អត្តចរិកលោកត្រាំ កំពុងធ្វើឲ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋជាខ្មែរអាមេរិកកាំងក្នុងវិហារសាសនា មរមន រារែកចិត្ត ក្នុងការបោះឆ្នោត
រៀងរាល់ថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិក គឺជាពេលវេលាមួយដែលប្រជាជនអាមេរិកឈប់សម្រាក់ដូចនេះនៅតាមទីកន្លែងនានា ហាក់មានសភាពស្ងាប់ស្ងាត់មិនថាកន្លែងធ្វើការ ហាងលក់ទំនិញ ជាពិសេសនៅតាមដងវិថីតែម្តង។
តែផ្ទុយពីទិដ្ឋភាពទាំងនេះ ពលរដ្ឋអាមេរិកជាច្រើន មានទាំងពលរដ្ឋខ្មែរអាមេរិកផងនោះ បានប្រញាបប្រញាលរួសរាល់ទាំងព្រឹកព្រលឹមស្រាងៗ ទៅវិហារនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហៅកាត់ថា (មរមន) ដែលពួកគេតែងតែជួបជុំគ្នាប្រារព្ធពីធីសាសនាមិនដែលខាន។
ខណៈបន្តដំណើរតម្រង់ទៅព្រះវិហារទាំងព្រឹកព្រលឹមក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា អ្នកស្រី សនស៊ុនរ៉ា អាយុ៥៦ឆ្នាំ ជាគ្រិស្តសាសនិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពុទ្ធបរិស័ទ្ធថ្ងៃចុងក្រោយ បាននិយាយប្រាប់អ្នកសារព័ត៌មានVOYថា អ្នកស្រីដឹងច្បាស់ថាភាគច្រើននៃអ្នកកាន់សាសនា មរមន មានទំនោរគាំទ្រគណបក្សសាធារណរដ្ឋយ៉ាងមុតមាំ។
តែយ៉ាងណាស្រ្តីជនជាតិខ្មែរអាមេរិកកាំងសម្បុលសណ្តែតបាយរូបនេះ បាននិយាយបន្តថាអ្នកស្រីហាក់មិនពេញចិត្តនឹងបេក្ខជនប្រធានាធិបតី ដែលឈរឈ្មោះតំណាងគណបក្សសាធារណរដ្ឋក្នុងពេលនេះសោះ។ អ្នកស្រីសនស៊ុនរ៉ា បាននិយាយទៀតថា លោកត្រាំ ជាមនុស្សសំដីអាក្រក់ ហើយលោកតែងតែនិយាយអ្វីមិនគិត ជាពិសេសការមើលងាយស្ត្រីតែម្តង។
លោក ដូណា ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលមានរឿងអាស្រូវច្រើនជាងគេ ហើយបានរងការរិះគន់ថាមាក់ងាយលើស្ត្រីជាច្រើនរូប បន្ទាប់ពីត្រូវបានបែកធ្លាយវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីដើមខែតុលា ចំពោះការថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ។
ក្នុងរដ្ឋកាលីហ្វញ៉ា ( California ) មានអ្នកកាន់សាសនា មរមន គ្រប់ជាតិសាសន៍ ប្រមាណ ជិត ៨ សែននាក់ ស្មើនឹង ២% នៃប្រជាជនសរុបក្នុងរដ្ឋនេះ។
