ក្រសួងមហាផ្ទៃថា បទល្មើសគ្រឿងញៀញថយចុះ ខណៈបង្ក្រាបបានក្រុមចែកចាយគ្រឿងញៀនយ៉ាងច្រើនលើសលុប
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ អះអាងថា បទល្មើសគ្រឿងញៀញមានការថយចុះ ខណៈដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យយ៉ាងច្រើនលើសលុប នៅទូទាំងប្រទេស ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែកន្លងមកនេះ។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានដឹកនាំយុទ្ធនាការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទៅតាមភារកិច្ចរៀងៗខ្លួន រហូតទទួលបានលទ្ធផលគួរជាទីកត់សំគាល់ ពិសេសបានធ្វើឱ្យមានការថយចុះមិនត្រឹមតែបទល្មើសគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការថយចុះនូវបទល្មើស និងគ្រោះថ្នាក់ផ្សេងៗទៀតនៅតាមសហគមន៍។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបូកសរុបយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ លើកទិសដៅការងារលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដែលមានមន្ត្រី ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាលរាជធានីខេត្ត អភិបាលរងរាជធានីខេត្ត ស្នងការនគរបាល បញ្ជាការអាវុធហត្ថ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ប្រធានច្រក សរុប៣៥០នាក់។
បន្ថែមពីនេះ លោក ស ខេង លើកឡើងទៀតថា បញ្ហានៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀននៅលើសកលលោក នៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាប្រទេសជិតខាង នៅតែបន្តកើតមាន ដែលបានជះឥទ្ធិពលមកលើប្រទេសកម្ពុជា តែយ៉ាងណាតាមរយៈយុទ្ធនាការក្នុងពេលកន្លងមកនេះ បានធ្វើឱ្យក្រុមឧក្រិដ្ឋជនទាំងក្នុង និងក្រៅប្រទេស មានការខ្លាចរអារ និងបន្ថយសកម្មភាពរបស់ខ្លួនគួរឱ្យកត់សំគាល់។ ហើយការខ្លាចរអារ និងការបន្ថយសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ គឺដោយសារសមត្ថកិច្ចរបស់កម្ពុជា បានធ្វើការស្រាវជ្រាវ និងប្រមូលបាននូវព័ត៌មានជាច្រើន រហូតរកឃើញមុខសញ្ញាសំខាន់ៗ ហើយបានបង្រ្កាបចំគោលដៅ និងទាន់ពេលវេលា ។
បើទោះជាបានអះអាងយ៉ាងដូច្នេះ ក៏លោក ស ខេង នៅតែទទួលស្គាល់ថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលកើតមានស្ទើគ្រប់ទីកន្លែងនៃពិភពលោក ហើយរហូតមកទល់ពេលនេះ ក្រៅពីមិនអាចលុបបំបាត់បាន មានប្រទេសជាច្រើនបានប្រឈមកាន់តែខ្លាំងឡើងៗទៅនឹងបញ្ហាគ្រឿងញៀន នេះទៀតផង។
គួរបញ្ចាក់ថា បើទោះជារដ្ឋមន្ត្រីរូបនេះ បានអះអាងថា បញ្ហាគ្រឿងញៀញ បានថយចុះក៏ដោយចុះ តែគេសង្គេតឃើញថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលមានរយៈពេល៦ខែ កន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស ។
ហេតុនេះ លោក ស ខេង បានជំរុញលើកទឹកចិត្តឲ្យសមត្ថកិច្ចខិតខំបង្ក្រាបបន្ថែមទៀត ព្រោះលទ្ធផលនៃការអនុវត្តផែនការកន្លងមកនេះ គឺគ្រាន់តែជាជំហានមួយប៉ុណ្ណោះ ក្នុងដំណើរឈានឆ្ពោះទៅសម្រេចគោលដៅ សំដៅទប់ស្កាត់ឱ្យបានទាំងស្រុង និងជាប្រចាំនូវរាល់ការប៉ុនប៉ងលួចលាក់ផលិត ចរាចរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សូមជំរាប់ថា ក្រសួងមហាផ្ទៃ បានប្រកាសថា ខ្លួនបានត្រៀមលុយជិត១លានដុល្លារ ដើម្បីធ្វើជារង្វាន់លើកទឹកចិត្តដល់នគរបាល ដែលមានស្នាដៃ ក្នុងការបង្រ្កាប់បទល្មើសគ្រឿងញៀញទាំងនេះផងដែរ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!