិរន្តភាពនោះទេ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់ទៀតថា បើអ្នកដឹកនាំប្រទេស ចេះរៀបចំចាត់ចែងកិច្ចការថ្មីនេះ ឲ្យទៅអ្នកជំនាន់ថ្មីដឹកនាំ នោះអ្នកដឹកនាំសព្វថ្ងៃនឹងក្លាយជាវីរៈបុរស។ បើមិនដូច្នេះទេ ប្រវត្តិសាស្រ្តនឹងស្តីបន្ទោសលោក។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ប្រាប់វីទ្យុសំឡេងយុវជន បន្ថែមថា ការលើកឡើងនេះគឺដើម្បីអោយ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងជាងមុខ ពីព្រោះថាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមិនទាន់បាន ល្អប្រសើរនៅឡើយទេ។ លោកបន្តថា អ្នកដឹកនាំប្រទេសបច្ចុប្បន្នមាន សមត្ថភាពខ្ពស់ក៏ពិតមែន ប៉ុន្តែមិនបានធ្វើអោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពប្រសើរឡើងនោះទេ ។ លោកថា បើសិនជា អ្នកដឹកនាំប្រទេសបច្ចុប្បន្ន រៀបចំផ្ទេរតំណែង ទៅអោយអ្នកចំនាន់ក្រោយដែល ប្រជាពលរដ្ឋជ្រើសរើស និង ដោយស្មារតីទទួលខុសត្រូវខ្ពស់នោះ អ្នកដឹកនាំប្រទេសបច្ចុប្បន្ន និងក្លាយទៅវីរៈបុរស និង ហើយជាគំរូសម្រាប់អ្នកដឹកនាំប្រទេសក្រោយៗទៀតដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ចាត់ទុកការលើកឡើងនេះថា គ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីទាក់ទាញ់ និងចង់បានប្រជាប្រិយភាពប៉ុណ្ណោះ។ លោកថា លទ្ធិប្រជាធិបតេយ្យមិនមែនបុគ្គលណានិយាយបានស្រួល អោយពិរោះស្ដាប់នោះទេ ពីព្រោះថា លទ្ធិប្រជាធិបតេយ្យចែងដោយ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ការធ្វើអ្វីមួយគឺឆ្លងកាត់ច្បាប់ជាមុន។ លោកសង្កត់ធ្ងន់ថា បើសិនជាគណបក្សនយោបាយមួយចំនួន នៅតែសំអាងថា ច្បាប់ចែងមកមិនត្រឹមត្រូវ ច្បាប់មិនឆ្លុះបញ្ចាំងភាពយុត្តិធម៌បែបនោះ មានតែច្បាំងគ្នា ។ លើសពីនេះទៀតលោកក៏បាន ឆ្លើយតបទៅនឹង ការដែលថា អ្នកដឹកនាំប្រទេសរៀបចំចាត់ចែងកិច្ចការថ្មីនេះ ឲ្យទៅអ្នកជំនាន់ថ្មីដឹកនាំនោះ គឺគ្មានបុគ្គលណាមាន សិទ្ធិផ្លាស់ប្ដូរ ឬ ផ្ទេរតំណែងអ្នកដឹកនាំនោះទេ គឺមានតែការបោះឆ្នោតតែមួយគត់។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បានគួសបញ្ជាក់ថា ប្រទេសមួយដែលអាចអោយ លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ដោយនិរន្តរភាព បាននោះ លុះត្រាតែមានវិធានការមួយ ដោយផ្ដោតសំខាន់លើ ការរៀបចំអោយមានប្រព័ន្ធ ត្រួតពិនិត្យល្អ ដោយមិនអោយផ្នែកប្រតិបត្តិ របស់រដ្ឋាភិបាល លូកដៃចូលក្នុងរដ្ឋសភា និង ប្រព័ន្ធតុលាការ ពីព្រោះថា រដ្ឋសភា និង តុលាការ គឺជាស្ថាប័នឯករាជ្យ ដោយមានតួនាទីត្រួតពិនិត្យការដឹកនាំរបស់រដ្ឋាភិបាល និង មន្រ្តីរដ្ឋាភិបាលដែលអសកម្ម ។ ហើយថា ប្រព័ន្ធតុលាការ គឺដាច់ខាត់ មិនអោយស្ថិតក្រោម ឥទ្ធិពលរដ្ឋាភិបាលកម្ពុជានោះទេ ។ ចំពោះមន្រ្តីការពារប្រជាពលរដ្ឋ ដូចជា កងកម្លាំងប្រដាប់អាវុធ យោធាផ្សេងៗ ត្រូវនៅឯករាជ្យពីគណបក្សនយោបាយ ដោយលោកបញ្ជាក់ថា មេដឹកនាំកងកម្លាំងយោធា ឬ នគរបាល ផ្សេងៗ មិនត្រូវជាសមាជិកគណបក្សនយោបាយនោះទេ៕
ដោយ លោកញ៉ែម សំណាង Email : somnang.voy915@gamil.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!