សាលារៀនរដ្ឋចំនួន ១០១ ទីតាំងទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការ «អ៊ីនធឺណិតមិត្ដហ្វូនទៅកាន់សាលារៀន»
សាលារៀនរដ្ឋចំនួន ១០១ ទីតាំងទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការ «អ៊ីនធឺណិតមិត្ដហ្វូនទៅកាន់សាលារៀន»
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារបច្ចេកទេសមិត្ដហ្វូនបានបញ្ចប់កិច្ចការតបណ្ដាញអ៊ីនធឺណិតឥតគិតថ្លៃដល់សាលារៀនរដ្ឋចំនួន ១០១ ទីតាំងទូទាំងប្រទេស។ សាលាទាំងនោះជាគោលដៅអាទិភាពមួយដែលទទួលបានអត្ថប្រយោជន៍ពីការចុះហត្ថលេខានៃការយោគយល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
ក្រុមការងារមិត្ដហ្វូនថ្ងៃចន្ទនេះ បានធ្វើទស្សនកិច្ចទៅកាន់សាលារៀនដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
ទស្សនកិច្ចទៅកាន់សាលារៀន
លោក បៀន ជានាយកផ្នែកអ៊ីនធឺណិតប្រតិបត្ដិការនៅតាមបណ្ដាលសាលារៀន បាននិយាយថា៖ «វាពិតជាសំខាន់ណាស់សម្រាប់យើងដែលមកសាលារៀនទាំងនេះក្រោយពីពង្រាយបណ្ដាញសេវាកម្ម។ ដំបូង យើងត្រួតពិនិត្យគុណភាពសេវាកម្មដែលបានផ្ដល់ជូន ហើយទីពីរ ដើម្បីស្វែងយល់ពីបញ្ហាប្រចាំថ្ងៃ និងវិធីដោះស្រាយជូនពួកគាត់»។
នៅវិទ្យាល័យហ៊ុនសែនជំពូវន្ដ ឧបករណ៍ម៉ូឌឹម ត្រូវបានតម្លើងក្នុងបន្ទប់ប្រជុំគ្រូ។ រាល់ឧបករណ៍ត្រូវបានភ្ជាប់ជាមួយអ៊ីនធឺណិតមិត្ដហ្វូន ទូរទស្សន៍ និងម៉ាស៊ីនព្រីន។ ក្រុមការងារបានជួបជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកទីចាត់ការ ដែលពួកគេថ្លែងអំពីសារសំខាន់នៃអ៊ីនធឺណិត ជាប្រយោជន៍សម្រាប់ទាំងការបង្ហាត់បង្រៀនប្រចាំថ្ងៃ ធ្វើការស្រាវជ្រាវ ត្រៀមលំហាត់សម្រាប់សិស្ស។ វិទ្យាល័យហ៊ុនសែនជំពូវន្ដ មានគ្រូបង្រៀនចំនួន ២៣០ នាក់ និងសិស្ស ៤៨០០ នាក់ចាប់ពីថ្នាក់ទី៧ ដល់ទី១២។
លោក លីម ចន្ថា ជានាយកវិទ្យាល័យជំពូវន្ដ បានលើកឡើងថា៖ «ក្រុមការងារមិត្ដហ្វូន ពេញចិត្ដនឹងទស្សនកិច្ចនេះ និងទទួលបានការចាប់អារម្មណ៍ពីលោកគ្រូអ្នកគ្រូ និងនាយកសាលាលើការផ្ដល់សិស្សានុសិស្សនូវចំណេះដឹងបន្ថែម។ ថ្វីដ្បិតតែថ្នាក់រៀនខ្លះមានចំនួនសិស្សលើសលប់ ដែលជួនកាលដល់ ៨០ នាក់ក្នុងថ្នាក់យ៉ាងណាក៏ដោយ ក៏សិស្សានុសិស្សនៅតែខិតខំប្រឹងប្រែងរៀនសូត្រ ហើយវាក៏មិនមែនបញ្ហាចម្បងសម្រាប់ពួកគេឡើយ»។
លោកផ្ទាល់បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅទីនេះក្នុងឆ្នាំ១៩៨៣ និងត្រឡប់មកធ្វើជាគ្រូបង្រៀនវិញនៅឆ្នាំ១៩៨៧។ ក្រោយពីត្រូវបានតែងតាំងជានាយករងនៅឆ្នាំ២០០៦ និងជានាយកវិទ្យាល័យក្នុងឆ្នាំ២០១១។
ការឧបត្ថម្ភនេះអនុញ្ញាតឲ្យសាលារៀនរដ្ឋនីមួយៗអាចសន្សំសំចៃលើអ្វីដែលត្រូវបានចាត់ទុកជាកិច្ចការសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនាពេលបច្ចុប្បន្ននោះ គឺអ៊ីនធឺណិត។ ចាប់ពីតម្លើងសេវាកម្មអ៊ីនធឺណិតឥតគិតថ្លៃ សាលានីមួយៗអាចសល់ប្រាក់ជាមធ្យមប្រមាណ ១០០០ ដុល្លារក្នុងមួយឆ្នាំ។
គម្រោងអ្វីបន្ទាប់?