គេចចេញពីភាពអ៊ូអរក្រោយចប់ពិធីប្រជុំអភិសេកនំប៉័ងនិងទឹកនៃសាសនា មរមន លោកដេវិត ជាជនជាតិខ្មែរ ដែលបានភាសន៍ខ្លួនដោយសារសង្គ្រៀមស៊ីវិលក្នុងប្រទេសតាំងពីឆ្នាំ១៩៨២បាននិយាយថា កាលពីអាណត្តិមុនលោកបានបោះឆ្នោតឲ្យលោក មីត រ៉ុមនី (Mitt Romney) ក្នុងការប្រកួតប្រជែញជាមួយប្រធានាធិបតី អូបាម៉ា (Obama) ដោយសារតែលោកចង់មានការផ្លាស់ប្តូរ និងគិតថា បេក្ខជនរូបនេះ អាចធ្វើឲ្យសហរដ្ឋអាមេរិករីកចំរើនជាងនេះ។ តែអាណត្តិនេះលោកមិនទាន់ច្បាស់ថា នឹងត្រូវបោះឆ្នោតឲ្យបេក្ខជនមួយណាទេ ព្រោះដំបូងឡើយគិតថានឹងបន្តបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋបន្តទៀត តែក្រោយពីបានសង្គេតមើលបេក្ខជននៃគណបក្សនេះ ធ្វើឲ្យលោកមិនអាចសម្រេចចិត្តបាន។
លោកដេវិត ដែលទទួលបានសញ្ជាតិអាមេរិកកាលពីឆ្នាំ១៩៩០ ហើយធ្លាប់បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជាច្រើនលើកហើយនោះ បាននិយាយបន្តថា ការមិនទាន់សម្រេចនេះ បានធ្វើឲ្យលោកកំពុងស្ថិតក្នុងក្រុមមនុស្សឯករាជ្យដែលសំឡេងរបស់លោកអាចនឹងត្រូវបោះឲ្យជនទីបីក៏ថាបានបើសិនជាគ្មានជំរើស។
ស្រដៀងគ្នានេះ អ្នកស្រី ឆឹងចាន់ថន ជាសមាជិកវិហារមួយរូបដែលនោះ បាននិយាយទាំងអារម្មណ៍ស្ទាក់ស្ទើរថា ខ្លួនមិនទាន់សម្រេចចិត្តបានទេថានឹងបោះឆ្នោតឲ្យគណបក្សណា ព្រោះមិនចង់បោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ហើយលោក ដូណាល់ ត្រាំ ក៏មិនមែនជាជំរើសរបស់ខ្លួន។ អ្នកស្រី បានបញ្ជាក់ថា បើសិនមានបេក្ខជនផ្សេងល្អជាងលោក ត្រាំ ដែលអាចជំនួសលោកបាន នោះអ្នកស្រីនឹងមិនស្ទាក់ស្ទើរនោះទេក្នុងការបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ។
ព្រះវិហានៃព្រះយេស៊ូវគ្រីស្ទនៃពុទ្ធបរិស័ទថ្ងៃចុង ក្រោយហៅកាត់ថា (មរមន) ជាវិហារសាសនាមួយដែលភាគច្រើននៃគ្រិស្តសាសនិតមានជាតិសាសន៍ផ្សេងៗគ្នា ហើយមានទំនោរទៅរកគណបក្សសាធារណរដ្ឋ។
ការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក កាលពីឆ្នាំ២០១២ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីលើកទី៤៤ បានបង្ហាញថា អ្នកបោះឆ្នោតនៃពួកមរមនដ៏រឹងមាំបំផុតប្រមាណ ៧៨ % បានបោះឆ្នោតឲ្យលោក មីត រ៉ុមនី បេក្ខជនម្នាក់មកពីគណបក្សសាធារណរដ្ឋ ខណៈដែល ២១ % ប៉ុណ្ណោះ បានបោះឆ្នោតឱ្យលោកអូបាម៉ា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
