ពលរដ្ឋបឹងកក់ ហែរលិខិតអន្តរគមន៍របស់ក្រសួងមហាផ្ទៃ ទៅសាលារាជធានី
ភ្នំពេញ៖ ប្រជាសហគម៍រងគ្រោះដីធ្លីតំបន់បឹងកក់សេសសល់ តវ៉ាទាមទារជាថ្មីទៀត ឲ្យសាលារាជធានីភ្នំពេញផ្តល់សំណង់ ៥៣ ភាគរយ នៃផលប៉ះពាល់សរុបដែលខ្លួនមាន ។ ខណៈពលរដ្ឋទាំងនោះ បានហែរលិខិតអន្តរគមន៍របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់ជូនសាលារាជធានីភ្នំពេញ ឲ្យអន្តរាគម៍ដោះស្រាយករណីដីធ្លីរបស់ពួកគេឡើងវិញ នៅថ្ងៃនេះ។ រាយការបន្តដោយលោក ចក់ ចំរើន
ប្រជាពលរដ្ឋសេសសល់មកពីសហគមន៍បឹងកក់ ៧ គ្រួសារ ដែលមិនព្រមទទួលយកសំណងពីសាលារាជធានី រួមនិងសហគម៍បុរីកីឡាជាង៥០នាក់ បានប្រមូលផ្តុំគ្នា ធ្វើដំណើរដោយថ្មើជើងចេញក្រសួងមហាផ្ទៃ ដើម្បីយកលិខិតអន្តរគមន៍របស់ស្ថាប័ននេះ ទៅដាក់ជូនសាលារាជធានីភ្នំពេញ ឲ្យអន្តរាគម៍ដោះស្រាយករណីដីធ្លីរបស់ពួកគេឡើងវិញ។
ពលរដ្ឋរងគ្រោះតំបន់បឹងកក់សេសសល់ក្នុងចំណោម ៧ គ្រួសារ អ្នកស្រី លី ចាន់ណារី អាយុ៤២ឆ្នាំ បានលើកឡើថា ការប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្សត៍នេះ ដើម្បីដាក់លិខិតរបស់ក្រសួងមហាផ្ទៃ ដែលប្រគល់ឲ្យប្រជាពលរដ្ឋ សម្រាប់ដាក់ជូនសាលារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អនុវត្តតាមលិខិត ដើម្បីដោះស្រាយដល់ពលរដ្ឋបឹងកក់សេសសល់។
កាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានចេញលិខិតអន្តរគមន៍ឲ្យប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារ ឲ្យដល់ជូនសាលារាជធានីភ្នំពេញដោយផ្ទាល់ ដើម្បីស្នើឲ្យលោក ប៉ាសុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បង្វិលករណីជម្លោះដីធ្លីបឹងកក់សេសសល់ជូនលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់ជំលោះដីធ្លី ខណៈប្រជាពលរដ្ឋទាំងនោះ មិនព្រមទទួលយកដំណោះស្រាយ ដែលសាលារាជធានីភ្នំពេញ ផ្តល់ជូន។
យ៉ាងណា ចំពោះករណីនេះ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យ និងជាអភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងថា កន្លងទៅសាលារាជធានីភ្នំពេញបានធ្វើសន្និសិទ្ធកាសែត ប្រកាសមិនធ្វើការដោះស្រាយដល់ពលរដ្ឋសហគមន៍បឹងកក់ ដែលមិនព្រមទទួលយកសំណង បន្តទៀតនោះទេ។ លោកបន្តថា ពលរដ្ឋដែលនៅសេសសល់ចំនួន៧គ្រួសារនោះ គួរតែចូលមកទទួលយកសំណងពីសាលារាជធានីភ្នំពេញ ដែលបានកំណត់ ខណៈដែលលោក អះអាងថា គ្មានការបង្វែរសំនុំរឿងទៅស្ថាប័នណាទៀតនោះឡើយ។
កន្លងទៅ អាជ្ញាធសាលារាជធានីភ្នំពេញ បានដាក់ឪសានវាទ និងបានធ្វើសន្តិសិទកាសែត ដោយបង្ខំអោយប្រជាពលរដ្ឋដែលនៅសេសសល់ ព្រមទទួលយកសំណងដែលអាជ្ញាធបានដាក់អោយ ខណៈពលរដ្ឋទាំងនោះ បានអះអាងថា សំណងទាំងនោះ មិនស្មើ១០ % នៃផលប៉ះពាលដែលខ្លួនរងផលប៉ះពាល់កើតចេញពីការបណ្តាញចេញពីផ្ទះសំបែង ដោយបង្ខំកាលពីឆ្នាំ២០១០ របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន។
អ្នកស្រី លី ចាន់ណារី បានឲ្យដឹងថា ដីដែលអ្នកស្រី បាត់បង់ មានចំនួនជាង ៣០០០ ម៉ែត្រការ៉េ តែសាលារាជធានីភ្នំពេញបានផ្តល់ជាសំណងដីមកវិញ ត្រឹមតែជាង២០០ម៉ែត្រការ៉េប៉ុណ្ណោះ ដូចនេះ សំណងទាំងនេះ មិនអាចឲ្យពួកគាត់ ទទួលយកបាននោះទេ។ ហើយអ្នកស្រី ក៏ទាមទារ ឲ្យអាជ្ញាធរផ្តល់សំណង ៥៣ភាគរយនៃទំហំដីសរុបរបស់ខ្លួនមកវិញផងដែរ។
យ៉ាងណា ពករដ្ឋបឹងកក់សេសសល់ទាំងនោះ ប្រមានថា ប្រសិនបើនៅតែគ្មានដំណោះស្រាយដល់ពួកគាត់ទៀតនោះ គឺពលរដ្ឋ នឹងនៅតែបន្តការតវ៉ាដាក់ញត្តិទៅស្ថាបន័ដ៍ទៃទៀត រហូតទាល់តែមានដំណោះស្រាយ។
លោក សៀ ភារម្យ នាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធលំនៅដ្ឋាន បានលើកឡើងថា ការទាមទារសំណងបន្ថែមរបស់ប្រជាពលរដ្ឋ គឺជាសិទ្ធរបស់ពួកគេ ព្រោះតែអាជ្ញាធរថ្នាក់ក្រោមជាតិ មិនអាចផ្តល់សំណងដែលធ្វើអោយពលរដ្ឋទទួលយកបាន។ លោក សៀ ភារម្យ បន្តថា ការអភិវឌ្ឍន៍តែងតែប៉ះពាល់ដល់ពលរដ្ឋ តែរដ្ឋគួរផ្តល់នូវសំណង់ ដែលអាចអោយអ្នករងគ្រោះទទួលយកបាន ហើយប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយបញ្ចប់ជំលោះដល់ពលរដ្ឋទាំងនោះទេ អាចនឹងធ្វើអោយប៉ះពាល់ដល់សន្លឹកឆ្នោត និងមុខមាត់រដ្ឋាភិបាល ដែលបង្ហាញថា ខ្លួនមិនមានវិធីសាស្រ្តដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពលរដ្ឋ។
ចុងក្រោយ លោក សៀ ភារម្យ នៅតែចង់ឃើញ គ្រប់ភាគីពាក់ព័ន្ធ បន្តការចរចារគ្នា និងសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់បញ្ហាទាំងនេះផងដែរ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!