អត្តចរិកលោកត្រាំ កំពុងធ្វើឲ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋជាខ្មែរអាមេរិកកាំងក្នុងវិហារសាសនា មរមន រារែកចិត្ត ក្នុងការបោះឆ្នោត
រៀងរាល់ថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិក គឺជាពេលវេលាមួយដែលប្រជាជនអាមេរិកឈប់សម្រាក់ ដូចនេះនៅតាមទីកន្លែងនានា ហាក់មានសភាពស្ងាប់ស្ងាត់មិនថាកន្លែងធ្វើការ ហាងលក់ទំនិញ ជាពិសេសនៅតាមដងវិថីតែម្តង។
តែផ្ទុយពីទិដ្ឋភាពទាំងនេះ ពលរដ្ឋអាមេរិកជាច្រើន មានទាំងពលរដ្ឋខ្មែរអាមេរិកផងនោះ បានប្រញាបប្រញាលរួសរាល់ទាំងព្រឹកព្រលឹមស្រាងៗ ទៅវិហារនៃព្រះយេស៊ូវគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ហៅកាត់ថា (មរមន) ដែលពួកគេតែងតែជួបជុំគ្នាប្រារព្ធពីធី សាសនាមិនដែលខាន។
ខណៈបន្តដំណើរតម្រង់ទៅព្រះវិហារទាំងព្រឹកព្រលឹមក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា អ្នកស្រី សន ស៊ុនរ៉ា អាយុ៥៦ឆ្នាំ ជាគ្រិស្តសាសនិនៃសាសនាចក្រនៃ ព្រះយេស៊ូវគ្រីស្ទនៃពួក បរិស័ទ្ធថ្ងៃចុងក្រោយ បាននិយាយប្រាប់អ្នកសារព័ត៌មានVOYថា អ្នកស្រីដឹងច្បាស់ថាភាគ ច្រើននៃអ្នកកាន់សាសនា មរមន មានទំនោរគាំទ្រគណបក្សសាធារណរដ្ឋយ៉ាងមុតមាំ។
អ្នកស្រី សន ស៊ុនរ៉ា មានប្រសាសន៍៖ “វិហារ មរមន យើង ខាងត្រាំទាំងអស់នឹង សុភ័ក្រ ខល (call) មក អ៊ុំចូលត្រាំ ម្តេចបានអ៊ុំចូលត្រាំ ម្តេចបានឲ្យអ៊ុំចូលត្រាំ។ មែនមកពីមុខគាត់អត់ស្អាតហេហីយ? ប៉ុន្តែ មកពីចិត្តគំនិតគាត់ គាត់អត់ដែរ ធ្វើការនៅក្នុង ហ្គាវើមែន (government) ផងនឹង អត់សូវទុកចិត្តគាត់” ។
តែយ៉ាងណា ស្រ្តីជនជាតិខ្មែរអាមេរិកកាំង សម្បុលសណ្តែតបាយរូបនេះ បាននិយាយបន្តថាអ្នកស្រីហាក់មិនពេញចិត្តនឹងបេក្ខជនប្រធានាធិបតី ដែលឈរឈ្មោះតំណាងគណបក្សសាធារណរដ្ឋក្នុងពេលនេះសោះ។ អ្នកស្រី សន ស៊ុនរ៉ា បាននិយាយទៀតថា លោកត្រាំ ជាមនុស្សសំដីអាក្រក់ ហើយលោកតែងតែនិយាយអ្វីមិនគិត ជាពិសេសការមើលងាយស្ត្រីតែម្តង។
អ្នកស្រី មានប្រសាសន៍បន្ត៖ “ចា៎ ដំបូងចូលចិត្តដែរ ពិនដល់ឃើញគាត់ ស្រាវជ្រាវ បែកក្រោន (background) គេ ស្រាវរករឿងគេ ដូចយាយអត់មានឲ្យស្រីយើងនេះហ៎ យាយអត់ល្អពី (ស្ត្រី)”។
លោក ដូណា ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលមានរឿងអាស្រូវច្រើនជាងគេ ហើយបានរងការរិះគន់ថាមាក់ងាយលើស្ត្រីជាច្រើនរូប បន្ទាប់ពីត្រូវបាន បែកធ្លាយវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីដើមខែ តុលាចំពោះការថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ។
ក្នុងរដ្ឋកាលីហ្វញ៉ា ( California ) មានអ្នកកាន់សាសនា មរមន គ្រប់ជាតិសាសន៍ ប្រមាណ ជិត ៨ សែននាក់ ស្មើនឹង ២% នៃប្រជាជនសរុបក្នុងរដ្ឋនេះ។
