ក្រុមហ៊ុន Metfone លុបថ្លៃសេវា ROAMING សម្រាប់ប្រទេសឡាវ និងវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ថ្លៃប្រើទិន្នន័យថយចុះ ១៥០ដង ថ្លៃហៅចេញថយចុះជិត១៥ដង ហើយ ការទទួលការហៅចូល គឺមិនគិតថ្លៃ
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ - ក្រុមហ៊ុនសេវាទូរស័ព្ទដ៏ធំនៅកម្ពុជា Metfone នៅថ្ងៃនេះ បានប្រកាសដាក់ចេញគោលការណ៍ថ្មីស្ដីពីថ្លៃសេវា Roaming របស់ខ្លួន ដោយឲ្យឈ្មោះថា «Roam តម្លៃហៅចេញ ដូចក្នុងប្រទេស» ជាមួយនឹងអត្រាថ្មីទាបស្មើនឹងអត្រាក្នុងស្រុក សម្រាប់កម្ពុជា ឡាវ និងវៀតណាម ដោយចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។
ដោយអនុវត្តតាមក្រុមហ៊ុនមេរបស់ខ្លួន គឺ Viettel, ក្រុមហ៊ុន Metfone បានក្លាយជាប្រតិបត្តិករសេវាទូរស័ព្ទដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលលុបចោលថ្លៃសេវា roaming ខ្ពស់ ក្នុងនោះរួមមាន ដូចជា ថ្លៃហៅចេញ ថ្លៃផ្ញើសារ និងថ្លៃប្រើទិន្នន័យ ក្នុងចំណោមអ្នកប្រើប្រាស់សេវា Metfone (នៅកម្ពុជា) អ្នកប្រើសេវា Unitel (នៅប្រទេសឡាវ) និងអ្នកប្រើសេវា Viettel (នៅវៀតណាម)។
តាមគោលការណ៍ថ្មីនេះ អតិថិជនរបស់ Metfone ដែលប្រើសេវា roaming ដើម្បីប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធរបស់ Viettel ក្នុងតំបន់ឥណ្ឌូចិន អាចទទួលបានផលប្រយោជន៍ដូចខាងក្រោម៖
- ទទួលការហៅចូលដោយឥតគិតថ្លៃ
- ហៅចេញក្នុងអត្រាទាបជាងមុនដល់ទៅ ១៥ដង
- ផ្ញើសារក្នុងអត្រាទាបជាងមុនដល់ទៅ ១០ ដង និង
- ប្រើទិន្នន័យក្នុងអត្រាទាបជាងមុន ១៥០ដង បើប្រៀបធៀបនឹងប្រតិបត្តិករដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
នេះមានន័យថា បើអ្នកជាអ្នកប្រើសេវា Metfone ឥឡូវនេះ អ្នកអាចទទួលការហៅចូលដោយឥតគិតថ្លៃ ទោះបីអ្នកកំពុងប្រើសេវា roaming នៅក្នុងប្រទេសវៀតណាម និងឡាវក្ដី។
សម្រាប់សេវាហៅចេញ អតិថិជន Metfone ដែលធ្វើការហៅចេញទៅកាន់អតិថិជន Unitel នៅក្នុងប្រទេសឡាវ ឬអតិថិជន Viettel នៅប្រទេសវៀតណាម ខណៈដែលខ្លួននៅក្រៅប្រទេស ឬហៅក្នុងប្រព័ន្ធដូចគ្នាត្រឡប់មកប្រទេសកំណើតវិញ គឺបង់ថ្លៃសេវាហៅចេញត្រឹមតែ ៩សេនប៉ុណ្ណោះ ក្នុងមួយនាទី ដែលពីមុន គឺ ៣០សេនក្នុងមួយនាទី និង ១,៣ដុល្លារឯណោះក្នុងមួយនាទី។
ចំពោះសេវាផ្ញើសារវិញ អត្រាថ្មី គឺត្រឹមតែ ២សេនប៉ុណ្ណោះសម្រាប់សារនីមួយៗ ដែលអត្រាពីមុន គឺ ២០សេនសម្រាប់ការផ្ញើសារមួយលើកៗ។
រីឯសម្រាប់ការប្រើប្រាស់ទិន្នន័យ អត្រាថ្មីគឺទាបជាងមុន ១៥០ដង ដែលមានន័យថា ឥឡូវនេះ ការប្រើប្រាស់ទិន្នន័យ ១មេហ្គាបៃ ត្រឹមតែ ១សេន ដែលកាលពីមុន គឺ ១មេហ្គាបៃ គឺ ១,៥ដុល្លារឯណោះ។
ជាមួយនឹងគោលការណ៍តម្លៃសេវា roaming ថ្មីនេះ ក្រុមហ៊ុន Metfone សង្ឃឹមថា នឹងបង្កើតឲ្យមាន«ពិភពស្មើភាពគ្នា» នៅក្នុងការប្រើសេវាទូរគមនាគមន៍។ ចំពោះវិស័យសេដ្ឋកិច្ចវិញ ការលុបចោលតម្លៃសេវា roaming ខ្ពស់ អាចជួយរួមចំណែកដល់ការជំរុញធុរកិច្ចនិងពាណិជ្ជកម្មកាន់តែប្រសើរឡើង នៅក្នុងចំណោមប្រទេសទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម។
គោលការណ៍ថ្មីនេះដែរ ក៏នឹងផ្ដល់ប្រយោជន៍ដល់អតិថិជនជាង ៧០លាននាក់ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ Viettel នៅក្នុងតំបន់។ ដូច្នេះ ឥឡូវនេះ សូម្បីតែប្រជាជនដែលមានចំណូលទាប ក៏អាចរីករាយប្រើសេវាទូរស័ព្ទ roaming បានដែរ ដែលពីមុនមក ពួកគេមិនធ្លាប់ប្រើដោយសារតម្លៃសេវាខ្ពស់៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!