លោក បៀន បានបន្ដថា៖ «នៅសល់សាលារៀនរដ្ឋជិត ៥០០០ ទីតាំងទៀតនឹងត្រូវតម្លើងបណ្ដាញអ៊ីនធឺណិត ហើយយើងកំពុងតែខិតខំព្យាយាមផ្ដល់សេវាកម្មនេះទៅកាន់បណ្ដាលសាលារៀនទាំងអស់ឲ្យបានឆាប់បំផុត។ ដើម្បីពង្រាយបណ្ដាញអ៊ីនធឺណិតទៅកាន់សាលារៀនដ៏ច្រើនសន្ធឺកដែលវាមិនមែនជាកិច្ចការងាយស្រួលនោះ យើងត្រូវស្ទាបស្ទង់ពីហេដ្ឋារចនាសម្ព័ន្ធសាលានីមួយៗ រៀបចំគម្រោងសម្រាប់ក្រុមបច្ចេកទេសចំនួន ៥០ នាក់ ក្នុង ២៥ ខេត្ដ-ក្រុង និងកត់ត្រាសម្ភារចាំបាច់ (ម៉ូឌឹម ឬខ្សែកាបជាដើម) គ្រប់គ្រងគុណភាពសេវាក្រោយពីតម្លើង និងល្បឿនរបស់វា»។
អំពីអនុស្សារណៈនៃយោគយល់: គម្រោងនេះនឹងត្រូវអនុវត្ដរយៈពេល ៥ ឆ្នាំចាប់ផ្ដើមពីខែកក្កដា ឆ្នាំ២០១៦ និងដំណើរការទូទាំងប្រទេស។ គម្រោងនេះ នឹងផ្ដល់នូវកញ្ចប់លើកទឹកចិត្ដ Telecom ទៅកាន់សាលារៀនរដ្ឋចំនួន ៥០០០ កន្លែង មជ្ឈមណ្ឌលហ្វឹកហ្វឺនគរុសិស្ស សាកលវិទ្យាល័យ និងការិយាល័យក្រសួងអប់រំ យុវជន និងកីឡា ដែលមានសមត្ថិភាពពេញលេញក្នុងការពង្រាយបណ្ដាញអ៊ីនធឺណិត និងអ៊ីនធឺណិតឥតគិតថ្លៃ។ តម្លៃនៃគម្រោងទាំងមូលមានចំនួនទឹកប្រាក់ ៥ លានដុល្លារ។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិដ៏រឹងមាំ។
អំពីមិត្ដហ្វូន : ជាប្រតិបត្ដិករទូរគមនាគមន៍ឈានមុខនៅកម្ពុជា និងជាប្រតិបត្ដិករតែមួយគត់ដែលផ្ដល់សេវាកម្មទូរស័ព្ទចល័ត + អ៊ីនធឺណិត + ប្រព័ន្ធទូរទាត់ប្រាក់ចល័ត (eMoney)។ ជាក្រុមហ៊ុនធំមួយដែលមានបុគ្គលិកកម្ពុជាជាង ២០០០ នាក់ ជាបណ្ដាញលក់ដ៏ធំបំផុត ជាមួយនឹងសាខា (Showroom) ១០០ ទីតាំង និងបញ្ជរលក់ជាង ៤០០០ កន្លែង និងហេដ្ឋារចនាសម្ព័ន្ធអង់តែនល្អបំផុត និងច្រើនជាងគេ (BTS)។
មិត្ដហ្វូន បានធ្វើការវិនិយោគលើសកម្មភាពសង្គមតាំងដំណើរការដំបូងដោយចំណាយទឹកប្រាក់រាប់លានដុល្លារលើវិស័យអប់រំ កីឡា សុខភាព និងសកម្មភាពសង្គមផ្សេងៗ។ មិត្ដហ្វូនជាមែកធាងនៃក្រុមហ៊ុនមេ Viettel Global ជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតមួយក្នុងពិភពលោកដែលមានទីតាំងចំនួន ១១ ប្រទេស និងស្ថិតក្នុងចំណោមសម្ព័ន្ធធំៗទាំង ២០ ដែលមានអតិថិជនច្រើនបំផុតក្នុងពិភពលោក។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!