គេចចេញពីភាពអ៊ូអរក្រោយចប់ពិធីប្រជុំអភិសេកនំប៉័ងនិងទឹកនៃសាសនា មរមន លោក ដេវិត ជាជនជាតិខ្មែរ ដែលបានភាសន៍ខ្លួនដោយសារសង្គ្រៀមស៊ីវិលក្នុងប្រទេសតាំងពីឆ្នាំ១៩៨២បាននិយាយថា កាលពីអាណត្តិមុនលោកបានបោះឆ្នោតឲ្យលោក មីត រ៉ុមនី (Mitt Romney) ក្នុងការប្រកួតប្រជែញជាមួយប្រធានាធិបតី អូបាម៉ា (Obama) ដោយសារតែលោកចង់មានការផ្លាស់ប្តូរ និងគិតថា បេក្ខជនរូបនេះ អាចធ្វើឲ្យសហរដ្ឋអាមេរិករីកចំរើនជាងនេះ។ តែអាណត្តិនេះលោកមិនទាន់ច្បាស់ថា នឹងត្រូវបោះឆ្នោតឲ្យបេក្ខជនមួយណាទេ ព្រោះដំបូងឡើយគិតថានឹងបន្តបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋបន្តទៀត តែក្រោយពីបានសង្គេតមើលបេក្ខជននៃគណបក្សនេះ ធ្វើឲ្យលោកមិនអាចសម្រេចចិត្តបាន។
លោក ដេវិត មានប្រសាសន៍៖ “អាឡូវនេះ ខ្ញុំពិបាក ពិបាកគិតគូ ពីព្រោះគេទាំងពីរនាក់ ពួកយើងមិនសូវជឿចិត្តគេ មានម្នាក់ ហៅថា (Republican) នោះ យើងមិនទាន់ជឿចិត្តគេដែរ ព្រោះគេនិយាយលេងដូចក្មេង គំនិតរបស់គេមិនទាន់នឹងនរ” ។
លោក ដេវិត ពេលកំពុងផ្តលបទសំភាសន៍ដល់វិទ្យសំឡេងយុវជន ខណៈអ្នកយកព័ត៌មានបានបំពេញទស្សនកិច្ចនៅវិហារ មរមន នៅទីក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វញ៉ា (ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦)
លោក ដេវិត ដែលទទួលបានសញ្ជាតិអាមេរិកកាលពីឆ្នាំ១៩៩០ ហើយធ្លាប់បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជាច្រើនលើកហើយនោះ បាននិយាយបន្តថា ការមិនទាន់សម្រេចនេះ បានធ្វើឲ្យលោកកំពុងស្ថិតក្នុងក្រុមមនុស្សឯករាជ្យដែលសំឡេងរបស់លោកអាចនឹងត្រូវបោះឲ្យជនទីបីក៏ថាបានបើសិនជាគ្មានជំរើស។
លោក បញ្ចាក់៖ “អាឡូវនេះ ខ្ញុំបោះឆ្នោតចូល បោះឲ្យខាងពួក គេហៅ Libertarian មានន័យថា ខ្ញុំចង់បោះឲ្យអ្នកណាក៏បាន ស្រេចចិត្តខ្ញុំ ខ្ញុំអត់ជ្រើសរើសយកមួយណាទេ តែឡូវនេះ ខ្ញុំមិនទាន់បានសម្រេចចិត្ត ព្រោះមិនទាន់នឹងនរខាងគំនិតរបស់ខ្ញុំ” ។
ស្រដៀងគ្នានេះ អ្នកស្រី ឆឹង ចាន់ថន ជាសមាជិកវិហារមួយរូបដែលនោះ បាននិយាយទាំងអារម្មណ៍ស្ទាក់ស្ទើរថា ខ្លួនមិនទាន់សម្រេចចិត្តបានទេថានឹងបោះឆ្នោតឲ្យគណបក្សណា ព្រោះមិនចង់បោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ហើយលោក ដូណាល់ ត្រាំ ក៏មិនមែនជាជំរើសរបស់ខ្លួន។ អ្នកស្រី បានបញ្ជាក់ថា បើសិនមានបេក្ខជនផ្សេងល្អជាងលោក ត្រាំ ដែលអាចជំនួសលោកបាន នោះអ្នកស្រីនឹងមិនស្ទាក់ស្ទើរនោះទេក្នុងការបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ។
អ្នកស្រី ឆឹង ចាន់ថន មានប្រសាសន៍៖ “ចា៎ ឥឡូវនឹង រីផប្លិក (Republican មិនល្អ ហើយ Democrat ក៏ខ្ញុំមិនពេញចិត្ត។ ចា៎ តាមដានបន្តទៅទៀត (ពិចារណា) ចា៎ ដូចរៀនមិញចឹង ពិចារណា ហើយនឹង ដូចថាយើង Pray ទៅឲ្យព្រះហ៎ណាស់ ឲ្យព្រះជួយថា អ្នកណាគេ ដែលអាចជួយប្រទេសជាតិយើងឲ្យបានល្អជាងនឹងទៅទៀត” ។
