រដ្ឋាភិបាល ប្រតិកម្មនឹងរបាយការណ៍របស់ NGO forum ដែលបង្ហាញថា ជម្លោះដីធ្លីមានការកើនឡើងទ្វេដង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្ម ចំពោះរបាយការណ៍អង្គការសង្គមស៊ីវិល ដែលបង្ហាញថាជម្លោះដីធ្លីមានការកើនឡើងទ្វេដងក្នុងឆ្នាំ២០១៦ ហើយបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង៥ម៉ឺនគ្រួសារ ដោយលើកឡើងថា របាយការណ៍នេះ គឺគ្រាន់តែជាការបំប៉ោងស្ថេរភាពក្នុងសង្គម។ ការប្រតិកម្មបែបនេះ បន្ទាប់ពី អង្គការសង្គមស៊ីវិលមួយ បានបង្ហាញរបាការណ៍របស់ខ្លួន កាលពីម្សិលមិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់វិទ្យុលំលេងយុវជន នៅថ្ងៃទី៧ខែ កក្កដានេះថា របាយការណ៍របស់អង្គការសង្គមស៊ីវិល ដែលបង្ហាញពីការកើនឡើងពីចំនួនវិវាទដីធ្លីនៅកម្ពុជា គឺជារបាយការណ៍មិនពិត និងគ្មានភស្តុតាងអ្វីជាក់លាក់នោះទេ។ លោក ផៃ ស៊ីផាន បានសង្គត់ធ្ងន់ថា ចំពោះរបាយការណ៍អង្គការសង្គមស៊ីវិល ដែលគ្មានភស្តុតាងច្បាស់លាស់នោះ រដ្ឋាភិបាល នឹងចាត់វិធានតាមផ្លូវច្បាប់ ខណៈដែលអាជ្ញាធរ កំពុងស្រាវជ្រាវពីករណីនេះ។
បន្ថែមពីនេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាល់បញ្ហាវិវាទដីធ្លីនៅប្រទេសកម្ពុជា តែងត្រូវបានដោះស្រាយតាមរយៈយុត្តិសាស្រ្ត២យ៉ាងគឺ ទី១ ដីដែលមានបញ្ហាវិវាទ តែងតែត្រូវបានកាត់ជូនប្រជាពលរដ្ឋរស់នៅ ដើម្បីបញ្ចប់បញ្ហា និងទី២ ចំពោះពលរដ្ឋដែលរស់នៅលើដីខុសច្បាប់ និងស្របច្បាប់ ត្រូវបានសម្របសម្រួលដោយផ្តល់ថវិការសមរម្យ មុននឹងអោយពលរដ្ឋចាក់ចេញ ដូចនេះ ការរកឃើញរបស់អង្គការសង្គមស៊ីវិលមួយនេះ គឺពុំត្រឹមត្រូវនោះទេ។
ការប្រតិកម្មរបស់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីអង្គការវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលហៅកាត់ថា NGO Forum បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយ ស្ដីពីការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ដោយបង្ហាញថា ករណីវិវាទដីធ្លីក្នុងឆ្នាំ២០១៦កន្លងទៅនេះ មានចំនួនច្រើនជាងបណ្ដាឆ្នាំនានាដែលគេបានធ្វើការកត់ត្រាចាប់តាំងពីឆ្នាំ២០០៧កន្លងមក។
ក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ បង្ហាញដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា ករណីវិវាទដីធ្លីថ្មី ដែលកើតឡើងក្នុងឆ្នាំ២០១៦ មានចំនួន៥៦ករណី បើប្រៀបធៀបទៅនឹងវិវាទដែលកើតមានក្នុងឆ្នាំ២០១៥ មានតែចំនួន២៣ករណីប៉ុណ្ណោះ ដូចនេះវិវាទក្នុងឆ្នាំ២០១៦ មានការកើនឡើងទ្វេដង ជាង១៨ភាគរយ។
របាយការណ៍ដដែលបង្ហាញទៀតថា បើបូកបញ្ចូលករណីវិវាទថ្មី និងចាស់នោះ គឺនៅមានវិវាទដីធ្លី ៣១៩ករណីដែលពុំទាន់ដោះស្រាយ និងកំពុងរង់ចាំការដំណោះស្រាយ ហើយខេត្តដែលមានវិវាទច្រើនជាគេនោះ គឺខេត្តរតនគិរី មានវិវាទដីធ្លី ៣១ករណី និងបន្ទាប់មកគឺរាជធានីភ្នំពេញ ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា វិវាទដីធ្លីចំនួន៥៨ករណីដែលកើតឡើងមុនឆ្នាំ២០០០ ត្រូវបានដោះស្រាយចប់ពេញលេញ នៅក្នុងឆ្នាំ២០១៦ ប៉ុន្តែមានករណីវិវាទខ្លះទៀតត្រូវបានប្រជាពលរដ្ឋបោះបង់ការទាមទារ ព្រោះតែគ្មានដំណោះស្រាយ និងមានអាជ្ញាធរមួយចំនួនបានប្ដឹងតំណាងពលរដ្ឋទៅតុលាការ និងបានបាញ់គំរាមកំហែងលើពលរដ្ឋថែមទៀតផង។
សូមជម្រាបថាបើតាមវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មូលហេតុដែលបង្កឲ្យមានវិវាទដីធ្លី គឺបណ្តាលមកពីការផ្តល់ដីសម្បទានដីសេដ្ឋកិច្ចនាពេលកន្លងមក ការប្រើប្រាស់អំណាចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារជាឧកញ៉ា ឬអ្នកមាន និងការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលបញ្ហាវិវាទដីធ្លីនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៥ម៉ឺនគ្រួសារ លើផ្ទៃដីទំហំជាង ១លាន ៥ម៉ឺនហិកតារ នៅក្នុងប្រទេសកម្ពុជា៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!