តាមរាយការណ៍សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្ហាញថាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៥ មានសមាជិកវិហារ មរមន ប្រមាណជាង៦លាននាក់ក្នុងចំណោមប្រជាជនអាមេរិកសរុប ដែលក្នុងនោះមានរដ្ឋ Utah រដ្ឋ Idaho និងរដ្ឋ Wyoming ដែលមានចំនួនអ្នកកាន់សាសនានេះច្រើនជាងគេ ហើយតាមការព្យាករណ៍លោកដូណាល់ត្រាំអាចនឹងចាញ់ឆ្នោតនៅក្នុងរដ្ឋទាំងនេះ ប្រសិនបើអ្នកកាន់សាសនាទាំងនោះមិនពេញចិត្តលោកហើយងាកទៅបោះឆ្នោតអោយអ្នកឈរឈ្មោះឯករាជ្យផ្សេងទៀត។
ដូចជារដ្ឋយូថាស (Utah) ដែលកាលពីឆ្នាំ២០១២ សមាជិកនៃវិហារ មរមន យ៉ាងហោចណាស់៧៣ % បានបោះឆ្នោតឲ្យលោក មីត រ៉ុមនី តែតាមការស្រាវជ្រាវថ្មីរបស់គេហទំព័រ real clear politics បានបង្ហាញថា មានតែ៣០ % ប៉ុណ្ណោះ ដែលនៅបន្តបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំគណបក្សសាធារណរដ្ឋ ។
លោក Charles Noble សាស្ត្រាចារ្យផ្នែកនយោបាយក្នុងសកលវិទ្យាល័យ California State បានលើកឡើងថា គណបក្សសាធារណរដ្ឋអាចនឹងចាញ់ឆ្នោតក្នុងរដ្ឋមួយចំនួនដែលធ្លាប់តែឈ្នះ បើសិនជាអ្នកគាំទ្រទាំងនោះមិនចូលចិត្តលោក ដូណាល់ត្រាំ ព្រោះមានអ្នកគាំទ្រពី២០ទៅ២៥ % ប៉ុណ្ណោះដែលនៅតែគាំទ្រលោក ហើយបើសិនជាអ្នកធ្លាប់គាំទ្រទាំងនោះព្រមបោះឆ្នោតឲ្យលោក ក៏ព្រោះតែពួកគេគ្មានជំរើសតែប៉ុណ្ណោះ។
លោកCharles Noble បានមានប្រសាសន៍ប្រាប់អ្នកការសែតកម្ពុជាបន្តទៀតថា ក្នុងដំណាក់កាលនេះលោកត្រាំគួរណាស់តែរក្សាអ្នកគាំទ្ររបស់ខ្លួន និងធ្វើយ៉ាងណាទាក់ទាញអ្នកគាំទ្រផ្សេងទៀតឲ្យបោះឆ្នោតឲ្យលោក ជាជាងធ្វើឲ្យគណបក្សសាធារណរដ្ឋបាត់បង់ប្រជាប្រិយភាពដោយសារតែកាយវិការមិនសមរម្យរបស់លោកក្នុងពេលកន្លងទៅ។
នៅមិនដល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦នឹងចាប់ផ្តើមដំណើរការ ខណៈដែលពេលនេះ សំឡេងគាំទ្របេក្ខជនប្រធានាធិបតីលោកដូណាល់ត្រាំ មានការកើនឡើងក្រោយពីអង្គភាព អេហ្វបីអាយ បានប្រកាសថា នឹងបើកការស៊ើបអង្កេតករណីនៃការប្រើប្រាស់អ៊ីម៉ែលរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។
ការស្ទាបស្ទង់មតិចុងក្រោយបំផុតរបស់ទូរទស្សន៍ CNN នៅចុងសប្តាហ៍នេះ បានរកឃើញ ចំនួនអ្នកគាំទ្រ លោក ដូណាល់ ត្រាំ មាន ៤២ % ខណៈលោកស្រី ហ៊ីលឡារី គ្លីនតុនមាន ៤៧ % ដែលចំនួននេះ នៅមានការឡើងចុះនៅឡើយ ។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិក នៃវិហារសាសនា មរមន កំពុងរងចាំមើលថា តើត្រាំអាចនឹងក្លាយទៅជាប្រជានាធិបតីយ៉ាងដូចម្តេច ក្នុងពេលខាងមុខ?
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!