ពលរដ្ឋមានជំលោះដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាត ផ្ទុះកំហឹងឃាត់ឡានអាជ្ញាធរទុក ក្រោយពីដេកនៅតាមផ្លូវមួយយប់
ភ្នំពេញ៖ ប្រជាពលរដ្ឋមានជំលោះដីធ្លី មកពីខេត្តកោះកុង ជាង១០០នាក់ នៅព្រឹកថ្ងៃពុធ ទី ២១ ធ្នូ នេះ បានផ្ទុះកំហឹងដោយនាំគ្នាឃាត់រថយន្តអាជ្ញាធរ និងបិទផ្លូវនៅក្បែរវត្តសាមគ្គីរង្សី ក្រោយពីដេកនៅតាមផ្លូវពេញមួយយប់ ខណៈចៅអធិការវត្តនេះ បដិសេធមិនអោយស្នាក់នៅក្នុងវត្ត។
ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាតជាង១០០នាក់ មកពីភូមិតាថង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកង បានឃាត់ទុករថយន្តអាជ្ញាធរមួយគ្រឿង និងបានបិទផ្លូវមិនអោយធ្វើដំណើរ ក្នុងភូមិទ្រា សង្កាតស្ទឹងមានជ័យ ក្បែវត្តសាមគ្គីរង្សី ក្រោយពីពួកគេ ខឹងសម្បារ នឹងអាជ្ញាធរ ដែលដឹកពួកគេយកមកចាក់ចោល ហើយដេកនៅតាមផ្លូវពេញមួយយប់។
ពលរដ្ឋមានជំលោះដីធ្លីម្នាក់ អ្នកស្រី ផង ភាព បានប្រាប់វិទ្យុសំលេងយុវជនថា កាលពីម្សិលមិញ ពួកគាត់ បានប្រមូលផ្តុំគ្នាមកក្រសួងដែនដី ដើម្បីសុំអោយក្រសួងជួយដោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន តែបែរជា អាជ្ញាធរ យកឡាន ៤គ្រឿង មកដឹកពួកគាត់ អោយទៅស្ថាក់នៅក្នុងវត្តសាមគ្គីរង្សីសិន ចាំពេលមេឃភ្លឺ នឹងធ្វើការដោះស្រាយជូន។ ប៉ុន្តែ អ្នកស្រីបន្តថា ពេលទៅដល់ ចៅអធិការវត្តបដិសេធមិនអោយស្ថាក់នៅ ហើយឡានអាជ្ញាធរទាំងនោះ ក៏មិនព្រមជូនពួកគាត់ត្រលប់ទៅក្រសួងវិញ ទើបពួកគាត់ សម្រេចចិត្តឃាត់ឡាន ១គ្រឿង ក្នុងចំណោម ៤គ្រឿង នោះទុក។
ពាក់ព័ន្ធនិងការបដិសេធមិនឲ្យប្រជាពលរដ្ឋមានជំលោះដីធ្លីខេត្តកោះកងនេះ ស្នាក់នៅក្នុងវត្ត ព្រះអង្គ ថាច់ សំអាង ចៅអធិការវត្តសាមគ្គីរង្សី បានលើកឡើងថា ដោយសារតែកន្លងទៅ មានការស្តីបន្ទោសពីសំណាក់អាជ្ញាធរ ដោយព្រមានចាប់ខ្លួន និងចោទប្រកាន់ចំពោះព្រះសង្ឃ ដែលព្រមឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ ស្នាក់នៅ ហេតុនេះហើយ ទើបព្រះអង្គ មិនអនុញ្ញាត ហើយបើឲ្យស្នាក់នៅ ទាល់តែអាជ្ញាធរយល់ព្រមជាមុនសិន។
យ៉ាងណាការផ្ទុះកំហឹង ឈានដល់ការឃាត់រថយន្តអាជ្ញាធរនេះ ត្រូវបានដោះស្រាយ បញ្ចប់ជម្លោះវិញ ក្រោយពីអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវនី បានសុំអធ្យាស្រយ័ដល់ប្រជាពលរដ្ឋ ហើយលោកបានស្នើដល់ចៅអធិការវត្ត ដើម្បីអោយពលរដ្ឋទាំងអស់នោះបានស្នាក់នៅក្នុងវត្ត។
បើតាមអ្នកមានជំលោះដីធ្លីក្នុងខេត្តកោះកុងទាំងនោះ បានអោយដឹងថា ជម្លោះដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាតនេះ បានកើតឡើងតាំងពីឆ្នាំ២០០៦មកម្លេះ ហើយកន្លងទៅ ប្រជាពលរដ្ឋ បាននាំគ្នាមកតវ៉ាជាច្រើនដង ដើម្បីអោយក្រសួងដែនដីជួយដោះស្រាយ ប៉ុន្តែក្រសួងពុំទាន់មានដំណោះស្រាយអ្វីជូនប្រជាពលរដ្ឋនោះទេ។ តែយ៉ាងណាពួកគេបានអះអាងថា នឹងបន្តស្នាក់នៅ ក្នុងវត្តសាមគ្គីរង្សីនេះ ដើម្បីតវ៉ាស្វែងរកការអន្តរគន៍ ទាល់តែមានដំណោះស្រាយ ទើបត្រឡប់ទៅវិញ៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!