អ្នកស្រី ឆឹង ចាន់ថន ជាអ្នកផ្សព្វផ្សាយសាសនា នៃវិហារ មរមន ពេលកំពុងផ្តល់បទសំភាសន៍ ក្រោយបញ្ចប់ការបង្រៀនព្រះគម្ពីដល់សមាជិកវិហារខ្លួន (ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦)
ព្រះវិហានៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិស័ទថ្ងៃចុង ក្រោយហៅកាត់ថា (មរមន) ជាវិហារសាសនាមួយ ដែលភាគច្រើននៃគ្រិស្តសាសនិតមានជាតិសាសន៍ផ្សេងៗគ្នា ហើយមានទំនោរទៅរកគណបក្សសាធារណរដ្ឋ។
ការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក កាលពីឆ្នាំ២០១២ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីលើកទី៤៤ បានបង្ហាញថា អ្នកបោះឆ្នោតនៃពួកមរមនដ៏រឹងមាំបំផុតប្រមាណ ៧៨ % បានបោះឆ្នោតឲ្យលោក មីត រ៉ុមនី បេក្ខជនម្នាក់មកពីគណបក្សសាធារណរដ្ឋ ខណៈដែល ២១ % ប៉ុណ្ណោះ បានបោះឆ្នោតឱ្យលោកអូបាម៉ា បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
តាមរាយការណ៍សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្ហាញថាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៥ មានសមាជិកវិហារ មរមន ប្រមាណជាង ៦លាននាក់ក្នុងចំណោមប្រជាជនអាមេរិកសរុប ដែលក្នុងនោះមានរដ្ឋ Utah រដ្ឋ Idaho និងរដ្ឋ Wyoming ដែលមានចំនួន អ្នកកាន់សាសនានេះច្រើនជាងគេ ហើយតាមការព្យាករណ៍លោក ដូណាល់ត្រាំ អាចនឹងចាញ់ឆ្នោតនៅក្នុងរដ្ឋទាំងនេះ ប្រសិនបើអ្នកកាន់សាសនាទាំងនោះមិនពេញចិត្តលោក ហើយងាកទៅបោះឆ្នោតអោយអ្នកឈរឈ្មោះឯករាជ្យផ្សេងទៀត។
ដូចជារដ្ឋយូថាស (Utah) ដែលកាលពីឆ្នាំ២០១២ សមាជិកនៃវិហារ មរមន យ៉ាងហោចណាស់៧៣ % បានបោះឆ្នោតឲ្យលោក មីត រ៉ុមនី តែតាមការស្រាវជ្រាវថ្មីរបស់គេហទំព័រ real clear politics បានបង្ហាញថា មានតែ៣០ % ប៉ុណ្ណោះ ដែលនៅបន្តបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំគណបក្សសាធារណរដ្ឋ ។
លោក Charles Noble សាស្ត្រាចារ្យផ្នែកនយោបាយក្នុងសកលវិទ្យាល័យ California State បានលើកឡើងថា គណបក្សសាធារណរដ្ឋអាចនឹងចាញ់ឆ្នោតក្នុងរដ្ឋមួយចំនួនដែលធ្លាប់តែឈ្នះ បើសិនជាអ្នកគាំទ្រទាំងនោះមិនចូលចិត្តលោក ដូណាល់ត្រាំ ព្រោះមានអ្នកគាំទ្រពី២០ទៅ២៥ % ប៉ុណ្ណោះដែលនៅតែគាំទ្រលោក ហើយបើសិនជាអ្នកធ្លាប់គាំទ្រទាំងនោះព្រមបោះឆ្នោតឲ្យលោក ក៏ព្រោះតែពួកគេគ្មានជំរើសតែប៉ុណ្ណោះ។
លោក Charles Noble មានប្រសាសន៍៖ “មានហេតុផលច្រើន មិនត្រឹមតែចរិករបស់លោក ត្រាំទេ គឺវាមកពីបរិយាកាសខាងនយោបាយផង នៅអាមេរិក ក្នុងរយៈពេលថ្មីៗនេះ មានការបែកខ្ញែករវាងអ្ននគាំទ្រគណបក្សប្រជាធិបតី និងអ្នកគាំទ្រគណបក្សសាធារណរដ្ឋកាន់តែខ្លាំងជាងមុន។ ហើយទីមួយ ការបែកចេញពីគ្នានោះ នៅក្នុងគណបក្សសាធារណរដ្ឋ មានលទ្ធិជាតិនិយមច្រើនជាងមុន អ្នកគាំទ្រខាងគណបក្សនឹង កាន់តែកាន់លទ្ធិអភិរក្សនិយមខ្លាំងជាងមុន ហើយមានលទ្ធិប្រជានិយមចូលមកថ្មីៗនេះផង គឺអ្នកដែលចង់រឹតត្បឹតទីផ្សារសេរីជាមួយប្រទេសក្រៅផង ការរឹតត្បឹតទៅលើប្រព័ន្ធអន្តោប្រវេសន៍ផង ហើយលោក ដូណាល ត្រាំ គ្រាន់តែជាអ្នកតំណាងឲ្យការផ្លាស់ប្តូរទាំងអស់នឹង ដែលមានសរាប់” ។
