លោកវ៉ា គឹមហុង ទាត់ចោលកាចោរប្រកាន់ ដែលថាវៀតណាមរំកិលព្រំដែនចូលកម្ពុជា
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនបានបញ្ជាក់ថា បើស្របតាមគំនូសខ្សែរផែនទីព្រំដែនកម្ពុជា ពុំមានការរំលោភ និងរំកិលព្រំដែនណាមួយចូលមកទឹកដីកម្ពុជា ដូចការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតំបន់ព្រែកវិញតេ មកព្រែកជីកថ្មី នោះទេ។
លោកអះអាងថា សមាសភាពក្រុមបចេ្ចកទេសព្រំដែន មិនចូលដៃជាមួយប្រទេសជិតខាង យកដីរបស់ខ្លួនអោយនរណារម្នាក់ និងមិនលក់ឧត្តមគតិរបស់ពួកគេនោះដែរ។
លោកបន្ថែមថា ស្របតាមផែនទីកម្ពុជា ដែលតម្កល់នៅអង្គការសហប្រជាជាតិ នាឆ្នាំ ១៩៦៤ រហូតមក និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ ដែលចុះហត្ថលេខាដោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ផែនទីកម្ពុជាពុំមានអ្វីប្រែប្រួលដូចការចោទប្រកាន់ របស់គណបក្សសង្គ្រោះជាតិ ដែលគ្មានអំណះអំណាង នោះទេ។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ភូមិសាស្រ្តច្រក តន់ហន់ ខេត្តកំពត ដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ត្រូវបានវៀតណាមរំកិលមកកម្ពុជា ប្រមាណ ១គីឡូមែត្រ គឺជាការចោទប្រកាន់ ទាំងងងិតងងល់ ដោយពុំបានសិក្សាពីផែនទីភូមិសាស្រ្តឥណ្ឌូចិន ច្បាស់លាស់នោះទេ។
កន្លងទៅ លោក អ៊ុំ សំអានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា នៅច្រកភ្នំដិន ភាគីវៀតណាម បានរំកិលព្រំដែនចូលដីខ្មែរ ប្រមាណ ១៤០០ម៉ែត្រ ដោយគិតពីព្រំដែនចាស់ ហៅព្រែកវិញតេ មកព្រែកជីកថ្មី"ប្រឡាយ៧៩" ដោយយោងតាមរបាយការណ៏លោក កែ គីមយ៉ាន កាលណោះជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៩៩។ ប្រឡាយ៧៩ ដែលហៅថា ព្រែកជីកថ្មី គឺកាលឆ្នាំ១៩៧៩ វៀតណាមបានជីក ហួសពីព្រែកវិញតេ ចូលទឹកដីខ្មែរ ចំងាយប្រមាណ១៤០០ម៉ែត្រ។សំឡេង៤
គូសបញ្ជាក់ថា ការបកស្រាយជាថ្មីរបស់ ប្រធានគណៈកម្មការព្រំដែននៅក្នុងវេទិការតុមូលកាលពីថ្ងៃទី២១ឧសាភា ធ្វើឡើងបន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចុះទៅពិនិត្យផ្ទាល់ជុំវិញករណីកងកម្លាំងសមត្ថកិច្ចវៀតណាមបានពលរដ្ឋនាំខ្លួនចុះធ្វើសកម្មភាពបាញ់ថ្នាំគីមីពុល បំផ្លាញដំណាំរបស់កសិករខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងតាមតំបន់ផ្សេងទៀតនៃព្រំដែនកម្ពុជា វៀតណាម។
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!