លោកCharles Noble បានមានប្រសាសន៍ប្រាប់អ្នកការសែតកម្ពុជា ក្នុងខណៈបំពេញទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក រយៈពេលពីរសប្តាហ៍បន្តទៀតថា ក្នុងដំណាក់កាលនេះ លោកត្រាំគួរណាស់តែរក្សាអ្នកគាំទ្ររបស់ខ្លួន និងធ្វើយ៉ាងណាទាក់ទាញអ្នកគាំទ្រផ្សេងទៀតឲ្យបោះឆ្នោតឲ្យលោក ជាជាងធ្វើឲ្យគណបក្សសាធារណរដ្ឋបាត់បង់ប្រជាប្រិយភាពដោយសារតែកាយវិការមិនសមរម្យរបស់លោកក្នុងពេលកន្លងទៅ។
លោក Charles Noble សាស្ត្រាចារ្យផ្នែកនយោបាយក្នុងសកលវិទ្យាល័យ California State កំពុងធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានខ្មែរទាំង ១៥ នាក់ ក្នងពេលបំពេញទស្សនកិច្ចសិក្សាស្តីពីការបោះឆ្នោតនៅសហរដ្ឋអងាមេរិក (ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦)
ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលពេលនេះ សំឡេងគាំទ្របេក្ខជនប្រធានាធិបតីលោកដូណាល់ត្រាំ មានការកើនឡើង ប្រគៀកក្រគិតនិងដៃគូប្រកួតរបស់ខ្លួន ក្រោយពីអង្គភាព អេហ្វបីអាយ បានប្រកាសថា នឹងបើកការស៊ើបអង្កេតករណីនៃការប្រើប្រាស់អ៊ីម៉ែលរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។
ហើយការស្ទាបស្ទង់មតិចុងក្រោយបំផុតរបស់ទូរទស្សន៍ CNN នៅចុងសប្តាហ៍នេះ បានរកឃើញ ចំនួនអ្នកគាំទ្រ លោក ដូណាល់ ត្រាំ មាន ៤២ % ខណៈលោកស្រី ហ៊ីលឡារី គ្លីនតុនមាន ៤៧ % ដែលចំនួននេះ នៅមានការឡើងចុះនៅឡើយ ។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិក នៃវិហារសាសនា មរមន កំពុងរងចាំមើលថា តើត្រាំអាចនឹងក្លាយទៅជាប្រជានាធិបតីយ៉ាងដូចម្តេច ក្នុងពេលខាងមុខ?
ដោយកញ្ញា ឡុង គីមម៉ារីតា
ខាងក្រោមនេះ គឺជារូបភាពឯកសារ ទាក់ទងនឹងដំណើរការមុនពេលបោះឆ្នោតនៅសហរដ្ឋអាមេរិក៖
សន្លឹកឆ្នោតដែលពលរដ្ឋអាមេរិក បានធ្វើការបោះឆ្នោតមុនថ្ងៃកំណត់ តាមរយៈប្រែសនីយ៍ ផ្ញើមកកាន់ការិយាល័យបោះឆ្នោត នៅ ទីក្រុង Los Angeles (LA County Registrar / Recorder - County Clerk and Election Office) នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១
ការមកបោះឆ្នោតមុនថ្ងៃកំណត់ របស់ពលរដ្ឋអាមេរិក (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦)
ការមកបោះឆ្នោតមុនថ្ងៃកំណត់ របស់ពលរដ្ឋអាមេរិក (ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦)
ការិយាល័យរបស់លោក ដូណាល់ ត្រាំ ក្នុងទីក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វញ៉ា (ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៦)
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!